បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០០៨ បានដាក់ភារកិច្ចឲ្យគណៈកម្មការត្រួតពិនិត្យ និងលុបបំបាត់ឱសថក្លែងក្លាយអនុវត្តឲ្យបានលទ្ធផល និងមានប្រសិទ្ធភាពក្នុងបំណងបញ្ចៀសគ្រោះថ្នាក់ខាងសុខភាពរបស់ប្រជាពលរដ្ឋពីការប្រើប្រាស់ឱសថ។
លោក សុខ ផេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំការប្រជុំ និងសមាជិកគណៈកម្មការចំនួន២២នាក់នោះ នៅសាលាប្រជុំសាលាខេត្តបន្ទាយមានជ័យ។
បំណងសំខាន់នៃកិច្ចប្រជុំនេះ គឺពង្រឹងការអនុវត្តន៍ច្បាប់ឱសថសេវាឯកជន និងការគ្រប់គ្រងវាឲ្យបានល្អនៅក្នុងខេត្ត។ ក្នុងនោះដែរមានការត្រួតពិនិត្យ និងគ្រប់គ្រងចរាចរដឹកជញ្ជូនឱសថដើម្បីចែកចាយតាមឱសថស្ថានរងនានា ត្រូវតែគោរពតាមបទដ្ឋានបច្ចេកទេសដើម្បីធានាថែរក្សាគុណភាពឱសថគ្រប់ប្រភេទ។