ព្រៃវែង ៖ ស្ត្រីម្នាក់ត្រូវប្ដីរបស់ខ្លួនកាប់ហើយវាយនឹងខ្នងពូថៅឲ្យរងរបួសចំនួន៥កន្លែង ដោយសាររឿងសុំលុយចំនួន២.២០០រៀល យកទៅសងថ្លៃស៊ីផឹកជាមួយមិត្តភក្ដិមិនឲ្យ។
រឿងហេតុនេះ បានកើតឡើងនៅវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០០៨ ស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ប៉ូលិសស្រុកកំពង់ត្របែក បាននិយាយឲ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធនោះឈ្មោះ ថោង សារុន អាយុ៣៥ឆ្នាំ ប្ដីឈ្មោះ មុំ សាខន អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិលាវ ឃុំចាម ស្រុកកំពង់ត្របែក។
ប៉ូលិសបានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០០៨ មុំ សាខន បានទៅផឹកស៊ីនៅផ្ទះ សុខ ធា ជាមួយមិត្តភក្ដិម្នាក់ទៀតឈ្មោះ ខន អស់ស្រាជាច្រើនលីត្រ រហូតដល់យប់ម្នាក់ៗស្រវឹងហើយក៏បែកជួរគ្នាមកផ្ទះរៀងៗខ្លួន។ តែ មុំ សាខន មកដល់ផ្ទះក៏ទារលុយប្រពន្ធចំនួន ២.២០០រៀល យកទៅសងថ្លៃស៊ីផឹក។ ពេលប្រពន្ធមិនព្រមឲ្យ ក៏ស្ទុះទៅទាញពូថៅមកកាប់ត្រូវប្រពន្ធចំលើត្រចៀកខាងឆ្វេងមួយពូថៅដួលនៅលើផ្ទះ និងកាប់ត្រូវបាតដៃឆ្វេងមួយពូថៅ ហើយវាយត្រូវស្មងជើងទាំងពីរចំនួន៣ខ្នងពូថៅទៀត ហើយស្ត្រី ថោង សារុន ក៏ក្រោករត់ចុះពីលើផ្ទះមកឲ្យម្ដាយឪពុកជួយ និងបានទៅប្ដឹងសមត្ថកិច្ចប៉ូលិសឲ្យចាប់ឃាត់ខ្លួនតែម្ដង។
តាមចម្លើយសារភាពរបស់ មុំ សាខន បានឲ្យសមត្ថកិច្ចប៉ូលិសដឹងថា នៅល្ងាចនោះគេបានផឹកស៊ីជាមួយមិត្តភក្ដិស្រវឹងខ្លាំងពេក។ លុះមកដល់ផ្ទះបានសុំលុយប្រពន្ធចំនួន ២.២០០រៀលយកទៅសងថ្លៃផឹកស៊ី តែប្រពន្ធមិនឲ្យកើតមានការខឹងមួម៉ៅ ក៏ទាញពូថៅកាប់ប្រពន្ធតែម្ដងទៅ។
បច្ចុប្បន្នជនល្មើស មុំ សាខន ត្រូវសមត្ថកិច្ចប៉ូលិសស្រុកកំពង់ត្របែកបញ្ជូនមកកាន់តុលាការខេត្តនៅវេលាព្រឹកថ្ងៃទី ១១ ខែ កក្កដា នេះ ដើម្បីធ្វើការវិនិច្ឆ័យទោសតាមផ្លូវច្បាប់៕

