លោក ឈឹម សុធី និងផ្ទាំងគំនូរដែលទទួលការកោតសរសើរពីព្រះមហាក្សត្រ ព្រះនរោត្តម សីហមុនីស្នាដៃរូបគំនូរមួយផ្ទាំងរបស់វិចិត្រករខ្មែរយើងត្រូវបានគណៈកម្មការវិចិត្រករល្បីៗទូទៅទាំងពិភពលោកទទួលស្គាល់ និងធ្វើការវាយតម្លៃថា ជាផ្ទាំងគំនូរដែលមានភាពទាក់ទាញប្រកបទៅដោយអត្ថន័យលំដាប់កំពូល។ ក្នុងចំណោមផ្ទាំងគំនូររាប់ពាន់ផ្ទាំងដែលវិចិត្រករមកពីប្រទេសចំនួន ៧០ នៅជុំវិញពិភពលោក យកមកប្រកួតប្រជែងនោះ មានតែរួបគំនូរប្រមាណ ១០ ផ្ទាំងប៉ុណ្ណោះដែលទទួលស្គាល់ថា ជារូបគំនូរលំដាប់កំពូល។
វិចិត្រករ ឈឹម សុធី ជាម្ចាស់រូបគំនូរដែលមានឈ្មោះ "ទឹកចិត្តម្ដាយ" ដែលទទួលស្គាល់ជាផ្លូវការនោះបានឲ្យដឹងថា មានរូបគំនូរចំនួន ១០ ផ្ទាំងរបស់ប្រទេសកម្ពុជាយើងបានចូលរួមប្រកួតប្រជែង ដែលក្នុងនោះមានរូបគំនូររបស់លោកចំនួន ៥ ផ្ទាំងផងដែរ ហើយមានតែរូបគំនូររបស់លោកដែលមានឈ្មោះថា "ទឹកចិត្តម្ដាយ" មួយប៉ុណ្ណោះដែលត្រូវបានទទួលស្គាល់ជាផ្លូវការថា ជាគំនូរដែលមានភាពរស់រវើកប្រកបទៅដោយអត្ថន័យ និងខ្លឹមសារ គួរឲ្យទាក់ទាញពីអ្នកជំនាញខាងរូបគំនូរ។
ការជ្រើសរើសមានការចូលរួមពីវិចិត្រករល្បីៗនៅជុំវិញពិភពលោកធ្វើការឲ្យតម្លៃយ៉ាងយកចិត្តទុកដាក់ និងសុក្រឹតជាទីបំផុត។
រូបគំនូរដែលមានចំណងជើងថា "ទឹកចិត្តម្ដាយ" ចូលរួមការតាំងពិព័រណ៍នៅប្រទេសចិនស្នាដៃគំនូររបស់លោក ឈឹម សុធី នេះត្រូវបានគណៈកម្មការពិព័រណ៍អន្តរជាតិនៃប្រទេសចិនជ្រើសរើសយកឲ្យទៅចូលរួមនៅក្នុងការតាំងពិព័រណ៍អន្តរជាតិនៅឯប្រទេសចិន។
ឈឹម សុធី បានចំណាយពេលគូរអស់រយៈពេលចំនួនមួយសប្ដាហ៍ ដោយប្រើពណ៌ប្រេង គូរលើក្រណាត់មួយផ្ទាំង ទំហំ ៣០ សង់ទីម៉ែត្រគុណនឹង ១១០ សង់ទីម៉ែត្រ។
ការតាំងពិព័រណ៍ស្នាដៃសិល្បៈគំនូរនៅប្រទេសចិននេះ គឺជាការតាំងពិព័រណ៍អន្តរជាតិលំដាប់ពិភពលោកមួយដែលមានឈ្មោះ THE 3rd BEIJING BIENNALE ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០០៨ ដែលមានការចូលរួមពីរូបគំនូររបស់វិចិត្រករចំនួន ៧០ ប្រទេសមកពីជុំវិញពិភពលោក។
