ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

តារា​ភាពយន្ត​អាម៉េរិកាំង ​ប៉ុន​ប៉ង​ធ្វើ​យុទ្ធនាការ ​ជំរុញ​ឱ្យ​ចិន​ជួយ​បញ្ឈប់​អំពើ​ហិង្សា​ នៅ​តំបន់​ដាហ្វួរ​ តែ​អាជ្ញាធរ​កម្ពុជា​ទំនង​បដិសេធ


តារា​ភាពយន្ត​អាមេរិក មៀ ហ្វារ៉ូ
ភ្នំពេញ ៖ តារា​ភាពយន្ត​ជន​ជាតិ​អាមេរិក​អាយុ​៦៣​ឆ្នាំ ឈ្មោះ​មៀ ហ្វារ៉ូវ (Mia Farrow) បច្ចុប្បន្ន​ជា​ឯក​អគ្គរដ្ឋទូត​បំណង​ល្អ​របស់​អង្គការ​យូនីសេហ្វ​ដែល​ចង់​មក​ធ្វើ​យុទ្ធនាការ​មួយ​ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចិន​ជួយ​បញ្ឈប់​សកម្មភាព​រំលោភ​ផ្សេង​ៗ​ នៅ​ក្នុង​តំបន់​ដាហ្វួរ​ (Darfur) ភាគ​ខាង​លិច​នៃ​ប្រទេស​ស៊ូដង់ (Sudan) នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ទំនង​ជា​កម្ពុជា​មិន​អនុញ្ញាត​ឡើយ។

យោង​ទៅ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​បាន​ឱ្យ​ដឹង​ថា តារា​ភាពយន្ត​អាមេរិក​រូប​នេះ​ មាន​គម្រោង​នឹង​ធ្វើ​យុទ្ធនាការ​មួយ​ តាម​រយៈ​ការ​ដាក់​ភ្លើង​គប់​តាម​របៀប​រៀបចំ​កីឡា​​អូឡាំពិក ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​ចិន ​ដែល​កំពុង​តែ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ ឱ្យ​ជួយ​បញ្ឈប់​អំពើ​រំលោភ​បំពាន​ផ្សេង​ៗ​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​នេះ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​​ នៅ​ក្នុង​ពេល​អនាគត ក្រោយ​ពី​ស្ត្រី​រូប​នោះ​បាន​បញ្ចប់​សកម្មភាព​បែប​នេះ​នៅ​នឹង​តំបន់​មួយ​ នៅ​ក្នុង​ប្រទេស​ឆាដ (Chad) ជាប់​នឹង​តំបន់​ដាហ្វួរ។

ប្រភព​ដដែល​នោះ​បាន​ឱ្យ​ដឹង​​ថា ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​គោល​ដៅ​ទី​៦ ដែល​តារា​ភាពយន្ត​អាមេរិក​ហ្វារ៉ូវ​ មាន​គោល​ដៅ​ធ្វើ ​បន្ទាប់​ពី​ឆាដ រ៉្វាន់ដា អាល់មេនី អាល្លឺម៉ង់ និង​បូស្នៀ។

លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​មិន​លើក​ទូរស័ព្ទ ចំណែក​ឯ​លោក​ឧត្ដមសេនីយ៍​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ក៏​មិន​បាន​លើក​ទូរស័ព្ទ​ផង​ដែរ​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​មករា ប៉ុន្តែ​លោក​បាន​ប្រាប់​ប្រភព​ព័ត៌មាន​ហេរ៉ាល់សាន់ (Herald Sun) ថា កម្ពុជា​មិន​ស្វាគមន៍​គម្រោង​យុទ្ធនាការ​បែប​នេះ​ឡើយ ហើយ​កម្ពុជា​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​ណា​មួយ​ ដើម្បី​ដាក់​ភ្លើង​គប់​បែប​នេះ​ដែរ។

លោក​បាន​ប្រាប់​ប្រភព​ដដែល​នោះ​ថា អ្នក​ណា​ដែល​ធ្វើ​នឹង​អាច​​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស។

រហូត​មក​ដល់​ពេល​នេះ វិបត្តិ​នៅ​តំបន់​ដាហ្វួរ​ គឺ​ជា​ចំណុច​ក្ដៅ​បំផុត​មួយ​នៅ​លើ​ពិភពលោក។ អំពើ​ហិង្សា​នេះ​វា​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា​២០០.០០០នាក់ នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ ដោយសារ​តែ​សង្គ្រាម​​អត់​ឃ្លាន និង​ជំងឺ​ផ្សេង​ៗ។

មៀ​ ហ្វារ៉ូវ កើត​នៅ​ក្នុង​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​១៩៤៥។ លោកស្រី​បាន​ចាប់​ប្រឡូក​នៅ​ក្នុង​ខ្សែ​ភាពយន្ត​នៅ​ក្នុង​ ឆ្នាំ​១៩៦៤ រហូត​មក​ដល់​​ពេល​បច្ចុប្បន្ន​នេះ។ លោក​ស្រី​កំពុង​តែ​ដើរ​តួនាទី​ជា​ឯក​អគ្គរដ្ឋទូត​បំណង​ល្អ​របស់​អង្គការ​យូនីសេហ្វ៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ លក្ខិណា  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 17 Jan 2008