ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ក្រោយ​ពី​បោះឆ្នោត​ជាតិ​រួច​ ប្រជាជន​សម្រុក​ចុះ​ទៅ​រក​ការងារ​​ធ្វើ​តាម​ជាយដែន​

ខេត្ត​បន្ទាយមានជ័យ៖ ក្រោយ​ពី​បាន​បោះឆ្នោត​ជាតិ​រួច​ចប់​សព្វ​គ្រប់​ហើយ​គេ​​សង្កេត​ឃើញ​នៅ​តាម​បេនឡាន​ក្នុង​ទី​រួម​ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​ឡាន​រត់​ឈ្នួល​នីសាន់​ដឹក​មនុស្ស​ពេញៗ​ឡាន​ស្ទើរ​តែ​ពី​ដប់​ទៅ​ម្ភៃ​ឡាន​ក្នុង​មួយ​ថ្ងៃៗ​មាន​ទាំង​មនុស្ស​ប្រុស​ស្រី​ក្មេង​​ចាស់​ដែល​សុទ្ធ​​សឹង​តែ​មាន​សំលៀកបំពាក់​ខោ​អាវ​ចាស់ៗ​ហើយ​មាន​ទាំង​ប៊ីដុង​ទឹក​ សាក់កាដូ​ ជិះ​ពេញៗ​ឡាន​នីសាន់​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​តាម​ជាយដែន​កន្លែង​ធ្វើ​ការ​រៀងៗ​ខ្លួន​​ជួន​កាល​​ក៏​មាន​អ្នក​​ខ្លះ​បង្ហួស​ទៅ​ទី​ក្រុង​បាងកក​ធ្វើ​ការងារ​​រហូត​ដល់​រាប់​ពាន់​នាក់​ឯណោះ។

មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ទាំង​នោះ​កំពុង​តែ​ស្វែង​រក​ការងារ​​ធ្វើ​នៅ​​តាម​ជាយដែន​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ហើយ​កំពុង​​ចាកចេញ​ពី​ភូមិ​ស្រុក​ដែល​គេ​រស់​នៅ​​ដូចជា​ក្នុង​ខេត្ត​សៀមរាប​ និង​ខេត្ត​បន្ទាយមានជ័យ​ដូចជា​ស្រុក​ព្រះ​នេត្រ​ព្រះហែៗ​រហូត​ដល់​ស្រុក​ក្រឡាញ់​ក្នុង​ភូមិ​នី​មួយៗ​ស្ងាត់​យ៉ាង​​ជ្រងំ​តែ​ម្ដង។ បងស្រី​ម្នាក់​គាត់​រស់នៅ​​ក្នុង​ឃុំ​ជប់វ៉ារី​ ស្រុក​ព្រះនេត្រ​ព្រះ​ ខេត្ត​បន្ទាយមានជ័យ​គាត់​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​ នៅ​ភូមិ​ឃុំ​របស់​គាត់​សព្វថ្ងៃ​​នេះ​ក្រមុំៗ​ និង​កំលោះៗ​ដែល​មាន​កម្លាំង​​មាំមួន​នោះ​ពួក​គេ​បាន​ចាកចេញ​ពី​ភូមិ​ស្រុក​ទៅ​រក​ការងារ​ធ្វើ​​ទៅ​តាម​ជាយដែន​ និង​ក្រុង​បាងកក​ស្ទើរ​តែ​អស់​​ពី​ស្រុក​ភូមិ​ហើយ​សព្វថ្ងៃ​នេះ​បើ​​នៅ​សល់​វិញ​ គឺ​សល់​មនុស្ស​ចាស់ៗ​ជរា​ដែល​ធ្វើ​ការងារ​​ពុំ​កើត​ទើប​ពុំ​បាន​ចេញ​ទៅ​ណា​នឹង​គេ។ បងស្រី​នោះ​គាត់​បាន​និយាយ​បន្ត​ទៀត​ថា​ គាត់​​សព្វ​ថ្ងៃ​​នេះ​មាន​អាយុ​ជាង​៥០​ឆ្នាំ​ហើយៗ​ មាន​កូន​៦​នាក់​បងៗ​គេ​មាន​ប្ដី​ប្រពន្ធ​គ្រប់ៗ​គ្នា​ហើយៗ​ថែម​ទាំង​មាន​កូន​គ្រប់ៗ​គ្នា​ទៀត​ផង​ គាត់​សព្វ​ថ្ងៃ​​នេះ​នៅ​សល់​កូន​ក្រមុំ​​ស្រី​ពៅ​ម្នាក់​រស់នៅ​ជាមួយ​នឹង​គាត់​សព្វថ្ងៃ​នេះ​​ហើយ​ និង​ម្ដាយ​ចាស់​ជរា​ដើរ​ពុំ​រួច​គាត់​ឈឺ​ទៀត​ផង។ នៅ​ក្នុង​ផ្ទះ​របស់​គាត់​ស្ទើរ​តែ​​រក​អង្ករ​មក​ដាំ​បាយ​ហូប​ពុំ​បាន​សូម្បី​តែ​រូប​គាត់​ក៏​ពុំ​ដែល​បាន​នៅ​ផ្ទះ​ម្ដង​ណា​សោះ​ឡើយ​ គឺ​គាត់​ចេញ​ទៅ​រក​ស៊ី​ឈ្នួល​​គេ​នៅ​តាម​ជាយដែន​ស៊ី​ឈ្នួល​ដាំ​ពោត​បេះ​​ពោត​ដក​ដំឡូង​ព្រម​ទាំង​ដក​ស្ទូង​ទៀត​ផង​ គឺ​គ្រប់​សព្វ​ឲ្យ​តែ​មាន​ការងារ​​ធ្វើ​ គឺ​គាត់​ធ្វើ​ទាំងអស់​​គ្រាន់​នឹង​បាន​កំរៃ​យក​មក​ចិញ្ចឹម​គ្រួសារ។

