ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

រំលូតកូន

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

បើ​និយាយ​ពី​ការ​រំលូត​កូន គឺ​មិន​មាន​មាត្រា​ណា​មួយ​នៅ​ក្នុង​ច្បាប់​បាន​ចែង​ថា​ជា​ការ​ខុស​ច្បាប់​នោះ​ទេ​នៅ​ប្រទេស​កម្ពុជា។ ជា​ការ​ពិត​ណាស់ អ្វី​ដែល​ច្បាប់​មិន​បាន​ចែង​គឺ​មាន​ន័យ​ថា ពលរដ្ឋ​អាច​ធ្វើ​បាន​គឺ​គ្មាន​ច្បាប់​ឬ​ក៏​នរណា​មក​ដាក់​ទោស​អូស​ដំណើរ​នោះ​ឡើយ។

តែ​បើ​និយាយ​ពី​ធម៌​ព្រះ​វិញ ព្រះពុទ្ធ​លោក​បាន​ផ្ដល់​ឱវាទ​ថា កុំ​សម្លាប់​ជីវិត ព្រោះ​វា​ជា​អំពើ​បាប។ ចំណែក​ឯ​សាសនា​ដទៃ​ទៀត​ក៏​មិន​ខុស​ពី​សាសនា​ព្រះពុទ្ធ​ប៉ុន្មាន​ដែរ។ ពួក​អ្នក​កាន់​សាសនា​កាតូលិក និង​សាសនា​គ្រឹស្ត​ភាគ​ច្រើន​ក៏​បាន​ចាត់​ទុក​ថា ការ​រំលូត​កូន ឬ​ក៏​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​កូន​នោះ​គឺ​ជា​ការ​បំផ្លាញ​ជីវិត​មនុស្ស។ ពួកគេ​បាន​តវ៉ា​ថា អំពើ​បែប​នេះ​ត្រូវ​តែ​ហាម​ឃាត់។ ពួក​អ្នក​ទាំង​នោះ​គិត​ថា ជីវិត​មនុស្ស​គឺ​ព្រះ​ជា​អ្នក​ប្រទាន ហេតុនេះ​ បើ​បំផ្លាញ​ជីវិត​មនុស្ស​គឺ​ជា​ការ​ប្រឆាំង​នឹង​ព្រះ​ដែល​ជា​អំពើ​បាប ហើយ​ព្រះ​មិន​ប្រទាន​ពរ​ឡើយ។

តាម​ធម្មតា ជីវិត​គឺ​គិត​ចាប់​តាំង​ពី​ពេល​ដែល​ទារក​បាន​ចាប់​កំណើត​នៅ​ក្នុង​ផ្ទៃ​របស់​មាតា​តាំង​ពី​វិនាទី​ដំបូង​មក​ម្លេះ។ តាម​ការ​កត់​ចំណាំ ដោយ​រួម​ទាំង​ជំនឿ​ពី​បុរាណកាល​ផង​របស់​ពលរដ្ឋ​ខ្មែរ​យើង​ខ្លះ នៅ​ពេល​ដែល​ស្ត្រី​ជា​ម្ដាយ ជា​ម្ដាយ​មីង ​ជា​ភរិយា ជា​បង ​ជា​ប្អូន ជា​ក្មួយ និង​ជា​ចៅ​ក្តី មុន​ពេល​មាន​គភ៌ ស្ត្រី​ដែល​ជា​សាមី​ខ្លួន​ ហើយ​ពេល​ខ្លះ​ជា​សាច់​ញាតិ​របស់​គេ​ដែរ​បាន​សុបិន​ឃើញ​មាន​អ្នក​មក​សុំ​ចាប់​កំណើត។ ពេល​ខ្លះ ​ព្រលឹង​ដែល​មក​សុំ​ចាប់​កំណើត​នោះ​គឺ​ជា​សាច់ញាតិ​របស់​ខ្លួន​ដែល​បាន​ចែកឋាន​កន្លងទៅ ហើយ​ចង់​មក​ចាប់​ជាតិ​ជា​ថ្មី​ជា​មួយ​នឹង​បងប្អូន​ឯង​វិញ។

នោះ​គឺ​ជា​រឿង​អប្បិយជំនឿ តែ​ឥឡូវ​គឺ​ជា​សម័យ​វិទ្យាសាស្ត្រ ជា​សម័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ជា​សម័យ​ស៊ីវិល័យ​បែប​ទំនើប ដែល​មនុស្ស​ស្រី​ប្រុស​មាន​សិទ្ធិ​ចង់​ធ្វើ​អ្វី​ក៏​បាន​ឲ្យ​តែ​គេ​ចង់ បើ​ទោះ​ជា​ពេល​ខ្លះ​ខុស​នឹង​មាត្រា​ច្បាប់​ ឬ​ក៏​ជំនឿ​សាសនា​របស់​នគរ​ក៏ដោយ គឺថា​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​រួច​មួយ​គ្រាៗ​សិន ចាំ​ពេល​ក្រោយ​ចាំ​គិត​បន្ត​ទៀត។ ចំពោះ​រឿង​រំលូត​កូន​វិញ យុវវ័យ​ដែល​ចូលចិត្ត​រួម​ភេទ​មុន​ពេល​មង្គលការ​ដោយ​មិន​បាន​ប្រើ​ស្រោម​ការពារ និង​មាតាបិតា​ខ្លះ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​សម្រេចចិត្ត​រំលូត​គភ៌​ដែល​ខ្លួន​មិន​ទាន់​ចង់បាន​កូន បើ​ទោះ​ជា​ដឹង​ថា វា​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ដល់​ស្ត្រី​ដែល​ជា​អ្នក​ពរ​ពោះ​ក៏ដោយ​ចុះ។

