ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
វិបផតថល​អំពី​ស្ត្រី​មាន​ចុះ​ផ្សាយ​ព័ត៌មាន​អំពី​ការ​បោះ​ឆ្នោត ប្រជាធិបតេយ្យ ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​​។
 

សំនួរ​និង​ចម្លើយ​ទាក់ទិន​នឹង​ច្បាប់​ភូមិបាល និង​ការ​ដោះស្រាយ​រាល់​បាតុភាព​ទំនាស់​ដីធ្លី​នានា​ដែល​ប្រឈម​បច្ចុប្បន្ន

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

សំណួរ៖ តើ​បទបញ្ជា​លេខ​០១ មាន​ខ្លឹមសារ​ជា​សារវន្ត យ៉ាង​ដូចម្ដេច​ខ្លះ?

ចម្លើយ៖ បទបញ្ជា​លេខ​០១ ស្ដីពី​ការ​ទប់ស្កាត់​ការ​​កាប់​រាន​ដី​ព្រៃ​គ្រប់​ប្រភេទ​របស់​រដ្ឋ​យក​ធ្វើ​ជា​កម្មសិទ្ធិ មាន​ខ្លឹមសារ​៣​ចំណុច​សំខាន់ៗ​គឺ៖

១- អភិបាល​ខេត្ត-ក្រុង ត្រូវ​ប្រើប្រាស់​អំណាច​រដ្ឋ ដោយ​ចេញ​ដីកា​ជា​បន្ទាន់​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០០៩ ដោយ​ប្រកាស​បដិសេធ និង​ដកហូត​ដី​ព្រៃឈើ​គ្រប់​ប្រភេទ​ដែល​ត្រូវ​បាន​រំលោភបំពាន​ទាំងអស់ មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​តាម​ការ​ចាំបាច់។ 

២- ដីកា​នេះ​ត្រូវ​កំណត់​រយៈពេល​៣០​ថ្ងៃ ដើម្បី​ឲ្យ​គេ​ធ្វើការ​ប្ដឹង​តវ៉ា ហើយ​ក្នុង​ករណី​មិន​មាន​អ្នក​ប្ដឹង​ទាមទារ​ទេ​នោះ អភិបាលខេត្ត​-ក្រុង​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី និង​គណៈកម្មាធិការ​ទប់ស្កាត់ លុបបំបាត់ និង​បង្ក្រាប ការ​កាប់​រាន​ដុត ឈូសឆាយ និង​ហ៊ុមព័ទ្ធ​ដី​ព្រៃឈើ​វាត​យក​ដី​ធ្វើ​កម្មសិទ្ធិ ដើម្បី​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ កំណត់​ទុក​ដី​ទាំង​នោះ​ជា​សម្បត្តិ​រដ្ឋ។

៣- អភិបាលខេត្ត-ក្រុង ត្រូវ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា​ពាក់ព័ន្ធ​នឹង​ដី​ព្រៃឈើ​គ្រប់​ប្រភេទ ដែល​មាន​ជា​ធរមាន​ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​បំផុត ជា​ពិសេស​អំពើ​ទោស​បញ្ញត្តិ ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​បាន​រំលោភបំពាន​លើ​ដី​ព្រៃឈើ​គ្រប់​ប្រភេទ​យក​ធ្វើ​ជា​កម្មសិទ្ធិ។

សំណួរ៖ តើ​បទបញ្ជា​លេខ​០២ មាន​ខ្លឹមសារ​ជា​សារវន្ត​យ៉ាង​ដូច​ម្ដេច​ខ្លះ​?

ចម្លើយ៖ បទបញ្ជា​លេខ​០២ ស្ដីពី​ការ​គ្រប់គ្រង និង​ការ​ត្រួត​ពិនិត្យ​លើ​ការ​ប្រើប្រាស់​រណារ​យន្ត​កាត់-អារ​ឈើ មាន​ខ្លឹមសារ​៥​ចំណុច​សំខាន់ៗគឺ:

១- រាល់​ការ​​នាំ​ចូល​ ការ​ប្រើប្រាស់​ ការ​ធ្វើ​សន្និធិ​ ការ​រក្សា​ទុក​ ការ​លក់​ដុំ​ ឬ​លក់​រាយ​​ការ​ដឹកជញ្ជូន​ ការ​​ទិញ​ដូរ​ និង​ការ​ធ្វើ​អំណោយ​នូវ​រណារយន្ត​កាត់-អារ​ឈើ​ ​សម្រាប់​ប្រើប្រាស់​ជា​ផលប្រយោជន៍​សាធារណៈ ឬ​ឯកជន​ត្រូវ​មាន​ការ​អនុញ្ញាត និង​វាយ​តម្លៃ​ភាព​សមស្រប​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (រដ្ឋបាល​ព្រៃឈើ)។ ក្នុង​ករណី​ប្រើប្រាស់​រណារ​យន្ត​កាត់-អារ​ឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​បរិស្ថាន ត្រូវ​មាន​គោល​ការណ៍​ឯកភាព​ពី​ក្រសួង​បរិស្ថាន​មុន​ពេល​ដែល​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (​រដ្ឋបាល​ព្រៃឈើ) សម្រេច​ផ្ដល់​ការ​អនុញ្ញាត។

២- ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ត្រូវ​សហការ​​ជាមួយ​នឹង​អាជ្ញាធរ​ដែន​ដី​ខេត្ត​ក្រុង​ បើក​យុទ្ធនាការ​ជា​ប្រចាំ​ដើម្បី​ចុះ​ចាប់​ឃាត់​ទុក​ និង​ប្រមូល​ជា​អាទិ៍​តាម​លំនៅឋាន​ ដេប៉ូឈើ​ ​ឬ​គ្រឿង​សង្ហារឹម កន្លែង​លក់​ដុំ​ ឬ​លក់​រាយ​ រោង​សន្និធិ​មូលដ្ឋាន​ឧស្សាហកម្ម​ឈើ​រោងចក្រ​អារ​​ឈើ​ និង​សិប្បកម្ម​កែច្នៃ​ផល​​អនុផល​ព្រៃឈើ​ ឬ​នៅ​ទីកន្លែង​ផ្សេងទៀត​នូវ​រណារ​យន្ត​កាត់-អារឈើ​ ដែល​មិន​បាន​ទទួល​ការ​អនុញ្ញាត​ពី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​(រដ្ឋបាល​ព្រៃឈើ)។

​​​៣- ចំពោះ​រណារ​យន្ត កាត់-អារ​ឈើ​ដែល​បាន​ទទួល​ការ​អនុញ្ញាត​រួច​ហើយ ក្រសួង​កសិកម្ម​រុក្ខាប្រមាញ​និង​នេសាទ (រដ្ឋបាល​ព្រៃឈើ) និង​ក្រសួង​បរិស្ថាន ត្រូវ​ចុះ​ធ្វើការ​ត្រួត​ពិនិត្យ​ស្រង់ស្ថិតិ និង​ចុះ​បញ្ជី​ការ​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​គ្រប់គ្រង​តាម​សមត្ថកិច្ច​រៀងៗ​ខ្លួន។

៤- ក្រសួង​ ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​នានា ដែល​មាន​ជា​ធរមាន​ឲ្យ​បាន​ត្រឹមត្រូវ ​និង​ម៉ឺងម៉ាត់​បំផុត ជាពិសេស​អំពី​ទោស​បញ្ញត្តិ​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ប្រើប្រាស់​រណារ​យន្ត​កាត់-​អារ​ឈើ ដោយ​ខុសច្បាប់​ដើម្បី​ប្រមូល​ផល​អនុផល​ព្រៃឈើ កាប់​រាន​ព្រៃឈើ​គ្រប់​ប្រភេទ (ដី​ព្រៃឈើ ដី​ព្រៃលិចទឹក និង​ដី​ព្រៃ​ក្នុង​ដំបន់​ការពារ​ធម្មជាតិ) ដើម្បី​ហ៊ុមព័ទ្ធ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ។

៥- ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ គយ និង​រដ្ឋាករ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អគ្គស្នងការដ្ឋាន​​នគរបាល​ជាតិ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​សហការ​អនុវត្ត​បទបញ្ជា​នេះ ក្នុងស្មារតី​ទទួល​ខុសត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​រាយការណ៍​ប្រចាំខែ​អំពី​លទ្ធផល​ជូន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី និង​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ លុបបំបាត់​និង​បង្ក្រាប​ការ​កាប់​រាន ដុត ឈូឆាយ និង​ហ៊ុមព័ទ្ធ​ដី​ព្រៃឈើ​វាត​យក​ដី​ធ្វើ​កម្មសិទ្ធិ​តាម​ករណី​ជាក់ស្ដែង​នីមួយៗ។ កង​យោធពល​ខេមរភូមិន្ទ មាន​ភារកិច្ច​ជួយ​សហការ បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខាងលើ។ អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ និង​ស៊ី​ជម្រៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​រយៈពេល​៣​ខែ​ចាប់ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​តទៅ។

សំណួរ៖ តើ​សារាចរ​លេខ ០២ មាន​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​នីតិវិធី​អនុវត្ត​ចំពោះ​ដី​ព្រៃឈើ​គ្រប់​ប្រភេទ​យ៉ាង​ដូចម្ដេច?

ចម្លើយ៖ យោង​ទៅតាម​សារាចរ​លេខ​០២ ស.រ ស្ដីពី​ការ​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​ចុះ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០០៧ នីតិវិធី​អនុវត្ត​ចំពោះ​ដី​ព្រៃឈើ​គ្រប់​ប្រភេទ ដែល​បាន​ចេញ​ដីកា ប្រកាស​បដិសេធ និង​ដកហូត​តាម​បទបញ្ជា​លេខ​០១ ប.ប ដែល​មាន​ចែង​នៅ​ក្នុង​ចំណុច​៥​នៃ​សារចរ​នេះ មាន​ខ្លឹម​សារ​ជា​សារវន្ត​ដូច​តទៅ៖

ក- បន្ទាប់ពី​បាន​ទទួល​ពាក្យ​ប្ដឹង​តវ៉ា​ចំពោះ​ដីកា​ប្រកាស​បដិសេធ និង​ដកហូត​តាម​បទបញ្ជា​លេខ​០១ របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០០៦ ស្ដីពី​ការ​ទប់​ស្កាត់​ការ​កាប់​រាន​ដី​ព្រៃឈើ​គ្រប់​ប្រភេទ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរ​ខេត្ត-ក្រុង​ត្រូវ​ធ្វើ​ការ​សម្របសម្រួល​ដោយ​ត្រូវ​ធ្វើ​កំណត់ហេតុ​ជាមួយ​អ្នក​ប្ដឹង​តវ៉ា ដើម្បី​រក​ដំណោះស្រាយ​ជា​បឋម។ ការ​សម្របសម្រួល​ត្រូវ​យក​ផែនទី​គម្រប​ព្រៃ​ឆ្នាំ​២០០២ ជា​គោល និង​ផ្អែក​លើ​គោលនយោបាយ​​ដែល​បាន​កំណត់​ក្នុង​ចំណុច​៦ និង​៧ នៃ​សារាចរ​នេះ ជា​ពិសេស​តាម​ស្ថានភាព​ជាក់ស្ដែង​នៅ​លើ​ដី។

ខ- ករណី​អ្នក​ប្ដឹង​តវ៉ា​មិន​យល់​ព្រម​តាម​ការ​សម្របសម្រួល​នោះ​ទេ អភិបាល​ខេត្ត-ក្រុង​ត្រូវ​ចេញ​សេចក្ដី​សម្រេច​បដិសេធ​ពាក្យ​ប្ដឹង​តវ៉ា​បន្ទាប់​ពី​ថ្ងៃ​សម្របសម្រួល។

គ​- ករណី​អ្នក​ប្ដឹង​តវ៉ា​មិន​ឯកភាព​តាម​សេចក្ដី​សម្រេច​បដិសេធ​របស់​អភិបាល​ខេត្ត-ក្រុង​លើ​ពាក្យ​ប្ដឹង​តវ៉ា ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង/ឬ​ក្រសួងបរិស្ថាន ត្រូវ​សហការ​ជាមួយ​មេធាវី​រាជរដ្ឋាភិបាល​ប្ដឹង​អ្នក​ប្ដឹង​តវ៉ា​នោះ​ទៅ​តុលាការ ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន។

ឃ- ចំពោះ​ដី​ព្រៃឈើ​គ្រប់​ប្រភេទ ដែល​អ្នក​ប្ដឹង​តវ៉ា​ឯកភាព តាម​សេចក្ដី​សម្រេច​បដិសេធ​របស់​អភិបាលខេត្ត-ក្រុង​លើ​ពាក្យ​​ប្ដឹង​វ៉ា ឬ​ពុំ​មាន​អ្នក​ប្ដឹង​តវ៉ា ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់និង​នេសាទ និង/ឬ​ក្រសួងបរិស្ថាន ត្រូវ​រឹបអូស​យក​ដី​ព្រៃ​ទាំងនោះ មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​ដោយ​ស្វ័យ​ប្រវត្តិ។

