ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​មក​ស្វែង​យល់​ ពី​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​​ទេសចរណ៍​ផ្លូវ​ភេទ​នៅ​កម្ពុជា

គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​ និង​លោក​ស្រី​ ម៉ម សុមាលី​ ពិភាក្សាលើ​បញ្ហា​ប្រឆាំង​ទេសចរណ៍​ផ្លូវ​ភេទភ្នំពេញ​៖ ដើម្បី​បង្កើន​ការ​ស្វែង​យល់​ពី​បញ្ហា​​រួម​ក្នុង​ទិសដៅ​រួម​ចំណែក​​ប្រយុទ្ធ​ប្រឆាំង​​ទេសចរណ៍​ផ្លូវ​ភេទ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ​គណៈប្រតិភូ​សភា​សហភាព​​អឺរ៉ុប​ដែល​ដឹក​នាំ​ដោយ​លោក​ Jules Maaten និង​លោកស្រី​ Swale Ludford បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ។
កាល​ពី​រសៀល​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០០៨​ កន្លង​មក​នេះ​ គណៈប្រតិភូ​សភា​​សហភាព​អឺរ៉ុប​បាន​ធ្វើ​ការ​ពិភាក្សា​ស្វែង​យល់​ពី​បញ្ហា​មួយ​ចំនួន​ជុំវិញ​​ការ​ប្រយុទ្ធ​ប្រឆាំង​ទេសចរណ៍​ផ្លូវ​ភេទ​ នៅ​កម្ពុជា​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​​នៃ​អង្គការ​​ AFESIP ប្រចាំ​ក្រុង​ភ្នំពេញ​​ដោយ​មាន​ការ​ចូល​រួម​ពី​បណ្ដា​អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​​មួយ​ចំនួន​ផង​ដែរ។

លោក​ស្រី​ ម៉ម​ សុមាលី​ (Somaly Mam) អគ្គ​នាយិកា​អង្គការ AFESIP និង​ Somaly Mam Foundation បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​លោក​ខាង​លិច​គួរ​តែ​បើក​ភ្នែក​មើល​សកម្មភាព​របស់​ពលរដ្ឋ​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅ​ឯ​ក្រៅ​ប្រទេស​ផង។ ជា​រឿយៗ​ពួក​គេ​បន្លំ​ខ្លួន​​ជា​អ្នក​ទេសចរ​ ឬ​ពេល​ខ្លះ​ជា​បុគ្គលិក​អង្គការ​សប្បុរស​ធម៌​មក​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ការ​ស្វែង​រក​ឱកាស​​រំលោភ​បំពាន​ផ្លូវ​​ភេទ​លើ​កុមារ។ កុមារ​កាន់​តែ​​ច្រើន​ឡើងៗ​បាន​និង​កំពុង​រងគ្រោះ​​ដោយ​ការ​រំលោភ​ផ្លូវ​ភេទ​​ដោយសារ​បទល្មើស​ច្បាប់​របស់​ពួក​គេ​មិន​ងាយ​ត្រូវ​បាន​បង្ក្រាប​ដោយ​អាជ្ញាធរ។

លោក​ស្រី​ ម៉ម​ សុម៉ាលី​ បាន​គូស​បញ្ជាក់​ថា​ "នៅ​កម្ពុជា​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​គួរ​ឲ្យ​កត់​សំគាល់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​ដូច​ជា​​បាន​បង្កើត​ច្បាប់​ប្រឆាំង​​នឹង​ការ​ជួញ​ដូរ​និង​ក្រុម​ការងារ​ថ្នាក់​ជាតិ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​ជួញដូរ"។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​រាជរដ្ឋាភិបាល​​ត្រូវ​ធ្វើ​ការងារ​ជា​ច្រើន​ទៀត​ ជា​ពិសេស​ពង្រឹង​យន្ត​ការ​ប្រឆាំង​ការ​ជួញដូរ​ និង​ច្បាប់​​ដែល​មាន​ស្រាប់។

គួរ​រំលឹក​បន្ថែម​ថា​ លោក​ស្រី​ ម៉ម​ សុម៉ាលី​ បាន​សង្គ្រោះ​កុមារ​​ដែល​ជា​ទាសករ​ផ្លូវ​ភេទ​​ជាង​៤០០០​នាក់​ក្នុង​រយៈពេល​មួយ​ទសវត្ស​កន្លង​មក។ ក្នុង​នោះ​លោកស្រី​បាន​បង្កើត​​អង្គការ​សកម្មភាព​​សង្គ្រោះ​​ស្ត្រី​រងគ្រោះ​ Acting For Women in Distressing Situalion (AFESIP) ផ្ដល់​​ពិគ្រោះ​យោបល់​ និង​ស្ដារ​នីតិ​សម្បទា​ដល់​ជន​រងគ្រោះ​នៅ​ក្នុង​មណ្ឌល​ដែល​មាន​​ទីតាំង​ក្នុង​ប្រទេស​កម្ពុជា​ ថៃ​ ឡាវ​ និង​វៀតណាម។ ហើយ​ថ្មីៗ​នេះ​លោកស្រី​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​ពី​មិត្តភក្ដិ​ដែល​ជា​តារា​ល្បីៗ​ ពាណិជ្ជករ​ មេធាវី​ និង​សប្បុរសជន​បាន​បង្កើត​មូលនិធិ​​សុម៉ាលីម៉ម​មាន​​គោលដៅ​លុប​បំបាត់​​ឫសគល់​នៃ​ការ​ជួញដូរ​​មនុស្ស​តាម​រយៈ​ធ្វើ​យុទ្ធនាការ​​ផ្សព្វផ្សាយ​​ទូលំទូលាយ​ និង​តស៊ូ​មតិ​លើ​បញ្ហា​​ទាក់ទង​ និង​ការ​ជួញដូរ​និង​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​​លើ​កុមារ​ក្នុង​ប្រទេស​តំបន់​នឹង​អន្តរជាតិ។