ជាង​នេះ​ទៅ​ទៀត នារី​វ័យ​ក្មេងៗ​ជា​ច្រើន​ទៀត​បាន​យក​កូន​ចេញ​លើស​ពី​ម្តង ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ ហើយ​ពេល​ខ្លះ​ទៀត គភ៌​​នៅ​ក្នុង​ផ្ទៃ​ដែល​ត្រូវ​យក​ចេញ​នោះ​គឺ​មាន​អាយុ​ច្រើន​ខែ​ទៅ​ទៀត ដែល​ប្រកា​នេះ​អាច​នាំ​ឲ្យ​ពួក​គេ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ពេល​ខ្លះ​បាន​កើត​ឡើង​ភ្លាមៗ ហើយ​ពេល​ខ្លះ​ទៀត​ក៏​កើត​ឡើង​ក្នុង​រយៈ​ពេល​មួយ​ដ៏​យូរ ឬក៏​អាច​មាន​បញ្ហា​នៅ​ពេល​ដែល​ពួក​គេ​សម្រេចចិត្ត​យក​កូន​ជា​ផ្លូវ​ការ​នោះ។ បើ​តាម​គ្រូពេទ្យ​ជំនាញ​ខ្លះ​បាន​លើក​ឡើង​ថា ស្ត្រី​ខ្លះ​អាច​ប្រឈម​នឹង​ការ​ដែល​គ្មាន​កូន​អស់​មួយ​ជីវិត បន្ទាប់​ពី​គេ​រំលូត​កូន​ជា​លើក​ដំបូង​មក។

មាន​ពេល​ខ្លះ​ទៀត ស្ត្រី​ដែល​មាន​គភ៌​ត្រូវ​បាន​បុរស​ជា​ដៃគូ​រួមភេទ ឬ​ក៏​ស្វាមី​របស់​ខ្លួន​បាន​បង្ខំ​ឲ្យ​យក​គភ៌​ចេញ ដោយសារ​តែ​កត្តា​សង្គម​ផង និង​កត្តា​សេដ្ឋកិច្ច​ផង។ ពេល​ខ្លះ​ទៀត ភាគី​ស្រី​ខ្លួន​ឯង ពិសេស​យុវវ័យ​ដែល​នៅ​លីវ នៅ​ពេល​ដែល​ពួកគេ​​មាន​គភ៌ ដោយ​សារ​តែ​ការ​រួមភេទ​ជា​មួយ​សង្សារ ជា​មួយ​ដៃគូ ឬ​ក៏​ត្រូវ​បាន​គេ​ចាប់​រំលោភ​ដោយ​ប្រកា​ណា​មួយ​នោះ ពួកគេ​មិន​អាច​ទុក​កូន​ទាំង​នោះ​បាន​ទេ គឺ​ត្រូវតែ​រំលូត​ចោល ដើម្បី​កុំ​ឲ្យ​ខ្មាស​គេ កុំ​ឲ្យ​​ខូច​ពូជ ឬ​ក៏​កុំ​ឲ្យ​គេ​ដៀល។ ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​ស្ត្រី​សម្រេច​ចិត្ត​ទៅ​មន្ទីរពេទ្យ ពិសេស​ទៅ​គ្លីនិក​ឯកជន​ខ្លះ​ដែល​ទី​នោះ​គ្មាន​គ្រូពេទ្យ និង​ឆ្មប​ជំនាញ​ច្បាស់លាស់ ​គ្មាន​ឧបករណ៍​គ្រប់គ្រាន់ និង​ប្រកប​ដោយ​បច្ចេកទេស​អនាម័យ ដើម្បី​យក​គភ៌​ចេញ។ ដោយសារ​តែ​ខ្មាស​គេ​ផង ហើយ​គ្រូពេទ្យ​គ្មាន​ជំនាញ​ចង់​បាន​លុយ​ផង គភ៌​ក៏​ត្រូវ​បាន​រំលូត ហើយ​ដំណើរ​ការ​នេះ​ក៏​មិន​បាន​រក្សា​ទុក​ជា​ឯកសារ​ឡើយ។ រឿង​ដែល​មិន​គួរ​​ឲ្យ​ជឿ​នោះ​គឺ​នៅ​ពេល​ដែល​ស្ត្រី​យក​គភ៌​ចេញ​រួចហើយ ហើយ​មាន​បញ្ហា​សុខភាព គ្រូពេទ្យ​ត្បាញអាយ​ ​ឬ​គ្រូពេទ្យ​ហេង​ស៊យ​ទាំងនោះ​ពេល​ខ្លះ​មិន​ទទួល​ខុស​ត្រូវ។

