ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

សេចក្តី​ជូន​ដំណឹង

03-09-2008 ក្រសួង​អប់រំ យុវជន​ និង កីឡា

នៅ​ថ្ងៃ​ទី​ ៣​ ខែ​កញ្ញា​ ឆ្នាំ​២០០៨​ នេះ​ នៅ​ទី​ស្ដី​ការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក្រុមហ៊ុន​ Intel ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​​វិទ្យាស្ថាន​បើក​ទូលាយ​ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដី​ពី​ "គំនិត​ផ្ដួចផ្ដើម​បញ្ជ្រាប​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ (ICT) ក្នុង​វិស័យ​អប់រំ"​ ដើម្បី​ពង្រឹង​សមត្ថភាព​សិស្សានុសិស្ស​ និង​លោកគ្រូ​អ្នកគ្រូ​ តាម​រយៈ​ការ​ទទួល​ជំនាញ​បច្ចេកវិទ្យា​ដ៏​ចាំបាច់​ នា​យុគសម័យ​សេដ្ឋកិច្ច​ពិភពលោក​ដែល​ផ្អែក​លើ​ចំណេះដឹង​ នា​សតវត្សរ៍​ទី​ ២១​ នេះ។

កម្មវិធី​គំនិត​ផ្ដួចផ្ដើម​បញ្ជ្រាប​ ICT ក្នុង​វិស័យ​អប់រំ​ គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ពិភពលោក​ឆ្ពោះ​ទៅ​មុខ​របស់​ Intel រយៈពេល​ ៥​ ឆ្នាំ។ តាម​រយៈ​កម្មវិធី​នេះ​ ក្រុមហ៊ុន​ Intel គ្រោង​​នឹង​ផ្ដល់​ជំនួយ​ប្រភេទ​ Net-top បច្ចេកវិជ្ជា​ Intel® AtomTM processors ចំនួន​ ១០០​ នា​ចុង​ឆ្នាំ​២០០៨​ និង​ចំនួន​ ១៥០​គ្រឿង​ទៀត​ នៅ​ដើម​ឆ្នាំ​ ២០០៩​ ដល់​ក្រសួង​​អប់រំ​ យុវជន​ និង​ កីឡា​ដើម្បី​យក​ទៅ​បំពាក់​នៅ​តាម​សាលារៀន​ចំណេះ​ទូទៅ​ និង​​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិ​ភាគ​នៅ​ទូទាំង​ប្រទេស។ កិច្ច​សហប្រតិបត្តិការ​បាន​ជួយ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ កំណត់​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ក្នុង​ការ​បញ្ជ្រាប​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ក្នុង​ការ​បង្រៀន​និង​ការ​រៀន​ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​សិក្សា​ស្រាវជ្រាវ​ របស់​គ្រូ​បង្រៀន​ និង​សិស្សានុសិស្ស។

29-08-2008 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ​ ៖​ នាយកដ្ឋាន​ឧតុនិយម​ប្រាប់​ថា​ ចាប់​ពី​ថ្ងៃ​ទី​៣១​ សីហា​ ទៅ​ដល់​ថ្ងៃ​ទី​៣-៤​ កញ្ញា​ ប្រទេស​កម្ពុជា​អាច​មាន​ភ្លៀង​ធ្លាក់​មក​ល្អ​ឡើង​វិញ​ ដោយសារ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​ ដែល​កំពុង​កើត​មាន​នៅ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា​ ហើយ​នៅ​ក្នុង​ខែ​កញ្ញា​ ទឹក​ភ្លៀង​នៅ​បន្ត​ធ្លាក់​មក​បាន​ល្អ។​ តែ​ទិន្នន័យ​អាកាសធាតុ​នៅ​ក្នុង​ខែ​កក្កដា​ កន្លង​ទៅ​នេះ​ បង្ហាញ​ថា​ សីតុណ្ហភាព​សមុទ្រ​ប៉ាស៊ីហ្វិក​ នៅ​បន្ត​ឡើង​កម្ដៅ​ឆ្លង​ផុត​អន្តរកាល​ឡានីណា​ និង​អេលនីណូ​នោះ​ទៅ​ហើយ​ បើ​សិន​ជា​ទិន្នន័យ​អាកាសធាតុ​ក្នុង​ខែ​សីហា​ ឃើញ​នៅ​មាន​ឡើង​កម្ដៅ​ទៀត​នោះ​ភាព​រាំងស្ងួត​នៅ​ចុង​រដូវវស្សា​នេះ​អាច​នឹង​កើត​មាន​ហើយ។