ង- អភិបាល​ខេត្ត​-ក្រុង ត្រូវ​ធ្វើ​របាយការណ៍​ប្រចាំ​ខែ​អំពី​សកម្មភាព​ដោះស្រាយ​ពាក្យ​ប្ដឹង​តវ៉ា​ខាងលើ​នេះ ជូន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ដើម្បី​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី មាន​មូលដ្ឋាន​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល។ ក្នុង​ករណី​ចាំបាច់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី នឹង​ចុះ​ធ្វើ​អធិការកិច្ច​លើ​ដំណោះស្រាយ​​ទាំងឡាយ​ណា​ដែល​មាន​ភាព​មិន​ប្រក្រតី។

ច- ដី​ព្រៃ​ឈើ​គ្រប់​ប្រភេទ ដែល​ប្រមូល​បាន​ដូច​ចែង​ក្នុង​ចំណុច គ និង​ចំណុច ឃ ខាង​លើ​​ក្រសួង​កសិកម្មរុក្ខាប្រមាញ់និង​នេសាទ និង/ឬ​ក្រសួង​បរិស្ថាន ត្រូវ​ស្នើ​ទៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដើម្បី​ធ្វើការ​ចុះបញ្ជី​ដី​នេះ ក្នុង​សៀវភៅ​គោល​បញ្ជី​ដីធ្លី​ថា​ ជា​ដី​រដ្ឋ​តាម​​នីតិវិធី​ច្បាប់​ជាធរមាន។

ឆ- អភិបាលខេត្ត-ក្រុង ត្រូវ​បន្ត​ចេញ​ដីកា​ប្រកាស​បដិសេធ និង​ដកហូត​ដី​ព្រៃឈើ​គ្រប់​ប្រភេទ​ដែល​ត្រូវ​បាន​រំលោភ​កាន់កាប់​ដោយ​ខុសច្បាប់​ជា​ការ​ចាំបាច់ និង​បន្ទាន់។

ផ្នែក​ទី​៣

សំណួរ-ចម្លើយ​ទាក់ទង​នឹង​យុត្តាធិការ​របស់​គណៈកម្មការ​សុរិយោដី

ក-អំពី​យុត្តាធិការ​របស់​គណៈកម្មការសុរិយោដី

សំណួរ៖ តើ​គណៈកម្មការ​សុរិយោដី​គ្រប់​ជាន់ថ្នាក់​មាន​យុត្តាធិការ​យ៉ាង​ដូចម្ដេច?

ចម្លើយ៖ ជាទូទៅ​គណៈកម្មការ​សុរិយោដី មាន​យុត្តាធិការ​លើ​វិវាទ​ដីធ្លី​ទាំងឡាយ​ដែល​មិន​ទាន់​បាន​ចុះ​បញ្ជី​សុរិយោដី រវាង​ភោគី​ និង​ភោគី (មាត្រា​៤៧​នៃ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១)។ ក្នុង​ច្បាប់​នេះ​ដែរ ជំពូក​៤ បាន​ពិពណ៌នា​អំពី​ភោគី។ មាត្រា​៣ មាត្រា​៦ និង​មាត្រា​១៨ នៃ​អនុក្រឹត្យ​លេខ​៤៧ បាន​ពន្យល់​អំពី​វិវាទ​ដីធ្លី​ទាំង​នេះ ដែល​កើត​នៅ​ក្នុង​តំបន់​វិនិច្ឆ័យ និង​នៅ​ក្រៅ​តំបន់​វិនិច្ឆ័យ។ វិវាទ​ដីធ្លី​ទាំងឡាយ​ណា​ដែល​នៅ​ក្នុង​ឋិត​នៅ​ក្នុង​យុត្តាធិការ​​របស់​គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក/ខណ្ឌ។ វិវាទ​ដី​ធ្លី​ទាំងឡាយ​ណា​ដែល​នៅ​ក្នុង​​តំបន់​វិនិច្ឆ័យ ហើយ​មិន​អាច​ត្រូវ​បាន​សម្រុះសម្រួល ដោយ​គណៈកម្មការ​រដ្ឋបាល ត្រូវ​បញ្ជូន​ទៅ​គណៈកម្មការ​សុរិយោដី ថ្នាក់​ជាតិ​តែ​ម្ដង។ គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក/ខណ្ឌ និង​ថ្នាក់​ខេត្ត/ក្រុង មាន​សិទ្ធិ​ត្រឹម​តែ​សម្រុះសម្រួល​វិវាទ​ប៉ុណ្ណោះ។ គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ អាច​សម្រុះសម្រួល​វិវាទ​ និង​សម្រេច​លើ​វិវាទ​នោះ។

សំណួរ៖ តើ​គណៈកម្មការ​សុរិយោដី មាន​យុត្តាធិការ​លើ​វិវាទ​ដី​ដែល​មាន​ឯកសារ​ដីធ្លី​ចុះ​បញ្ជី​មុន​ឆ្នាំ​១៩៨៩​ដែរ​ឬទេ?

ចម្លើយ៖ គណៈកម្មការ​សុរិយោដី មាន​យុត្តាធិការ​ពេញលេញ​លើ​វិវាទ​ដីធ្លី​ប្រភេទ​នេះ​ ពីព្រោះ​ថា ទើបតែ​នៅ​ថ្ងៃ​ទី​២៩-៣០ ខែ​មេសា ឆ្នាំ​១៩៨៩ រដ្ឋសភា​ជាតិ​កម្ពុជា បាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិ​ឯកជន​លើ​ដីធ្លី (មាត្រា​១៥ និង​មានត្រា​​១៧ នៃ​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៨៩) និង​សេចក្ដី​ណែនាំ​លេខ​០៣ សណន (ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​១៩៨៩)​របស់​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី។ បន្ទាប់​មក​ទៀត​ទើប​ចាប់ផ្ដើម​បង្កើត​នាយកដ្ឋាន​សុរិយោដី ដើម្បី​ចុះបញ្ជី​សុរិយោដី។ មុន​ពេល​នោះ ពុំ​ទាន់​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​លើ​ដីធ្លី​ទេ ​បើ​រាប់​គឺ​ចាប់​ពី​ឆ្នាំ​១៩៧៥ មក​ទល់​ឆ្នាំ​១៩៨៩ បាន​សេចក្ដី​ថា នៅ​មុន​ខែ​មេសា ឆ្នាំ​១៩៨៩ ឬ​មុន​បង្កើត​នាយកដ្ឋាន​សុរិយោដី ដី​ពុំ​ទាន់​ត្រូវ​បាន​ចុះ​បញ្ជី​សុរិយោដី​ទេ។ ហេតុ​ដូច្នេះ​ហើយ​ដី​ដែល​មាន​ការ​កត់ត្រា​ផ្សេងៗ មុន​ពេល​បង្កើត​នាយកដ្ឋាន​សុរិយោដី​ដែល​ណែនាំ​ដោយ​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៨៩ មិន​អាច​ចាត់​ទុក​ថា ​ជា​ដី​ដែល​បាន​ចុះ​បញ្ជី​សុរិយោដី​នោះ​ទេ។

សំណួរ៖ តើ​លិខិត​ឆ្លើយតប​ទៅ​នឹង​សំណើ​សុំ​កាន់កាប់​ដី​ដែល​ធ្វើ​នៅ​ភ្នំពេញ​អាច​ចាត់​ទុក​ថា​ជា​ដី​ចុះ​បញ្ជី​សុរិយោដី​ដែរ​ឬទេ?

ចម្លើយ៖ លិខិត​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​កាន់កាប់​ដី​ដែល​ធ្វើ​នៅ​ភ្នំពេញ មិន​អាច​ចាត់​ទុក​ថា ​ដី​នោះ​ជា​ដី​ចុះ​បញ្ជី​សុរិយោដី​បាន​ទេ។ ដី​ដែល​ចាត់​ទុក​ថា​ បាន​ចុះ​បញ្ជី​សុរិយោដី​ត្រឹមត្រូវ​គឺ​ដី​ដែល​បាន​ចុះ​បញ្ជី​សុរិយោដី​ និង​ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​តាម​ការ​ណែនាំ​របស់​ជំនាញ​ដោយ​អតីត​នាយកដ្ឋាន​សុរិយោដី ឬ​ដោយ​អគ្គ​នាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរោបនីយកម្ម និង​សំណង់។

សំណួរ៖ តើ​គណៈកម្មការ​សុរិយោដី មាន​យុត្តាធិការ​លើ​ដី​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែរ​ឬទេ? សូម​កំណត់​ឲ្យ​បាន​ច្បាស់​អំពី​ដី​សាធារណៈ​របស់​រដ្ឋ។

ចម្លើយ៖ ដី​សាធារណៈ​របស់​រដ្ឋ គឺ​ជា​ដី​ទាំងឡាយ​ណា​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​១៥​នៃ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១។ បច្ចុប្បន្ន មិន​ទាន់​មាន​មូលដ្ឋាន​ច្បាប់​ណា​​ផ្សេង​ទៀត​ដើម្បី​កំណត់​ថា ដី​ណា​ជា​ដី​សាធារណៈ​របស់​រដ្ឋ​នោះ​ទេ។ គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត/ក្រុង (មាត្រា​១៣១ នៃ​អនុក្រឹត្យ លេខ​៤៧)​ និង​ថ្នាក់​ជាតិ​មាន​យុត្តាធិការ​លើ​​វិវាទ​ដី​សាធារណៈ​របស់​រដ្ឋ​ បើ​សិន​ជា​ដី​នោះ​មិន​ចុះ​បញ្ជី​សុរិយោដី។ គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក/ខណ្ឌ​មិន​មាន​យុត្តាធិការ​លើ​វិវាទ​​ដី​សាធារណៈ​របស់​រដ្ឋ​ឡើយ ទោះ​បី​ដី​នោះ​មិន​ទាន់​បាន​ចុះ​បញ្ជី​សុរិយោដី​ក្ដី។

សំណួរ៖ តើ​មាន​ភាព​ខុស​ប្លែក​គ្នា​ដែរ​ឬ​ទេ​ រវាង​ដី​របស់​រដ្ឋ​នៅ​ក្នុង​បញ្ជី​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ដី​សាធារណៈ​របស់​​រដ្ឋ​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​១៥​ នៃ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១?

ចម្លើយ៖ បទបញ្ជា​របស់​រាជរដ្ឋាភិបាល​លេខ​ ៣០​ បប.​ចុះ​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​​១៩៩៧​ ស្ដី​ពី​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ តម្រូវ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ រៀបចំ​ឲ្យ​បាន​រួចរាល់​នូវ​បញ្ជី​​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ ហើយ​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី។ បញ្ជី​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​នោះ​រួម​មាន​ទាំង​ទ្រព្យ​សាធារណៈ​ និង​ទ្រព្យ​ឯកជន​របស់​រដ្ឋ។ ចំណែក​​ឯ​មាត្រា​១៥​នៃ​ច្បាប់​ ភូមិបាល​ ឆ្នាំ​២០០១​ គ្របដណ្ដប់​តែ​ទៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ប៉ុណ្ណោះ។

បញ្ជី​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​បញ្ជី​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​​នៃ​ស្ថាប័ន​ដទៃ​ទៀត​ ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​ ដូចជា​បញ្ជី​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ពេល UNTAC ជា​ដើម​ មិន​បាន​បង្កើត​ឲ្យ​មាន​ការ​ចុះ​បញ្ជី​សុរិយោដី​ឡើយ។ ហេតុ​ដូច្នេះ​ មិន​មាន​ការ​រាំងស្ទះ​អ្វី​ដល់​យុត្តាធិការ​របស់​គណៈកម្មការ​សុរិយោ​ដី​ទេ។

សំណួរ៖ ទោះ​បី​ជា​ច្បាប់​ភូមិបាល​មាត្រា​១៥​ បាន​រាយ​នូវ​ប្រភេទ​ដី​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ក៏​ដោយ​ ក៏​ច្បាប់​នោះ​មិន​បាន​កំណត់​អំពី​ព្រំប្រទល់​ដី​ទាំង​នោះ​ច្បាស់លាស់​នៅ​ឡើយ។ ជា​ឧទាហរណ៍​ ក្នុង​មាត្រា​នោះ​បាន​រាប់​បញ្ចូល​ដី​ត្រើយ​សមុទ្រ​ជា​ដី​សាធារណ​របស់​រដ្ឋ​ ប៉ុន្តែ​​មិន​បាន​កំណត់​ថា​ តើ​នៅ​ទី​ណា​ ត្រឹម​ណា​ ជា​​ដែន​កំណត់​ព្រំប្រទល់​ទេ? រាជរដ្ឋាភិបាល​កំពុង​តែ​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ អំពី​ព្រំប្រទល់​នៃ​ដី​ទាំង​នោះ​ ប៉ុន្តែ​​មិន​ទាន់​បាន​បញ្ចប់​សព្វគ្រប់​នៅ​ឡើយ។ ការ​ដឹង​នូវ​ព្រំប្រទល់​ដី​ទាំង​នោះ​ឲ្យ​បាន​ច្បាស់លាស់​ គឺ​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​សម្រេច​យុត្តាធិការ​របស់​គណៈកម្មការ​សុរិយោដី។ តើ​ការ​ខ្វះ​ខាត​មិន​បាន​កំណត់​ព្រំប្រទល់​ឲ្យ​បាន​ច្បាស់លាស់​យ៉ាង​នេះ​អាច​នាំ​ឲ្យ​​មាន​ការ​ពិបាក​ក្នុង​ការ​សម្រេច​យុត្តាធិការ​របស់​គណៈកម្មការ​សុរិយោដី​ឬ​ទេ?