សូម្បី​តែ​ក្រសួង​សុខាភិបាល​នា​ពេល​ថ្មីៗ​នេះ​ក៏​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ការ​រំលូត​កូន​នេះ​ដែរ ដែល​បញ្ហា​នេះ​នាំ​ឲ្យ​​មាន​អត្រា​មរណៈ​មាតា​កាន់​តែ​ខ្ពស់ ហើយ​បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា កម្ពុជា​មាន​អត្រា​ស្លាប់​ដោយ​សារ​ការ​រំលូត​កូន​គ្មាន​សុវត្ថិភាព​ខ្ពស់​បើ​ប្រៀប​ធៀប​ទៅ​នឹង​ពិភពលោក។

នៅ​ក្នុង​ពិធី​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី ១៧ ឧសភា​កន្លង​ទៅ​នេះ​ដែល​រៀបចំ​ឡើង​ដោយ​សកល​វិទ្យាល័យ Notre Dame ដែល​ជា​សកល​វិទ្យាល័យ​មួយ​នាំមុខ​គេ​ខាង​សាសនា​កាតូលិក​នៅ​អាមេរិក លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក​​បាន​បង្ហាញ​ពី​ជំហរ​របស់​លោក​ថា លោក​គាំទ្រ​ចំពោះ​សិទ្ធិ​នៃ​ការ​រំលូត​កូន ប៉ុន្តែ​ថា ការ​ដែល​ធ្វើ​បែប​នេះ​គួរ​តែ​កើត​មាន​ដ៏​កម្រ។ បើ​តាម​ទី​ភ្នាក់ងារ​សារព័ត៌មាន​អេភី​របស់​អាមេរិក​ដែល​បាន​រាយការណ៍​នៅ​ទី ១៧ ឧសភា​នោះ​ថា គ្រាន់​តែ​លោក អូបាម៉ា និយាយ​ថា​លោក​គាំទ្រ​ចំពោះ​សិទ្ធិ​នៃ​ការ​រំលូត​កូន​ចប់​ភ្លាម អ្នក​ចូល​រួម​ក្នុង​ពិធី​បី​នាក់​បាន​ស្រែក​ចំអក​ឲ្យ​លោក ខណៈ​ដែល​អ្នក​ចូលរួម​ជាង​មួយ​មឹន​នាក់​កំពុង​ស្ងប់ស្ងាត់​ស្ដាប់​លោក អូបាម៉ា ដែល​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​បី​បាន​ស្រែក​ថា "ឈប់​សម្លាប់​កូនៗ​យើង​ទៀត​ទៅ"។

ចលនា​គាំ​ទ្រ និង​ចលនា​ប្រឆាំង​ការ​រំលូត​កូន​គឺ​មាន​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ពិភពលោក គឺ​មិនមែន​មាន​តែ​នៅ​អាមេរិក​នោះ​ទេ។ ចំណែក​ឯ​នៅ​កម្ពុជា​វិញ​ក៏​មាន​អ្នកប្រឆាំង​នឹង​ការ​រំលូត​កូន​ដែរ។ ជា​ការ​ពិត រឿង​គាំ​ទ្រ និង​មិន​គាំ​ទ្រ​គឺ​ជា​ល្បែង​ប្រជាធិបតេយ្យ​នៅ​ក្នុង​សង្គម​សេរី​ពហុបក្ស។ រឿង​សំខាន់​គឺ​មិន​មែន​រឿង​គាំ​ទ្រ ឬ​ក៏​រឿង ប្រឆាំង​នោះ​ទេ។ បញ្ហា​សំខាន់​គឺ​ត្រូវ​ធ្វើ​ឲ្យ​សុខភាព​មាតា និង​ទារក​បាន​ល្អ ស្ត្រី​មាន​ផ្ទៃ​ពោះ​ទទួល​បាន​សេវា​ពិនិត្យ​សុខភាព​បាន​ដោយ​ងាយ​ស្រួល និង​​ប្រកប​ដោយ​គុណភាព។ ម្យ៉ាងទៀត ត្រូវ​ផ្ដល់​សិទ្ធិ​ និង​ឱកាស​ដល់​បុគ្គល​ទាំង​ឡាយ​ដែល​ចង់​បាន ឬ​មិន​ចង់​បាន​កូន។

ចុះ​នៅ​កម្ពុជា​របស់​យើង​វិញ យ៉ាង​ម៉េច​ដែរ?

ទាក់ទិន​នឹង​ការ​រំលូត​កូន​នេះ យើង​ពិត​ជា​គាំទ្រ​លោក អូបាម៉ា ដែល​លោក​បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​ដល់​សិទ្ធិ​នៃ​ការ​រំលូត​កូន និង​អ្នក​ប្រឆាំង​សកម្មភាព​នេះ​បាន​ជួប​ពិភាក្សា​គ្នា ដើម្បី​ធ្វើ​ឲ្យ​ចំនួន​ស្ត្រី​ដែល​ស្វែង​រក​ការ​រំលូត​កូន មាន​កាន់​តែ​តិច ជួយ​កាត់​បន្ថយ​ការ​ដែល​មាន​ផ្ទៃ​ពោះ​ដោយ​គ្មាន​បំណង បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​យក​កូន​មក​ចិញ្ចឹម​ឲ្យ​បាន​កាន់​តែ​ច្រើន ហើយ​ផ្ដល់​ការថែទាំ និង​ការ​គាំទ្រ​ដល់​ស្ត្រី​ដែល​ពួកគេ​បាន​ពរ​ពោះ​តាំង​ពី​ដំបូង​រហូត​ដល់​ទារក​កើត។

