ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អូស្ត្រាលី​ប្រកាស​ផ្ដល់​ជំនួយ​ ៣០​លាន​ដុល្លារ​ លើ​វិស័យ​ថាមពល​អគ្គិសនី​ នៅ​ឥណ្ឌូចិន

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​របស់​ខ្លួន​នឹង​ផ្ដល់​មូលនិធិ​ ជាង​៣០​លាន​ដុល្លារ​ ដើម្បី​ជួយ​អភិវឌ្ឍន៍​ថាមពល​អគ្គិសនី​នៅ​ក្នុង​ប្រទេស​បី​គឺ​ កម្ពុជា​ វៀតណាម​ និង​ឡាវ។

យោង​ទៅ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ទី​ ១​ ខែ​ កក្កដា​ កន្លង​ទៅ​នេះ​ បាន​ឲ្យ​ដឹង​ថា​ លោក​ ស្ដេហ្វេន ស្មីត​ (Stephen Smith)​ រដ្ឋមន្ត្រី​ការ​បរទេស​របស់​អូស្ត្រាលី​បាន​ឲ្យ​ដឹង​អំពី​ការ​ផ្ដល់​មូលនិធិ​នេះ​ នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម។

លោក​ ស្ដេហ្វេន​ ស្មីត​ បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ប្រទេស​អូស្ត្រាលី​នឹង​ផ្ដល់​ជំនួយ​ដល់​ប្រទេស​នៅ​អាស៊ី​ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ខ្លួន​ជា​បន្ទាន់​លើ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​សម្រាប់​ការ​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព។

លោក​ ស្ដេហ្វេន ស្មីត​ បាន​មាន​ប្រសាសន៍​ថា​ "អូស្ត្រាលី​នឹង​ផ្ដល់​មូលនិធិ​ ជាង​៣០​លាន​ដុល្លារ​ តាម​រយៈ​ធនាគារ​ពិភពលោក​សម្រាប់​រយៈ​ពេល​៤​ឆ្នាំ​ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ជនបទ​ កាត់បន្ថយ​ការ​បាត់បង់​ថាមពល​ក្នុង​ពេល​ចែកចាយ​ និង​ជំរុញ​ការ​ប្រើប្រាស់​ប្រភព​អគ្គិសនី​ថ្មី​ ក្នុង​ប្រទេស​កម្ពុជា​ វៀតណាម​ និង​ឡាវ"។

លោក​ ស្ដេហ្វេន​ ស្មីត​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ "នៅ​កម្ពុជា​មាន​តែ​៦​ភាគរយ​នៃ​ចំនួន​គ្រួសារ​សរុប​ប៉ុណ្ណោះ​ ដែល​អាច​ទទួល​បាន​នូវ​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់។​ អូស្ត្រាលី​នឹង​ផ្ដល់​មូលនិធិ​ចំនួន​ ១២​លាន​៣​សែន​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​ការ​ពង្រីក​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​សហគមន៍​ចំនួន​ ១៣​ពាន់​គ្រួសារ​ និង​សហគ្រាស​ខ្នាត​តូច​មួយ​ចំនួន​នៅ​ទី​ជនបទ​បន្ថែម​ទៀត"។

លោក​ ស្ដេហ្វេន​ ស្មីត​ បាន​ថ្លែង​បន្ត​ថា​ "មូលនិធិ​នឹង​ត្រូវ​ផ្ដល់​ផង​ដែរ​ តាម​រយៈ​កម្ចី​ដោយ​មាន​ការ​ធានា​សម្រាប់​ទ្រទ្រង់​ដល់​ការ​វិនិយោគ​ថ្មី​លើ​ប្រភព​ថាមពល​ថ្មី​ និង​ការ​ផ្ដល់​ការ​ប្រើប្រាស់​លើ​ចង្ក្រាន​ចម្អិន​ដោយ​ប្រើ​ជីវ​សារធាតុ​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ដោយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ និង​ការ​បំពុល​បរិយាកាស"។

គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​កម្មវិធី​សហប្រតិបត្តិការ​ដ៏​រឹងមាំ​ដែល​ធ្លាប់​មាន​កន្លង​មក​នៅ​កម្ពុជា។​ រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ផ្ដល់​មូលនិធិ​ប្រមាណ​ ៦១​លាន​២​សែន​ដុល្លារ​អូស្ត្រាលី​ (៥៨លាន​៦សែន​ដុល្លារ​អាមេរិក)​ សម្រាប់​ជំនួយ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ នៅ​ក្នុង​ឆ្នាំ​ ២០០៨-០៩​ (ពី​ខែ​ កក្កដា​ ដល់​ ខែ​ មិថុនា​ ២០០៩)។​ វិស័យ​អាទិភាព​នៃ​កិច្ច​សហប្រតិបត្តិការ​រួម​មាន​វិស័យ​កសិកម្ម​ ការ​អភិវឌ្ឍន៍​ជនបទ​ សុខាភិបាល​ និង​កំណែ​ទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌។

សព្វថ្ងៃ​នេះ​ កម្ពុជា​មាន​ភ្លើង​ប្រើប្រាស់​សរុប​ត្រឹម​តែ​ប្រមាណ​ជា ​២៣០​មេហ្គាវ៉ាត់​ ប៉ុណ្ណោះ​ សម្រាប់​ផ្គត់ផ្គង់​ការ​ប្រើប្រាស់​នៅ​តែ​ក្នុង​ទីក្រុង​ និង​ទី​ប្រជុំ​ជន​ហើយ​ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ភ្លើង​ប្រើប្រាស់​គ្រប់​ៗ​គ្នា​នោះ​ កម្ពុជា​ត្រូវ​ការ​ភ្លើង​រហូត​ដល់​ទៅ​ប្រមាណ​ជា​ជាង​ ១.០០០​មេហ្គាវ៉ាត់​ឯណោះ។

បើ​តាម​ការ​គ្រោង​ទុក​ រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​ចែកចាយ​ភ្លើង​ឲ្យ​បាន​ទូទាំង​ប្រទេស​នៅ​ក្នុង​ឆ្នាំ​ ២០១០​ ខាង​មុខ​នេះ​ ហើយ​ប្រភព​ភ្លើង​ដ៏​សំខាន់​គឺ​បាន​មក​ពី​ការ​វិនិយោគ​គម្រោង​វារី​អគ្គិសនី​ និង​ការ​នាំ​ចូល​ភ្លើង​ពី​ប្រទេស​ឯ​ទៀត៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ ពុធ 02 Jul 2008