ចម្លើយ៖ ការ​ខ្វះ​ខាត​ មិន​បាន​កំណត់​ព្រំប្រទល់​ឲ្យ​បាន​ច្បាស់លាស់​ មិន​ឲ្យ​​មាន​ការ​ពិបាក​ក្នុង​សម្រេច​យុត្តាធិការ​ របស់​គណៈកម្មការ​សុរិយោដី​ទេ។ ដរាប​ណា​ដី​ និង​នាំ​ទឹក​ឡាយ​ណា​ដែល​មិន​បាន​ចុះ​បញ្ជី​សុរិយោដី​ គឺ​គណៈកម្មការ​សុរិយោដី​មាន​យុត្តាធិការ​លើ​វិវាទ​ដី​ប្រភេទ​​នោះ​ទាំងអស់។ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​សំណួរ​ទាក់ទង​នឹង​សិទ្ធិ​ទៅ​លើ​ដី​នេះ​ ទើប​ការ​កំណត់​ព្រំប្រទល់​មិន​បាន​ច្បាស់លាស់​ចោទ​ជា​បញ្ហា។ នៅ​ពេល​មាន​វិវាទ​ទាក់ទង​នឹង​ដី​របស់​រដ្ឋ​គណៈកម្មការ​សុរិយោដី​ត្រូវ​តែ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់​ថា​ ដី​នោះ​ជា​ដី​ឯកជន​​ ឬ​ជា​ដី​សាធារណៈ​របស់​រដ្ឋ។ បើ​សិន​ដី​នោះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ ហើយ​ទម្រាំ​តែ​រាជរដ្ឋាភិបាល​សម្រេច​ជា​គោលការណ៍​លើ​បញ្ហា​​នេះ​ គណៈកម្មការ​សុរិយោដី​គួរ​តែ​​ធ្វើ​តាម​ការណែនាំ​ដូច​ខាង​ក្រោម​ ដើម្បី​ឲ្យ​មាន​ភាព​ច្បាស់លាស់​ និង​ឯកភាព​គ្នា​ជា​បណ្ដោះអាសន្ន:​

ក-ព្រៃឈើ​

គណៈកម្មការ​សុរិយោដី​​ត្រូវ​តែ​ចុះ​ធ្វើការ​ស៊ើប​អង្កេត​ដោយ​ផ្ទាល់​ ដើម្បី​ដឹង​ថា​ ដី​នោះ​ជា​ដី​ព្រៃ​ពិត​ដែរ​ឬ​ទេ?

ខ- ផ្លូវ​ទឹក​ដែល​នាវា​ ឬ​ក្បូន​ចេញ​ចូល​បាន​

ទាំង​នេះ​ គឺ​ជា​ផ្លូវ​ទឹក​ទាំងឡាយ​ណា​ដែល​ទន្លេ​ ឬ​ខ្សែ​ទឹក​ផ្សេងៗ​ជា​ដើម​ ដែល​តែងតែ​ហូរ​កាត់​​ជា​ទៀងទាត់​ ក្នុង​រយៈ​ពេល​ជា​មធ្យម​នៃ​រដូវ​ដែល​មាន​ទឹក​ជំនន់​ ឬ​រដូវវស្សា​ក្នុង​ឆ្នាំ​​នីមួយៗ។

គ- បឹង​ធម្មជាតិ

ទាំង​នេះ​ គឺ​ជា​ដី​ទាំងឡាយ​ណា​ ដែល​គ្របដណ្ដប់​ដោយ​ទឹក​ជា​ទៀងទាត់​ ក្នុង​រយៈពេល​មធ្យម​នៃ​រដូវ​ដែល​មាន​ទឹក​ជំនន់​ ឬ​រដូវវស្សា​ក្នុង​ឆ្នាំ​នីមួយៗ

ឃ- ច្រាំង​ទន្លេ​ ដែល​នាវា​ ឬ​ក្បូន​ចេញ​ចូល​បាន​ ឬ​បណ្ដែត​បាន​​

ច្រាំង​ទន្លេ​ ចាប់ផ្ដើម​នៅ​ទី​ដែល​ដី​ចាប់​ផ្ដើម​ជ្រាល​ទេរ​យ៉ាង​ខ្លាំង​ទៅ​កាន់​ទន្លេ។

ង- ត្រើយ​សមុទ្រ​

ត្រើយ​សមុទ្រ​ គឺ​ជា​កន្លែង​​ណា​ដែល​ងើប​ចេញ​ជា​មធ្យម​ពី​សមុទ្រ។ បើ​សិន​ជា​មាន​ឆ្នេរ​ខ្សាច់​ ព្រំប្រទល់​នៃ​ត្រើយ​សមុទ្រ​ គឺ​ជា​កន្លែង​ដែល​ចាប់​ផ្ដើម​មាន​រុក្ខជាតិ​ដុះ​និង​ដាំ​បាន។

ច- ដី​ផ្លូវ​សាធារណៈ

នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​ការ​ណែនាំ​តែ​មួយ​គត់​ ដែល​ទាក់ទង​នឹង​ផ្លូវ​សាធារណៈ​ គឺ​ប្រការ​៨​នៃ​សេចក្ដី​ប្រកាស​របស់​រាជរដ្ឋាភិបាល​លេខ​០៦​ ប្រក​ ចុះ​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៩​ ស្ដី​ពី​វិធានការ​​លុបបំបាត់​ភាព​អនាធិបតេយ្យ​ ក្នុង​បញ្ហា​ទន្ទ្រាន​កាន់កាប់​ដីធ្លី​ បាន​ចែង​ដូច​ខាង​ក្រោម​នេះ

-ផ្លូវ​ជាតិ​ដែល​មាន​លេខ​មួយ​ខ្ទង់​ ដូចជា​ ២-៣-៦-៧ ចម្ងាយ​២៥​ម៉ែត្រ​ពី​សងខាង​អ័ក្ស​ផ្លូវ​លើកលែង​តែ​ផ្លូវ​ជាតិ​១-៤-៥ កំណត់​ចម្ងាយ​៣០​ម៉ែត្រ​ ពី​សងខាង​អ័ក្ស​ផ្លូវ។

-ផ្លូវជាតិ​ដែល​មាន​លេខ​ពី​ខ្ទង់​ ដូចជា​១១-២២-៦៤-៧៨ ចម្ងាយ​២៥​ម៉ែត្រ​ពី​សងខាង​អ័ក្ស​ផ្លូវ។

-ផ្លូវ​ខេត្ត​ចម្ងាយ​២០​ម៉ែត្រ​ ពី​សងខាង​អ័ក្ស​ផ្លូវ

-ផ្លូវ​ឃុំ​ចម្ងាយ​១៥​ម៉ែត្រ ​ពី​សងខាង​អ័ក្ស​ផ្លូវ

ការ​កំណត់​ចំណី​ផ្លូវ​នេះ​​ មិន​យក​មក​អនុវត្ត​ក្នុង​ទី​ប្រជុំ​ជន​ទេ។

សំណួរ៖ តើ​គណៈកម្មការ​សុរិយោដី​​មាន​យុត្តាធិការ​ទៅ​លើ​វិវាទ​ដែល​ភាគី​ម្ខាង​ជា​រដ្ឋ​ បាន​ដក​ហូត​ដី​ឯកជន​របស់​បុគ្គល​សម្រាប់​គម្រោង​សាធារណៈ​ណា​មួយ​ ឬ​រឿង​ក្ដី​ប្រភេទ​ណា​មួយ​ក៏​ដោយ​ ដែល​មាន​ភាគី​ម្ខាង​ទៀត​ជា​រដ្ឋ?

ចម្លើយ៖ គណៈកម្មការ​សុរិយោដី​ មិន​មាន​យុត្តាធិការ​លើ​វិវាទ​ ដែល​រដ្ឋ​ធ្វើ​ការ​ដក​ហូត​​ដី​សម្រាប់​គម្រោង​សាធារណៈ​ឡើយ។ វិវាទ​បែប​នេះ​ ត្រូវ​តែ​បាន​ដោះស្រាយ​ដោយ​គណៈកម្មការ​​មួយ​ដែល​ត្រូវ​បាន​​បង្កើត​ឡើង​ដោយ​រាជរដ្ឋាភិបាល។ នៅ​ពេល​ដែល​រដ្ឋ​ត្រូវ​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ដី​របស់​រដ្ឋ​​គណៈកម្មការ​សុរិយោដី​មាន​យុត្តាធិការ​ បើ​សិន​ជា​ភាគី​ដើម​បណ្ដឹង​ប្ដឹង​ ទាមទារ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ តាម​លទ្ធកម្ម​ពិសេស​​នៃ​ភោគៈ​ ដូច​ដែល​មាន​ចែង​ក្នុង​ជំពូក​ទី​៤​ នៃ​ច្បាប់​ភូមិបាល។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​គណៈកម្មការ​សុរិយោដី​គ្មាន​យុត្តាធិការ​ទេ​ បើ​សិន​ជា​ដើម​បណ្ដឹង​គ្រាន់​តែ​​ផ្អែក​ទៅ​លើ​ការ​ព្រមព្រៀង​ជា​លាយលក្ខណ៍​អក្សរ​ ឬ​ដោយ​ផ្ទាល់​មាត់​ជាមួយ​នឹង​អាជ្ញាធរ​ អំពី​ការ​អនុញ្ញាត​ឲ្យ​កាន់​​កាប់​ដី​នោះ​ដោយ​ហេតុ​ថា​ អាជ្ញាធរ​អាច​បញ្ចប់​ការ​កាន់កាប់​ដី​នោះ​ទេ។

សំណួរ៖ តើ​មាត្រា​២០​ និង​មាត្រា​២១​ នៃ​ច្បាប់​ភូមិបាល​ បាន​ចែង​ថា​ អចលនវត្ថុ​ជា​ដី​ និង​ជា​សំណង់​ដែល​មាន​នៅ​ក្នុង​និង​ក្រៅ​បរិវេណ​វត្តអារាម​នៃ​ព្រះពុទ្ធ​សាសនា​​មិន​អាច​ក្លាយ​ទៅ​ជា​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​បុគ្គល​ណា​មួយ​ឡើយ។ មិន​មាន​និយម​ន័យ​​ឲ្យ​បាន​ច្បាស់លាស់​ទាក់ទង​នឹង​ទី​តាំង​ក្រៅ​បរិវេណ​វត្ត​ទេ​ ហើយ​ភាគ​ច្រើន​មិន​ទាន់​​បាន​ចុះ​បញ្ជី​សុរិយោដី​នៅ​ឡើយ​ ទោះ​បី​ជាយថាហេតុ​ដី​ប្រភេទ​នេះ​ នឹង​ត្រូវ​តែ​​បាន​ចុះ​បញ្ជី​សុរិយោដី​ក៏​ដោយ។​ តើ​គណៈកម្មការ​សុរិយោដី​មាន​យុត្តាធិការ​លើ​ទ្រព្យ​វត្ត​ប្រភេទ​​នេះ​ដែរ​ឬ​ទេ?

