ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

តម្រូវ​ការ​ព័ត៌មាន

បាន​ដាក់​ស្នើ​ដោយ ម៉ាណាវី នៅ សុក្រ, 02/01/2008 - 20:48


បទវិចារណកថានេះ​ត្រូវ​បាន​ដាក់​ផ្សាយ​លើ​វិបផតថល​អំពី​ស្ត្រី​កាលពី​ថ្ងៃ​ទី​ ១៧​មករា​ឆ្នាំ​២០០៨

ដោយ​ ជឹម ម៉ាណាវី

នៅ​ក្នុង​ពិភពលោក​យើង​នេះ មនុស្ស​ទូ​ទៅ​ទទួល​​ស្គាល់​នូវ​សារ​សំ​ខាន់​ជា​មូលដ្ឋាន​នៃ​ព័ត៌មាន។ មនុស្ស​ទូ​ទៅ​អាច​ដឹង​អំពី​ហេតុ​ការ​កើត​ឡើង​ជំ​វិញ​ខ្លួន​តាម​រយៈ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេងៗ​រួម​មាន​វិទ្យុ ទូរទស្សន៍ ​សារព័ត៌មាន​នា​នា​ជា​លក្ខណៈ​បោះ​ពុម្ព​ផ្សាយ​ឬ​តាម​រយៈ​អេឡិចត្រូនិក។ ល។ព័ត៌មាន​បាន​ដើរ​តួនាទី​សំ​ខាន់​ក្នុង​ជីវិត​រស់​នៅ​និង​ការ​ងារ​ដែល​យើង​ត្រូវ​ការ​មិន​ឈប់​ឈរ។​

នៅ​ក្នុង​យុគសម័យ​សាកលភាវូបនីយកម្ម​នេះ អ្នក​ដែល​ទទួល​បាន​ព័ត៌មាន​ច្រើន​ជាង​គេ​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អ្នក​ដែល​មាន​អំណាច​ជាង​គេ ។​ រី​ឯ​អ្នក​ដែល​មិនបាន​ទទួល​ព័ត៌មាន​ហាក់​បី​​ដូច​​ជា​អ្នក​អវិជ្ជា ពី​ព្រោះ​ថា​លំហូរ​ព័ត៌មាន​នាំ​មក​នូវ​​ការ​ចែក​រំ​លែក​បទ​ពិសោធ ការ​រក​ឃើញ​និង​គំនិត​ឆ្នៃ​ប្រឌិត​ថ្មីៗ​ និង​ផ្ដល់​ដល់​យើង​នូវ​ចំ​ណេះ​ដឹង​ផ្សេងៗ។ ដូច្នេះ​ហើយ​​ អ្នក​ដែល​មិន​បាន​ទទួល​ឬ​ពុំ​មាន​លទ្ធភាព​ចូល​ទៅ​កាន់​ព័ត៌មាន​ត្រូវ​​ស្ថិត​ក្រៅ​ពិភព​នៃ​ចំ​ណេះ​ដឹង។​ ​នៅ​បណ្ដា​ប្រ​ទេស​អភិវឌ្ឍ រដ្ឋ​បាន​យក​ចិត្ត​ទុក​ដាក់​បង្កើត​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រ​ជា​ពល​រដ្ឋ​​ក្នុង​ការ​ចូល​ទៅ​កាន់​ព័ត៌មាន​ដើម្បី​លើក​ក​ម្ពស់​​ការ​យល់​ដឹង​​និង​ដើម្បី​កសាង​សង្គម​មួយ​ដែល​មាន​ចំ​ណេះ​ដឹង​ជា​មូលដ្ឋាន។​​​​

ព័ត៌មាន​ត្រូវ​ការ​ទៅ​តាម​តម្រូវ​ការ​របស់​មនុស្ស​ម្នាក់ៗ ។​ ទោះ​ជា​យ៉ាង​ណា​គេ​អាច​ចង​ជា​ក្រុម​ព័ត៌មាន​ដូច​ជា ព័ត៌មាន​ឬ​ឯកសារ​ទាក់​ទង​វិស័យ​អប់​រំ​ សុខភាព បច្ចេកវិទ្យា​ព័ត៌មាន​ ព័ត៌មាន​ទាក់​ទង​សកម្មភាព​ជំនាញ អំពី​ច្បាប់​ ការ​បញ្ជ្រាប​យេនឌ័រ ឬ​អំពី​ការ​អភិវឌ្ឍន៍​ខ្លួន​ជា​ដើម។​