បើ​តាម​របាយការណ៍​ប្រជាសាស្ត្រ​របស់​ក្រសួង​ផែនការ​បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​ចំនួន​ស្រ្តី​ច្រើន​ជាង​បុរស គឺ​ថា ក្នុង​ចំណោម​អត្រា​ប្រជាជន​ប្រមាណ ១៤ លាន​នាក់ ស្ត្រី​មាន​ជាង ៥០ ភាគរយ។ ជាង​នេះ​ទៅទៀត យើង​ពិត​ជា​ទទួល​ស្គាល់​ថា នៅ​ក្នុង​សង្គម​កម្ពុជា​យើង​នេះ ស្ត្រី​ភាគ​ច្រើន​ជា​មេផ្ទះ ដោយ​ពួកគេ​ទទួល​រ៉ាប់រង​ការងារ​ច្រើន​ជំពូក ដូច​ដែល​ពាក្យ​ចាស់​លោក​ពោល​ថា "ស្ត្រី​វិល​ចង្ក្រាន​មិន​ជុំ" ឡើយ។ ពាក្យ​នេះ​បើ​គិត​មួយ​ភ្លែត​គឺ​មនុស្ស​ភាគ​ច្រើន​គិត​ថា ស្រ្តី​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ មិន​អាច​ធ្វើ​ការ​ធំៗ​បាន​ទេ​នៅ​ក្នុង​សង្គម គឺ​ធ្វើ​​ការងារ​នៅ​ក្នុង​បន្ទប់​ដាំ​ស្ល​តែ​ប៉ុណ្ណោះ។ នេះ​ជា​ការ​គិត​មួយ​ជ្រុង​ដែល​ពុំ​បាន​វិភាគ​លើ​ការងារ​យេនឌ័រ​ឲ្យ​បាន​ស៊ីជម្រៅ ប៉ុន្តែ​ពាក្យ​នេះ​ពិត​ជា​មាន​ន័យ​ទូលំទូលាយ​បំផុត។ ពាក្យ​ដែល​ថា "វិល​ចង្ក្រាន​មិន​ជុំ" គឺ​មាន​ន័យ​ថា ការងារ​នៅ​ក្នុង​បន្ទប់​ដាំ​ស្ល​ច្រើន​ណាស់ អស់​មួយ​នៅ​សល់​មួយ ធ្វើ​ការងារ​នេះ​ហើយ​នៅ​សល់​ការងារ​នោះ គឺ​វិលវល់​ពេញ​តែ​ក្នុង​បន្ទប់​ដាំ​ស្ល​ បើ​គ្មាន​អ្នក​មក​ជួយ​ទេ​គឺ​នាំឲ្យ​ខាត​ប្រយោជន៍​ទាំង​អស់​គ្នា។ ហេតុនេះ បុរស​ជា​បង​ជា​ប្អូន ជា​ប្តី ។ល។ និង។ល។ល ត្រូវ​តែ​មក​ជួយ​គ្នា ដើម្បី​បង្ហើយ​ការងារ​ទាំង​នោះ និង​បាន​ពេល​ទៅ​បំពេញ​ការងារ​ផ្សេង​ទៀត ទាំង​នៅ​ក្នុង​ផ្ទះ ក៏​ដូច​ជា​នៅ​ក្នុង​សង្គម​ដែរ។

នៅ​ក្នុង​សង្គម​មួយ​មាន​នារី​ច្រើន​ជាង​បុរស ហើយ​នារីៗ​មាន​បន្ទុក​ការងារ​ដ៏​ធំធេង​ទាំង​នៅ​ក្នុង​សង្គម​ជាតិ​ផង និង​នៅ​ក្នុង​សង្គម​គ្រួសារ​ផង តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​នារី​ភាគ​ច្រើន​ទទួល​រង​បញ្ហា​សុខភាព​នោះ? គ្រាន់​តែ​លើក​ឧទាហរណ៍​មួយ​តូច​នៅ​ក្នុង​គ្រួសារ​ក៏​យើង​អាច​ដឹង​បាន​ដែរ គឺ​ថា បើ​ស្ត្រី​ជា​ភរិយា ជា​ម្ដាយ ហើយ​ជា​មេផ្ទះ​មាន​បញ្ហា​សុខភាព​គឺ​ពិត​ជា​មាន​ការ​លំបាក ហើយ​ការ​អភិវឌ្ឍ​គ្រួសារ​អាច​នឹង​ជួប​បញ្ហា​ដែរ។ ចំណុច​នេះ​គឺ​មិន​ខុស​គ្នា​នៅ​ក្នុង​សង្គម​ជាតិ​ទាំង​មូល​នោះ​ទេ។ ដូច​ពាក្យ​បូរាណ​ខ្មែរ​ដែល​បាន​លើក​ឡើង​ថា "ស៊ូ​ស្លាប់​បា កុំ​ឲ្យ​ស្លាប់​មេ..." និង​ពាក្យ​មួយ​ឃ្លា​ដែល​គេ​ឯង​ដឹង​គ្រប់ៗ​គ្នា​ថា "ស្ត្រី​ជា​មាតា​ពិភពលោក"។ ចុះ​បើ​មាតា​មាន​បញ្ហា តើ​ពិភពលោក​នឹង​ទៅ​ជា​យ៉ាង​ណា?

