ភ្នំពេញ៖ មន្ត្រីថ្នាក់ក្រោមជាតិចំនួន៦៤នាក់ កាលពីពេលថ្មីៗនេះបានធ្វើការជួបពិភាក្សាគ្នា ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងការកាត់បន្ថយអត្រាស្លាប់របស់មាតា និងការរំលូតកូនគ្មានសុវត្ថិភាព។
លោកវេជ្ជបណ្ឌិត ពៅ លីណា ប្រធានផ្នែកគាំពារមាតា និងទារកបានមានប្រសាសន៍ឲ្យដឹងថា ក្នុងការជួបពិភាក្សាជាមួយក្រុមមន្ត្រីថ្នាក់ក្រោមជាតិនេះ ប្រធានបទសំខាន់ៗចំនួន៥ដែលលើកយកមកនិយាយរួមមានទី១- ការបង្ហាញពីច្បាប់ស្ដីពីការរំលូតកូន ទី២- ព័ត៌មានស្ដីពីគម្រោងថ្នាក់ជាតិ និងរាជធានីភ្នំពេញព្រមទាំងការបណ្ដុះបណ្ដាល ទី៣- ពិភាក្សាជាក្រុមអំពីឧបសគ្គរបស់ស្ត្រីក្នុងការស្វែងរកសេវាកម្មរំលូតកូនប្រកបដោយសុវត្ថិភាព ទី៤- ពិភាក្សាលម្អិតថា តើត្រូវធ្វើយ៉ាងណាដើម្បីដោះស្រាយឧបសគ្គទាំងនោះ និងទី៥- តើត្រូវធ្វើដូចម្ដេចដើម្បីឲ្យស្ត្រីក្រីក្រងាយរកបានសេវាកម្មរំលូត។
យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពឆ្នាំ២០០៥ បានរកឃើញថា ស្ត្រីចំនួន៤៧២នាក់បានស្លាប់ក្នុងចំណោម១០០.០០០កំណើតរស់កើនពី៤៣៧នៃការអង្កេតឆ្នាំ២០០០ លើចំនួន១០ម៉ឺនកំណើតរស់ដូចគ្នា។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គុំ កាណាល់ នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា អត្រាមរណភាពរបស់មាតាមិនទាន់មានការធ្លាក់ចុះនៅឡើយទេ គឺមានចំនួន៤៧២លើ១០ម៉ឺនកំណើតរស់។ លោកបន្តថា មូលហេតុនៃមរណភាពទាំងនោះរួមមានការធ្លាក់ឈាមច្រើនពេលសម្រាល ការបង្ករោគ និងការសម្រាលកូនដោយឆ្មបមិនមានការបណ្ដុះបណ្ដាលត្រឹមត្រូវជាដើម។
មិនត្រឹមតែមូលហេតុខាងលើនេះទេ ការស្លាប់របស់ស្ត្រីជាមាតាក៏ចោទឡើងពីមូលហេតុនៃកង្វះខាតឆ្មបនៅតាមមណ្ឌលសុខភាពផងដែរ។
លោក ម៉ី សំបូរ ប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងសុខាភិបាល បានមានប្រសាសន៍ឲ្យដឹងថា មណ្ឌលសុខភាពចំនួន៧០មិនទាន់មានឆ្មបនៅឡើយទេ។ លោកបន្តថា ក្នុងមណ្ឌលសុខភាពមួយត្រូវមានឆ្មបម្នាក់ ឬ២នាក់ ខណៈបច្ចុប្បន្នយើងមានឆ្មបសរុបចំនួន៣.១១៣នាក់ ក្នុងនោះ១.៣០២ជាឆ្មបបឋម និង១.៨១១នាក់ជាឆ្មបមធ្យម។
លោកបន្តថា ចំនួនឆ្មបនេះ មិនទាន់បំពេញតម្រូវការនៅតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពគ្រប់គ្រាន់នៅឡើយទេ។ លោកបន្តថា ក្នុងមួយឆ្នាំយើងត្រូវការឆ្មបចំនួន៤០០នាក់ ហើយចាប់ពីឆ្នាំ២០០៩ដល់២០១៥យើងត្រូវការឆ្មបចំនួន២.៤៨៩នាក់៕