ចម្លើយ៖ គណៈកម្មការ​សុរិយោដី​ មាន​យុត្តាធិការ​​លើ​វិវាទ​ទាមទារ​ដី​ដែល​ជា​ទ្រព្យ​វត្ត​នេះ​ បើ​សិន​ជា​ដី​នោះ​មិន​ទាន់​ត្រូវ​បាន​ចុះ​បញ្ជី​សុរិយោដី​នៅ​ឡើយ​ទេ។ បើ​សិន​ជា​ដី​នោះ​ត្រូវ​​បាន​ចុះ​បញ្ជី​រួច​ហើយ​ នោះ​គណៈកម្មការ​សុរិយោដី​មិន​មាន​យុត្តាធិការ​ទេ។

សំណួរ៖ មាត្រា​២៦​​នៃ​ច្បាប់​ភូមិបាល​បាន​ចែង​ថា​​ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ នឹង​មាន​​កម្មសិទ្ធិ​លើ​ដី​ដែល​គេ​កំពុង​រស់នៅ​ និង​ធ្វើ​កសិកម្ម។ ដោយ​ផ្អែក​តាម​មាតិកា​ទី​៦​នៃ​ច្បាប់​ភូមិបាល​ និង​អនុក្រឹត្យ​ទាំងឡាយ​​ដែល​ពាក់ព័ន្ធ​ ពួក​គេ​នឹង​ត្រូវ​ទទួល​បាន​ឯកសារ​​សំគាល់​សិទ្ធិ​លើ​ដី​ទាំង​នោះ​ រួម​ទាំង​ការ​កំណត់​ព្រំប្រទល់​ផង។ ហើយ​ឯកសារ​ទាំង​នេះ​ នឹង​ក្លាយ​ជា​ប័ណ្ណ​មួយ​ប្រភេទ​បន្ថែម​ទៀត​ នៃ​បញ្ជី​សុរិយោដី។ ទម្រាំ​តែ​ដល់​ពេល​ចេញ​ប័ណ្ណ​ទាំង​នេះ​ តើ​ត្រូវ​សម្រេច​យ៉ាង​ដូចម្ដេច​ដើម្បី​ដឹង​ថា​ដី​ទាំង​នោះ​នៅ​ទី​ណា​ពិតប្រាកដ?

ចម្លើយ៖ មិន​មាន​ការ​ណែនាំ​​ដ៏​ជាក់​ច្បាស់​ណា​មួយ​លើ​​បញ្ហា​នេះ​ទេ​ ក្រៅ​ពី​គណៈកម្មការ​សុរិយោដី។ ហេតុ​នេះ​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ប្រយ័ត្នប្រយែង​ ដូច​មាន​ចែង​នៅ​ក្នុង​​មាត្រា​២៥​ នៃ​ច្បាប់​ភូមិបាល​ ស្ដី​ពី​ការ​វាស់វែង​ និង​ការ​កំណត់​ព្រំប្រទល់​នៃ​​អចលនវត្ថុ​របស់​សហគមន៍​ទាំង​នោះ។

សំណួរ៖ តើ​ដី​សម្បទាន​អាច​កំណត់​ថា​ ជា​ដី​ដែល​បាន​ចុះ​បញ្ជី​សុរិយោដី​ហើយ​ឬ​ទេ?

ចម្លើយ៖ ផ្អែក​តាម​មាត្រា​៥៣​​ នៃ​ច្បាប់​ភូមិបាល​ បាន​តម្រូវ​ឲ្យ​ចុះ​បញ្ជី​សុរិយោដី​នូវ​ដី​សម្បទាន។ ហេតុ​នេះ​ដី​សម្បទាន​ គឺ​ជា​ដី​ដែល​បាន​ចុះ​បញ្ជី​សុរិយោដី​ដែល​គណៈកម្មការ​សុរិយោដី​ មិន​មាន​យុត្តាធិការ​លើ​វិវាទ​នេះ​ទេ។

សំណួរ៖​ ដី​សម្បទាន​មាន​ពាក់ព័ន្ធ​នឹង​ប្រជាជន​មួយ​ចំនួន​​ ខ្លះ​មាន​ប័ណ្ណ​ ខ្លះ​គ្មាន​ប័ណ្ណ​ តើ​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​ណា?

ចម្លើយ៖ គ្មាន​យុត្តាធិការ​​របស់​គណៈកម្មការ​សុរិយោដី​ទេ​នៅ​ពេល​ដែល​ដី​នោះ​ជា​ដី​ចុះ​បញ្ជី​សុរិយោដី។

សំណួរ៖ តើ​ដី​ដែល​​បាន​បាត់បង់​ ដោយ​ការ​ប្រើ​អំពើហិង្សា​មុន​ច្បាប់​ភូមិបាល​ចូល​ជា​ធរមាន​ ឬ​មុន​ការ​បង្កើត​គណៈកម្មការ​សុរិយោដី​ តើ​ភាគី​ម្ចាស់​ដី​ដែល​បាត់បង់​​ដី​នោះ​មាន​សិទ្ធិ​ដាក់​សិទ្ធិ​ដាក់​ពាក្យ​ប្ដឹង​មក​គណៈកម្មការ​សុរិយោដី​ ដើម្បី​ទាមទារ​ដី​នោះ​បាន​ដែរ​ឬ​ទេ?

ចម្លើយ៖​ បើ​សិន​ជា​ដី​នោះ​​ ជា​ដី​ដែល​មិន​ទាន់​ចុះ​បញ្ជី​សុរិយោដី​ គណៈកម្មការ​សុរិយោដី​​មាន​យុត្តាធិការ​លើ​រឿង​ក្ដី​នោះ។

បើ​សិន​ជា​ដី​នោះ​ ជា​​ដី​ដែល​​បាន​ចុះ​បញ្ជី​សុរិយោដី​រួច​ហើយ​ គណៈកម្មការ​សុរិយោដី​ មិន​អាច​ទទួល​យក​រឿង​ក្ដី​នោះ​បាន​ទេ។

សំណួរ៖ ដី​ទំនាស់​ជាប់​ព្រំ​គ្នា ដែល​មាន​ព្រំប្រទល់​មិន​ច្បាស់លាស់។ ដី​មួយ​មាន​ប័ណ្ណ​ ដី​មួយ​គ្មាន​ប័ណ្ណ។ ពេល​វិវាទ​កើត​ឡើង​ត្រង់​ចំណុច​ព្រំប្រទល់​ ដែល​មិន​ច្បាស់លាស់​នោះ​ តើ​គណៈកម្មការ​សុរិយោដី​ មាន​យុត្តាធិការ​ដែរ​ឬ​ទេ?

ចម្លើយ៖ បើ​សិន​ជា​មិន​ច្បាស់លាស់​ថា​​ដី​នោះ​មាន​ប័ណ្ណ​ ឬ​គ្មាន​ប័ណ្ណ​ យោង​តាម​ប្រការ​១៩​នៃ​ប្រកាស​លេខ​១១២​ គណៈកម្មការ​សុរិយោដី​ ត្រូវ​សម្រេច​ថា​ ខ្លួន​មាន​យុត្តាធិការ។ គណៈកម្មការ​សុរិយោដី​ ត្រូវ​ទទួល​រឿង​ក្ដី​នោះ​ ហើយ​ធ្វើការ​ស៊ើប​អង្កេត​ បើ​ឃើញ​ថា​ គណៈកម្មការ​សុរិយោដី​​មិន​មាន​យុត្តាធិការ​លើ​វិវាទ​នោះ​ទេ​ ទើប​សម្រេច​ច្រានចោល​ វិវាទ​​នោះ​ជា​ក្រោយ​យោង​តាម​​ប្រការ​១៧​ នៃ​ប្រកាស​លេខ​១១២។ នៅ​ក្នុង​ជម្លោះ​ព្រំប្រទល់​ដូច្នេះ​ គណៈកម្មការ​សុរិយោដី​ត្រូវ​តែ​ព្យាយាម​ដើម្បី​សម្រេច​ឲ្យ​ដី​​ថា​ អ្នក​ប្ដឹង​មាន​ប័ណ្ណ​ ឬ​គ្មាន​ប័ណ្ណ។ បើ​សិន​ជា​អ្នក​គ្មាន​ប័ណ្ណ​ជា​ដើមបណ្ដឹង​ នោះ​ជា​យុត្តាធិការ​របស់​គណៈកម្មការ​សុរិយោដី​។ បើ​សិន​ជា​អ្នក​មាន​ប័ណ្ណ​ជា​ដើម​ប្ដឹង​វិញ​វិញ​នោះ​មិនមែន​ជា​យុត្តាធិការ​របស់​គណៈកម្មការ​សុរិយោដី​ទេ។

សំណួរ៖ ដី​ដែល​ស្ថិត​នៅ​តំបន់​ព្រំប្រទល់​រដ្ឋបាល​មិន​ច្បាស់លាស់​ តើ​កំណត់​យុត្តាធិការ​យ៉ាង​ដូចម្ដេច?

ចម្លើយ៖ បើ​សិន​ជា​ដី​នោះ​ស្ថិត​នៅ​ក្នុង​ស្រុក​២​ផ្សេង​គ្នា​ នៃ​ខេត្ត​តែ​មួយ​នោះ​ គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក-ខណ្ឌ​ត្រូវ​បញ្ជូន​សំណុំ​រឿង​វិវាទ​នោះ​ទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត-ក្រុង។ បើ​សិន​ជា​វិវាទ​ឋិត​នៅ​ក្នុង​ខេត្ត-ក្រុង​​ផ្សេង​គ្នា​នោះ គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក-ខណ្ឌ​ ត្រូវ​បញ្ជូន​សំណុំ​រឿង​ទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត-ក្រុង ​​ដើម្បី​ឲ្យ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត-ក្រុង​បញ្ជូន​ទៅ​ថ្នាក់​ជាតិ។ ទម្រង់​បែបបទ​នៃ​ការ​​បញ្ជូន​សំណុំ​រឿង​ ត្រូវ​ភ្ជាប់​ជាមួយ​នឹង​ព័ត៌មាន​ដែល​ទាក់ទង​នឹង​វិវាទ​ និង​សំណើ​នៃ​ដោះស្រាយ​វិវាទ។

សំណួរ៖ ករណី​ដែល​ភាគី​ទំនាស់​មក​ប្ដឹង​ថា​ ដី​នេះ​ជា​ដី​គ្មាន​ប័ណ្ណ​ទេ​ តែ​ក្រោយ​ការ​ស៊ើប​អង្កេត​ឃើញ​ថា​ ដី​នោះ​មាន​ប័ណ្ណ​ ដែល​បាន​លក់​​តៗ​គ្នា​ ជា​ច្រើន​លើក​ច្រើន​សា​ណាស់​មក​ហើយ។ តើ​យើង​ត្រូវ​បន្ត​ដោះស្រាយ​ ឬ​បង្វែង​ទៅ​តុលាការ?

ចម្លើយ៖ នៅ​គ្រប់​ករណី​ដែល​ថា​ គណៈកម្មការ​​សុរិយោដី​ធ្វើ​ការ​​ស៊ើប​អង្កេត​ទៅ​ឃើញ​ថា ​ជា​ដី​ដែល​បាន​ចុះ​បញ្ជី​សុរិយោដី​រួច​ហើយ​ គណៈកម្មការ​សុរិយោដី​ ត្រូវ​ច្រាន​ចោល​បណ្ដឹង​នោះ​​ហើយ​ឈប់​ដំណើរការ​ដោះស្រាយ​វិវាទ​នោះ។

សំណួរ៖ តើ​គណៈកម្មការ​សុរិយោដី​មាន​យុត្តាធិការ​លើ​វិវាទ​​ដែល​ភាគី​ម្ខាង​មិន​មាន​សញ្ជាតិ​ខ្មែរ​ដែរ​​ឬ​ទេ?

ចម្លើយ​៖ ពុំ​មាន​លិខិត​បទដ្ឋាន​គតិយុត្ត​​ណា​មួយ​ចែង​អំពី​ចំណុច​​នេះ​ទេ។

សំណួរ៖ សូម​ចែង​អំពី​ការ​កំណត់​រយៈពេល​នៃ​សិទ្ធិ​ប្ដឹង​នៅ​ក្នុង​​វិវាទ​ដី​ធ្លី​ឲ្យ​បាន​ច្បាស់?

ចម្លើយ៖ រហូត​មក​ដល់​ពេល​នេះ​ ពុំ​មាន​ច្បាប់​ណា​មួយ​ដែល​​ចែង​អំពី​ពេល​កំណត់​ នៃ​ការ​​ដាក់​ពាក្យ​ប្ដឹង​វិវាទ​ដី​ធ្លី​​ទៅ​តុលាការ​ទេ។ ដូចគ្នា​​នេះ​ដែរ​ការ​ដាក់​ពាក្យ​ប្ដឹង​មក​គណៈកម្មការ​សុរិយោដី​ក៏​មិន​មាន​​ពេល​កំណត់​ទេ​ (មាន​ករណី​លើកលែង​មួយ​នៅ​ក្នុង​មាត្រា​៣៣​ នៃ​ច្បាប់​​ភូមិបាល​ ដែល​ទាក់ទង​ទៅ​នឹង​ការ​ដកហូត​យក​ដី​ធ្លី​ ដោយ​ការ​រំលោភ​អំណាច​ ឬ​ដោយ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​​ដី​នោះ​ត្រូវ​បង្វែរ​មក​ជា​ដី​របស់​រដ្ឋ​វិញ​ ដោយ​ប្រកាស​នៃ​ការ​ដកហូត​របស់​រដ្ឋ​ពី​ជន​ដែល​រំលោភ​នោះ។ ជន​រងគ្រោះ​ត្រូវ​ប្ដឹង​ដើម្បី​ទាមទារ​សិទ្ធិ​លើ​ដី​នោះ​វិញ​ ក្នុង​អំឡុង​ពេល​៣​ឆ្នាំ​ គិត​ចាប់​ពី​ថ្ងៃ​ប្រកាស​ដកហូត​ដោយ​រដ្ឋ។ បើ​ហួស​ពី​ពេល​នេះ​ ភាគី​រងគ្រោះ​មិន​អាច​ប្ដឹង​បាន​ទេ​ ហើយ​ដី​នោះ​ក៏មិន​អាច​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​កាន់កាប់​ថ្មី​ទៀត​ដែរ)។

ខ- យុត្តាធិការ​របស់​គណៈកម្មការ​សុរិយោដី​ និង​យុត្តាធិការ​​របស់​តុលាការ

សំណួរ៖ បើ​សិន​ជា​ភាគី​មួយ​បាន​ទទួល​ការ​ដោះស្រាយ​នៅ​តុលាការ​រួច​ហើយ​ ប៉ុន្តែ​​ភាគី​មិន​អស់​ចិត្ត​នឹង​​សេចក្ដី​សម្រេច​នោះ​ បើ​សិន​ជា​ភាគី​នោះ​ប្ដឹង​មក​គណៈកម្មការ​សុរិយោដី​ តើ​គណៈកម្មការ​សុរិយោដី​ទទួល​យក​ឬ​ទេ?