យើង​ពិត​ជា​កោត​សរសើរ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​ថ្នាក់​ក្រោម​ជាតិ ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ជួបជុំ​ពិភាក្សា​គ្នា​លើ​ប្រធាន​មួយ​ចំនួន​ដោយ​ក្នុង​នោះ​មាន​ការ​ផ្ដោត​លើ​ច្បាប់​ស្ដី​ពី​ការ​រំលូត​កូន អំពី​ឧបសគ្គ​របស់​ស្ត្រី​ក្នុង​ការ​ស្វែង​រក​សេវាកម្ម​រំលូត​កូន​ប្រកប​ដោយ​សុវត្ថិភាព ហើយ​ថា​តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​ស្ត្រី​ក្រីក្រ​ងាយ​រក​បាន​សេវាកម្ម​រំលូត។ ការ​ពិភាក្សា​នេះ​ពិត​ជា​ល្អ​បំផុត ហើយ​ត្រូវ​តែ​ជំរុញ​ការងារ​នេះ​ឲ្យ​ទៅមុខ​បាន​កាន់​តែ​ឆាប់ ហើយ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ជួយ​ដល់​ស្ត្រី​របស់​យើង។ នៅ​ពេល​ដែល​ស្រ្តី​មាន​សុខភាព​ល្អ នោះ​សង្គម​គ្រួសារ​ពិតជា​មាន​សុខភាព​ល្អ មាន​ការ​អភិវឌ្ឍ និង​មាន​សុភមង្គល ហើយ​បើ​សង្គម​គ្រួសារ​ទទួល​បាន​ចំណុច​ទាំង​នេះ​ហើយ នោះ​សង្គម​ជាតិ​ទាំងមូល​ក៏​ទទួល​បាន​ដូច​គ្នា​នឹង​សង្គម​គ្រួសារ​ដែរ។

ហេតុនេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ខាង​លើ ទាំង​រាជ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​សុខាភិបាល និង​សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ​ត្រូវ​តែ​បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ដល់​សេវា​រំលូត​កូន បង្កើន​ការ​យល់​ដឹង​ដល់​ស្ត្រី​តាម​សហគមន៍​មូលដ្ឋាន និង​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​និយាយ​ជា​ចំហ​តាម​រយៈ​វេទិកា តាម​រយៈ​យុទ្ធនាការ​នានា​នៅ​តាម​ទី​សាធារណៈ និង​តាម​វិទ្យាល័យ និង​សកល​វិទ្យាល័យ ដើម្បី​ឲ្យ​ពួកគេ ពិសេស​យុវវ័យ​បាន​យល់​ពី​គ្រោះ​ថ្នាក់​ដល់​សុខភាព និង​ដល់​ជីវិត ដែល​បណ្ដាល​មក​ពី​ការ​ឆាប់​រួម​ភេទ និង​ការ​រំលូត​កូន។ ការ​បណ្ដុះបណ្ដាល​គ្រូពេទ្យ និង​ឆ្មប​ឲ្យ​មាន​ជំនាញ​ច្បាស់លាស់ និង​មាន​ក្រម​សីលធម៌​គួរ​ឲ្យ​គោរព​គឺ​ជា​ការងារ​ចាំបាច់ ហើយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រូវ​ដាក់​ទោស​ទណ្ឌ​ទៅ​តាម​ច្បាប់​រដ្ឋ​ដល់​បុគ្គល​បម្រើ​សេវា​សុខភាព​ដែល​គ្មាន​ជំនាញ គ្មាន​ច្បាប់​អនុញ្ញាត​ក្នុង​ការ​ប្រកប​សេវា​រំលូត​កូន ​អសីលធម៌​ចង់​បាន​តែ​លុយ តែ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ពី​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​នោះ។

