ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

បើក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ប្រកាស​ស្ដីពី​ តាវកាលិក​ហានិភ័យ​ការងារ

លោក​ វង សូត​ មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​ (រូបថត​ ៖​ នីកា)ភ្នំពេញ​ ៖​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​បើក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ប្រកាស​ស្ដីពី​តាវកាលិក​ហានិភ័យ​ការងារ​ ក្រោម​អធិបតីភាព​ លោក​ វង សូត​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​ សីហា​ ឆ្នាំ​ ២០០៨​ នៅ​ឯ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

នា​ឱកាស​នោះ​ លោក​ វង សូត​ បាន​មាន​ប្រសាសន៍​ថា​ ដោយ​វិស័យ​សន្តិសុខ​សង្គម​ជា​វិស័យ​មួយ​ថ្មី​សម្រាប់​កម្ពុជា​ ការ​រៀបចំ​ដំណើរការ​អនុវត្ត​វិស័យ​នេះ​ តម្រូវ​ឲ្យ​មាន​ការ​គិតគូរ​ច្បាស់​លាស់​ដោយ​ប្រុងប្រយ័ត្ន​ ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​គ្រប់គ្រង​វិស័យ​នេះ​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ និង​តម្លាភាព​ធានា​បាន​នូវ​តាវកាលិក​សន្តិសុខ​សង្គម​ ជូន​កម្មករ​និយោជិត​ដែល​រងគ្រោះ​ឲ្យ​បាន​លឿន​ និង​ត្រឹមត្រូវ​តាម​ច្បាប់។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ក្នុង​គោលបំណង​ធានា​បាន​និរន្តរភាព​ចំពោះ​ការ​វិនិយោគ​ ក៏​ដូចជា​ការ​ធានា​និរន្តរភាព​ចំពោះ​ការ​ការពារ​កម្មករ​និយោជិត​ ពេល​ជួប​ប្រទះ​ហានិភ័យ​ជាយថាហេតុ​ យើង​បាន​រៀបចំ​ដំណើរ​ការ​ប្រព័ន្ធ​សន្តិសុខ​សង្គម ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជា​ជំហានៗ​ តាម​ដំណាក់កាល​នីមួយៗ​ ស្រប​តាម​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ជាក់ស្ដែង​របស់​កម្ពុជា។​ ក្នុង​ដំណាក់កាល​ដំបូង​យើង​ចាប់​ផ្ដើម​អនុវត្ត​ចំពោះ​ផ្នែក​ហានិភ័យ​ការងារ​ ដែល​ក្នុង​នោះ​មាន​ការ​ធានា​រ៉ាប់រង​តែ​លើ​ផ្នែក​គ្រោះ​ថ្នាក់​ការងារ​ និង​ជំងឺ​វិជ្ជាជីវៈ​ប៉ុណ្ណោះ។​ ចំពោះ​ផ្នែក​ដទៃ​ទៀត​មាន​ជា​អាទិ៍​ ផ្នែក​ធានា​រ៉ាប់រង​សុខភាព​ និង​ផ្នែក​ប្រាក់​សោធន​ជា​ដើម​ យើង​នឹង​បង្កើត​ឲ្យ​មាន​ជា​បន្ត​បន្ទាប់​តាម​ផែនការ​ដែល​បាន​គ្រោង​ទុក។

លោក​បាន​សម្ដែង​នូវ​ក្ដី​សង្ឃឹម​ថា​ បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​នេះ​ទៅ​ អស់​លោក​ លោកស្រី​ទាំងអស់​ដែល​ជា​ថ្នាក់​ដឹកនាំ​សហជីព​គ្រប់​លំដាប់​ថ្នាក់​ដែល​បាន​អញ្ជើញ​ចូលរួម​នៅ​ពេល​នេះ​នឹង​បាន​យល់​ជ្រួត​ជ្រាប​អំពី​សារប្រយោជន៍​ និង​ការ​ចាំបាច់​នៃ​ការ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​សន្តិសុខ​សង្គម​នៅ​កម្ពុជា​ ជា​ពិសេស​នៅ​ចំពោះ​មុខ​នេះ​អស់លោក​ លោកស្រី​នឹង​បាន​យល់​អំពី​បែបបទ​នៃ​ការ​ទាមទារ​តាវកាលិក​ក្នុង​ករណី​ដែល​មាន​គ្រោះថ្នាក់​ការងារ​ជាយថាហេតុ​កើត​ឡើង៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ ច័ន្ទ 18 Aug 2008