នា​ពេល​បច្ចុប្បន្ន​នេះ​ព័ត៌មាន​និង​ឯកសារ​មាន​ភាព​សំបូរ​បែប​ណាស់។​​ ព័ត៌មាន​និង​ឯកសារ​ទាំង​នោះ​ គេ​អាច​រក​ឃើញ​នៅ​បណ្ណាល័យ​ នៅ​តាម​គ្រឹះស្ថាន​សិក្សា​អប់​រំ​ តាម​រយៈ​ការ​បោះ​ពុម្ព ផ្សាយ​នានា ហើយ​ងាយ​ស្រួល​ជាង​នេះ​​ទៅ​ទៀត​គឺ​តាម​​វិប​សាយ​ដែល​គេ​ផ្សព្វ​ផ្សាយ​តាម​រយៈ​អ៊ីនធឺណិត​។ និស្សិត បុគ្គលិក​អង្គ​ការ​និង​មន្ត្រី​រាជការ​អាច​ស្វែង​រក​បាន​ព័ត៌មាន​​​​​​ទៅ​តាម​ប្រ​ធាន​បទ​ដែល​ជា​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន តាម​រយៈ​វិបសាយ​នានា​ ទោះ​នៅ​កន្លែង​ណា​ក៏​ដោយ​ឲ្យ​តែ​មាន​តភ្ជាប់ អ៊ីនធឺណិត។ ប្រ​ការ​នេះ​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​​ កាត់​បន្ថយ​ការិយាល័យ​ធិបតេយ្យ និង​ពេល​វេលា​សម្រាប់​អ្នក​ប្រើ​ប្រាស់​។

តើ​វិប​សាយ​គឺ​ជា​អ្វី​? ហើយ​កើត​ឡើង​ពេល​ណា?

វិប​សាយ​គឺ​ជា​កន្លែង​​ប្រ​មូល​ផ្ដុំ​នៃ​ទំព័រ​បណ្ដាញ​ (​web pages) រូប​ភាព​ វីដេអូ ឬ​ឯកសារ​ឌីជីថល​ផ្សេងៗ​។​​​ តាម​សព្វវចនាធិប្បាយ​ Wikipedia​
បាន​ឲ្យ​ដឹង​ថា​វិប​សាយ​ដំបូង​ត្រូវ​បាន​គេ​ឃើញ​នៅ​ឆ្នាំ ១៩៩១។​ នៅ​ថ្ងៃ​ទី​ ៣០​ ខែ មេសា ឆ្នាំ​១៩៩៣ អង្គ​ការ​ស្រាវជ្រាវ​​នុយក្លេអ៊ែរ​របស់​អឺរ៉ុប (The European Organization for Nuclear Research ជា​ភាសា​បារាំង ​Conseil Européen pour la Recherche Nucléaire ដែល​គេ​ស្គាល់​ថា​ CERN បាន​ប្រ​កាស​ថា​ World wide web គឺ​អាច​ប្រើ​ប្រាស់​ដោយ​សេរី​សម្រាប់​មនុស្ស​ទូទៅ​។ ​​​​​​​​​​​​World wide web ត្រូវ​បាន​រក​ឃើញ​ដោយ​លោក Tim Berners-Lee នៅ​ឆ្នាំ ១៩៨៩​
ពេល​ដែល​លោក​​ធ្វើ​ការ​ឲ្យ CERN​​ ។

សម្រាប់​ប្រ​ទេស​កម្ពុជា ប្រ​ជា​ពល​រដ្ឋ​បាន​ស្គាល់​និង​បាន​ប្រើ​ប្រាស់​វិប​សាយ​នៅ​ទសវត្សរ៍​៩០ ហើយ​ក្រោយ​មក​ការ​បង្កើត​វិប​សាយ​ក៏​មាន​ចំ​ពោះ​ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​និង​ស្ថាប័ន​​រដ្ឋ​នានា​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ផ្សព្វ​ផ្សាយ ការ​ផ្ទុក និង​ការ​ស្វែង​រក​ព័ត៌មាន។​