នាយកដ្ឋាន​ឧតុនិយម​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨​ សីហា​ នេះ​ថា​ ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​បាន​កើត​មាន​ឡើង​ដោយ​អូស​បន្លាយ​កាត់​លើ​ព្រំប្រទល់​ភាគ​ខាង​ជើង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ភ្ជាប់​ទៅ​នឹង​វិសម្ពាធ​ទាប​មួយ​ទៀត​ នៅ​លើ​សមុទ្រ​ខាង​ជើង​ប្រទេស​ហ្វីលីពីន។​ ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​បាន​កើត​មាន​កាល​ពី​ម៉ោង​១​យប់​ ថ្ងៃ​ទី​២៨​ សីហា​នេះ​ ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​នៅ​កម្ពុជា​មាន​ពពក​ពី​តិច​ទៅ​មធ្យម​ និង​មាន​ភ្លៀង​ផ្គរ​ជា​មធ្យម​ នៅ​តំបន់​ខ្ពង់រាប​ និង​តំបន់​ទំនាប​ភាគ​ពាយ័ព្យ។

22-08-2008 កាសែត​រស្មី​កម្ពុជា
  • សម្ពាធ​ទាប​គ្រប​ដណ្ដប់​ពី​លើ​ប្រទេស​កម្ពុជា​ច្រើន​ថ្ងៃ​មក​នោះ​បាន​រលាយ​អស់​ទៅ​វិញ​ហើយ​

ភ្នំពេញ​៖ ព្យុះ​ទី​១២​ឈ្មោះ​នូរី​ ដែល​បាន​បក់​បោក​លើ​ប្រទេស​​ហ្វ៊‌ីលីពីន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ​ ពេល​នេះ​វា​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ តាម​ការ​ព្យាករណ៍​ដំណើរ​របស់​វា​ឆ្ពោះ​ទៅ​រលាយ​នៅ​ក្វាងទុង​ ក្បែរ​ហុងកុង​នៅ​ថ្ងៃ​ទី​២៣​សីហា​ ព្យុះ​នេះ​ពុំ​មាន​ឥទ្ធិពល​​អ្វី​ច្រើន​មក​លើ​ប្រទេស​កម្ពុជា​​យើង​ទេ។ នៅ​ពី​ក្រោយ​ព្យុះ​នូរី​នេះ​ មាន​ប្រព័ន្ធ​​សម្ពាធ​ទាប​មួយ​ទៀត​​ដែល​វា​អាច​ក្លាយ​ទៅ​ជា​ព្យុះ​នៅ​ថ្ងៃ​ខាង​មុខ។ ឯ​សម្ពាធ​ទាប​ដែល​គ្របដណ្ដប់​លើ​ប្រទេស​កម្ពុជា​​ជា​ច្រើន​ថ្ងៃ​មក​នោះ​ ឥឡូវ​រលាយ​អស់​ហើយ​ប្រទេស​កម្ពុជា​​ពេល​នេះ​ស្ថិត​ក្រោម​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​មាន​​ភ្លៀង​ធ្លាក់​រដូវវស្សា​ធម្មតា។ ចំណែក​​កម្ពស់​ទឹក​ទន្លេ​មេគង្គ​នៅ​ភាគ​ខាង​លើ​វិញ​បាន​ស្រក​ចុះ​ជា​លំដាប់​ហើយ។