ទន្ទឹម​នឹង​នេះ ស្រី​ខ្លួន​ឯង​ត្រូវ​ស្វះស្វែង​រក​ការ​ប្រឹក្សា​យោបល់​ពី​ការ​រំលូត​កូន ប្រសិន​បើ​ខ្លួន​មាន​ផ្ទៃពោះ ហើយ​មិន​ចង់​បាន​កូន។ ត្រូវ​ចង​ចាំ​ថា ត្រូវ​ជួយ​ខ្លួន​ឯង​ជា​មុន​សិន មុន​នឹង​ឲ្យ​គេ​ជួយ​ខ្លួន​នោះ។ ខ្លួន​ត្រូវ​ចេះ​ស្រឡាញ់​ខ្លួន​ឯង មុន​នឹង​ឲ្យ​គេ​ស្រឡាញ់​ខ្លួន​នោះ។ ការ​ដែល​ជួយ​ខ្លួន​ឯង និង​ការ​ចេះ​ស្រឡាញ់​ខ្លួន​ឯង​នោះ​គឺ​ការ​ថែ​ទាំ​សុខភាព ការ​ស្វែង​យល់​ពី​បញ្ហា​ជា​មួយ​សហគមន៍ ដោយ​មិន​ត្រូវ​ខ្មាស​អៀន ហើយ​ក៏​មិន​ត្រូវ​លាក់​ទុក​បញ្ហា​សុខភាព​របស់​ខ្លួន​នោះ​ដែរ តែ​ត្រូវ​មាន​សេចក្ដីក្លាហាន​គ្រប់គ្រាន់ ហ៊ាន​ជជែក​ពី​សុខភាព​ដែល​ទាក់​ទិន​នឹង​ការ​រំលូត​កូន​ជាមួយ​អ្នក​ជំនាញ។ ទន្ទឹម​នឹង​នេះ នារី​វ័យ​ក្មេងៗ ពិសេស​នារី​នៅ​ក្នុង​វ័យ​សិក្សា​​ត្រូវ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​ពី​ការ​ប្រឈម​ទៅ​នឹង​ការ​រំលូត​កូន​នេះ ដោយ​ខ្លួន​ត្រូវ​ប្រយ័ត្ន គឺ​មិន​ត្រូវ​ប្រញាប់​រួម​ភេទ​ពេក​នោះ​ទេ​នៅ​ពេល​ដែល​ខ្លួន​នៅ​ក្មេង ព្រោះ​វា​អាច​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​បន្ត​ពូជ​នា​ពេល​អនាគត។ ក្នុង​ករណី​ចៀស​ការ​រួមភេទ​មិន​បាន គេច​មិន​ផុត អត់​ទ្រាំ​មិន​កើត ខ្លួន​ត្រូវ​គិត​ពី​ការ​រួមភេទ​ដោយ​សុវត្ថិភាព គឺ​បង្ការ​កុំ​ឲ្យ​មាន​គភ៌​ដែល​ខ្លួន​មិន​ចង់​បាន ហើយ​នាំ​ឲ្យ​មាន​ការ​រំលូត។ ជាង​នេះ​ទៅ​ទៀត ត្រូវ​ចេះ​ស្វះ​ស្វែង​រក​វិធី​បង្ការ​តាម​បច្ចេកវិទ្យា​ទំនើប​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព និង​គិត​ពី​ការ​ឆ្លង​កាមរោគ ពិសេស​ការ​ឆ្លង​មេរោគ​អេដស៍​ដែល​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ​នោះ។ ម្យ៉ាង​ទៀត នារី​ត្រូវ​តែ​ថែទាំ និង​ប្រយ័ត្ន​ខ្លួន​ជានិច្ច​នៅ​ពេល​ទៅ​រៀនសូត្រ​ហ្វឹកហាត់​ជំនាញ និង​ធ្វើការ​នៅ​ឯ​បរទេស

រួម​គ្នា​ដើម្បី​ចៀស​វាង​ការ​រំលូត​កូន​ទៅ​តាម​ការ​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​បើ​មាន​ការ​រំលូត​គឺ​ត្រូវ​ធ្វើ​ជា​មួយ​គ្រូពេទ្យ និង​ឆ្មប​ជំនាញ ហើយ​សេវា​រំលូត​ត្រូវតែបានដោយងាយស្រួល ហើយ​ដំណើរការទៅ​ប្រកបដោយ​សុវត្ថិភាព និង​ធានា​បាន​ពី​សុខភាព​របស់​ស្ត្រី៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ឆាយ សុផល  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 21 May 2009

ខ្ញុំធ្លាប់ត្រូវបានគ្រូពេទ្យជំរុញអោយធ្វើការរំលូតកូន

       
បាន​ដាក់​ស្នើ​ដោយ monida (មិន​បាន​ផ្ទៀងផ្ទាត់) នៅ សុក្រ, 05/22/2009 - 13:42

ក្រោយពីរៀបការបាន៧ខែ ខ្ញុំនិងស្វាមីសំរេចចិត្តមានកូនដំបូង។ខ្ញុំ​ជាស្ត្រីដែលមានរដូវ​មិន​ទៀង​​ទាត់។ ​​ខ្ញុំក៏បានប្រើឧបករណ៍ពិនិត្យ​ទឹកនោមរៀងរាល់១អាទិត្យម្តងដើម្បី​អោយដឹងថាមាន​ផ្ទៃ​ពោះរឺ​នៅ។ ក្រោយមកប្រហែលជា១ខែ ខ្ញុំក៏មាន​ផ្ទៃ​ពោះមែន។ តែខ្ញុំប្រាកដថាគត៌នោះ​អាយុ​មិន​លើស​ពី១ខែទេ។ ខ្ញុំក៏ទៅពេទ្យ (កាល់ម៉ែត) នៅថ្ងៃទី២​កុម្ភៈ២០០៧។ ដោយបំណងចង់បាន​ដំបូន្មាន​ពីគ្រូពេទ្យ​អំពីវិធីរក្សា​គត៌។  អ្នកគ្រូពេទ្យម្នាក់នោះសួរពីរដូវចុងក្រោយរបស់ខ្ញុំ។ ខ្ញុំថារដូវចុងក្រោយ​របស់ខ្ញុំអស់តាំងពីថ្ងៃទី២៥តុលា២០០៦ មកម៉្លេះ ហើយខ្ញុំបានប្រាប់គាត់ពីការពិនិត្យ​ទឹកនោម​ដើម្បី​អោយដឹងថាមាន​ផ្ទៃ​ពោះនេះ។ តែគាត់ដូចជាមិនរវល់ស្តាប់សោះ គាត់គិតតែផ្ទៀងផ្ទាត់តារាងគត៌។ គាត់និយាយថាគត៌នេះ អាយុជាង៣ខែហើយម៉េចក៏ពោះមិនទាន់ខ្ទៀត​ទៀត?​​ ហើយក៏អោយខ្ញុំទៅ​ពិនិត្យអេកូ។ ពេលឃើញលទ្ធផល គាត់ថាកូនខ្ញុំជាប្រភេទកូនពង មិនលូតលាស់ត្រូវ​ប្រញ៉ាប់​យកចេញ ហើយគាត់ក៏អោយលេខទូរស័ព្ទទាក់ទងដើម្បីរំលូតកូននោះ។ ឥឡួវកូនខ្ញុំមានអាយុ១ឆ្នាំ​៧ខែ​ហើយ​ នាងមានសុខភាពល្អណាស់។ ហេតុអ្វីបានជា អ្នកគ្រូពេទ្យម្នាក់នោះហ៊ានសន្និដ្ឋានបែប​នេះ គ្រាន់តែពិនិត្យលើកទី១សោះ ដោយមិនតាមដានអោយបានច្បាស់លាស់សិន?​

