កម្មវិធីស្ត្រី ត្រូវបានផ្តួចផ្តើមឡើងដោយអង្គការវិទ្យាស្ថានបើកទូលាយនាឆ្នាំ ២០០៦ ។
១ ទស្សនៈវិស័យ
ឆ្ពោះទៅកាន់សង្គមមួយដែលអ្នកចូលរួម និងសកម្មជនស្ត្រីនឹងអាចមានឱកាសធ្វើអោយមានការផ្លាស់ប្តូរនៅក្នុងការអភិវឌ្ឍន៍សង្គមតាមរយៈការទទួល និងចូលទៅកាន់ការប្រើប្រាស់ព័ត៌មាន មានភាពជឿជាក់ក្នុងការបញ្ចេញមតិយោបល់ និងមានចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីបង្កើនសមត្ថភាពការងារ និងចែករំលែកចំណេះដឹងនិងបទពិសោធន៍ទាំងនេះទៅអោយស្ត្រីផ្សេងទៀត។
២ បេសកកម្ម
កម្មវិធីស្ត្រីមានបេសកកម្ម ផ្តល់ជូននូវព័ត៌មាន និងសំរបសំរួលការពិភាក្សាអំពីស្ត្រី អំពីការយល់ដឹងពីសិទ្ធិរបស់ស្ត្រី តាមរយៈការប្រើប្រាស់ជាយុទ្ធសាស្ត្រ នូវបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានវិទ្យា។ កម្មវិធីនេះក៏ផ្តល់ជូនផងដែរ នូវមធ្យោបាយនានា សំរាប់ប្រើប្រាស់ក្នុងការទំនាក់ទំនង និងវគ្គបណ្តុះបណ្តាល ដើម្បីគាំទ្រកិច្ចប្រឹងប្រែងរបស់អង្គការនិងបណ្តាញស្ត្រី ដើម្បីអង្គការនិងបណ្តាញស្ត្រីទាំងនោះមានសមត្ថភាពជួយទៅកាន់ស្ត្រីឯទៀត តាមរយៈបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា។
៣ គោលបំណង
កម្មវិធីនេះមានគោលបំណងលើកកំពស់ការចូលរួមដោយសមភាពរវាងស្ត្រីនិងបុរស ក្នុងការអភិវឌ្ឍន៍សង្គម ដែលនៅក្នុងនោះស្ត្រីអាចអនុវត្តសិទ្ធិរបស់ខ្លួន ដោយមានតុល្យភាព និងអាចកសាង សមត្ថភាពដើម្បីក្លាយជាអ្នកមានភាពម្ចាស់ការ និងបង្កើនការចូលរួមរបស់ស្ត្រី ក្នុងសកម្មភាពសង្គម សេដ្ឋកិច្ចនិងគោលនយោបាយ តាមរយៈ ៖
- ការធានាអោយមាននូវរាល់ព័ត៌មានចាំបាច់ជាភាសាខ្មែរ សំរបសំរួលនិងជំរុញការប្រាស្រ័យទាក់ទងរវាងសកម្មជនយេនឌ័រ
- ការបង្កើតការយល់ដឹងអំពីរបៀបប្រើ បច្ចេកវិទ្យាព័ត៌មាន ដើម្បីសមភាពយេនឌ័រ
- ការធានាអោយបានថា អង្គការស្ត្រីមានសមត្ថភាពបង្រៀននិងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដល់ស្ត្រីឯទៀត
៤ សកម្មភាព
កម្មវិធីស្ត្រី មានសកម្មភាពសំខាន់ៗ ចំនួនបីគឺ៖
១ វិបផតថលអំពីស្ត្រី
២ បើកវគ្គបណ្តុះបណ្តាលដើម្បីជំរុញការយល់ដឹង និងការកសាង សមត្ថភាពទៅលើផ្នែកបច្ចេកវិទ្យាព័ត៌មាន
៣ ការសិក្សាស្រាវជ្រាវអំពីស្ត្រី និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន
៤.១ វិបផតថលអំពីស្ត្រី
គោលបំណង
វិបផតថលអំពីស្ត្រីជាភាសាខ្មែរត្រូវបានបង្កើតឡើងក្នុងគោលបំណង ផ្សព្វផ្សាយព័ត៌មានទាក់ទងស្ត្រីនិងសិទ្ធិ និងសំរបសំរួលដល់ការប្រាស្រ័យទាក់ទងនានា។
ព័ត៌មានផ្សព្វផ្សាយនៅលើ វិបផតថល
វិបផតថលនឹងប្រមូលផ្តុំនូវរាល់ព័ត៌មានទាក់ទងសិទ្ធិ និងអំពីបញ្ហានានារបស់ស្ត្រីដូចជា៖
- ឯកសារច្បាប់នានាទាក់ទងសិទ្ធិ
- អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់រើសអើងចំពោះស្ត្រី
- អំពីហិង្សាក្នុងគ្រួសារ ករណីរំលោភ ការជួញដូរមនុស្ស
- ព័ត៌មានទាក់ទងសកម្មភាពរបស់អង្គការ និងបណ្តាញស្ត្រី
- ព័ត៌មានទាក់ទងបទពិសោធន៍ និងការតស៊ូក្នុងជីវិតរបស់ស្ត្រី
- ការបញ្ជ្រាបយេនឌ័រ អប់រំ សុខភាព បច្ចេកវិទ្យាព័ត៌មាន ភាពជាអ្នកដឹកនាំ និងព័ត៌មានផ្សេងៗទៀតជាច្រើន។
ប្រភេទព័ត៌មានផ្សព្វផ្សាយនៅលើ វិបផតថល
- អត្ថបទព័ត៌មានដែលដកស្រង់ពីសារព័ត៌មាន
- ច្បាប់ និងឯកសារច្បាប់នានា
- ព័ត៌មាន និងរបាយការណ៍របស់ស្ថាប័នធ្វើការទាក់ទងស្ត្រី
- អត្ថបទស្រាវជ្រាវ
- ក្រិត្យ អនុក្រិត្យ
- សេចក្ដីថ្លែងការណ៍ សេចក្កីជូនដំណឹង
- រូបភាព។ល។
ស្ថាប័នផ្តល់ព័ត៌មាន
ប្រភពព័ត៌មានអំពីស្ត្រី ដែលផ្តល់ដោយស្ថាប័នផ្សេងៗសំរាប់វិបផតថលនេះ រួមមាន៖
- ក្រសួងកិច្ចការនារី ក្រសួងនិងស្ថាប័នផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល
- បណ្តាញស្ត្រី និងអង្គការមិនមែនរដ្ឋាភិបាលក្នុងនិងក្រៅប្រទេស
- ទីភ្នាក់ងារសារព័ត៌មាន កាសែត និងទស្សនាវដ្តីជាតិនិងអន្តរជាតិ
ជាមធ្យោបាយសំរាប់ការប្រាស្រ័យទាក់ទង
- វិបផតថលក៏ផ្តល់ជូនផងដែរ នូវមធ្យោបាយទំនាក់ទំនងតាមលក្ខណៈអេឡិចត្រូនិច ដូចជាបញ្ជីសំបុត្ររួម (Mailing list) និងកំនត់ហេតុបណ្តាញ (Blog) ដើម្បីជំរុញការបញ្ចេញមតិយោបល់ និងការប្រាស្រ័យទាក់ទងរវាងស្ថាប័នស្ត្រីនិងផ្នែកដែលពាក់ព័ន្ធ។
ការសរសេរបទវិចារណកថា និងការប្រជុំ
- បង្កើត និងសំរបសំរួល ក្រុមសរសេរអត្ថបទវិចារណកថា
- រៀបចំវេទិកាស្ត្រី ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននានាដែលធ្វើការងារទាក់ទងស្ត្រី ក្នុងការវិភាគស្វែងរកដំណោះស្រាយ សំរាប់បញ្ហាផ្សេងៗរបស់ស្ត្រី។
៤.២ វគ្គបណ្តុះបណ្តាលជំរុញការយល់ដឹង និងការកសាងសមត្ថភាពទៅលើផ្នែកបច្ចេកវិទ្យា
- វគ្គបណ្តុះបណ្តាល ដើម្បីកសាងសមត្ថភាពស្ត្រីទៅលើផ្នែកបច្ចេកវិទ្យាព័ត៌មាន
- ការបង្កើនការយល់ដឹងអំពីសមភាពយេនឌ័រ និងបច្ចេកវិទ្យាព័ត៌មាន
៤.៣ ការសិក្សាស្រាវជ្រាវអំពីស្ត្រី និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន
- ស្រាវជ្រាវអំពីការចូលរួម ការប្រើប្រាស់ សមត្ថភាពនិងការងាររបស់ស្ត្រី ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន។
៥ ក្រុមគោលដៅរបស់កម្មវិធី
- ស្ត្រីដែលជាសមាជិកនៃក្រុមប្រឹក្សាឃុំសង្កាត់ និងមន្ត្រីរាជការ
- ស្ត្រីដែលមកពីស្ថាប័នបណ្តាញ និងអង្គការស្ត្រី
- តំណាងស្ត្រី និងបុរស ដែលមកពីស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល
- គ្រូបង្រៀនដែលជាស្ត្រី
- យុវជន និងយុវនារី
៦ តម្រូវការព័ត៌មាន និងកិច្ចសហការពីស្ថាប័នឯកឧត្តម លោកជំទាវ លោក លោកស្រី
