រាជធានីភ្នំពេញ៖ ការបន្តកើតឡើងនូវអំពើរំលោភសេពសន្ថវៈ បានបង្ហាញឲ្យឃើញពីវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ខ្មែរបាននិងកំពុងធ្លាក់ចុះ ក្រោមឥទ្ធិពលវប្បធម៌ពាលាអាវាសែរបស់បរទេស តាមរយៈការផ្សព្វផ្សាយរូបភាពវីដេអូអាសអាភាស ជាពិសេសនៅតាមហាងកាហ្វេមួយចំនួន និងការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ។
ជាក់ស្ដែង តាមការដកស្រង់ពីកាសែតក្នុងស្រុកចំនួនប្រាំគឺ កោះសន្តិភាព រស្មីកម្ពុជា កម្ពុជាថ្មី ភ្នំពេញប៉ុស្តិ៍ និងឌឹឃែមបូឌាដេលី របស់គណៈកម្មាធិការអ៊ិកផាតកម្ពុជា បានបង្ហាញឲ្យឃើញថា ករណីរំលោភសេពសន្ថវៈក្នុងត្រីមាសទីបីឆ្នាំនេះមាន៦៩ករណី ដែលមានជនរងគ្រោះទាំងអស់៧០នាក់។ សរុបត្រឹមបីមាសដើមឆ្នាំ២០០៩នេះ មានករណីរំលោភសេពសន្ថវៈចំនួន២១៦ករណីបានកើតឡើង ដែលមានជនរងគ្រោះសរុបទាំងអស់២២៥នាក់ ក្នុងនោះមានអនីតិជនចំនួន១៣៧នាក់ ដែលត្រូវជា៦១%។ គួរកត់សំគាល់ផងដែរថា មានជនជាតិអូស្ត្រាលី១នាក់ ដែលជាអ្នកទេសចរក៏បានក្លាយជាជនរងគ្រោះ ក្នុងអំពើរំលោភសេពសន្ថវៈនេះដែរ។
បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០០៨ ដែលមាន២១១ករណីបានកើតឡើង យើងឃើញថា មានការកើនឡើង៥ករណី។ ខេត្ត-ក្រុងដែលមានករណីរំលោភសេពសន្ថវៈកើតឡើងច្រើនជាងគេគឺ ខេត្តបាត់ដំបង៤៣ករណី រាជធានីភ្នំពេញ២២ករណី ខេត្តកំពង់ចាម១៩ករណី ខេត្តកណ្ដាល១៨ករណី ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ១៧ករណីដូចគ្នា ខេត្តកំពង់ស្ពឺ១២ករណី ខេត្តតាកែវ១១ករណី និងមានករណីខ្លះៗទៀតនៅគ្រប់ខេត្ត-ក្រុង។ បើនិយាយពីការរំលោភរួចសំលាប់វិញមាន៦ករណីបានកើតឡើង ក្នុងនោះមានកុមារីម្នាក់ត្រូវបានរំលោភដោយយុវជនប្រាំពីរនាក់ដែលរស់នៅភូមិជាមួយគ្នា រួចសំលាប់យ៉ាងសាហាវព្រៃផ្សៃដោយអារក និងចាក់ជាច្រើនកាំបិត។
អំពើអមនុស្សធម៌ទាំងនេះបានបង្កឡើងដោយជនសង្ស័យចំនួន២៦១នាក់ ក្នុងចំណោមនោះ ក៏មាន២០នាក់ជាអនីតិជនផងដែរ។ ភាគច្រើននៃជនល្មើសជាជនជាតិខ្មែរ តែក៏មាន២នាក់ជាជនជាតិកូរ៉េ ៣នាក់ជាជនជាតិវៀតណាម ២នាក់ជាជនជាតិថៃ និងម្នាក់ជាជនជាតិខ្មែរអ៊ិស្លាម និងស្ត្រីម្នាក់ជាសហចារីផងដែរ។ ករណីដែលគួរឲ្យកត់សំគាល់គឺ ការរំលោភបូកដែលមានកើតឡើងរហូតដល់២១ករណី ក្នុងនោះមានជនសង្ស័យចាប់ពី២នាក់រហូតដល់៧នាក់ ក្នុងមួយករណីៗ។ ដោយឡែក មាន១៥ករណីដែលទាំងជនសង្ស័យ និងជនរងគ្រោះជាអនីតិជនដូចគ្នា។ ចំណែកទំនាក់ទំនងរវាងជនសង្ស័យ និងជនរងគ្រោះវិញត្រូវបានឲ្យដឹងថា មាន១០៣ករណីត្រូវរំលោភដោយអ្នកជិតខាងរស់នៅក្នុងភូមិជាមួយគ្នា៤០ករណីដោយសាច់ញាតិ ៣៥ករណីដោយអ្នកស្គាល់គ្នា ៩ករណីដោយសង្សារ និង២៤ករណីមិនត្រូវបានរាយការណ៍ឲ្យដឹង។ ទាក់ទងនឹងបញ្ហាផ្លូវច្បាប់វិញ យើងឃើញថា ជនសង្ស័យ២១៧នាក់ ត្រូវបានឃាត់ខ្លួនហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការបាន១៤៧ករណី ៥៦ករណីស្ថិតក្រោមការស៊ើបអង្កេតបន្ថែមរបស់ប៉ូលិស និង៣៩នាក់ផ្សេងទៀតបានរត់គេចខ្លួន ២ករណីត្រូវបានដោះលែងឲ្យនៅក្រៅឃុំ និង១ករណីបានដោះស្រាយក្រៅប្រព័ន្ធតុលាការ។ មានតែ១ករណីប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍ថា តុលាការលើកយកមកជំនុំជំរះទោសដោយបានចោទប្រកាន់ជនសង្ស័យពីបទរំលោភសេពសន្ថវៈ ជាលទ្ធផលជនល្មើសត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ម្នាក់១០ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល។
មានកត្តាមួយចំនួនដែលបានរាយការណ៍ ជាកាតាលីករឲ្យមានការរំលោភសេពសន្ថវៈកើតឡើងញឹកញាប់ជាងគេនោះ គឺឱកាសផ្ដល់ឲ្យជនល្មើសដែលមានរហូតដល់ទៅ៦៩ករណី ការគ្រោងទុកជាមុន៤៧ករណីការសេពគ្រឿងញៀន និងគ្រឿងស្រវឹង២២ករណី មើលវីដេអូ និងរូបភាពអាសអាភាស៦ករណី ក្រៅពីនេះគឺមិនត្រូវបានរាយការណ៍ឡើយ។ ចំណែកស្ថានភាពដែលជនរងគ្រោះជាញឹកញាប់ត្រូវបានជនល្មើសរំលោភនោះភាគច្រើន ដោយសារតែជនរងគ្រោះនៅស្ងាត់តែម្នាក់ឯងដល់ទៅ៦៤ករណី ភាពទុកចិត្តរបស់ជនរងគ្រោះលើជនសង្ស័យដោយហ៊ានទៅណាមកណាជាមួយមាន៣៥ករណី ជនរងគ្រោះកំពុងតែដេក៣២ករណី ចេញដើរកម្សាន្តនៅពេលយប់ហើយត្រឡប់មកវិញ២០ករណី។
ស្របពេលជាមួយគ្នានោះដែរ ក៏មានករណីជួញដូរផ្លូវភេទបានកើតឡើងចំនួន៥ករណី ដែលបានបណ្ដាលឲ្យកុមារី និងស្ត្រីរងគ្រោះចំនួន៨នាក់ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ និង៥នាក់ជាអនីតិជន។ បើប្រៀបធៀបនិងនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០០៨ យើងឃើញថា មានការថយចុះចំនួន៣ករណី។ មានជនសង្ស័យ៨នាក់ ក្នុងនោះមានជនជាតិចិនម្នាក់ និងស្ត្រី២នាក់ដែលជាប់ទាក់ទងក្នុងបទឧក្រិដ្ឋនេះ ដែល៤នាក់ក្នុងចំណោមពួកគេត្រូវបានឃាត់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការបាន៣ករណី ២ករណីស្ថិតក្រោមការស៊ើបអង្កេតបន្ថែមដោយប៉ូលិស និងម្នាក់បានរត់គេចខ្លួន។ ពុំមានករណីណាមួយក្នុងចំណោមករណីខាងលើ ត្រូវបានរាយការណ៍ឲ្យដឹងថា ដំណើរការជំនុំជំរះត្រូវបានធ្វើឡើងនោះឡើយ។ ផ្លូវនៃការជួញដូរមានពីខេត្តតាកែវទៅខេត្តបន្ទាយមានជ័យ និងក្នុងរាជធានីភ្នំពេញ ខេត្តប៉ៃលិនផ្ទាល់ និងខេត្តបាត់ដំបង។
ក្នុងរយៈពេលដូចគ្នានេះ ក៏មានករណីអំពើអាស១១ករណីបានកើតឡើង និងបានបណ្ដាមានជនរងគ្រោះ១២នាក់ ១០នាក់ជាកុមារីដែលមានអាយុពី៥ឆ្នាំដល់១៧ឆ្នាំ។ ក្នុងចំណោមជនរងគ្រោះ១២នាក់នោះមានកុមារីវៀតណាម២នាក់ និងកុមារកម្ពុជា១០នាក់ ចំណែកឯជនសង្ស័យមានចំនួន១១នាក់ ដែលមានអាយុចាប់ពី១៩ឆ្នាំដល់៦៨ឆ្នាំហើយ ភាគច្រើននៃជនសង្ស័យគឺជាភ្ញៀវទេសចរដែលមានជនជាតិអាមេរិក បារាំង កាណាដា អង់គ្លេស ស្វីស និងជប៉ុន។ ៩នាក់ក្នុងចំណោមពួកគេត្រូវបានឃាត់ខ្លួន និងបំពេញសំណុំរឿងបញ្ជូនទៅតុលាការ និងមានតែជនជាតិបារាំងម្នាក់ប៉ុណ្ណោះត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន៣ឆ្នាំ។ ករណីនោះបានកើតឡើងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកណ្ដាល។
គណៈកម្មាធិការអ៊ិកផាតកម្ពុជាសង្កេតឃើញថា មានការកើនឡើងបន្តិចវិញក្នុងករណីរំលោភសេពសន្ថវៈ និងមានការធ្លាក់ចុះបន្តិចក្នុងករណីជួញដូរមនុស្ស ដែលបានរាយការណ៍តាមរយៈសារព័ត៌មានទាំងនេះ ប៉ុន្តែចំនួនជនរងគ្រោះជាអនីតិជននៅមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ។ ម្យ៉ាងទៀត រូបភាពនៃអំពើទាំងនោះបានស្ដែងចេញនូវភាពឃោរឃៅដូចជា ការរំលោភបូក និងសម្លាប់ជាដើម។ ដោយឡែក តួលេខជនសង្ស័យត្រូវបានផ្ដន្ទាទោសតាមច្បាប់មានកម្រិតទាប។ ដូច្នេះគណៈកម្មាធិការអ៊ិកផាតកម្ពុជា សូមអំពាវនាវដល់អង្គការស្ថាប័នដែលពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា សូមជំរុញការអនុវត្តន៍ច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពរបស់មន្ត្រីតុលាការ និងប៉ូលិសបង្កើនការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ។ អាណាព្យាបាលគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពកូនចៅរបស់ខ្លួន ជាពិសេសចំពោះកុមារ៕