ជំរុញអោយរំលូត

       
បាន​ដាក់​ស្នើ​ដោយ Anonymous នៅ សុក្រ, 05/22/2009 - 16:34

ខ្ញុំបានជួបរឿងខ្លះទាក់ទងនិងការរំលូតកូន​ ដែលនាងខ្ញុំបានចូលរួមសកម្មភាពនោះផ្ទាល់។ 

មិត្តជិតស្និទ្ធខ្ញុំធ្លាប់មានគភ៏ ក្រោយពីការបាត់រដូវចំនួន២ខែ។ សង្សានាងមិនគាំទ្រអោយទុកកូនទេ និងជំរុញនាងអោយធ្វើការរំលូតចេញ ប៉ុន្តែនាងចង់បានកូនខ្លាំងណាស់ទោះបីជា ប្រឈមនិងការខ្មាស់គេព្រោះតែមិនទាន់រៀបការក៏ដោយ។ បន្ទាប់មកនាងបានទៅធ្វើការពិនិត្យផ្ទៃពោះនៅគ្លីនិក private ទី១គ្រូពេទ្យបានអោយដំបូន្មាន រំលូតកូនចេញគ្រាន់តែសួរត្រួសៗប៉ុណ្ណោះពីការបាត់រដូវ។ នាងបានប្រកែក ហើយបន្តទៅកាន់គ្លីនិកផ្សេង ប៉ុន្តែដុចលើកមុន គឹដំបូន្មានរំលូតកូនចេញ។ នាងបានទៅកាន់មន្ទីរពេទ្យរដ្ធ វិញម្តង គ្រាន់តែចូលទៅ គ្រូពេទ្យ សួរពត៏មានពីប្តី រឺសមាជិកគ្រួសារ នាងបានឆ្លើយថាមិនទាន់រៀបការទេ ស្រាប់តែ ពេទ្យថា អ្ហែងគួរតែរំលូតកូននេះចេញ រំលូតនៅផ្ទះគាត់ផ្ទាល់ទៅ​ កុំអោយគេដឹង នាំតែខ្មាស់គេ។ ការពិតនាងចង់ដឹងពីសុវត្ថិភាពរបស់គភ៏ប៉ុណ្ណោះ ។

គ្រូពេទ្យខ្លះ ធ្វើការខុសក្រមសីលធម៏ និងធ្វ់ការបង្ខិតបង្ខំគេអោយរំលូតកូន។

អគុណ

រូបភាព​របស់ លក្ខិណា

ចំណេះដឹង​ និង​ការ​ពិចារណា​យ៉ាង​ត្រឹម​ត្រូវ​របស់​ស្ត្រី

       
បាន​ដាក់​ស្នើ​ដោយ លក្ខិណា នៅ ពុធ, 05/27/2009 - 14:03

បន្ទាប់​ពី​បាន​អាន​អត្ថបទ​របស់​បង​ស្រី​ទាំង​ពី​ ខ្ញុំ​ពិត​ជា​មាន​ការ​សោក​ស្ដាយ​មែន​ទែន​ដែល​បង​ស្រី ទាំង​ពីរ​បាន​ជួប​សុទ្ធ​តែ​គ្រូ​ពេទ្យ​គ្មាន​ជំនាញ​វិជ្ជាជីវៈ​ត្រឹមត្រូវ​ គិត​តែ​លុយ​ជា​ធំ ។ ប៉ុន្តែ​សំណាង​​​​ល្អ ដែល​​បង​ស្រី​ទាំង​ពីរ​មាន​ចំណេះដឹង និង​ការ​ពិចារណា​យ៉ាង​ត្រឹមត្រូវ​ទើប​ធ្វើ​អោយ​បង​ស្រី​បាន​រួច​​ផុត​អំពី​​គ្រោះ​ថ្នាក់​នេះ ។ នេះ​សរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ស្ត្រី​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ចំណេះដឹង ដើម្បី​ធ្វើ​ការ​ពិចារណា និង​ស្វែង​រក​ដំណោះស្រាយ​ល្អៗ​នៅ​ពេល​មាន​បញ្ហា​ មិន​ថា​តែ​បញ្ហា​សុខភាព​​មួយ​នោះ​ទេ នៅ​មាន​បញ្ហា​ផ្សេង​ៗ​ទៀត​ជាច្រើន​ដែល​ស្ត្រី​នឹង​អាច​ប្រឈមមុខ​ ។ ដូច្នេះ​ស្ត្រី​គួរ​តែ​ខិតខំ​កសាង​សមត្ថភាព​របស់​ខ្លួន និង​ស្វែង​​យល់​ព័ត៌មាន​ជុំ​វិញ​ខ្លួន​អោយ​បាន​ច្រើន ដើម្បី​​ជួយ​ខ្លួន​ឯង ក៏​ដូច​ជា​អ្នក​ដទៃ​ទៀត​ដែល​ត្រូវ​ការ​ជំនួយ ។

