ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ការ​​ជ្រើសរើស​ក្រុម​ទី​ប្រឹក្សា​សរសេរ​បទ​វិចារណកថា​

កម្មវិធី​ស្ត្រី ជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ចម្បង​ចំនួន​៦​ របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ។​ កម្មវិធី​ស្ត្រី​ ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​នា​ចុង​ឆ្នាំ​២០០៦​ និង​មាន​សកម្មភាព​ធំ​ៗ​ ចំនួន​បី​គឺ​ វិបផតថល​ស្ដី​​អំពី​ស្ត្រី​ វគ្គ​បណ្ដុះបណ្ដាល​កសាង​សមត្ថភាព​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ការ​សិក្សា​ស្រាវជ្រាវ​អំពី​យេនឌ័រ​និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​។​

វិបផតថល​ស្ដី​អំពី​ស្ត្រី​ (http://women.open.org.kh) គឺ​ជា​សមិទ្ធផល​ចម្បង​មួយ​ ​​​ដែល​ផ្ដល់​ជូន​អង្គការ​ស្ត្រី​ និង​ស្ថាប័ន​នានា​ នូវ​បណ្ដុំ​​ព័ត៌មាន​ដ៏​សំបូរ​បែប​ ដែល​បច្ចុប្បន្ន​មាន​ចំនួន​ជាង​៥០០​ខ្លឹមសារ​ ដែល​ទាក់ទង​នឹង​ច្បាប់​ បច្ចេកវិទ្យា​ព័ត៌មាន​ ការ​អភិវឌ្ឍន៍​ សមភាព​យេនឌ័រ និង​ផ្នែក​ផ្សេងៗ​ទៀត​ជាច្រើន។​

ក្នុង​គោលបំណង​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង ​អំពី​ខ្លឹម​សារ​នៃ​វិប​ផត​ថល​ ជា​មួយ​​និង​បញ្ហា​នានា​របស់​ស្ត្រី​ដែល​កើត​មាន​ក្នុង​សង្គម​​ និង​ដើម្បី​ធ្វើ​ឲ្យ​វិប​ផត​ថល​ស្ត្រី ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ក្រុម​គោល​ដៅ​ ជា​កញ្ចក់​នៃ​តថភាព​សង្គម​ មាន​លក្ខណៈ​វិជ្ជា​ជីវៈ​ខ្ពស់ មាន​ព័ត៌មាន​ថ្មី​ ទាន់​ពេល​វេលា សំបូរ​បែប​ ​ទាក់​ទាញ​ និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ របស់​​​អ្នក​អាន​​ នោះ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ សូម​អញ្ជើញ​លោកស្រី​ អស់​លោក​ដែល​មាន​ការ​ចាប់​អារម្មណ៍​និង​ការ​ងារ​នេះ​ សូម​ចូល​រួម​ជា​សមាជិក​​នៃ​ក្រុម​​ទី​ប្រឹក្សា​សរសេរ​បទ​វិចារណកថា​ នៃ​វិប​ផត​ថល​អំពី​ស្ត្រី។​

១ ការ​ប្រជុំ​ក្រុម​ទី​ប្រឹក្សា​សរសេរ​បទវិចារណកថា​

 ក្រុម​ទី​ប្រឹក្សា​សរសេរ​បទ​វិចារណកថា​ នឹង​ជួប​ប្រជុំ​គ្នា​រៀង​រាល់​២​ខែ​ម្ដង​ ដើម្បី​ធ្វើ​ការ​ពិនិត្យ​​និង​ផ្ដល់​ការ​ណែនាំ​ តម្រង់​ទិស ​ដល់​ការ​សរសេរ​បទ​វិចារណកថា ចូលរួម​ផ្ដល់​គំនិត​យោបល់ ក៏​ដូចជា​អនុសាសន៍​នានា​សម្រាប់​អភិវឌ្ឍ​វិប​ផត​ថល​ស្ត្រី និង​ពិនិត្យ​ឡើង​វិញ​អំពី​ជ្រុងជ្រោយ​នានា​នៃ​បញ្ហា​ស្ត្រី​ ។

២ តើ​អ្នក​ណា​ខ្លះ​អាច​ចូល​រួម​ក្នុង​ក្រុម​នេះ​បាន​?

 ក្រុម​​ទី​ប្រឹក្សា​សរសេរ​បទ​វិចារណកថា​ គឺ​ជា​ក្រុម​ការងារ​ស្ម័គ្រ​ចិត្ត​មួយ ​ដែល​មាន​សមាជិក​ជា​ស្ត្រី​ និង​បុរស​ដែល​ជា​តំណាង​អង្គការ​ ​ស្ថាប័ន​ ឬ​ជា​បុគ្គល​ ដែល​ធ្វើ​ការងារ​ទាក់ទង​ទៅ​នឹង​ ជំនាញ​ខាង​ផលិត​ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ ការ​និពន្ធ​​ ​និង​ការ​​សរសេរ​បទ​​វិចារណកថា​ យេនឌ័រ ច្បាប់​​ សិទ្ធិ​មនុស្ស​ ឬ​​ការ​ស្រាវជ្រាវ​​ផ្សេងៗ​ដែល​ពាក់​ព័ន្ធ​ជាមួយ សមភាព​យេនឌ័រ​ និង​ការ​អភិវឌ្ឍន៍​សង្គម​។​

៣​ លក្ខណៈ​វិនិច្ឆ័យ​

 សមាជិក​ក្រុម​ទី​ប្រឹក្សា​សរសេរ​បទ​វិចារណកថា ត្រូវ​មាន​លក្ខណៈសម្បត្តិ​ ​ជា​ចម្បង​មួយ​ចំនួន​​ដូចជា ​មាន​​បទពិសោធន៍​​ក្នុង​ការ​​សរសេរ​ មាន​ចំណេះដឹង​អំពី​ការងារ​និង​បញ្ហា​នានា​របស់​ស្ត្រី​ ​មាន​សមត្ថភាព​​ក្នុង​ការ​​វិនិច្ឆ័យ​ និង​ធ្វើ​ការ​វិភាគ ចេះ​ប្រើប្រាស់​កុំព្យូទ័រ​ និង​ស្វែង​រក​ព័ត៌មាន​​លើ​អ៊ីនធឺណិត​ និង​អាច​ប្រើប្រាស់​ភាសា​ខ្មែរ​ និង​អង់គ្លេស​បាន​ល្អ​ សម្រាប់​ការ​អាន​ ​សរសេរ​ និង​​​និយាយ​ ។​

សូម​ចូលរួម​ចំណែក​ជាមួយ​យើងខ្ញុំ​ ក្នុង​ការ​ជំរុញ​សមភាព​យេនឌ័រ​ និង​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ ​ សម្រាប់​ព័ត៌មាន​លំអិត​ សូម​ចូល​អាន http://women.open.org.kh/km/criteria_editorialgroup ឬ​ទំនាក់ទំនង​មក​កាន់​ក្រុម​កម្មវិធី​ស្ត្រី​ តាម​រយៈ​លេខ​ទូរស័ព្ទ ០២៣​ ២២៤៨២១​ ឬ​តាម​រយៈ​ women@open.org.kh ​ អោយ​បាន​មុន​ថ្ងៃ​ទី​​ ២៩ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨ វេលា​ម៉ោង​ ៥​:00 រសៀល ។

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ សុខាយុ  កាល​បរិច្ឆេទ៖ អង្គារ 12 Feb 2008