ស្ត្រីរងគ្រោះរបួសធ្ងន់ដោយសារធ្លាក់ពីលើម៉ូតូ
ភ្នំពេញ៖ ស្ត្រីម្នាក់បានទទួលរងរបួសជាទំងន់ដោយសារតែត្រូវចោរឆក់យកកាបូបធ្លាក់ពីលើម៉ូតូ ហើយក្រុមចោរ២នាក់ត្រូវបានប៉ូលិសខណ្ឌដូនពេញដេញចាប់បានភ្លាមៗដែរក្រោយពេលពួកគេធ្វើសកម្មភាពរួចមក។
ហេតុការណ៍ចោរឆក់នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០៨ នៅចំណុចមុខសាលាក្រុងភ្នំពេញផ្លូវព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ជនរងគ្រោះដែលត្រូវចោរឆក់ធ្លាក់ពីលើម៉ូតូនោះឈ្មោះ ស៊ិន សុភី ភេទស្រីអាយុ៤៤ឆ្នាំ មុខរបរគ្រូទាយនៅផ្សារសាមគ្គីស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញបានទទួលរងរបួសជាទំងន់ត្រង់ដៃ និងជើង។ កាបូបស្ពាយរបស់គាត់ដែលចោរឆក់យកនោះពណ៌សក្នុងនោះមានលុយចំនួន៦៥ដុល្លារ ទូរស័ព្ទដៃមួយគ្រឿង និងឯកសារមួយចំនួនទៀតតែកាបូបនោះត្រូវបានក្រុមជនល្មើសបោះចោលប៉េអឹមខណ្ឌដូនពេញរើសបានមកវិញ។
ក្រុមចោរឆក់ដែលត្រូវបានប៉ូលិសបង្ក្រាបបានភ្លាមៗនោះ ទី១- ឈ្មោះ ងួន ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មានស្នាក់នៅផ្ទះលេខ៧ ភូមិជ្រោយបាក់ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ (អ្នកឆក់) ទី២- ឈ្មោះ មិន វណ្ណារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងកេងកង ការដកហូតនោះសមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងដែលពួកគេជិះធ្វើសកម្មភាពម៉ាកអេសអិលពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 1K2861 និងកាបូបស្ពាយរបស់ជនរងគ្រោះមកវិញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបន្ទាប់ពីចេញរកស៊ីទស្សន៍ទាយនៅផ្សារសាមគ្គីហើយក៏បានចេញពីផ្សារជាមួយកូនប្រុសរបស់គាត់មានអាយុប្រហែល២ឆ្នាំ នាំគ្នាជិះម៉ូតូឌុបដោយកូនជិះពីមុខអ្នករត់ម៉ូតូគាត់ជិះពីក្រោយធ្វើដំណើរទៅផ្ទះលុះពេលមកដល់មុខសាលាក្រុងភ្នំពេញស្រាប់តែមានក្រុមជនល្មើស២នាក់ជិះម៉ូតូម៉ាកអេសអិលមួយគ្រឿងមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីជនរងគ្រោះបានសម្រេចបណ្ដាលឲ្យស្ត្រីរងគ្រោះធ្លាក់ពីលើម៉ូតូឌុបរងរបួសជាទំងន់។ ចំណែកក្រុមជនល្មើសក្រោយពីធ្វើសកម្មភាពបានសម្រេចហើយបានព្យាយាមបើកគេចខ្លួន ប៉ុន្តែពេលនោះប៉ូលិសខណ្ឌដូនពេញបានឃើញសកម្មភាពក៏បានដេញតាមចាប់រហូតដល់ទឹកដីខណ្ឌចំការមន ទើបចាប់ក្រុមបានល្មើសទាំងពីរនាក់នោះបាន។
ប្រភពព័ត៌មានបានបន្តទៀតថា ក្នុងពេលក្រុមជនល្មើសបើកម៉ូតូគេចខ្លួនដោយមានប៉ូលីសដេញតាមពីក្រោយនោះ ក្រុមជនល្មើសបានបោះកាបូបរបស់ជនរងគ្រោះចោលតែសំណាងល្អបានប៉េអឹមខណ្ឌដូនពេញរើសបានមកវិញ។
ប៉ូលិសបានឲ្យដឹងថា ក្រុមជនល្មើសដែលឃាត់ខ្លួនទាំង២នាក់នេះកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