ចម្លើយ៖ នៅ​ក្នុង​ករណី​បែប​នេះ​ គណៈកម្មការ​សុរិយោដី​​មិន​អាច​ទទួល​យក​រឿង​ក្ដី​នោះ​បាន​ទេ។

សំណួរ៖ បើ​សិន​ជា​រឿង​វិវាទ​នេះ​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​របស់​គណៈកម្មការ​សុរិយោដី​ ប៉ុន្តែ​​ភាគី​ទាំង​សង​ខាង​បាន​ព្រមព្រៀង​គ្នា​ប្ដឹង​​ទៅ​តុលាការ​ជំនួស​ឲ្យ​ការ​ប្ដឹង​មក​គណៈកម្មការ​សុរិយោដី​វិញ តើ​ភាគី​ទាំង​២​ អាច​ធ្វើ​ដូច្នេះ​បាន​ដែរ​ឬ​ទេ?

ចម្លើយ៖ មាត្រា​៤៧ នៃ​ច្បាប់​ភូមិបាល​តម្រូវ​ឲ្យ​ជម្លោះ​ទាំងឡាយ​ណា​ដែល​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​គណៈកម្មការ​សុរិយោដី​ ត្រូវ​តែ​ចូល​មក​គណៈកម្មការ​សុរិយោដី​ មិន​មាន​ជម្រើស​ណា​ផ្សេង​ទៀត​ទេ។ ភាគី​វិវាទ​​អាច​ប្ដឹង​ទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក/ខណ្ឌ។ នៅ​ក្នុង​ករណី​មាន​ការ​បដិសេធន៍​មិន​ព្រម​ធ្វើ​ការ​សម្រុះសម្រួល​រឿង​ក្ដី ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​​ខេត្ត/ក្រុង។ ភាគី​ទាំង​សង​ខាង​អាច​ធ្វើ​ការ​បដិសេធន៍​មិន​ព្រម​ធ្វើការ​​សម្រុះសម្រួល​ម្ដង​ទៀត។ ប៉ុន្តែ​​នៅ​ពេល​ដែល​រឿង​ក្ដី​ ត្រូវ​បាន​បញ្ជូន​ទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ បើ​សិន​​ជា​ពួក​គេ​នៅ​តែ​បដិសេធ​មិន​ព្រម​ធ្វើ​ការ​សម្រុះសម្រួល​​នោះ​ ការ​សម្រេច​​សេចក្ដី​នឹង​​ត្រូវ​ធ្វើ​ឡើង​ចំពោះ​រឿង​ក្ដី​នោះ​ អ្នក​ដែល​ចាញ់​អាច​ប្ដឹង​ទៅ​តុលាការ​បាន។

សំណួរ៖ បើ​សិន​ជា​វិវាទ​មួយ​មិន​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​របស់​គណៈកម្មការ​សុរិយោដី​ទេ​ ប៉ុន្តែ​​ភាគី​ទាំង​សង​ខាង​ព្រមព្រៀង​គ្នា​ប្ដឹង​ទៅ​គណៈកម្មការ​សុរិយោដី​ជំនួស​ឲ្យ​តុលាការ។ តើ​អាច​បាន​ឬ​ទេ?

ចម្លើយ៖ អង្គ​ហេតុ​ដែល​បង្ហាញ​ថា​ វិវាទ​​មិន​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​របស់​គណៈកម្មការ​សុរិយោដី​ បណ្ដឹង​មិន​អាច​ត្រូវ​​បាន​ផ្លាស់​ប្ដូរ​តាម​តែ​ចំណង់​ចំណូល​ចិត្ត​របស់​ភាគី​បាន​ទេ។

សំណួរ៖ តើ​ភាគី​អាច​ប្ដឹង​​នៅ​គណៈកម្មការ​សុរិយោដី​ផង​ និង​នៅ​តុលាការ​ផង​ ក្នុង​ពេល​តែ​មួយ​បាន​​ដែរ​ឬ​ទេ?

ចម្លើយ៖ មិន​អាច​ទេ។ បើ​សិន​ជា​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​របស់​គណៈកម្មការ​សុរិយោដី​នេះ​វិវាទ​ត្រូវ​តែ​ប្ដឹង​មក​គណៈកម្មការ​សុរិយោដី​ ទោះ​បី​ជា​មាន​ភាគី​ណា​មួយ​ប្ដឹង​ទៅ​តុលាការ​​ក៏​តុលាការ​មិន​ទទួល​ពាក្យ​ប្ដឹង​ឡើយ។ វិវាទ​មួយ​មិន​អាច​ត្រូវ​បាន​ប្ដឹង​មក​គណៈកម្មការ​សុរិយោដី​ផង​ឬ/និង​តុលាការ​ផង​ក្នុង​ពេល​តែ​មួយ​បាន​ទេ។

សំណួរ៖ បន្ទាប់​ពី​ការ​សម្រេច​របស់​​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ បើ​សិន​ជា​មាន​ភាគី​ណា​មួយ​មិន​សុខចិត្ត​ ហើយ​ប្ដឹង​ទៅ​តុលាការ​ តើ​តុលាការ​មួយ​ណា​ដែល​មាន​យុត្តាធិការ​ដើម្បី​ដោះស្រាយ​វិវាទ​នេះ?

ចម្លើយ៖ អនុក្រឹត្យ​លេខ​៤៧​ អនក្រ.បក​ ចុះ​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​ ឆ្នាំ​២០០២​​ស្ដី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការ​សុរិយោដី​ ត្រង់​មាត្រា​២៣​ បាន​ចែង​ថា​ "ភាគី​វិវាទ​ មាន​សិទ្ធិ​ស្នើ​ឲ្យ​​មាន​​ការ​ពិនិត្យ​ឡើង​វិញ​ផ្នែក​ច្បាប់​ លើ​ការ​សម្រេច​របស់​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ ដោយ​ប្ដឹង​ទៅ​តុលាការ​ក្នុង​រយៈពេល​៣០​ (សាមហិប) ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទទួល​បាន​សេចក្ដី​សម្រេច។ ប្រសិន​​បើ​តុលាការ​​បញ្ជូន​រឿង​ក្ដី​ទៅ​គណៈកម្មការ​​សុរិយោដី​វិញ​ ដោយ​ហេតុ​ថា​ គណៈកម្មការ​សុរិយោដី​មិន​បាន​អនុវត្ត​តាម​នីតិវិធី​សមស្រប​ ឬ​ដោយ​មាន​វិវាទ​អំពី​ផល​ប្រយោជន៍​ ឬ​ដោយ​មិន​​ផ្ដល់​ហេតុ​ផល​សមរម្យ​ ឬ​ដោយ​អនុវត្ត​ហួស​ពី​​ពី​សមត្ថកិច្ច​របស់​ខ្លួន​នោះ​គណៈកម្មការ​សុរិយោដី​ត្រូវ​ចាត់​វិធានការ​អនុវត្ត​តាម​សំណូមពរ​របស់​តុលាការ។ ភាគី​ដែល​ស្នើ​សុំ​ការ​ពិនិត្យ​ឡើង​វិញ​ផ្នែក​ច្បាប់​ ត្រូវ​ជូន​ដំណឹង​ជា​លាយលក្ខណ៍​អក្សរ​អំពី​បណ្ដឹង​ទៅ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ។ លេខាធិការដ្ឋាន​ ត្រូវ​ធានា​ការពារ​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​សុរិយោដី​ ចំពោះ​តុលាការ។ តុលាការ​ត្រូវ​ផ្ញើ​ច្បាប់​ចម្លង​​នៃ​សាលក្រម​ ឬ​សាលដីកា ដែល​បាន​ចូល​ជា​ស្ថាពរ​ មក​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ ដើម្បី​ចាត់ចែង​​ដំណើរការ​អនុវត្ត​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​ដី។ ប្រសិន​បើ​គ្មាន​បណ្ដឹង​ក្នុង​រយៈពេល​៣០​ (សាមសិប) ថ្ងៃ​ដូច​បាន​កំណត់​នៅ​ក្នុង​មាត្រា​នេះ​ នោះ​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​សុរិយោដី​ថ្នាក់​​ជាតិ​ត្រូវ​ចាត់​​ទុក​ជា​ស្ថាពរ"។ ខ្លឹមសារ​នៃ​មាត្រា​២៣​នេះ​មិន​បាន​បញ្ជាក់​​ច្បាស់​ថា​ តើ​តុលាការ​​មួយ​ណា​ដែល​មាន​យុត្តាធិការ​នោះ​ទេ។

សំណួរ៖ តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ក្នុង​ការ​ផ្ទេរ​សំណុំ​រឿង​ពី​តុលាការ​មក​ឲ្យ​គណៈកម្មការ​សុរិយោដី​វិញ​ ក្នុង​ករណី​ដែល​សំណុំ​រឿង​ទាំង​នោះ​ឋិត​នៅ ក្នុង​យុត្តាធិការ​របស់​គណៈកម្មការ​សុរិយោដី?

ចម្លើយ៖ សំណុំ​រឿង​វិវាទ​​ដែល​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​ របស់​គណៈកម្មការ​សុរិយោដី​ ប៉ុន្តែ​ភាគី​បាន​ប្ដឹង​ទៅ​តុលាការ ហើយ​តុលាការ​កំពុង​ចាត់​ការ​សំណុំ​រឿង​នោះ​ តុលាការ​ត្រូវ​បន្ត​ និង​បញ្ចប់​ការ​ដោះស្រាយ​វិវាទ។ ចំពោះ​ករណី​នេះ​តុលាការ​អាច​សំណូមពរ​មក​ក្រសួង​រៀបចំ​ដែនដី​ នគរោបនីយកម្ម​ និង​សំណង់​ បំភ្លឺ​ផ្នែក​បច្ចេកទេស​សុរិយោដី។ បន្ទាប់​ពី​ការ​​ចេញ​ប្រកាស​អន្តរក្រសួង​ រវាង​ក្រសួង​រៀបចំ​ដែនដី​ នគរោបនីយកម្ម​ និង​សំណង់​ និង​ក្រសួង​យុត្តិធម៌​ តុលាការ​ខេត្ត/ក្រុង​ ត្រូវ​បញ្ឈប់​ការ​ទទួល​បណ្ដឹង​ពាក់ព័ន្ធ​នឹង​​វិវាទ​ដី​ធ្លី​ ដែល​មិន​ទាន់​ចុះ​បញ្ជី​សុរិយោដី។

គ- បណ្ដឹង​សុំ​ឲ្យ​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់

សំណួរ៖ តើ​ធ្វើ​ដូចម្ដេច​ដើម្បី​ទទួល​បាន​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដូចជា​ប៉ូលិស​ ឲ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​ការពារ​ឬ​ទប់ស្កាត់ អំពើ​ហិង្សា​នៅ​ក្នុង​​អំឡុង​ពេល​មាន​បណ្ដឹង​សុំ​ឲ្យ​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​បន្ទាប់​ពី​ទទួល​បាន​ពាក្យ​ប្ដឹង​ដោយ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក-ខណ្ឌ​ ឬ​ក្នុង​ការ​អនុវត្តន៍​សេចក្ដី​សម្រេច​ (សេចក្ដី​សម្រេច​បណ្ដោះ​អាសន្ន​ ឬ​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ)?

