ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ក្រុម​និស្សិត​អាមេរិកាំង​ដែល​សង្ស័យ​ថា​ ឆ្លង​ជំងឺ​ A/H1N1 ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​ដើរ​ហើរ

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

មន្ត្រី​ក្រសួង​​សុខាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ក្រុម​និស្សិត​អាមេរិកាំង​ដែល​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​មក​កាន់​ប្រទេស​កម្ពុជា​ដែល​៤​នាក់​ក្នុង​ចំណោម​ពួក​គេ​​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​ មាន​ករណី​ឆ្លង​ជំងឺ​គ្រុនផ្ដាសាយ​ A/H1N1 នោះ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​​ដោយ​មាន​សេរីភាព​បន្ទាប់​ពី​វេជ្ជបណ្ឌិត​បាន​បង្ហាញ​ពី​លទ្ធផល​ថា​ ក្រុម​និស្សិត​អាមេរិកាំង​ទាំង​នេះ​មិន​មាន​ករណី​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ A/H1N1 នេះ​ទេ។

លោក​ លី​ សុវណ្ណ​ អនុប្រធាន​​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​​ បាន​ប្រាប់​សារព័ត៌មាន "ដើម​អម្ពិល" តាម​ទូរស័ព្ទ​កាល​ពី​រសៀល​ថ្ងៃ​ទី​០១​ ខែ​កក្កដា​ ឆ្នាំ​២០០៩​ថា​ "ចំពោះ​ក្រុម​និស្សិត​ទាំង​នោះ​ មិន​មាន​ករណី​ឆ្លង​ជំងឺ​ A/H1N1 នេះ​ទេ​ ហើយ​យើង​បាន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ចាក​ចេញ​ពី​កន្លែង​ដែល​យើង​បាន​ដាក់​ពួក​គាត់​ដាច់​ដោយ​ឡែក​ពី​គេ​ ហើយ​ពួក​គាត់​មាន​លក្ខណៈ​ធម្មតា​ដូចជា​មនុស្ស​ទូទៅ​ដោយ​ពុំ​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ទេ"។

លោក​​ លី​ សុវណ្ណ​ បាន​បន្ត​ទៀត​ថា​ "ឥឡូវ​នេះ​គឺ​យើង​អនុញ្ញាត​ឲ្យ​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ទី​ណា​ក៏​បាន​ដែរ​ ពុំ​មាន​បញ្ហា​នោះ​ទេ"។

គួរ​បញ្ជាក់​ថា​ បើ​យាង​តាម​មន្ត្រី​ក្រសួង​សុខាភិបាល​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ រហូត​​មក​ដល់​ពេល​នេះ​ គិត​ត្រឹម​ថ្ងៃ​ទី​០១​ខែ​កក្កដា​ឆ្នាំ​២០០៩​ មាន​​មនុស្ស​ចំនួន​៦​នាក់​​បាន​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ A/H1N1នៅ​​ក្នុង​ប្រទេស​កម្ពុជា​​​ក្នុង​នោះ​រួម​មាន​និស្សិត​ជនជាតិ​អាមេរិកាំង​ចំនួន​៤​នាក់​ ជនជាតិ​ហ្វីលីពីន​ម្នាក់​ និង​ជនជាតិ​កម្ពុជា​ម្នាក់​ ប៉ុន្តែ​​ពួក​គេ​ទាំង​នេះ​ បាន​ទទួល​ការ​ព្យាបាល​ជា​សះស្បើយ​ឡើង​វិញ​ហើយ​ ពី​ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

ក្រសួង​សុខាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ពី​លទ្ធផល​​នៃ​ការ​​ឆ្លង​ជំងឺ​​គ្រុន​ផ្ដាសាយ​A/H1N1 នៅ​ក្នុង​ប្រទេស​​កម្ពុជា​​ជា​លើក​ដំបូង​ កាល​ពី​ថ្ងៃ​ទី​២៤​ ​ខែ​មិថុនា​ ឆ្នាំ​២០០៩​ បន្ទាប់​ពី​មាន​និស្សិត​មួយ​ក្រុម​មក​ពី​សហរដ្ឋអាមេរិក​ ធ្វើ​ដំណើរ​មក​កាន់​​ប្រទេស​កម្ពុជា​​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០០៩​ ហើយ​បន្ទាប់​មក​​និស្សិត​ម្នាក់​បាន​​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ឯកជន​​នៅ​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ហើយ​លទ្ធផល​ នៃ​ការ​ធ្វើ​តេស្ដ​ពិសោធន៍​បាន​បង្ហាញ​នៅ​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ បន្ទាប់​មក​ទើប​​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ថា​ និស្សិត​រូប​នេះ​ពិត​ជា​បាន​​ឆ្លង​នូវ​ជំងឺ​​គ្រុន​ផ្ដាសាយ​ A/H1N1 ពិត​ប្រាកដ​មែន​​ ប៉ុន្តែ​​ត្រូវ​បាន​ទទួល​ការ​ព្យាបាល​ភ្លាមៗ​ពី​​ក្រុម​វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​កាល់ម៉ែត។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ មាន​និស្សិត​៣​នាក់​ទៀត​ក្នុង​ចំណោម​​និស្សិត​ទាំងអស់​ ត្រូវ​បាន​បញ្ជាក់​ថា​ មាន​ករណី​ឆ្លង​ជំងឺ​​គ្រុនផ្ដាសាយ​ A/H1N1។ ដោយ​ឡែក​ករណី​ឆ្លង​ចុង​ក្រោយ​បាន​កើត​ឡើង​​នៅ​ថ្ងៃ​ទី​២៦​ ខែ​មិថុនា​ ទៅ​លើ​មនុស្ស​២​នាក់​ ដែល​ម្នាក់​​ជា​ជនជាតិ​កម្ពុជា​ ប៉ុន្តែ​​ពួក​គេ​ទាំង​៦​នេះ​​ត្រូវ​បាន​​ទទួល​ការ​ព្យាបាល​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​ជា​​ទី​បំផុត​ ពី​ក្រុម​វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​កាល់ម៉ែត៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 02 Jul 2009