ខ្មែរយើងមានសិល្បៈ និងរបាំជាច្រើនប្រភេទសម្រាប់សម្ដែងឲ្យស្របនៅតាមទីកន្លែង ពេលវេលា និងតំបន់ដែលគេនិយមចូលចិត្ត ដើម្បីបង្ហាញប្រាប់ពីបញ្ហាអ្វីមួយដែលមានលាយឡំជាមួយនឹងសំណើច និងតន្ត្រី ហើយបានបន្សល់ទុករហូតដល់សព្វថ្ងៃ។ ក្នុងនោះគេសង្កេតឃើញរបាំអប្សរា ឬរបាំទេវតា ដែលសម្ដែងទៅមានសភាពទន់ភ្លន់ អារម្មណ៍ស្ងប់ស្ងាត់ បញ្ជាក់ពីភាពគ្មានកង្វល់ ញញឹមរាក់ទាក់ ហើយត្រូវបានគេលើកយកទៅសម្ដែងនៅក្នុងកម្មវិធីបុណ្យជាតិ - អន្តរជាតិ ទទួលបានការពេញនិយមគាំទ្រយ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេស។
របាំនេះ គេមិនបានដឹងប្រាកដថា មានអាយុកាលតាំងពីពេលណានោះទេ ប៉ុន្តែបើតាមចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងតាមប្រាសាទនានា គេអះអាងថា កើតនៅសម័យមហានគរ ហើយក្រោយមកត្រូវបានព្រះមហាក្សត្រយានី ស៊ីសុវត្ថិ កុសុមៈនារីរតន៍ សិរីវឌ្ឍនា បង្កើតឡើងជាផ្លូវការនៅឆ្នាំ ១៩៦០ ក្នុងសម័យសង្គមរាស្ត្រនិយម។
នៅតាមភូមិស្រុកនីមួយៗប្រជាពលរដ្ឋតែងតែមានទំនៀមទម្លាប់ប្រពៃណីខុសគ្នាតំណពីដូនតារបស់ខ្លួន ហើយពួកគេបានបង្កើតជាសិល្បៈចម្រៀង និងរបាំជាច្រើនប្រភេទដើម្បីបង្កើតឲ្យមានការសប្បាយរីករាយបំបាត់ការអផ្សុកក្នុងពិធីបុណ្យទានម្ដងៗ រហូតក្លាយជាទំនៀមទម្លាប់ប្រពៃណីហើយរបាំខ្លះទៀតសម្រាប់បួងសួងចំពោះវត្ថុសក្ដិសិទ្ធិក្នុងបំណងសុំទឹកភ្លៀង និងលាបំណន់។
ប្រវត្តិនៃរបាំអប្សរា
ចាប់តាំងពីព្រះបាទ ហ៊ុន ទៀន រៀបអភិសេកជាមួយព្រះនាង លីវ យី បឋមក្សត្រីខ្មែរសម័យនគរ ភ្នំ នាសតវត្សទី១ទ្រង់បាននាំយកវប្បធម៌ពីប្រទេសឥណ្ឌាមកផ្សព្វផ្សាយចំពោះជនជាតិខ្មែរ ប៉ុន្តែប្រជាពលរដ្ឋមិនទទួលទាំងស្រុងនោះទេ គឺទទួលយកមកកែច្នៃឲ្យមានលក្ខណៈជាតិ។ ក្នុងនោះគេសង្កេតឃើញរបាំជាច្រើនដែលប្រជាពលរដ្ឋយកមកសម្ដែងក្នុងកម្មវិធីបុណ្យ តូច - ធំ តាមតំបន់ និងសម័យកាល ដែលពួកគេនិយមតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន និងក្លាយជារបាំប្រពៃណីជាតិទៀតផង។
ក្នុងចំណោមរបាំទាំងនោះ គេសង្កេតឃើញរបាំអប្សរា ឬរបាំទេវតា ដែលគេតែងលើកយកទៅសម្ដែងក្នុងពិធីបុណ្យជាតិ - អន្តរជាតិ ថ្វាយព្រះមហាក្សត្រ ភ្ញៀវកិត្តិយសកម្មវិធីមហោស្រពធំៗ បុណ្យសាសនាត្រូវបានទស្សនិកជននិយមយ៉ាងខ្លាំង។
បើតាមក្បាច់ចម្លាក់នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត និងប្រាសាទនានា បុព្វបុរសយើងមានចម្លាក់របាំនេះជាប់នឹងជញ្ជាំងយ៉ាងស្រស់សោភាគួរឲ្យគយគន់ធ្វើឲ្យអ្នកទេសចរនាំគ្នាសម្លក់សម្លឹង ហើយពោលពាក្យសរសើរមិនដាច់ពីមាត់ស្ទើរគ្រប់គ្នាពីទេពកោសល្យ និងចម្លាក់ក្បាច់រាំ។
ចម្លាក់ទាំងនេះ គេអាចសន្និដ្ឋានបានថា របាំអប្សរាទំនងមានកំណើតតាំងពីមុនសម័យមហានគរ ឫសម័យអង្គរម៉្លេះ។ ប៉ុន្តែឯកសារដែលទាក់ទិននឹងរបាំនេះ ត្រូវវិនាសបាត់សូន្យរកសំណៅដើមមិនឃើញសោះឡើយ ដោយគ្រាន់តែបន្សល់ទុកត្រឹមតែរូបចម្លាក់ប៉ុណ្ណោះ។
អ្នកបង្កើតរបាំអប្សរា