គាត់​ថា​ បើ​កំលោះ​ក្រមុំ​វិញ​ពួក​​គេ​ធ្វើការ​​បាន​ឈ្នួល​ថ្លៃ​គួរសម​ដែរ​គឺ​ម្នាក់ៗ​ក្នុង​មួយ​ថ្ងៃ​គេ​គិត​ឲ្យ​ពី​១៤០​បាត​ទៅ​២០០​បាត​ បើ​ធ្វើការ​​បាន​ពេញ​មួយ​ខែ​បាន​លុយ​ដល់​ទៅ​ចាប់​ពី​៤០០០​បាត​ទៅ​៥០០០​បាត​ឯ​ណោះ។

បង​ស្រី​នោះ​គាត់​បាន​និយាយ​ បន្ត​ទៀត​ថា​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​​មាន​គេ​មក​ពី​ខេត្ត​បន្ទាយមានជ័យ​មក​ភូមិ​​របស់​គាត់​ដើម្បី​ទំនាក់ទំនង​ស្រី​ក្រមុំ​ទៅ​ស៊ី​ឈ្នួល​ធ្វើការ​នៅ​តាម​ផ្ទះ​របស់​ពួក​គេ​ គាត់​ថា​ពួក​​អ្នក​មាន​ទាំងអស់​នោះ​ ហាក់​បី​ដូច​ជា​មើល​​ងាយ​អ្នក​ក្រ​ខ្លាំង​ណាស់​គេ​យក​ស្រីៗ​ទៅ​បំរើ​គេ​នៅ​តាម​​ផ្ទះ​ការងារ​ធ្វើ​ស្ទើរ​ពុំ​បាន​សំរាក​ការងារ​មាន​ដូចជា​ មើល​កូន​ ដាំ​ស្ល​​ ជូត​ផ្ទះ​ បោស​ផ្ទះ​ បោក​ខោអាវ​ស្ទើរ​ពុំ​​មាន​ពេល​ទំនេរ​ទេ​មាន​ពេល​ខ្លះ​ពួក​ស្រីៗ​ទាំងនោះ​បោក​ទាំង​ខោដឺម៉ី​ទាំង​ប្ដី​ប្រពន្ធ​របស់​គេ​​ទៀត​ផង។ តែ​បើ​ថៅកែ​​គេ​ចិត្ត​ល្អ​វិញ​មាន​​ពេល​បាន​សំរាក​ខ្លះ​ តែ​បើ​​ចំ​ថៅកែ​​ចិត្ត​​ពុំ​បាន​វិញ​​គេ​​ប្រើ​ស្ទើរ​តែ​ពុំ​មាន​ពេល​​បាន​សំរាក​ទេ​រហូត​ដល់​ពេល​បាន​ចូល​ដេក​តែ​ម្ដង។ រីឯ​ប្រាក់​ខែ​វិញ​ពួក​គេ​​គិត​​ឲ្យ​តែ​​មួយ​ខែ​ ៨០០០០​រៀល​ទៅ​ដល់​១៥០០០០​រៀល​ប៉ុណ្ណោះ​ពុំ​បាន​ស្មើ​នឹង​គេ​ចូល​ហាង​ម្ដង​ផង​នេះ​ស្រី​ដែល​ស៊ី​ឈ្នួល​គេ​នៅ​តាម​ផ្ទះ​អ្នក​មាន​វា​លំបាក​អ៊‌ីចឹង​​វា​ខុស​ឆ្ងាយ​ទៅ​រក​ស៊ី​ឈ្នួល​តាម​ជាយដែន។

យុវជន​ និង​យុវនារី​​ទាំងអស់​សង្ឃឹម​ថា​ អាណត្តិ​ទី​៤​នេះ​ប្រាកដ​ជា​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​រក​ការងារ​​ឲ្យ​បាន​សមរម្យ​នៅ​ក្នុង​ស្រុក​ដល់​ពួក​គាត់​ ពីព្រោះ​ពួក​គាត់​​ពុំ​ចង់​ទៅ​ស៊ីឈ្នួល​នៅ​ឯ​ស្រុក​សៀម​ទេ​ វា​ពិបាក​ណាស់​ពួក​តម្រួត​គេ​ធ្វើ​បាប​ស្ទើរ​តែ​រៀងរាល់​ថ្ងៃ៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ ច័ន្ទ 04 Aug 2008