លោក ឈឹម សុធី បានឲ្យដឹងទៀតថា នេះជាមោទនភាពណាស់ចំពោះរូបលោកដែលតំណាងឲ្យវិចិត្ររបស់ប្រទេសកម្ពុជា បានយកផ្ទាំងគំនូរមួយផ្ទាំងនេះទៅចូលរួមក្នុងការតាំងពិព័រណ៍អន្តរជាតិនៅប្រទេសចិននោះ។ រូបគំនូររបស់លោកដែលមានចំណងជើងថា "ទឹកចិត្តម្ដាយ" នេះ វាមានអត្ថន័យធំធេងណាស់ មិនថាតែនៅក្នុងប្រទេសកម្ពុជាយើង ឬប្រទេសដែលមានការជឿនលឿនប៉ុណ្ណោះទេ សុទ្ធតែបានបង្ហាញនូវទឹកចិត្តព្រហ្មវិហារធម៌របស់មាតាដែលមានចំពោះបុត្រធីតារបស់ខ្លួន។ បើយើងក្រឡេកទៅមើលប្រទេសដែលកំពុងជួបប្រទះនូវសង្គ្រាមវិញ មាតាមានតួនាទីធំធេងណាស់ក្នុងការគ្រប់គ្រងកូនចៅ ពួកគាត់ហ៊ានប្ដូរអាយុជីវិតរត់កាត់គ្រាប់រំសេវ ដើម្បីការពារកូនៗរបស់គាត់។ បើយើងក្រឡេកមើលទៅប្រទេសដែលកំពុងរីកចម្រើនវិញម្ដង ទោះបីស្រុកទេសមានភាពជឿនលឿន និងសម្បូរសប្បាយក្ដី ក៏មាតាទាំងឡាយនៅតែគិតកូរពអនាគតកូនៗរបស់ពួកគាត់រហូត តាំងពីការរស់នៅប្រចាំថ្ងៃរហូតដល់ការរៀនសូត្រ។ល។
ក្នុងចំណោមផ្ទាំងគំនូររបស់លោក ឈឹម សុធី ទាំង ៥ ផ្ទាំងដែលទៅចូលរួមប្រកួតប្រជែងនោះ ទីមួយ រូបគំនូរដែលមានឈ្មោះ "ទឹកចិត្តម្ដាយ" ទីពីរ រូបភាពដែលនិយាយពីភាពរស់ឡើងវិញនៃវប្បធម៌ខ្មែរ ទីបី រូបភាពនិយាយពីចំណាំងផ្លាតរវាងផ្ទៃមេឃ និងទឹក រូបទីបួន រូបព្រះនាងគង្ហីង និងរូបទីប្រាំ គឺរូបទេវតាថែរក្សាភព ៥ អង្គ។
វិចិត្រករ ឈឹម សុធី កំពុងគូរគំនូរបុរាណលោក ឈឹម សុធី ជាវិចិត្រករខ្មែរមួយដែលធ្លាប់បានទទួលពានរង្វាន់លេខមួយទូទៅទាំងប្រទេសកម្ពុជាចំនួនពីរលើក និងបានទទួលពានរង្វាន់គំនូរជាច្រើនលើក ទាំងនៅក្នុង និងនៅក្រៅប្រទេសហើយលោកក៏ធ្លាប់ទទួលមេដាយកិត្តិយសពីអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ផងដែរ។ គំនូរដែលលោកគូរមានពីប្រភេទ គឺគំនូរបែបបុរាណ និងគំនូរសម័យទំនើប។ គំនូររបស់លោកមានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្ញៀវបរទេសដែលលោកអាចលក់បានតម្លៃចាប់ពី ១០០ ដុល្លារដល់ ១.០០០ ពាន់ដុល្លារក្នុងមួយផ្ទាំង។
លោក ឈឹម សុធី កើតនៅឆ្នាំ ១៩៦៩ នៅស្រុកល្វាឯម ខេត្តកណ្ដាល មានបងប្អូនពីរនាក់។ លោកបានរៀនចប់មហាវិទ្យាល័យសូនរូបនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ ១៩៩៥ ធ្លាប់ជាគ្រូបង្រៀនសាលារចនា ធ្លាប់បម្រើការងារនៅអង្គការសិល្បៈខ្មែររស់ឡើងវិញ ហើយសព្វថ្ងៃលោកជាអនុប្រធាននាយកដ្ឋានសិល្បៈសូនរូបនៃក្រសួងវប្បធម៌វិចិត្រសិល្បៈ។ លោកបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ ១៩៩៣ និងមានកូនប្រុសចំនួនបីនាក់៕

