កម្ពុជារួមជាមួយ និងពិភពលោកទាំងមូលបានប្រារព្ធទិវាសេរីភាពសារព័ត៌មាននៅថ្ងៃទី ៣ ឧសភា។ សារព័ត៌មានដែលមានតួនាទីសំខាន់នៅក្នុងការផ្ដល់នូវព័ត៌មាន ចំណេះដឹងផ្សេងៗដល់ប្រជាពលរដ្ឋ ហើយជាអ្នកឃ្លាំមើលនូវសកម្មភាពផ្សេងៗរបស់សង្គមដែរ។ នៅក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មាននេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ដល់បទសម្ភាសន៍ពិសេសមួយដល់លោក នេត្រ ភក្ត្រា និពន្ធនាយកសារព័ត៌មាន ឌឺ មេគង្គថែមស៏ ដើម្បីបង្ហាញពីដំណើរការវិវឌ្ឍន៍នៃវិស័យព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។
ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមានការកើនឡើងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តើដោយសារតែមូលហេតុអ្វីខ្លះ?
សូមជម្រាបថា នៅកម្ពុជាយើងមានសារព័ត៌មានជាង ៥០០ ស្ថាប័ន។ ការកើនឡើងនេះ គឺអាចពន្យល់បានថា ដោយសារតែច្បាប់សារព័ត៌មានរបស់យើងបើកទូលាយ គឺយើងមិនកំណត់ទេចំពោះការបង្កើតសារព័ត៌មាន។