ចម្លើយ៖ មាត្រា​២៦៣ នៃ​ច្បាប់​ភូមិបាល​បាន​ចែង​ទាក់ទង​ទៅ​នឹង​ការ​ផាក​ពិន័យ​ និង​ទណ្ឌកម្ម​ខាង​ផ្នែក​រដ្ឋបាល​ដល់​អាជ្ញាធរ​មាន​សមត្ថភាព​ដូច​​ត​ទៅ "អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដែល​​ព្រងើយ​កន្តើយ​ ឬ​បណ្ដោយ​ឲ្យ​សាមញ្ញជន​ ប្រព្រឹត្ត​ដោយ​រំលោភ​សិទ្ធិ​របស់​​កម្មសិទ្ធិករ​របស់​ភោគី​ ឬ​របស់​អ្នក​កាន់​កាប់​ ដោយ​សន្តិភាព​​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​​ជា​ប្រាក់​ពី​១.០០០.០០០​(មួយ​លាន​រៀល) ដល់​១០.០០០.០០០​ (ដប់​លាន​រៀល) និង​ត្រូវ​ទទួល​ទោស​រដ្ឋបាល​ថែម​ទៀត"។ វិធានការ​មួយ​ដ៏​ប្រសើរ​ ដើម្បី​អនុវត្ត​មាត្រា​ខាង​លើ​ គឺ​ប្រកាស​អន្តរក្រសួង​របស់​ក្រសួង​​រៀបចំ​ដែនដី​ នគរោបនីយកម្ម​ និង​សំណង់ ជាមួយ​ក្រសួង​មហាផ្ទៃ។ ប្រកាស​អន្តរ​ក្រសួង​នេះ​ ត្រូវ​​មាន​ចែង​អំពី​វិធានការ​ បន្ទាប់​ពី​បាន​​ទទួល​ពាក្យ​ប្ដឹង:

-គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក-ខណ្ឌ​ ត្រូវ​ជូន​ដំណឹង​ដល់​អភិបាល​ស្រុក-ខណ្ឌ។

-ក្នុង​សេចក្ដី​ជូន​ដំណឹង​ របស់​គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក-ខណ្ឌ​ ដែល​បាន​បិទ​ផ្សាយ​ជាមួយ​ពាក្យ​ប្ដឹង​ត្រូវ​មាន​ខ្លឹមសារ​បង្គាប់​បញ្ជា​ឲ្យ​គូ​ភាគី​រក្សា​ស្ថានភាព​កាន់កាប់​នៅ​ដដែល​ (មិន​ត្រូវ​សាងសង់​ ឬ​ព័ទ្ធ​របង​ មិន​ត្រូវ​ឈូស​ឆាយ​ ឬ​ចាក់​ដី​បំពេញ​ មិន​ត្រូវ​គំរាមកំហែង​ ឬ​បំភិតបំភ័យ​គូ​ភាគី...)

-ជន​ណា​រំលោភ​បទបញ្ជា​នេះ​ ​ត្រូវ​ទប់​ស្កាត់​ជា​បន្ទាន់

-អាជ្ញាធរ​មូលដ្ឋាន​ (ឃុំ-សង្កាត់-ស្រុក-ខណ្ឌ) ត្រូវ​ទទួល​ខុសត្រូវ​ ចំពោះ​ការ​រំលោភ​បំពាន​​បទ​បញ្ជា​នេះ។

សំណួរ៖ តើ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក-ខណ្ឌ​ និង​ថ្នាក់​ខេត្ត​-ក្រុង​ អាច​ចេញ​សេចក្ដី​សម្រេច​បណ្ដោះ​អាសន្ន​ ដើម្បី​បញ្ឈប់​អំពើហិង្សា​ នៅ​ពេល​មាន​បណ្ដឹង​សុំ​ឲ្យ​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​ដែរ​ឬ​ទេ?

ចម្លើយ៖ គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក-ខណ្ឌ​ និង​ថ្នាក់​ខេត្ត-ក្រុង​ មិន​អាច​ចេញ​សេចក្ដី​សម្រេច​បណ្ដោះ​អាសន្ន​ ដើម្បី​បញ្ឈប់​អំពើហិង្សា​ នៅ​ពេល​មាន​បណ្ដឹង​សុំ​ឲ្យ​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​បាន​ទេ។ យោង​តាម​ប្រការ​៣៩​ នៃ​ប្រកាស​លេខ​១១២​ មាន​តែ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ទេ​ ដែល​អាច​ចេញ​សេចក្ដី​សម្រេច​បណ្ដោះ​អាសន្ន​បាន។

សំណួរ៖ បើ​សិន​ជា​ ករណី​បន្ទាន់​កើត​មាន​បន្ទាប់​ពី​គណៈកម្មការ​សុរិយោដី​ចាប់​ផ្ដើម​រឿង​ក្ដី​ តើ​យ៉ាង​ដូចម្ដេច​ទៅ​វិញ?

ចម្លើយ៖ សៀវភៅ​នីតិវិធី​បាន​ចែង​ថា​ បណ្ដឹង​សុំ​ឲ្យ​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​ អាច​ធ្វើ​ឡើង​គ្រប់​ពេល​ ទោះ​ពី​ជា​ក្រោយ​ពេល​គណៈកម្មការ​សុរិយោដី​ ចាប់​ផ្ដើម​ដំណើរការ​រឿង​ក្ដី​ហើយ​ក៏​ដោយ​ ដើម្បី​​ការពារ​ផលប្រយោជន៍​របស់​ភាគី​ដែល​រង​ការ​គំរាមកំហែង។ គណៈកម្មការ​សុរិយោដី​ និង​ចេញ​សេចក្ដី​សម្រេច​បណ្ដោះ​អាសន្ន​ ដើម្បី​រក្សា​ស្ថិរភាព​​រហូត​មាន​ការ​ស៊ើប​អង្កេត​និង​សេចក្ដី​សម្រេច។

ឃ- នីតិវិធី​របស់​គណៈកម្មការ​សុរិយោដី​

សំណួរ៖ តើ​ដើម​បណ្ដឹង​អាច​ធ្វើ​​ពាក្យ​ប្ដឹង​តាម​អ្នក​ផ្សេង​មក​គណៈកម្មការ​សុរិយោដី​បាន​ដែរ​ឬ​ទេ?

ចម្លើយ៖ ប្រការ​៤ នៃ​ប្រកាស​លេខ​១១២ បាន​ចែង​ថា​ "បុគ្គល​ដែល​ប្ដឹង​ទាមទារ​ជា​កម្មសិទ្ធិករ​ ឬ​ភោគី​នៃ​ដី​ ត្រូវ​ដាក់​ពាក្យ​ប្ដឹង​ លើកលែង​តែ​​ជន​នោះ​ជា​អសមត្ថជន។ ក្នុង​ករណី​នេះ​អ្នក​តំណាង​ស្រប​ច្បាប់​របស់​ជន​នោះ​ អាច​ដាក់​ពាក្យ​ប្ដឹង​ក្នុង​មាន​ជន​នោះ​បាន"។

សំណួរ៖ លក្ខណៈ​វិនិច្ឆ័យ​ដែល​អាច​ក្លាយ​ជា​សាក្សី​មាន​អ្វី​ខ្លះ?

ចម្លើយ៖ សាក្សី​ គឺ​ជា​ជន​ដែល​បាន​ដឹង​​បាន​ឮ​ ឬ​បាន​ឃើញ​រឿង​មួយ​ដោយ​ផ្ទាល់​ ទាក់ទង​និង​វិវាទ​ណា​មួយ​​មិនមែន​គ្រាន់​តែ​ដឹង​ឮ​តាមរយៈ​ជន​​ផ្សេង​ទៀត​ទេ។ សាក្សី​ក៏​ត្រូវ​អាស្រ័យ​ផង​ដែរ​ថា​ តើ​​អ្វី​ដែល​យើង​ចង់​ដឹង​ពី​វិវាទ​ណា​មួយ​នោះ? ជា​ញឹកញាប់​សាក្សី​នៅ​ក្នុង​គណៈកម្មការ​សុរិយោដី​ គឺ​ត្រូវ​តែ​​មាន​សារសំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ដឹង​ថា​ តើ​អ្នក​ណា​ជា​អ្នក​កាន់កាប់​ដី​នោះ​ហើយ​នៅ​ពេល​ណា? ជា​ទូទៅ​គណៈកម្មការ​សុរិយោដី​ គួរ​តែ​សម្ភាសន៍​គ្រប់​សាក្សី​ដែល​ភាគី​បាន​ផ្ដល់​ឲ្យ​ (សូម​មើល​ប្រការ​១៤​ និង​ប្រការ​១៥​ នៃ​ប្រកាស​លេខ​១១២)។ សាក្សី​ត្រូវ​តែ​​ជា​នីតិជន​ មាន​សមត្ថភាព​ និង​មិន​ជាប់​ខ្សែ​លោហិត​ជាមួយ​ភាគី។​​​​​​

សំណួរ៖ បណ្ដឹង​ដែល​ប្រជាពលរដ្ឋ​ប្ដឹង​មក​គណៈកម្មការ​សុរិយោដី​ ហើយ​គណៈកម្មការ​បាន​ចម្លង​ខ្លឹមសារ​នៃ​បណ្ដឹង​នោះ​ដាក់​ក្នុង​ទម្រង់​បែបបទ​ជា​ផ្លូវ​ការ​នៃ​ពាក្យ​ប្ដឹង​ដោយ​ពុំ​មាន​ស្នាម​មេដៃ​​របស់​ដើម​បណ្ដឹង។ តើ​គេ​អាច​យក​ទម្រង់​បែបបទ​ជា​ផ្លូវ​ការ​នៃ​ពាក្យ​ប្ដឹង​ដែល​ពុំ​មាន​ស្នាម​មេ​ដៃ​របស់​ដើម​បណ្ដឹង​នេះ​ ទៅ​បិទ​ផ្សាយ​បាន​ដែរ​ឬ​ទេ?

ចម្លើយ៖ ទម្រង់​នៃ​បែបបទ​ជា​ផ្លូវ​ការ​​នៃ​ពាក្យ​ប្ដឹង​ដែល​ពុំ​មាន​ស្នាម​មេដៃ​​របស់​ដើម​ បណ្ដឹង​អាច​ត្រូវ​​បាន​យក​ទៅ​បិទផ្សាយ​ ដោយ​បិទ​ភ្ជាប់​ជាមួយ​នឹង​ពាក្យ​ប្ដឹង​​ដើម​ដែល​មាន​​ស្នាម​មេដៃ​របស់​ដើម​​បណ្ដឹង​នោះ​តែ​ម្ដង​ (យោង​ប្រការ​៥​ នៃ​ប្រកាស​១១២​​ដើម​បណ្ដឹង​​អាច​សរសេរ​ទម្រង់​បែបបទ​ពាក្យ​​ប្ដឹង​ដោយ​ខ្លួន​ឯង​បាន)។ សេចក្ដី​ជូន​ដំណឹង​នៃ​ពាក្យ​ប្ដឹង​ត្រូវ​បាន​រៀបចំ​ដោយ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក​-ខណ្ឌ។ បញ្ហា​មិនមែន​នៅ​ត្រង់​​ស្នាម​មេ​ដៃ​នោះ​ទេ​​ ប៉ុន្តែ​​នៅ​ត្រង់​ត្រា​ជា​ផ្លូវ​ការ​របស់​គណៈកម្មការ​សុរិយោដី​ ដើម្បី​ឲ្យ​ការ​បិទ​ផ្សាយ​មាន​លក្ខណៈ​ជា​ផ្លូវ​ការ។

សំណួរ៖ នៅ​ពេល​ដែល​មាន​កំណត់​ពេលវេលា​សម្រាប់​បញ្ចប់​កិច្ចការ​អ្វី​មួយ​ តើ​គេ​គួរ​ប្រើ​ពាក្យ​ថា​ ឧទាហរណ៍​ "៥ថ្ងៃ" ឬ​ "៥​ថ្ងៃ នៅ​ថ្ងៃ​ធ្វើការ" ឬ​យ៉ាង​ណា?