លោក​ Jules Maaten ប្រធាន​គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​ដែល​បច្ចុប្បន្ន​ជា​សមាជិក​សភា​របស់​ប្រទេស​​ហុល្លង់​បាន​មាន​ប្រសាសន៍​​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​​បាន​ក្លាយ​ជា​ទី​តាំង​​សំខាន់​​សម្រាប់​ជន​ល្មើស​រំលោភ​ផ្លូវ​​ភេទ​លើ​កុមារ​ហើយ​រៀងរាល់​ឆ្នាំ​ក្មេងៗ​ជា​ច្រើន​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ជា​ទាសករ​ផ្លូវ​ភេទ​​របស់​ពួក​ទេសចរ​លោក​ខាង​លិច​ និង​បុគ្គលិក​អង្គការ​​សប្បុរស​ធម៌​មួយ​ចំនួន។ ឥឡូវ​នេះ​យើង​ត្រូវ​តែ​បើក​ភ្នែក​មើល​ស្ថានភាព​នេះ​ និង​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​ទំរង់​នៃ​ទាសភាព​យុគសម័យ​នេះ។

លោកស្រី​ Swale Ludford សមាជិក​សភា​មក​ពី​ចក្រ​អង់គ្លេស​បាន​លើក​​ឡើង​ពី​របៀប​ដែល​ជនល្មើស​​គេច​ពី​ការ​ចាប់​ខ្លួន​ និង​កាត់​ទោស​ដោយសារ​ប៉ូលិស​​មិន​មាន​សមត្ថភាព​ពេញលេញ​គ្រប់គ្រាន់​ក្នុង​ការ​កាត់​ទោស​ពួក​ជន​ទាំងនោះ។ ជន​សង្ស័យ​ដែល​បាន​ចាប់​ខ្លួន​​តែងតែ​សូកប៉ាន់​ដើម្បី​ឲ្យ​ពួក​គេ​មាន​ផ្លូវ​​គេច​ខ្លួន​ និង​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​គេ​វិញ។ មាន​​តែ​មួយ​ករណី​ប៉ុណ្ណោះ​ក្នុង​ចំណោម​៥​ករណី​ដែល​ជន​សង្ស័យ​ទាំង​នោះ​ត្រូវ​បាន​យក​ទៅ​កាត់​ទោស​ ហើយ​ជន​សង្ស័យ​តែ​៣​ភាគរយ​ប៉ុណ្ណោះ​ដែល​​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ពី​បទ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ។

បន្ទាប់​ពី​បាន​ធ្វើ​ការ​ពិភាក្សា​គ្នា​រួច​មក​លោក​ស្រី​ ម៉ម​ សុម៉ាលី​ និង​គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​បាន​ឯកភាព​គ្នា​លើ​សំណើ​ចំនួន​៣​ គឺ​ទី​១ ​សមាជិករដ្ឋ​សភាភាព​អឺរ៉ុប​គួរ​តែ​ផ្ដល់​តួនាទី​កាន់​តែ​ធំ​ជាង​​មុន​ដល់​ប៉ូលិស​សហភាព​​អឺរ៉ុប​ដើម្បី​ទទួល​បាន​អំណាច​ និង​​មធ្យោបាយ​យក​មក​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​ប៉ូលិស​​ព្រះរាជអាជ្ញា​ និង​ចៅក្រម​ស្ដី​ពី​ការ​ជួញដូរ​និង​​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​​លើ​កុមារ។ ទី​២​- សហភាព​​អឺរ៉ុប​គួរ​តែ​​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​និង​ធ្វើ​ការ​ផ្លាស់​​ប្ដូរ​ព័ត៌មាន​ជា​មួយ​ប្រទេស​ទី​៣​ និង​រក្សា​ការពារ​ទិន្នន័យ​ដើម្បី​ជួយ​ធ្វើ​ការ​កំណត់​អត្តសញ្ញាណ​ជន​​សង្ស័យ​ទាំងនោះ​ ដើម្បី​ឈាន​ទៅ​ដល់​ការ​កាត់ក្ដី​ជន​ល្មើស​ទាំងនោះ។ ទី​​៣​- សហភាព​អឺរ៉ុប​គួរ​តែ​​ដាក់​បញ្ចូល​ព័ត៌មាន​​ស្ដី​ពី​ការ​កាត់​ក្ដី​ជន​ទេសចរ​ផ្លូវ​ភេទ​​ទាំង​នោះ​រួម​ទាំង​ជន​​ល្មើស​ដែល​មិន​ដែល​ជា​ប្រជាជន​មក​ពី​សហភាព​អឺរ៉ុប​ដោយ​ធ្វើ​ការ​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព័ត៌មាន​ Schengen៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ សុក្រ 25 Jul 2008