វេទិកាបណ្ដាញស្ត្រីក្រុមប្រឹក្សាឃុំរៀបចំឡើងដោយអង្គការចំរើនស្ត្រី ក្រោមការឧបត្ថម្ភថវិកាពីបណ្ដាម្ចាស់ជំនួយរួមមាន កម្មវិធីអភិវឌ្ឍន៍របស់ប្រទេសបារាំង (FSD) ជំនួយ USAID តាមរយៈអង្គការផេក (PACT) កម្មវិធីសហប្រតិបត្តិការអាល្លឺម៉ង់តាមរយៈអង្គការជីធីហ្សេត គម្រោងកំណែទម្រង់រដ្ឋបាល និងវិមជ្ឈការ (GTZ ARDP) និងអង្គការអុកស្វាម នៃប្រទេសអង់គ្លេស (Oxfam GB) ។ វេទិកានេះជាយុទ្ធសាស្ត្រថ្មី ដើម្បីធ្វើការបង្កើនសមត្ថភាពដល់ស្ត្រីក្រុមប្រឹក្សាឃុំរៀបចំឡើងតាំងពីឆ្នាំ ២០០៤ មក។ វេទិកានេះទទួលបានការគាំទ្រទាំងស្មារតី និងសម្ភារៈពីសំណាក់រដ្ឋបាលគ្រប់ជាន់ថ្នាក់ ពិសេសក្រុមប្រឹក្សាឃុំនៅមូលដ្ឋាន។ ឆ្នាំ ២០០៨ ជាឆ្នាំចុងក្រោយនៃការផ្ទេរនូវការទទួលខុសត្រូវទាំងអស់ពីអង្គការចំរើនស្ត្រីជូនមកក្រុមប្រឹក្សាឃុំជាអ្នកអនុវត្តបន្ត។
វេទិកាបណ្ដាញស្ត្រីក្រុមប្រឹក្សាឃុំលើកទីមួយ (ក្នុងចំណោមវេទិកាចំនួនបី) រៀបចំឡើងនៅខេត្តពោធិ៍សាត់ ពីថ្ងៃទី ៤ ដល់ ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០០៨ ដោយអង្គការចំរើនស្ត្រី និងសម្របសម្រួលដោយស្ត្រីក្រុមប្រឹក្សាឃុំចំនួនពីររូប នៅក្នុងសាលប្រជុំនៃអគាររដ្ឋបាលមូលដ្ឋានខេត្ត (PLAU)។
នេះជាវេទិកាទីមួយដែលអ្នកសម្របសម្រួលបានប្រើប្រាស់កម្រងបញ្ហានានា ដែលលើកឡើងក្នុងសន្និបាតក្រុមប្រឹក្សាឃុំទូទាំងប្រទេសក្នុងឆ្នាំ ២០០៦ ហើយបញ្ហាទាំងអស់នោះពាក់ព័ន្ធនឹងប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការប្រជាធិបតេយ្យ និងអភិបាលកិច្ច។ បញ្ហាដែលស្ត្រីក្រុមប្រឹក្សាឃុំបានសម្រេចជ្រើសរើសមានចំនួនពីរគឺ៖ សមត្ថភាពនៅមានកំរិតរបស់ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋក្នុងការជម្រុញឲ្យមានគណនេយ្យភាព និងតម្លាភាព និងការចូលរួមប្រកបដោយគុណភាពរបស់ស្ត្រីមានកម្រិតទាប។ ក្នុងអត្ថបទនេះ យើងនឹងលើកមកបង្ហាញតែការដោះស្រាយចំពោះបញ្ហាតម្លាភាព និងគណនេយ្យភាពប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហាទីមួយ ស្ត្រីក្រុមប្រឹក្សាឃុំបានបង្ហាញមូលហេតុមួយចំនួនដែលនាំឲ្យគ្មានគណនេយ្យភាព និងតម្លាភាព និងកត្តានានាដែលធ្វើអោយប្រជាពលរដ្ឋភ័យខ្លាចមិនហ៊ានចូលរួម