ចម្លើយ៖ ប្រការ​ ៧​ នៃ​ប្រកាស​១១២​ បាន​ចែង​អំពី​ការ​កំណត់​ពេលវេលា​ នៃ​ការ​បិទ​ផ្សាយ​ពាក្យ​ប្ដឹង​​ដោយ​ប្រើ​​ពាក្យ​ថា​ "៥​ថ្ងៃ​ នៃ​ថ្ងៃ​ធ្វើការ" ហើយ​បាន​ចែង​បន្ត​នៅ​វាក្យខណ្ឌ​បន្ទាប់​ អំពី​រយៈពេល​នៃ​ការ​ឆ្លើយតប​ចំពោះ​បណ្ដឹង​ "៣០​ថ្ងៃ"។ គំនិត​នេះ​គឺ​ថា​ កាល​បរិច្ឆេទ​ដែល​មាន​​រយៈពេល​ខ្លី​ គួរ​រាប់​តែ​ថ្ងៃ​ធ្វើការ​ ដោយ​ប្រើ​ពាក្យ​ "៥ថ្ងៃ​ នៃ​ថ្ងៃ​​ធ្វើការ" តែ​បើ​កាល​បរិច្ឆេទ​ដែល​មាន​រយៈពេល​​វែង​ គួរ​រាប់​បញ្ចូល​ទាំង​ថ្ងៃ​សម្រាក​ផង​ដែរ​ ដោយ​ប្រើ​ពាក្យ​ជា​ ឧទាហរណ៍ "៣០​ថ្ងៃ"។ ធ្វើ​ដូច​នេះ​ ដើម្បី​ឲ្យ​កាល​បរិច្ឆេទ​​ដែល​មាន​រយៈពេល​ខ្លី​ មាន​ពេល​​គ្រប់គ្រាន់​ ហើយ​កាល​បរិច្ឆេទ​រយៈពេល​វែង​កុំ​ឲ្យ​កាន់​តែ​វែង​​ថែម​ទៀត។

សំណួរ៖ តើ​​កិច្ច​ប្រជុំ​រដ្ឋបាល​ កិច្ច​ប្រជុំ​របស់​គណៈកម្មការ​សុរិយោដី​ និង​កិច្ច​ប្រជុំ​សម្រុះសម្រួល​ខុសគ្នា​បែប​ណា?

ចម្លើយ៖ កិច្ច​ប្រជុំ​រដ្ឋបាល​ គឺ​ជា​កិច្ច​ប្រជុំ​ដែល​មាន​នៅ​គ្រប់​ជាន់​ថ្នាក់​នៃ​គណៈកម្មការ​សុរិយោដី​ ក្នុង​អំឡុង​ពេល​ដោះស្រាយ​រឿង​ក្ដី។ គោលបំណង​នៃ​កិច្ច​ប្រជុំ​នេះ​ គឺ​ដើម្បី​រៀបចំ​​ដំណើរការ​រឿង​ក្ដី​ ដោយ​ពឹង​​ផ្អែក​ទៅ​លើ​រឿង​ក្ដី​នោះ​ ឋិត​ក្នុង​ដំណាក់កាល​ណា។ ជា​ទូទៅ​ កិច្ច​ប្រជុំ​នេះ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សម្រេច​អំពី​យុត្តាធិការ​ ការ​សម្រេច​ថា​តើ​រឿង​ក្ដី​នេះ​ត្រូវ​​បញ្ជូន​ទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​លើ​ ដោយ​មិន​ចាំ​បាច់​មាន​ការ​សម្របសម្រួល​ ការ​ជ្រើសរើស​អ្នក​សម្រុះសម្រួល​ ការ​លើក​ឡើង​អំពី​វិវាទ​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ ការ​ពន្យល់​ អំពី​នីតិវិធី​​នៃ​ការ​​ដោះស្រាយ​វិវាទ​ដល់​ភាគី​ និង​កំណត់​ពេលវេលា​សម្រាប់​ធ្វើ​ការ​សម្រុះសម្រួល។ល។

កិច្ច​ប្រជុំ​របស់​គណៈកម្មការ​សុរិយោដី​ គឺ​ជា​កិច្ច​ប្រជុំ​ដែល​គណៈកម្មការ​សុរិយោដី​គ្រប់​ជាន់​ថ្នាក់​រៀបចំ​ឡើង​ដើម្បី​គោលបំណង​ណា​មួយ។

កិច្ច​​ប្រជុំ​សម្រុះសម្រួល​គឺ​​ជា​កិច្ច​ប្រជុំ​ដែល​​មាន​គោលបំណង​សម្រាប់​សម្រុះសម្រួល​តែ​ប៉ុណ្ណោះ។

សំណួរ៖ តើ​ពាក្យ​ថា "កិច្ច​ប្រជុំ​រដ្ឋបាល" គួរ​តែ​ប្រើ​ពាក្យ​ថ្មី​ដើម្បី​ចៀសវាង​​កុំ​ឲ្យ​មាន​ការ​ច្រឡំ​គ្នា​ជាមួយ​ "កិច្ច​ប្រជុំ​របស់​គណៈកម្មការ​រដ្ឋបាល" ឬ​ទេ?

ចម្លើយ៖ នៅ​ក្នុង​អនុក្រឹត្យ​លេខ​៤៧​ មិន​បាន​ប្រើ​ពាក្យ​ថា​ "កិច្ច​ប្រជុំ​រដ្ឋបាល"ទេ។ ប៉ុន្តែ​ប្រការ​៣១១​ នៃ​ប្រកាស​លេខ​១១២​ បាន​ចែង​ថា​ "ក្នុង​រយៈពេល​៦០​ថ្ងៃ​ បន្ទាប់​ពី​បាន​ទទួល​បណ្ដឹង​វិវាទ​សម្រាប់​ការ​សម្រុះសម្រួល​ជំហាន​ដំបូង​ ឬ​ការ​សម្រុះសម្រួល​ជំហាន​ទី​២​គណៈកម្មការ​សុរិយោដី​ ថ្នាក់​ខេត្ត​/ក្រុង​ ត្រូវ​រៀបចំ​​ប្រជុំ​រដ្ឋបាល​រវាង​គណៈកម្មការ​សុរិយោដី​ ថ្នាក់​ខេត្ត/ក្រុង​ និង​​ភាគី​វិវាទ"។ ប្រការ​៣១៣​ នៃ​ប្រកាស​លេខ​១១២​ បាន​ចែង​ថា "ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​រដ្ឋបាល​ដំបូង​ ភាគី​វិវាទ​ត្រូវ​​លើក​សំណើ​ និង​ការ​ជំទាស់​ចំពោះ​វិវាទ​អំពី​ផល​ប្រយោជន៍​ប្រសិន​បើ​មាន"។ ហេតុ​ដូច្នេះ​ ត្រូវ​តែ​រក្សា​ពាក្យ​ "កិច្ច​ប្រជុំ​រដ្ឋបាល" ដដែល។

សំណួរ៖ តើ​រយៈពេល​នៃ​កិច្ច​ប្រជុំ​រដ្ឋបាល​ត្រូវ​កំណត់​បែប​ណា?

ចម្លើយ៖ បើ​សិន​ជា​រឿង​ក្ដី​របស់​គណៈកម្មការ​សុរិយោដី​ភាគច្រើន​រវាង​២​ភាគី​នៅ​លើ​វិវាទ​តែ​មួយ​​កន្លែង​ ហើយ​គឺ​ពិត​ជា​នៅ​ក្នុង​យុត្តាធិការ​របស់​គណៈកម្មការ​សុរិយោដី​ប្រាកដ​មែន​ និង​ក្រោយ​ពេល​ដែល​គណៈកម្មការ​សុរិយោដី​ បាន​ពន្យល់​​អំពី​នីតិវិធី​នៃ​ការ​ដោះស្រាយ​​វិវាទ​ ដល់​ភាគី​បាន​ច្បាស់លាស់​ហើយ​នោះ​ កិច្ច​ប្រជុំ​រដ្ឋបាល​ ភាគ​ច្រើន​គួរ​តែ​មាន​រយៈពេល​ប្រហែល​ជាមួយ​ម៉ោង​ប៉ុណ្ណោះ។

សំណួរ៖ តើ​កិច្ច​ប្រជុំ​រដ្ឋបាល​​ត្រូវ​តែ​ប្រព្រឹត្ត​ឡើង​នៅ​ពេល​ណា?

ចម្លើយ៖ ប្រការ​២០​ នៃ​ប្រកាស​លេខ​១១២​ បាន​ចែង​ថា​ "បន្ទាប់​ពី​បញ្ចប់​ការ​ស៊ើប​អង្កេត​​មិន​តិច​​ជាង​​៣០​ថ្ងៃ​ បន្ទាប់​ពី​សេចក្ដី​ជូន​ដំណឹង​​អំពី​​បណ្ដឹង​បាន​បិទ​ផ្សាយ​ ដូច​មាន​ចែង​ក្នុង​ប្រការ​៧​ នៃ​ប្រកាស​នេះ​ ប្រធាន​គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក/ខណ្ឌ​ ត្រូវ​រៀបចំ​ប្រជុំ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក/ខណ្ឌ​ ដើម្បី​សម្រេច​លើ​ដំណើរការ​សម្រុះសម្រួល​វិវាទ" (ក្រោយ​មក​ក្នុង​ប្រការ​នេះ​បាន​បញ្ជាក់​​យ៉ាង​ច្បាស់​ថា​ កិច្ច​ប្រជុំ​នេះ​គឺ​ជា​កិច្ច​ប្រជុំ​រដ្ឋបាល)។ ឃ្លា​និង​ពាក្យ​ពេចន៍​នៃ​ប្រការ​២០​នេះ​ ជា​ភាសាខ្មែរ​ និង​អង់គ្លេស​ មាន​ន័យ​ដូចគ្នា គឺ​មាន​ន័យ​ថា​ កិច្ច​ប្រជុំ​រដ្ឋបាល​ត្រូវ​រង់ចាំ​២​លក្ខណៈ

-ឲ្យ​ការ​ស៊ើប​អង្កេត​បញ្ចប់​​សិន

-រង់ចាំ​​ឲ្យ​រយៈពេល​៣០​ថ្ងៃ​ កន្លង​ហួស​សិន​ បន្ទាប់​ពី​ថ្ងៃ​បិទ​ផ្សាយ​ សេចក្ដី​ដំណឹង​នៃ​ពាក្យ​ប្ដឹង​ប្រការ​១០​នៃ​ប្រកាស​លេខ​១១២​បាន​ចែង​ថា​ "ការ​ស៊ើប​អង្កេត​ត្រូវ​ចាប់​ផ្ដើម​ឲ្យ​បាន​ឆាប់​បំផុត​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ បន្ទាប់​ពី​គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក/ខណ្ឌ​ បាន​ទទួល​ពាក្យ​ប្ដឹង"។ ប្រកាស​លេខ​១១២​ មិន​បាន​​និយាយ​ថា​ តើ​ការ​ស៊ើប​អង្កេត​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​ទេ? សៀវភៅ​នីតិវិធី​ ជំពូក​ទី​៩​ វគ្គ​ទី៩​ បាន​និយាយ​ថា​ "ការ​ស៊ើប​អង្កេត​ត្រូវ​តែ​បញ្ចប់​​ក្នុង​អំឡុង​ពេល​៦​(ប្រាំមួយ)ខែ​ គិត​ចាប់​ពី​ថ្ងៃ​ដែល​ចាប់​ផ្ដើម​ បើ​មិន​ដូច្នោះ​ទេ​ លុះ​ត្រា​តែ​មាន​កាលៈទេសៈ​លើក​លែង​​ដែល​ធ្វើ​ឲ្យ​​មាន​ការ​អូស​បន្លាយ​ពេល"។ ប្រការ​៧​នៃ​ប្រកាស​លេខ​១១២​ នេះ​ដែរ​ បាន​ចែង​ថា "ក្នុង​រយៈពេល​៥​ថ្ងៃ​ នៃ​ថ្ងៃ​ធ្វើការ​ បន្ទាប់​ពី​បាន​ទទួល​ពាក្យ​ប្ដឹង​គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក/ខណ្ឌ​ ត្រូវ​​បិទ​ផ្សាយ​ពាក្យ​ប្ដឹង​នោះ​រួម​ជាមួយ​នឹង​សេចក្ដី​ជូន​ដំណឹង​អំពី​បណ្ដឹង"។

សំណួរ៖ តើ​ការ​កោះ​ប្រជុំ​រដ្ឋបាល​គួរ​តែ​ធ្វើ​ឡើង​ប៉ុន្មាន​លើក​ បើ​កោះ​លើក​ទី​១​ លើក​ទី​២​ ភាគី​នៅ​តែ​មិន​ចូល​រួម?

ចម្លើយ៖ ការ​កោះ​ប្រជុំ​រដ្ឋបាល​ គួរ​តែ​ធ្វើ​ឡើង​ឲ្យ​បាន​៣​លើក។

សំណួរ៖ បើ​សិន​ជា​ភាគី​មិន​មក​ចូល​រួម​តាម​ការ​អញ្ជើញ​របស់​គណៈកម្មការ​សុរិយោដី​ តើ​មាន​នីតិវិធី​បែប​ណា​ ដើម្បី​ដោះស្រាយ​ទេ?

ចម្លើយ៖ ការ​កោះ​ប្រជុំ​រដ្ឋបាល​ គួរ​តែ​ធ្វើ​ឡើង​ឲ្យ​បាន​៣​លើក។

សំណួរ៖ បើ​សិន​ជា​ភាគី​មិន​មក​ចូល​រួម​តាម​ការ​អញ្ជើញ​របស់​គណៈកម្មការ​សុរិយោដី​ តើ​មាន​នីតិវិធី​បែប​ណា​ ដើម្បី​ដោះស្រាយ​ទេ?