19-08-2008 កាសែត​កម្ពុជា​ថ្មី

ភ្នំពេញ​ ៖​ ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យានជំនិះ​បាន​ដំណើរ​ប្រមូល​ពន្ធ​ចាប់​ពី​ថ្ងៃ​ទី​១៥​ ខែ​សីហា​ ឆ្នាំ​២០០៨​ នេះ​តទៅ​រហូត​ដល់​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៨​ ដោយ​សាលាក្រុង​ភ្នំពេញ បាន​កំណត់​ទីតាំង​ចំនួន​៤០​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាខា​ពន្ធដារ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​សំរាប់​ឆ្នាំ​២០០៨​នេះ​ធ្វើ​ឡើង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​លេខ​៥៤៧​សហវប្រក.ពដ​និង​សេចក្ដី​ជូន​ដំណឹង​លេខ​០១៩​សហវពដ​ចុះ​ថ្ងៃ​ទី​៣០​ ខែ​កក្កដា​ ឆ្នាំ​២០០៨​ ហើយ​ជាមួយ​គ្នា​នោះ​ដែរ​នាយកដ្ឋាន​ពន្ធដារ​ក៏​បាន​ចេញ​លិខិត​មួយ​ច្បាប់​លេខ​៧៥០​ពដ​ចុះ​ថ្ងៃ​ទី​១៤​ ខែ​សីហា​ ឆ្នាំ​២០០៨​ស្ដីពី​បែបបទ​ និង​នីតិវិធី​នៃ​ការ​ប្រមូល​ពន្ធ​នេះ​ផង​ដែរ។​ ជុំវិញ​បញ្ហា​នេះ​ត្រូវ​បាន​ត្រៀម​សកម្មភាព​ទូទាំង​ប្រទេស​កម្ពុជា​គ្រប់​ខេត្ត​ -​ ក្រុង​ ទាំងអស់​ដោយ​ឡែក​នៅ​រាជធានី​ភ្នំពេញ​បាន​ត្រៀម​គោលដៅ​ចំនួន​៤០​កន្លែង​ឯណោះ​ហើយ​មាន​៤៧​ក្រុម​ និង​មាន​មន្ត្រី​ជាង​១០០​នាក់​ដាក់​ប្រចាំ​ការ​សំរាប់​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន ​និង​យានជំនិះ​គ្រប់​ប្រភេទ។​

19-08-2008 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ​៖ លោក​ ឡុង​ សារាវុធ​ ប្រធាន​នាយកដ្ឋាន​ឧតុនិយម​ បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨​ សីហា​នេះ​ថា​ សម្ពាធ​ទាប​មួយ​បាន​ស្ថិត​នៅ​ចំ​ពី​លើ​ប្រទេស​កម្ពុជា​​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​មាន​ពពក​ច្រើន​នៅ​ទូទាំង​ប្រទេស​គ្មាន​ពន្លឺ​ខ្លាំង​ តែ​មាន​ភ្លៀង​ខ្សោយ​កម្រិត​ក្រាម​៥០​មិល្លីម៉ែត្រ។ អាកាសធាតុ​បែប​នេះ​​អាច​កើត​មាន​រហូត​ដល់​ថ្ងៃ​ស្អែក​ ឬ​ថ្ងៃ​ខាន​ស្អែក​ទៀត។

ប្រភព​ខាង​លើ​បាន​និយាយ​ឲ្យ​ដឹង​ទៀត​ថា​ ព្រម​ពេល​ជាមួយ​នឹង​នៅ​​ពី​លើ​ប្រទេស​យើង​មាន​សម្ពាធ​ទាប​នេះ​នៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ក៏​មាន​សម្ពាធ​​ទាប​មួយ​ដែរ​ ហើយ​នៅ​ឯ​ជិត​ប្រទេស​ហ៊្វ‌ីលីពីន​មាន​វិសម្ពាធ​ទាប​មួយ​ទៀត​​ដែល​ដំណើរ​របស់​វា​​អាច​នឹង​ក្លាយ​ទៅ​ជា​ព្យុះ​​ក្នុង​​ថ្ងៃ​ខាង​មុខ។ បើ​សិន​ជា​​វិសម្ពាធ​នោះ​ក្លាយ​ទៅ​ជា​ព្យុះ​ ហើយ​មាន​ទិសដៅ​ឡើង​គោក​ នឹង​ធ្វើ​ឲ្យ​ប្រទេស​យើង​មាន​ភ្លៀង​ច្រើន។