កម្មវិធីនេះអាចដំណើរការទៅបាន អាស្រ័យដោយការចូលរួម និងកិច្ចសហការជិតស្និទ្ធពីសំណាក់ស្ថាប័ននានា ដែលមានគំរោងកម្មវិធីស្ត្រី ដូចជា ស្ថាប័ន និងក្រសួងមន្ទីររបស់រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងបណ្តាញស្ត្រីនានា នៅក្នុងប្រទេស និងនៅក្រៅប្រទេស។ អង្គការវិទ្យាស្ថានបើកទូលាយ មានតួនាទីជាអ្នកសំរបសំរួល អោយមានភាពងាយស្រួលក្នុងការចូលមកកាន់ និងទទួលបានព័ត៌មានអំពីស្ត្រី ការពិភាក្សានិងផ្លាស់ប្តូរយោបល់អំពីបញ្ហារបស់ស្ត្រី។
ស្ថាប័ន ឬអង្គការរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានកម្មវិធីស្ត្រី នឹងត្រូវបានជំរុញលើកទឹកចិត្តនិងស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការចូលរួមជាមួយកម្មវិធីនេះ តាមរយៈការចែករំលែកព័ត៌មានអំពីស្ត្រី ការចូលរួមប្រជុំវេទិកាស្ត្រី ក្រុមវិចារណកថា និងការពិភាក្សាតាមលក្ខណៈអេឡិចត្រូនិច។ ការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងការផ្តល់មតិកែលំអ ជាកត្តាដ៏សំខាន់ក្នុងការអនុវត្តកម្មវិធីនេះ។ ឯកឧត្តម លោកជំទាវ លោក លោកស្រី អាចផ្ញើរឯកសារ ជាលក្ខណៈអេឡិចត្រូនិច ឬជាឯកសារបោះពុម្ព មកអោយយើងខ្ញុំតាមរយៈអាស័យដ្ឋានខាងក្រោម។
រាល់ចំងល់ និងព័ត៌មានផ្សេងៗអំពីកម្មវិធីស្ត្រី សូមទំនាក់ទំនង៖
អង្គការវិទ្យាស្ថានបើកទូលាយ
ផ្ទះលេខ ១៩ ផ្លូវលេខ ៣៧៤ (ទល់មុខសាលាសង្កាត់ទួលស្វាយព្រៃទី១)
សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន
ប្រអប់សំបុត្រ ១៥៥២
ទូរស័ព្ទលេខ៖ ០២៣ ២២៤៨២១
សារអេឡិចត្រូនិច៖ sokhayouk@open.org.kh
៧ តើស្ថាប័នរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រីទទួលបានផលអ្វីខ្លះពី កម្មវិធីនេះ?
ស្ថាប័ន ឬអង្គការបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
- ផ្សព្វផ្សាយព័ត៌មានអំពីស្ថាប័ន ឬអង្គការនៅលើវិបផតថលស្ត្រី
- ចូលរួមដោយផ្ទាល់ក្នុងការចែករំលែកព័ត៌មាន និងចំណេះដឹងអំពីស្ត្រីអោយ កាន់តែទូលំទូលាយ
- ចូលរួមក្នុងការពិភាក្សាដោយផ្ទាល់ ឬតាមរយៈអេឡិចត្រូនិច
- កសាងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីបង្កើនប្រសិទ្ធភាព ការងារ ដែលជាកិច្ចសហប្រតិបត្តិការជាធ្លុងមួយ ក្នុងការបញ្ជ្រាបសមភាព យេនឌ័រនិងការចូលរួមក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា។
៨ អំពីការជួយឧបត្ថម្ភ គាំទ្រគម្រោង
កម្មវិធីនេះទទួលបានជំនួយឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុពី មូលនិធិ Open Society Institute - OSI - និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសអេស្ប៉ាញ Spanish International Cooperation Agency - AECI ។