តាមសៀវភៅមគ្គុទ្ទេសក៍នគររបស់ព្រះភិក្ខុប៉ាង ខាត់ បានបញ្ជាក់ពីប្រវត្តិអង្គរ និងរបាំអប្សរានេះថា របាំនេះត្រូវបានបង្កើតឡើងជាផ្លូវការដោយព្រះមហាក្សត្រយានីស៊ីសុវត្ថិ កុសុមៈនារីរតន៍ សិរីវឌ្ឍនា នាសម័យសង្គមរាស្ត្រនិយមក្នុងខណៈដែលព្រះអង្គយាងមកធ្វើទស្សនកិច្ចសាលាបឋមសិក្សាសុធារសអំឡុងឆ្នាំ១៩៦០។
ក្នុងវិធីនោះក្រុមសិល្បៈរបស់កុមារបានកាត់ក្រដាសធ្វើជាមនុស្សពាក់ដូចគ្នា និងមកុដអប្សរាធ្លាក់នៅជញ្ជាំងប្រសាទអង្គរវត្ត បានធ្វើឲ្យព្រះអង្គមានព្រះទ័យនឹកភ្នក ព្រមទាំងផ្ដួចផ្ដើមបង្កើតរបាំនេះឡើងដោយឲ្យឈ្មោះថា "របាំអប្សរា" ហើយតួឯកដែលរាំរបាំនេះ ដំបូងគេល្អឥតខ្ចោះនោះ គឺ ម្ចាស់ក្សត្រីបុប្ជាទេវី (អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)។
របាំអប្សរាគេច្រើនជ្រើសរើសនារីដែលមានវ័យក្មេងស្រស់ស្អាតទៅសម្ដែងមានសំលៀកបំពាក់សមរម្យ និងមានមកុដពាក់ជាប់ក្បាល ព្រមទាំងមានរចនាលម្អលើដងខ្លួនតាមលំនាំចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត។ សព្វថ្ងៃនេះពេលសម្ដែង គេមានលេងភ្លេងប្រគំដែរ អមដោយបទភ្លេងមហោរី ដែលចង្វាក់នៃការរាំ មានសភាពទន់ភ្លន់ កាយវិការរស់រវើកដៃរេរាំ របាំចាក់ក្បាច់ចុះង ជើងលើកដាក់តាមចង្វាក់នៃបទចង្វាក់នៃបទភ្លេង គ្រវាសថ្នមៗមួយៗព្រមគ្នា ក្បាលធ្វើចលនាងាករេឆ្វេងស្ដាំម្រាមដៃខ្វង់ ចង្កេះពត់ពេនរស់រវើក ដែលសមសួនល្អឥតខ្ចោះ។
អត្ថន័យរបាំអប្សរា
សិល្បៈអប្សរាធ្លាប់សម្ដែងទាំងក្នុង និងក្រៅប្រទេស ដូចជាបារាំង សហរដ្ឋអាមេរិក ជប៉ុន...ដោយមានការនិយមគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងខ្លាំង។ របាំនេះ គេសង្កេតឃើញកាយវិការ ចង្វាក់រាំ មានចលនាយឺតៗខុសប្លែកពីរបាំដទៃប៉ុន្តែវាបញ្ជាក់ពីអារម្មណ៍ស្ងប់ស្ងាត់ គ្មានទុក្ខព្រួយកង្វល់ រីករាយរាក់ទាក់ ទន់ភ្លន់ សុភាពរាបសាជានារីខ្មែរ ព្រមទាំងបង្ហាញពីភាពសម្បូរសប្បាយរុងរឿង បង្កប់នូវចរិតលក្ខណៈជាតិខ្មែរយ៉ាងជ្រាលជ្រៅ។
លើសពីនេះ ទៀត តំណាងឲ្យវប្បធម៌សិល្បៈខ្មែរ ព្រលឹងខ្មែរគ្រប់សម័យកាល ហើយត្រូវបានពិភពលោកចាត់ទុកសិល្បៈវប្បធម៌បេតិកភ័ណ្ឌអរូបីរបស់មនុស្សជាតិទៀតផង។ ក្រៅពីរបាំអប្សរាខ្មែរយើងមានរបាំជាច្រើនដែលកំពុងមានជីវិតត្រូវមហាជននិយមគាំទ្រលើកទៅសម្ដែងជាញឹកញាប់នោះមាន៖ របាំ ស្នែង ទន្សោង កន្តែរ៉ែ សួព្រ័ត្រ យីកេ គោះអង្រែ គោះត្រឡោក រាំវង់ ក្ងោក បេះក្រវាញ នេសាទ បុកអង្ក្រង...។
របាំអប្សរា បើតាមចម្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត គេសន្និដ្ឋានបានថា របាំនេះអាចកើតមុនសម័យអង្គរ ឬក្នុងសម័យមហានគរ។
របាំនេះត្រូវបានព្រះមហាក្សត្រយានី ស៊ីសុវត្ថិ កុសុមៈនារីរតន៍ សិរីវឌ្ឍនា បង្កើតឡើងជាផ្លូវការនៅអំឡុងឆ្នាំ ១៩៦០ សម័យសង្គមរាស្ត្រនិយម។
របាំអប្សរា មានកាយវិការចង្វាក់រាំចលនាយឺតៗ ខុសប្លែកពីរបាំដទៃបញ្ជាក់ពីគ្មានទុក្ខកង្វល់ សុភាពរាបសាររបស់ស្ត្រីខ្មែរ តំណាងឲ្យលក្ខណៈជាតិ ហើយទទួលការគាំទ្រពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ៕

