ហេតុអ្វីបានជាយើងម្នាក់ៗត្រូវតែទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ?
- ព្រោះយើងចង់បំពេញភារកិច្ចជាប្រជាពលរដ្ឋនៃប្រទេសដែលប្រកាន់យក លទ្ធិប្រជាធិបតេយ្យ។
អ្វីទៅដែលហៅថាលទ្ធិប្រជាធិបតេយ្យ ?
- ពាក្យលទ្ធិប្រជាធិបតេយ្យមកពីពាក្យ លទ្ធិ+ប្រជា+អធិបតេយ្យ លទ្ធិគឺរបបឬបែបបទនៃការ ដឹកនាំប្រទេស ប្រជាគឺប្រជាពលរដ្ឋ ឯអធិបតេយ្យមានន័យថាជាធំ។ ដូច្នេះលទ្ធិប្រជាធិបតេយ្យមានន័យថាបែបបទនៃការដឹកនាំប្រទេសដែលយកប្រជាពលរដ្ឋជាធំ ឬក៏ថា ដែលប្រគល់អំណាចដល់ប្រជាពលរដ្ឋអោយធ្វើជាអ្នកដឹកនាំដោយខ្លួនឯង។
តើប្រជាពលរដ្ឋប្រើប្រាស់អំណាចដឹកនាំប្រទេសដោយរបៀបណាទៅ?
ប្រជាពលរដ្ឋនៃប្រទេសនិមួយៗមានចំនួនច្រើនដល់ទៅរាប់លាន ដូច្នេះពុំអាចបញ្ចេញយោបល់ ឬចូលអង្គុយក្នុងសាលប្រជុំដើម្បីធ្វើការសម្រេចចិត្តអ្វីមួយបានទេ។ ដូច្នេះពួកគេត្រូវជ្រើសរើសតំណាងដើម្បីអោយចូលរួមសម្រេចជំនួសពួកគេ។អ្នកនោះគឺជាតំណាងរាស្ត្រ។
តើតំណាងរាស្ត្រមានភារកិច្ចធ្វើអ្វីខ្លះ?
- ទីកន្លែងដែលតំណាងរាស្ត្រធ្វើការហៅថា មន្ទីររដ្ឋសភា។ នៅប្រទេសកម្ពុជាយើង តំណាងរាស្ត្រមានចំនួន១២៣នាក់ជាតំណាងប្រជាពលរដ្ឋក្នុងប្រទេសទាំងមូល។ ពួកគេមាន ភារកិច្ចទី១អនុម័តច្បាប់ (យល់ព្រមអោយច្បាប់អនុវត្តប្រើ) ដែលរដ្ឋាភិបាលបានស្នើមក ទី២ តាមដានរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ និងទី៣ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដើម្បីក្ដាប់អោយ បានសំណូមពរឬក្ដីប៉ងប្រាថ្នារបស់ប្រជាពលរដ្ឋ។
ហេតុអ្វីបានជាយើងមិនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតែម្ដង ហើយបែរជាបោះឆ្នោតជ្រើសតាំងគណបក្សទៅវិញ?
ព្រោះគឺជាការបោះឆ្នោតតាមបែបសមាមាត្រ។ គណបក្សមានបញ្ជីបេក្ខជនតំណាងរាស្ត្រឈរឈ្មោះរៀងខ្លួននៅតាមមណ្ឌលនីមួយៗ។ នៅពេលណាប្រជាពលរដ្ឋក្នុងមណ្ឌលបោះឆ្នោតអោយគណបក្សណាមួយច្រើនជាងគេ បេក្ខជនតំណាងរាស្ត្រនៃគណបក្សនោះជាប់ធ្វើជាតំណាងរាស្ត្រនៅមណ្ឌលនោះ។
ចុះបើតំណាងរាស្ត្រដែលជាប់ឆ្នោតនោះមិនបំរើផលប្រយោជន៍របស់ប្រជាពលរដ្ឋ តើប្រជាពលរដ្ឋមានសិទ្ធិប្រើប្រាស់អំណាចខ្លួនយ៉ាងណា?
