កញ្ញាសេង ធារី និងតួកុនហូលីវូដមៀរ ហ្វារ៉ូ ក្នុងសន្និសិទកាសែត ថ្ងៃទី២០ ខែមករាភ្នំពេញ ៖ ការព្យាយាមយកបាច់ផ្កាទៅដាក់នៅសារមន្ទីរឧក្រិដ្ឋកម្មទួលស្លែងដោយលាយឡំជាមួយករណីនៅដាហ្វួរនោះ តំណាងរដ្ឋាភិបាលបានអះអាងថាគេមិនគួរយកជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យធ្វើអាជីវកម្មទេ ហើយបើចង់ប្រឆាំងស៊ូដង់ គេគួរតែទៅធ្វើនៅប្រទេសស៊ូដង់។
កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០០៨ មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមដឹកនាំដោយកញ្ញាសេង ធារី និងតារាភាពយន្តហូលីវូដ មៀរ ហ្វារ៉ូ ដែលមានការចូលរួមពីសកម្មជនអង្គការ ''សុបិនសំរាប់ដាហ្វួរ'' មកពីប្រទេសស៊ូដង់ផង មានបំណងយកបាច់ផ្កាទៅដាក់នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មទួលស្លែងដើម្បីរំលឹកដល់អ្នកដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហម និងប្រឆាំងទៅនឹងការសម្លាប់រង្គាលប្រជាពលរដ្ឋនៅប្រទេសស៊ូដង់។ ប៉ុន្តែការព្យាយាមនោះមិនបានសំរេចឡើយដោយកំលាំងសមត្ថកិច្ចបានធ្វើការហាមឃាត់ ព្រោះរដ្ឋាភិបាលមិនអនុញ្ញាតឲ្យយកទីតាំងប្រទេសកម្ពុជាធ្វើការប្រឆាំងទៅនឹងប្រទេសណាមួយទេ។ គោលបំណងមួយផ្សេងទៀតក៏ដើម្បីជំរុញឲ្យប្រទេសចិនឈប់ផ្ដល់ការគាំទ្រដល់ប្រទេសស៊ូដង់ដែលនាំឲ្យមានការសម្លាប់រង្គាលនោះ។
កញ្ញាសេង ធារី ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ ទី២០ ខែមករានោះថា គោលបំណងនៃការទៅដាក់បាច់ផ្កានៅមជ្ឈមណ្ឌលទួលស្លែងគឺគ្រាន់តែដើម្បីមនុស្សធម៌ប៉ុណ្ណោះ។ ប៉ុន្តែពិធីនោះមានការចូលរួមពីក្រុមអង្គការសង្គមស៊ីវិលមកពីប្រទេសស៊ូដង់ និងតួកុនហូលីវូដរបស់អាមេរិកផងដែរ។
មន្ត្រីខុទ្ទកាល័យសាលាក្រុងភ្នំពេញបាននិយាយថា ចុះហេតុអ្វីបានជាពួកគេជាពួកច្រមុះសជាជនបរទេសមកធ្វើក្បួនដង្ហែនៅប្រទេសកម្ពុជាវិញ? ព្រោះថាអ្វីៗបានកើតឡើងនៅប្រទេសស៊ូដង់ ហេតុអ្វីបានជាយករឿងនោះមកភ្ជាប់ជាមួយប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាព?
មន្ត្រីដដែលនោះបាននិយាយទៀតថា អង្គការសង្គមស៊ីវិលទាំងអស់តែងតែនិយាយថា ប្រទេសដែលប្រកបដោយប្រជាធិបតេយ្យ និងមានយុត្តិធម៌តែងតែធ្វើអ្វីតាមច្បាប់ ប៉ុន្តែពួកគេបានធ្វើនូវអ្វីដែលច្បាប់ប្រទេសកម្ពុជាបានហាមឃាត់។ មន្ត្រីរូបនោះបានបញ្ជាក់ថា នៅក្នុងលិខិតដែលសុំមកសាលាក្រុងគេមិនបាននិយាយថា ដាក់បាច់ផ្កាទេ គឺដង្ហែភ្លើងគុបតែម្ដង។ ប៉ុន្តែការសុំបែបនេះមិនត្រូវបានអនុញ្ញាតទេ ទើបគេបង្វិលទៅជាដាក់បាច់ផ្កាទៅវិញ។ ពីដំបូងបើគេសុំដាក់បាច់ផ្កាគ្មានអ្នកណាហាមឃាត់ទេ។ តែការសុំធ្វើពិធីដង្ហែដោយមានការប្រឆាំងទៅនឹងប្រទេសផ្សេងទៀតផងនោះសាលាក្រុងមិនអនុញ្ញាតទេ។
លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់កម្ពុជាថ្មីថា ពួកគេគួរតែយល់ថា គេមិនត្រូវយកសោកនាដកម្មនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មទួលស្លែងធ្វើអាជីវកម្មទេ។ បំណងរបស់គេដែលធ្វើនោះមិនមែនសំរាប់ប្រទេសកម្ពុជាទេ គឺសំរាប់ប្រទេសរបស់គេ រឿងអីយកប្រទេសកម្ពុជាដែលកំពុងមានសន្តិភាពទៅភ្ជាប់ជាមួយប្រទេសគេទៅវិញ។ ចំពោះការសម្លាប់រង្គាលនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបខ្មែរក្រហមនោះដែលបានសម្លាប់ប្រជាពលរដ្ឋអស់រាប់លាននាក់នោះយើងមានសាលាក្ដីកាត់ទោសរួចទៅហើយ ដែលបច្ចុប្បន្នមានអតីតមេដឹកនាំចំនួន៥នាក់កំពុងឃុំខ្លួនទៀតផង។ រឿងខ្មែរ ខ្មែរចេះដោះស្រាយហើយ។ បើគេចង់លើករឿងស៊ូដង់មកនិយាយឬចង់ធ្វើអ្វីមួយប្រឆាំងស៊ូដង់គួរតែទៅធ្វើនៅប្រទេសស៊ូដង់ព្រោះទីនេះជាកម្ពុជាមិនមែនស៊ូដង់ទេ។
លោកខៀវ កាញារីទ្ធ បានបញ្ជាក់ដែរថា សុំកុំឲ្យអង្គការទាំងនោះយកសពជនរងគ្រោះនៅក្នុងរបបខ្មែរក្រហមធ្វើអាជីវកម្មឲ្យសោះ៕