និងបញ្ចេញមតិ។ កត្តាទាំងនោះរួមមាន ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋខ្វះការយល់ដឹងអំពីគោលការណ៍នៃគណនេយ្យភាព និងតម្លាភាព ហើយក្រុមអ្នកភូមិនៅមានការភ័យខ្លាចក្នុងការបញ្ចេញមតិផ្ទាល់ខ្លួនរបស់ពួកគេ។ ដើម្បីដោះស្រាយចំពោះបញ្ហានេះ សមាជិកវេទិកាបានលើកជាយុទ្ធសាស្ត្រថា ក្រុមប្រឹក្សាឃុំត្រូវរៀបចំផែនការសកម្មភាពចុះផ្សព្វផ្សាយអំពីគណនេយ្យភាព និងតម្លាភាពដល់ប្រជាពលរដ្ឋនៅក្នុងឃុំ ហើយក្រុមប្រឹក្សាឃុំខ្លួនឯងក៏ត្រូវធ្វើការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ដើម្បីអោយមានការយល់ដឹងកាន់តែរឹងមាំពាក់ព័ន្ធការបំពេញការងារប្រកបដោយគណនេយ្យភាព និងតម្លាភាពដែរ។ ដើម្បីដោះស្រាយស្ថានភាពដែលប្រជាជនមានភាពភ័យខ្លាចក្នុងការបញ្ចេញមតិ ស្ត្រីក្រុមប្រឹក្សាឃុំបានសម្រេចថា ត្រូវមានការចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋឲ្យបានញឹកញាប់ និងមានភាពស្និទ្ធស្នាលរាក់ទាក់ជាមួយពួកគេ ហើយត្រូវមានអាកប្បកិរិយាសមស្រប និងលើកទឹកចិត្តចំពោះការចូលរួម។ ចំពោះបញ្ហាតម្លាភាពនៅក្នុងក្រុមប្រឹក្សាឃុំផ្ទាល់វិញ ស្ត្រីក្រុមប្រឹក្សាឃុំបានលើកឡើងថា នៅពេលប្រជុំប្រចាំខែសមាជិកក្រុមប្រឹក្សាឃុំត្រូវបញ្ចូលរបៀបវារៈ ដើម្បីឲ្យស្មៀនរាយការណ៍ពីការចំណាយចំណូលសំខាន់ៗជូនក្រុមប្រឹក្សាឃុំ និងត្រូវផ្ដល់ជារបាយការណ៍ដល់ក្រុមប្រឹក្សាឃុំម្នាក់មួយច្បាប់ផងដែរ។ ជាងនេះទៅទៀតស្មៀនឃុំត្រូវបិទព័ត៌មានដើម្បីផ្សាយជូនដល់ប្រជាពលរដ្ឋក្នុងឃុំឲ្យដឹងពីការចំណូលចំណាយរបស់ឃុំ។
ជាចុងក្រោយ សិក្ខាកាមជាស្ត្រីក្រុមប្រឹក្សាឃុំ បានលើកឡើងថា ក្រោយពីវេទិកាបណ្ដាញស្ត្រីត្រូវបានបញ្ចប់ ស្ត្រីក្រុមប្រឹក្សាឃុំបានប្ដេជ្ញាចិត្តនឹងយកបទពិសោធន៍ដែលទទួលបានដើម្បីចូលរួមធ្វើអោយឃុំរបស់ខ្លួនមានតម្លាភាព និងគណនេយ្យភាពច្រើនជាងមុន។ វេទិកាស្ត្រីក្រុមប្រឹក្សាឃុំលើកទីមួយក្នុងឆ្នាំ ២០០៨ គឺជាជំហានថ្មីមួយទៀតនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការយល់ដឹងរបស់ស្ត្រីក្រុមប្រឹក្សាឃុំ ហើយជាផ្នែកមួយ ដែលចូលរួមក្នុងការឈានទៅដល់ការសម្រេចបាននូវជោគជ័យនៃការអនុវត្តគោលនយោបាយវិមជ្ឈការ៕