ទោះ​ជា​យ៉ាង​ក្ដី​ វិប​សាយ​ទាំង​នោះ​ភាគ​ច្រើន​មាន​ព័ត៌មាន​និង​ឯកសារ​ជា​ភាសា​អង់គ្លេស​ ហើយ​មិន​សូវ​មាន​ជា​ភាសា​ខ្មែរ​ឡើយ​។ នេះ​ជា​ផល​វិបាក​មួយ​ដល់​អ្នក​សិក្សា​ស្រាវជ្រាវ​ ដោយ​ហេតុ​ថា​ឯកសារ​ផ្លូវ​ការ​ដែល​គេ​ត្រូវ​ការ​នោះ​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ជា​ភាសា​ខ្មែរ ហើយ​ដែល​គេ​ពិបាក​និង​រក​ឃើញ​នៅ​លើ​វិប​សាយ។ ជាង​នេះ​ទៅ​ទៀត​ ព័ត៌មាន​នៅ​លើ​វិប​សាយ​របស់​ស្ថាប័ន​រដ្ឋ​ ភាគ​ច្រើន​មិន​សូវ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ឡើយ។ យើង​តែង​ឃើញ​មាន​តួលេខ​ចាស់​ៗ​ ដែល​ពិបាក​យក​មក​ធ្វើ​ជា​ឯកសារ​យោង​ពេល​សរសេរ​អត្ថបទ​ស្រាវជ្រាវ​ឬ​អត្ថបទ​ផ្សេងៗ។

ចំពោះ​ឯកសារ​និង​ព័ត៌មាន​ជា​លក្ខណៈ​បោះពុម្ព​វិញ​ មិន​មាន​លក្ខណៈ​ប្រមូលផ្ដុំ​ឡើយ​គឺ​នៅ​គ្រប់​ទី​កន្លែង​ដែល​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​និង​ត្រូវ​ចំ​ណាយ​ពេល​ច្រើន​។ អ្នក​រក​ឯកសារ​អាច​និង​ជួប​ការ​លំបាក​មួយ​ទៀត​ដោយ​ម្ចាស់​ឯកសារ​មិន​ចង់​ចែក​រំលែក​ព័ត៌មាន​ដោយ​គេ​មិន​ទាន់​យល់​អំពី​តម្លៃ​នៃ​ការ​ធ្វើ​បែប​នេះ។​​​​​​​

តាម​អត្ថបទ​មួយ​របស់​រស្មី​កម្ពុជា​ដែល​ត្រូវ​បាន​ដក​ស្រង់​ផ្សព្វ​ផ្សាយ​ឡើង​វិញ​នៅ​លើ ​វិប​ផត​ថល​ស្ត្រី​ បាន​ឲ្យ​ដឹង​ថា​ "​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ​ មាន​និស្សិត​មួយ​ក្រុម​បាន​ពិភាក្សា​គ្នា​អំពី​ការ​សិក្សា​ស្រាវជ្រាវ​របស់​ ខ្លួន​នៅ​ក្នុង​ជំនួប​សិក្សា​មួយ​នៅ​ក្នុង​ទីធ្លា​នៃ​សកលវិទ្យាល័យ​នៅ​ ទីក្រុង​ភ្នំពេញ​ដើម្បី​បំពេញ​កិច្ចការ​យក​ទៅ​ឲ្យ​សាស្ត្រាចារ្យ​របស់​ពួក​ គេ​ ប៉ុន្តែ​អ្វី​ដែល​រស្មី​កម្ពុជា​បាន​ចាប់​អារម្មណ៍​នោះ​ គឺ​ការ​រអ៊ូរទាំ​ពី​កង្វះខាត​ឯកសារ​នៅ​ក្នុង​បណ្ដា​វើបសាយ​ក្រសួង​របស់​ រដ្ឋាភិបាល​កម្ពុជា។
ពួក​គេ​បាន​រអ៊ូរទាំ​ថា​ បណ្ដា​វើបសាយ​របស់​បណ្ដា​ក្រសួង​ស្ទើរ​តែ​ទាំង​អស់​មិន​មាន​ព័ត៌មាន​គ្រប់​ គ្រាន់​សម្រាប់​បម្រើ​ការ​ស្រាវជ្រាវ​របស់​ពួក​គេ​ឡើយ​ ហើយ​ព័ត៌មាន​ទាំង​នោះ​ទៀត​សោត​ គឺ​ភាគ​ច្រើន​ជា​ព័ត៌មាន​ដែល​មិន​ទាន់​សភាពការណ៍​ទៅ​ទៀត។ "

