ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០០៨ បានចាប់ផ្ដើមប្រជុំពិភាក្សា និងអនុម័តទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ ដែលមានចំនួន ៨ជំពូក និងចែកចេញជា ២៨៦មាត្រា ។
នៅក្នុងសេចក្ដីថ្លែងហេតុ របស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះមានគោលបំណងធ្វើការកែលម្អរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅធានាបាននូវការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់រដ្ឋបាលទាំងនោះ ។
លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាបានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ គឺបានធ្វើឡើងត្រឹមត្រូវ តាមបទបញ្ញត្តិ នៃមាត្រា ៩១ ថ្មីនៃរដ្ឋធម្មនុញ្ញ និងប្រការ២ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានលើកឡើងថា លោកមិនគាំទ្រចំពោះការពិភាក្សា និងអនុម័តទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងរាជធានីខេត្តក្រុង ស្រុក ខណ្ឌនោះទេ ។ លោកបានបញ្ជាក់ថា រដ្ឋសភា គួរតែលោកយកច្បាប់សំខាន់ៗ ដែលជាអាយុជីវិតមកពិភាក្សា និងអនុម័តមុន វាប្រសើរជាង ។ នៅក្នុងនោះមានច្បាប់ប្រឆាំងអំពើពុករលួយ ច្បាប់លក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្ដីពីការរៀបចំការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សាការពារជាតិជាដើម ។
លោក សុន ឆ័យ បានបញ្ជាក់ទៀតថា សេចក្ដីព្រាងច្បាប់នេះ រដ្ឋសភាបានប្រើរយៈពេលខ្លីបំផុតក្នុងការលើកយកមកពិភាក្សា និងអនុម័ត។ លោកចង់ឲ្យរដ្ឋសភាផ្អាកការពិភាក្សា ដើម្បីទុកឲ្យអង្គការក្រៅរដ្ឋាភិបាលនានា និងតំណាងសង្គមស៊ីវិលបានចូលរួមយោបល់នៅក្នុងច្បាប់នេះសិន ព្រោះវាគ្មានអ្វីត្រូវលាក់លៀមនោះទេ។
តំណាងរាស្ត្រ សុន ឆ័យ ក៏បានបញ្ជាក់ដែរថា ចំណុចមួយទៀត ច្បាប់គ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌនេះ វាមានការទាក់ទងទៅនឹងមាត្រាមួយចំនួន ទៅដល់ច្បាប់មួយទៀត ដែលយើងមិនទាន់អនុម័តនោះ គឺច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ។ តើករណីបែបនេះ សមាជិកសភាយើងអាចនឹងធ្វើទៅបានទេ?
លោក ម៉ោញ សាផាន សមាជិកសភាមកពីគណបក្ស ហ៊្វុនស៊ិនប៉ិច បានលើកឡើងថា លោកគាំទ្រចំពោះការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះ។
លោកបានបញ្ជាក់ថា ច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺមានលក្ខណៈស្រដៀងគ្នាជាមួយនឹងច្បាប់ស្ដីពីការគ្រប់គ្រងក្រុមប្រឹក្សាឃុំ សង្កាត់ដែរ។ ប៉ុន្តែការអនុវត្តគោលការណ៍វិមជ្ឈការ គឺមិនទាន់ធ្វើបានត្រឹមត្រូវតាមគោលការណ៍ប្រជាធិបតេយ្យទេ។
លោក ម៉ោញ សាផាន បានបញ្ជាក់ទៀតថា អំណាចគឺប្រមូលផ្ដុំនៅតែខាងលើដដែល នេះគឺជាច្បាប់ដែលបានអនុវត្តជាក់ស្ដែងកន្លងមក។ ចំណុចនេះ យើងឃើញថា វាការលំបាកណាស់។ រីឯនៅក្នុងច្បាប់គ្រប់គ្រង រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះ វាក៏មានលក្ខណៈដូចគ្នាដែរ ព្រោះការរៀបចំ ការកំណត់អំពីតួនាទី ភារកិច្ចទាំងអស់ គឺក្រសួងមហាផ្ទៃជាអ្នករៀបចំឲ្យ។
តំណាងរាស្ត្រ ម៉ោញ សាផាន បានផ្ដល់ជាអនុសាសន៍ថា បើយើងមានបទពិសោធន៍អនុវត្តវិមជ្ឈការនៅឃុំ សង្កាត់ហើយ នៅពេលនេះគួរតែលែងឲ្យគេរៀនដើរខ្លះផង កុំនៅទប់តទៅទៀត វានាំតែមានការលំបាករាំងស្ទះ។ ក្រសួងមហាផ្ទៃគ្រាន់តែត្រួតពិនិត្យ ហើយយល់ព្រមតាមការអនុម័តរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើដូចនេះ បានយើងអនុវត្តវិមជ្ឈការអំណាចបានត្រឹមត្រូវ។
លោកស្រី ឃួន សុដារី តំណាងរាស្ត្រមកពីគណបក្សប្រជាជនបានបញ្ជាក់ថា លោកស្រីមានការគាំទ្របំផុតចំពោះសេចក្ដីព្រាងច្បាប់អំពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះ ព្រោះវាមានសារៈសំខាន់ណាស់។
លោកស្រី សង្ឃឹមថា ច្បាប់នេះ វានឹងជួយដល់ការកែទម្រង់តាមរូបមន្តបែបប្រជាធិបតេយ្យ ក៏ដូចជាអនុវត្តតាមនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។
លោក ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភាបានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះគឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិ។
លោកអនុប្រធានទី១ រដ្ឋសភាបានបញ្ជាក់ទៀតថា សេចក្ដីព្រាងច្បាប់នេះ មុននឹងដាក់ឲ្យសភាពេញអង្គអនុម័តនោះ ខាងរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃបានធ្វើសិក្ខាសាលានៅក្រុងព្រះសីហនុ ឲ្យមានចូលរួមយោបល់ពីសង្គមស៊ីវិលរួចអស់ហើយ មិនដូចការលើកឡើងរបស់លោក សុន ឆ័យ នោះទេ។