ចម្លើយ៖ បើ​​សិន​ជា​ភាគី​ដើម​បណ្ដឹង​មិន​មក​ចូល​រួម​តាម​ការ​អញ្ជើញ​របស់​គណៈកម្មការ​សុរិយោដី​ទេ​ ហើយ​បើ​គណៈកម្មការ​សុរិយោដី​ប្រាកដ​ថា​ គាត់​ត្រូវ​បាន​​គេ​ជូន​ដំណឹង​​ និង​ពុំ​មាន​ការ​គំរាមកំហែង​​ណា​មួយ​ជា​ហេតុ​ផល​សម្រាប់​ការ​អាក់ខាន​នេះ​ទេ​ គណៈកម្មការ​សុរិយោដី​គួរ​តែ​ឈប់​ដំណើរការ​ករណី​វិវាទ​នេះ។

បើ​សិន​ជា​ភាគី​ចុង​បណ្ដឹង​​មិន​មក​ចូល​រួម​តាម​ការ​អញ្ជើញ​របស់​គណៈកម្មការ​សុរិយោដី​ទេ​​ហើយ​បើ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក/ខណ្ឌ​ និង​ខេត្ត/ក្រុង ប្រាកដ​ថា​ចុង​បណ្ដឹង​ត្រូវ​បាន​​គេ​ជូន​ដំណឹង​ហើយ​ និង​ពុំ​មាន​ការ​គំរាមកំហែង​ណា​មួយ​ជា​ហេតុ​ផល​ សម្រាប់​ការ​អាក់ខាន​នេះ​ទេ​ គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក/ខណ្ឌ​ និង​ខេត្ត/ក្រុង​ ត្រូវ​តែ​ប្រកាស​អំពី​ការ​មិន​អាច​ធ្វើ​ការ​សម្រុះសម្រួល​លើ​ករណី​វិវាទ​នេះ​ ហើយ​ត្រូវ​តែ​បញ្ជូន​ទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​លើ។ បើ​​ទៅ​ដល់​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ ហើយ​ភាគី​ចុង​បណ្ដឹង​នៅ​តែ​មិន​ព្រម​ចូល​រួម​ទៀត​ ហើយ​បើ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ប្រាកដ​ថា​ចុង​បណ្ដឹង​នោះ​ត្រូវ​​បាន​គេ​ជូន​​ដំណឹង​ហើយ​ និង​ពុំ​មាន​ការ​គំរាមកំហែង​​ណាមួយ​ ជា​ហេតុផល​សម្រាប់​ការ​អាក់ខាន​ទេ​ នោះ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ត្រូវ​តែ​សម្រេច​ករណី​វិវាទ​នេះ​ដោយ​អវត្តមាន​ចុង​បណ្ដឹង។

សំណួរ៖ បើ​សិន​ជា​សមាជិក​អាដហុក​នៅ​ឆ្ងាយ​ពី​ដី​វិវាទ​ ហើយ​មិន​អាច​មក​តាម​ការ​អញ្ជើញ​របស់​គណៈកម្មការ​សុរិយោដី​ ដោយ​លើក​មូលហេតុ​ថា​ គ្មាន​សោហ៊ុយ​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ដំណើរ​ តើ​គួរ​ចេញ​​សោហ៊ុយ​ឲ្យ​គាត់​ទេ​ ហើយ​អ្នក​ណា​ជា​អ្នក​ចំណាយ?

ចម្លើយ៖ ការ​ប្រជុំ​នៅ​តែ​​អាច​ប្រព្រឹត្ត​ទៅ​បាន ទោះ​បី​ជា​សមាជិក​អាដហុក​មួយ​ចំនួន​មិន​បាន​ចូល​រួម​ក៏​ដោយ​ កុំ​ឲ្យ​តែ​កិច្ច​ប្រជុំ​នោះ​​ជា​កិច្ច​ប្រជុំ​សម្រុះសម្រួល​ ហើយ​សមាជិក​អាដហុក​ដែល​មិន​​បាន​ចូល​រួម​នោះ​ ឋិត​ក្នុង​ចំណោម​សមាសភាព​​នៃ​កិច្ច​ប្រជុំ​សម្រុះសម្រួល​ដែរ។

សំណួរ៖ យោង​មាត្រា​៧​ នៃ​អនុក្រឹត្យ​លេខ​ ៤៧​ "គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក/ខណ្ឌ​ ត្រូវ​ពន្យល់​អំពី​នីតិវិធី​ដល់​ភាគី​វិវាទ​ ហើយ​ត្រូវ​សួរ​ថា​ តើ​គេ​យល់​ព្រម​ចំពោះ​ការ​ដោះស្រាយ​តាមរយៈ​ការ​សម្រុះសម្រួល​ទៅ​តាម​នីតិវិធី​ទាំង​នេះ​ឬ​ទេ"? តើ​មាន​រឿង​អ្វី​កើត​ឡើង​ ប្រសិន​បើ​ភាគី​វិវាទ​បដិសេធ​មិន​ធ្វើ​តាម​នីតិវិធី​នេះ?

ចម្លើយ៖ ការ​សម្រុះសម្រួល​អាច​ធ្វើ​ទៅ​បាន​ ប្រសិន​បើ​វា​ជា​កា​ស្ម័គ្រ​ចិត្ត​ឲ្យ​ធ្វើ។ ប្រសិន​បើ​ភាគី​វិវាទ​មួយ​បដិសេធ​ចំពោះ​ការ​សម្រុះសម្រួល​នោះ​ គឺ​គ្មាន​ដំណើរការ​សម្រុះសម្រួល​ទេ​​ហើយ​ក៏​គ្មាន​ដំណោះស្រាយ​ដែរ។ ប្រសិន​បើ​ភាគី​វិវាទ​បដិសេធ​ការ​សម្រុះសម្រួល​ នៅ​គណៈកម្មការ​​សុរិយោដី​ថ្នាក់​ស្រុក/ខណ្ឌ នោះ​ករណី​វិវាទ​នោះ​ត្រូវ​តែ​បញ្ជូន​ទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត/ក្រុង។ ប្រសិន​បើ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត/ក្រុង​ មាន​ការ​បដិសេធន៍​ទៀត​ករណី​វិវាទ​នេះ​ត្រូវ​បញ្ជូន​ទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ។ ប្រសិន​បើ​នៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​នៅ​តែ​មាន​ការ​បដិសេធន៍​ទៀត​ នោះ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ ត្រូវ​ធ្វើ​សេចក្ដី​សម្រេច​ចំពោះ​ករណី​វិវាទ​នេះ។

មាត្រា​១១​ នៃ​អនុក្រឹត្យ​លេខ​៤៧​ ចែង​ចំពោះ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក/ខណ្ឌ​ថា​ "ប្រសិន​បើ​មិន​អាច​ឈាន​ទៅ​ដល់​ដំណោះស្រាយ​ទេ​នោះ​ គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក/​ខណ្ឌ​ត្រូវ​ដាក់​ករណី​វិវាទ​នេះ​អម​ជាមួយ​នឹង​របាយការណ៍​សម្រុះសម្រួល​ជា​លាយលក្ខណ៍​អក្សរ​ជូន​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត/ក្រុង"។

មាត្រា​១៦​ នៃ​អនុក្រឹត្យ​នេះ​ដែរ​ ចែង​ចំពោះ​គណៈកម្មការ​សុរិយោដី​ខេត្ត/ក្រុង​ថា​ "ប្រសិន​បើ​មិន​អាច​ឈាន​ទៅ​ដល់​ដំណោះស្រាយ​ទេ​នោះ​ គណៈកម្មការ​សុរិយោដី​​ថ្នាក់​ខេត្ត/ក្រុង​ ត្រូវ​ដាក់​ករណី​វិវាទ​នេះ​អម​ជាមួយ​នឹង​របាយការណ៍​សម្រុះសម្រួល​ជា​លាយ​លក្ខណ៍​អក្សរ​ជូន​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ"។ នៅ​ក្នុង​ស្ថានភាព​​ដែល​មិន​ឈាន​ទៅ​ដល់​ដំណោះស្រាយ​បាន​ ដោយសារ​តែ​ភាគី​វិវាទ​មួយ​ ឬ​ច្រើន​បដិសេធ​ការ​ចូលរួម​សម្រុះសម្រួល​ របាយការណ៍​សម្រុះសម្រួល​ត្រូវ​សរសេរ​យ៉ាង​សាមញ្ញ។

សំណួរ៖ តើ​គណៈកម្មការ​សុរិយោដី​ផ្ដល់​សេចក្ដី​ជូន​ដំណឹង​ដល់​ភាគី​វិវាទ​ដែល​មិន​រស់នៅ​តំបន់​នេះ​យ៉ាង​ដូចម្ដេច?

ចម្លើយ៖ វា​ជា​ការ​ទទួល​ខុសត្រូវ​របស់​គណៈកម្មការ​សុរិយោដី​ក្នុង​ការ​ស្វែង​រក​ និង​ផ្ដល់​សេចក្ដី​ជូន​ដំណឹង​ដល់​គ្រប់​ភាគី​ទាំងអស់​ អំពី​ពាក្យ​ប្ដឹង​ដែល​ត្រូវ​​បាន​ដាក់​ប្ដឹង​ ឬ​អំពី​ការ​ប្រជុំ។ល។

ប្រសិន​បើ​មាន​ករណី​វិវាទ​មួយ​នៅ​កម្រិត​គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក/ខណ្ឌ​ ហើយ​ភាគី​ម្ខាង​រស់នៅ​ស្រុក/ខណ្ឌ​មួយ​ផ្សេង​ទៀត​នោះ​ គណៈកម្មការ​សុរិយោដី​ដែល​ដោះស្រាយ​ករណី​វិវាទ​នេះ​ អាច​បញ្ជូន​ពាក្យ​ប្ដឹង​ទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក/ខណ្ឌ​ ដែល​នៅ​ក្នុង​​ស្រុក/ខណ្ឌ​របស់​ចុង​បណ្ដឹង។ គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក/ខណ្ឌ​ ទី​២​ អាច​​ផ្ដល់​​ពាក្យ​ប្ដឹង​នេះ​ ដល់​ភាគី​នេះ។ ឲ្យ​តែ​គណៈកម្មការ​សុរិយោដី​ដឹង​ពី​កន្លែង​​រស់នៅ​របស់​ភាគី​នោះ​គេ​នឹង​​មាន​វិធី​សម្រាប់​ទាក់ទង​ភាគី​នោះ​បាន​មិន​ខាន។

សំណួរ៖ ប្រការ​២៦ នៃ​ប្រកាស​១១២​ ចែង​ជា​ "ការ​ព្រមព្រៀង​សម្រុះសម្រួល​ត្រូវ​បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​លើ​ដី​ដែល​មាន​វិវាទ​ក្នុង​រយៈពេល​១៤​ថ្ងៃ​ ដើម្បី​ឲ្យ​មាន​ការ​​បញ្ចេញ​មតិ"។ តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​មាន​ការ​បញ្ចេញ​មតិ?

ចម្លើយ៖ ការ​ព្រមព្រៀង​សម្រុះសម្រួល​ គឺ​ជា​​ប្រភេទ​នៃ​កិច្ចសន្យា​ វា​អាច​ត្រូវ​បាន​កែប្រែ​ ប្រសិន​បើ​ភាគី​ទាំងអស់​យល់​ព្រម។ វា​អាច​កើត​​មាន​ឡើង​ដែល​ថា​ ជន​ដែល​បាន​​អាន​សេចក្ដី​​ព្រមព្រៀង​សម្រុះសម្រួល​ដែល​បិទ​ផ្សាយ​ជា​សាធារណៈ​នឹង​ជូន​ដំណឹង​អំពី​កំហុស​នៅ​ក្នុង​សេចក្ដី​ព្រមព្រៀង​សម្រុះសម្រួល​នេះ​ ឬ​អាច​គិត​ឃើញ​អំពី​ចំណុច​បន្ថែម​​ទៀត​ដើម្បី​បញ្ចូល​នៅ​ក្នុង​សេចក្ដី​ព្រមព្រៀង​​​នេះ។ ប្រសិន​បើ​សំណូមពរ​ឲ្យ​មាន​ការ​កែប្រែ​សេចក្ដី​ព្រមព្រៀង​នេះ​ត្រូវ​បាន​​លើក​ឡើង​​នៅ​ក្នុង​​អំឡុង​ពេល​១៤​ថ្ងៃ​ ភាគី​ទាំងអស់​និង​អ្នក​សម្រុះសម្រួល​អាច​គិត​ពិចារណា​ទៅ​លើ​សំណូមពរ​នេះ​ ហើយ​ប្រសិន​​បើ​ពួក​គេ​ទាំងអស់​គ្នា​យល់​ស្រប​គេ​អាច​​ធ្វើ​ការ​កែប្រែ​សេចក្ដី​ព្រមព្រៀង​នេះ​បាន៕

 

 

 

 

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ច័ន្ទ 22 Jun 2009