ក្រោយពេលបោះឆ្នោត អ្នកបោះឆ្នោតត្រូវតែតាមដាន សង្កេត និងវាយតំលៃលើសកម្មភាពតំណាងរាស្ត្រដើម្បីអោយឃើញថា តើគេបានធ្វើតាមពាក្យសន្យារបស់ខ្លួនឬទេ។ ប្រសិនបើមិនបំរើផលប្រយោជន៍របស់ប្រជាពលរដ្ឋទេ នោះប្រជាពលរដ្ឋអាចធ្វើការងារមួយចំនួនដូចតទៅ ទី១ ធ្វើញត្តិឬពាក្យបណ្ដឹងឬពាក្យតវ៉ាទៅសាមីខ្លួនឬទៅគណបក្សរបស់តំណាងរាស្ត្រនោះ សុំអោយតំណាងរាស្ត្រនោះគោរពកិច្ចសន្យាខ្លួនឬមួយសុំអោយប្ដូរអ្នកតំណាងរាស្ត្រនោះចេញ។ ទី២ ប្រសិនបើតំណាងរាស្ត្រនោះប្រព្រឹត្តកំហុសធ្ងន់ប្រជាពលរដ្ឋអាចប្ដឹងទៅរដ្ឋសភា ព្រឹទ្ធសភា ឬតុលាការ ឬធ្វើបាតុកម្ម កូដកម្មអហិង្សាសុំអោយតំណាងរាស្ត្រនោះចុះចេញពីអំណាចមុនអាណត្តិ។ ទី៣ ប្រជាពលរដ្ឋអាចរង់ចាំដល់អាណត្តិក្រោយលែងបោះឆ្នោតអោយគណបក្សដែលមានតំណាងរាស្ត្រមិនល្អដូច្នេះទៀត។
តើស្ត្រីអាចធ្វើជាតំណាងរាស្ត្រល្អបានឬទេ?
មាត្រា៣៤ និង៣៥នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាចែងថា "ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ "ដូច្នេះមានន័យថា ស្ត្រីក៏អាចធ្វើជាអ្នកតំណាងរាស្ត្រ ហើយអាចជាតំណាងរាស្ត្រល្អទៀតផង ព្រោះមានតែស្ត្រីទេដែលយល់ និងមើលឃើញបញ្ហារបស់ស្ត្រីដូចគ្នា ហើយម្យ៉ាងទៀត ស្ត្រីច្រើនតែពូកែក្នុងទំនាក់ទំនងលំអិត អត់ធ្មត់ ម៉ត់ចត់ និងជិតស្និទ្ធជាមួយប្រជាពលរដ្ឋជាងបុរស។
មានប្រទេស របប ឬគណបក្សខ្លះយកពាក្យ "ប្រជាធិបតេយ្យ" មកដាក់ជាឈ្មោះប្រទេសរបប ឬគណបក្សខ្លួន។ តើនេះជាការអះអាងថាមានការប្រើប្រាស់ប្រជាធិបតេយ្យមែនឬទេ?
ពុំប្រាកដទេ ជាការពិតណាស់ដោយពាក្យប្រជាធិបតេយ្យមានន័យល្អ អ្នកណាក៏ចង់យកពាក្យនេះមកដាក់ជាឈ្មោះដែរ តែអ្វីដែលសំខាន់នោះមិនមែននៅលើឈ្មោះទេ គឺនៅលើការប្រព្រឹត្ត។
តើអធិបតេយ្យភាពនៃប្រជាពលរដ្ឋខ្មែរមានចែងនៅក្នុងច្បាប់ណា?
អធិបតេយ្យភាពរបស់ប្រជាពលរដ្ឋខ្មែរចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៅជំពូកទី៤មាត្រា៥១" ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភារាជរដ្ឋាភិបាលនិង សាលាជំរះក្ដី"។
ចំពោះស្ត្រីជាពិសេសស្ត្រីមេផ្ទះដែលមមាញឹកជានិច្ចនោះ តើហេតុអ្វីត្រូវខ្វល់ខ្វាយពីការបោះឆ្នោតដែរ?
ស្ត្រីគួរតែចាប់អារម្មណ៍ថា ខ្លួនជាសមាជិកម្នាក់ក្នុងសង្គមដែរ ហើយមានចំនួនដល់ទៅជាងពាក់កណ្ដាលនៃប្រជាពលរដ្ឋក្នុងប្រទេសទាំងអស់។ ម្យ៉ាងទៀតស្ត្រីក៏មានបេះដូងចេះរំភើបសប្បាយ និងចេះឈឺចាប់មានខួរក្បាលចេះរិះគិតថ្លឹងថ្លែងដែរ ហេតុនេះបើទោះបីរវល់យ៉ាងណាក៏ដោយក៏ស្ត្រីត្រូវតែឆ្លៀតទៅបោះឆ្នោតអោយទាល់តែបានដោយផ្លាស់វេនគ្នាជាមួយសមាជិកគ្រួសារដទៃមានប្ដី កូន ឬក្មួយជាដើម។ សូមចងចាំថា គឺអ្នកដែលកាន់តែមមាញឹកក្នុងការងារ ជាពិសេសក្នុងការថែទាំកូនៗ ប្ដីសី ផ្ទះសំបែងនេះហើយដែលកាន់តែមានតម្លៃសំរាប់សង្គមគ្រួសារនិងសង្គមជាតិទាំងមូល៕

