ការសម្ភាសន៍រវាងនាង យុគ ចិន្ដា និងលោក ដេវីដ (រូបថត សារ៉ាយ)រាជធានីភ្នំពេញ ៖ រឿងវាលពិឃាតដែលរួមសំដែងដោយលោក ហាំង ង៉ោ ជាជនជាតិខ្មែរនោះទទួលបានការគាំទ្រយ៉ាងខ្លាំងលើឆាកអន្តរជាតិ ហើយក៏ជាមោទនភាពផងដែរ ដែលជនជាតិខ្មែរលើកដំបូងបានចូលរួមសំដែងក្នុងផលិតកម្មភាពយន្តបរទេស។ ឥឡូវនេះលោក ប្រាក់ ដេវីដ ជាជនជាតិខ្មែរទី២ បានចូលរួមសំដែងក្នុងខ្សែភាពយន្តរបស់ផលិតកម្មហូលីវូដ ដែលជាផលិតកម្មដ៏ល្បី និងធំជាងគេលើពិភពលោក។
លោក ប្រាក់ ដេវីដ មានដើមកំណើតជាជនជាតិខ្មែរសញ្ជាតិអាមេរិក មានស្រុកកំណើតនៅស្រុកតាខ្មៅ ខេត្តកណ្ដាល។ លោកមានអាយុ៤១ឆ្នាំ ហើយបានទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិករយៈ ពេល៣០ឆ្នាំហើយ។ លោកបានរៀបរាប់ពីដំណើរជីវិតរបស់លោកថា បន្ទាប់ពីឆ្លងកាត់របបប៉ុល ពត ដ៏សែនឈឺចាប់រយៈ ពេល៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ មកនៅឆ្នាំ ១៩៧៩ លោករួមទាំងគ្រួសារចំនួន៥នាក់ បានរត់ទៅជ្រកកោននៅក្នុងជំរំប្រទេសថៃ អស់រយៈពេល២ឆ្នាំ រហូតដល់ឆ្នាំ១៩៨១ ទើបលោកបានទៅរស់នៅទឹកដីសហរដ្ឋអាមេរិក។