បទពិសោធន៍គួរឲ្យចងចាំ ហើយត្រូវផ្សាយបន្តដើម្បីស្រ្តីយើង

       
បាន​ដាក់​ស្នើ​ដោយ ឆាយ សុផល នៅ សុក្រ, 05/22/2009 - 15:43

ខ្ញុំ​គិត​ថា លោក​ស្រី​ពិត​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ជា​ច្រើន​ទៀត​ដែល​មិន​ឆាប់​ជឿ​គេ​នៅ​ពេល​បាន​ស្ដាប់​ឭ​គេ​និយាយ​ជា​លើក​ដំបូង ដូច​ជា​ករណី​ជាក់ស្ដែង​របស់​លោក​ស្រី​កាល​ពី​ជិត​ពីរ​ឆ្នាំ​មុន​នេះ។ កាលណោះ ប្រសិន​បើ​លោក​ស្រី​ និងស្វាមី​ជឿ​អ្នកគ្រូពេទ្យ​មិន​មាន​វិជ្ជាជីវៈ​រូប​នោះ​មែន នោះ​លោក​ស្រី​ និងស្វាមីពិត​ជា​បាន​បាត់បង់​បុត្រី​ជា​ទី​ស្រឡាញ់​​រួច​​ទៅ​ហើយ ឯ​សុខភាព​របស់​លោក​ស្រី​ក៏​អាច​មាន​បញ្ហា​ទៀត​ផង។

រឿង​គ្រូពេទ្យ​គ្មាន​វិជ្ជាជីវៈ ឬ​ហៅ​ថា គ្រូពេទ្យ​ត្បាញអាយ ឬ​គ្រូពេទ្យ​ហេង​ស៊យ​នោះ ខ្ញុំ​បាន​សរសេរ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា "ជយោ! គ្រូ​ពេទ្យ​យើង" ដែល​លោក​ស្រី​អាច​អាន​អត្ថបទ​នេះ​ដោយ​ចុច​លីង http://women.open.org.kh/km/bravo_our_doctor

ខ្ញុំ​សូម​កោតសរសើរ​លោក​ស្រី​ និងស្វាមីចំពោះ​ការ​មិន​បាន​សម្រេច​ចិត្ត​ភ្លាមៗ​ទាក់ទិន​នឹង​សុខភាព និង​អាយុ​ជីវិត។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ខ្ញុំ​សូម​អំពាវនាវ​ដល់​ស្ត្រី​គ្រប់​រូប ដោយ​រួម​ទាំង​សមាជិក​គ្រួសារ​របស់​គេ​ផង​ត្រូវចេះ​ស្វះស្វែង​រក​ការ​ប្រឹក្សា​យោបល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ ពិសេស​ករណី​ដែល​ស្ដាប់​ឭ​ពី​ដំបូង​ថា "អវិជ្ជមាន"។ ទន្ទឹមនឹងមាន​គ្រូពេទ្យ​ត្បាញអាយ យើង​ក៏​មាន​​គ្រូពេទ្យ​​មាន​​វិជ្ជាជីវៈ ប្រកបដោយសីលធម៌ដែរ៕ 

 

រូបភាព​របស់ សុខាយុ

ស្ត្រី​គួរ​មាន​ចំណេះដឹង​ផ្នែក​សុខភាព

       
បាន​ដាក់​ស្នើ​ដោយ សុខាយុ នៅ ច័ន្ទ, 05/25/2009 - 18:05

ខ្ញុំ​ពិត​ជា​មាន​រន្ធត់​ផង អរ​ផង​នៅ​ពេល​ដែល​នាង​ខ្ញុំ​បាន​អាន​អត្ថបទ​ដែល​បាន​ចែក​រំលែក​ដោយ​លោកស្រី និង​កញ្ញា​ខាង​លើ។ ករណី​ទាំង​​ពីរ​បាន​បង្ហាញ​អំពី​ការ​គ្មាន​ក្រម​សីលធម៌​​នៃ​គ្រូ​ពេទ្យ​ខ្មែរ​មួយ​ចំនួន ដែល​មិន​​បាន​គិតគូរ​អំពី​សុខភាព​របស់​ប្រជាជន។ ប៉ុន្តែ​បងស្រី​ទាំង​ពីរ​បាន​ជៀស​ផុត​ពី​ភាព​អកុសល​នេះ ដោយសារ​តែ​បងស្រី​ទទួល​បាន​ព័ត៌មាន និង​មាន​ចំណេះដឹង​ដែល​អាច​ធ្វើ​ការ​ពិចារណា​បាន និង​សម្រេច​ចិត្ត​ត្រូវ​។ ដូច្នេះ​ស្ត្រី​គ្រប់​រូប​គួរ​ព្យាយាម​ស្វែង​រក​ និង​ស្វែង​យល់​ព័ត៌មាន​​អំពី​សុខភាព​ឲ្យ​បាន​ច្រើន ជៀស​វាង​ការ​សម្រេច​ចិត្ត​ខុស​ដែល​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​កើត​ឡើង។