មាន​ករណី​មួយ​បាន​លើក​ឡើង​អំពី ផល​ប៉ះ​ពាល់​នៃ​កង្វះ​ខាត​ព័ត៌មាន។​ លោក​ស្រី​ហូយ សុជីវណ្ណី​ប្រធាន​ស្ដីទី​នៃ​អង្គការ​ CEDAW ​នា​សិក្ខាសាលា​មួយ​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មករា​ ស្ដីពី CEDAW​ ពិនិត្យ​ការ​ស្រាវជ្រាវ​លើ​ប្រសិទ្ធិភាព​អនុវត្ត​ច្បាប់​ ដើម្បី​លើកស្ទួយ​ដល់​សិទ្ធិ​ស្ត្រី​បាន​មាន​ប្រសាសន៍​ទាក់​ទង​ការ​ជួញ​ដូរ​មនុស្ស​ថា​ គេ​​បាន​រក​ឃើញ​ពី​មូលហេតុ​នៃ​បញ្ហា​គឺ​​បណ្ដាល​មក​ពី​"...កង្វះខាត​ព័ត៌មាន​នៃ​ ការ​បោកប្រាស់​..."

រដ្ឋាភិបាល​គួរ​ដឹង​ថា​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ ស្ថាប័ន​​និមួយៗ​ជា​ពិសេស​គឺ​ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​វិប សាយ ដែល​ជា​ការ​សម្ដែង​ឲ្យ​ឃើញ​នូវ​សុឆន្ទៈ​របស់​រាជ​រដ្ឋាភិបាល ដោយ​ហេតុ​ថា​ព័ត៌មាន​ដែល​ស្ថាប័ន​ដាក់​លើ​វិប​សាយ​នោះ នឹង​​ឆ្លុះ​បញ្ចាំង​អំពី ដំណើរ​ការ​និង​ការ​ប្រព្រឹត្ត​ទៅ​ និង​អំពី​តម្លា​ភាព​និង​​គណនេយ្យ ភាព​របស់​ស្ថាប័ន​នោះ​។​ ការ​ដែល​មិន​បាន​ផ្ដល់​ព័ត៌មាន​គ្រប់​គ្រាន់​​នឹង​បង្កើត​ឲ្យ​មាន​ស្ថាន​ភាព​ខ្វះ​ខាត​ព័ត៌មាន​ ​នាំ​ឲ្យ​មាន​ការ​មន្ទិល​សង្ស័យ​និង​​នាំ​ឲ្យ​មាន​ភាព​អវិជ្ជមាន​ដូច​បាន​រៀប​រាប់​ខាង​លើ។ នៅ​​ប្រ​ទេស​អភិវឌ្ឍ​ ប្រ​ជា​ពល​រដ្ឋ​មាន​សិទ្ធិ​ចូល​ទៅ​កាន់​ព័ត៌មាន​សឹង​តែ​​ទាំង​អស់​របស់​ស្ថាប័ន​រដ្ឋ ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ​​ និង​​នីតិប្រតិបត្តិ។​ ប្រ​ជា​ពលរដ្ឋ​ប្រ​ទេស​ទាំង​នោះ ក៏​មាន​សិទ្ធិ​សួរ​ដេញ​ដោល​ប្រ​សិន​បើ​ឃើញ​មាន​ករណី​មិន​ប្រក្រតី​ណា​មួយ។​ ប្រ​ការ​នេះ​បាន​​ ​ធ្វើ​ឲ្យ​ការ​អនុវត្ត​និង​ការ​ត្រួត​ពិនិត្យ​មាន​តុល្យភាព​។​

ហេតុ​ដូច្នេះ​ហើយ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ ជំ​រុញ​ឲ្យ​មាន​ការ​ចូល​រួម​ឲ្យ​បាន​ច្រើន​ក្នុង​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​ដើម្បី​សម្ដែង​នូវ​​ឆន្ទៈ​​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​នោះ​ គួរ​ស្ថាប័ន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​ខ្លឹមសារ​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​មើល​ក្នុង​ការ​ចូល​ទៅ​ស្វែង​រក​ព័ត៌មាន​នានា​តាម​សេចក្ដី​ត្រូវ​ការ។​​ រដ្ឋាភិបាល​ក៏​ត្រូវ​មាន​គោល​នយោបាយ លើក​ទឹក​ចិត្ត​ដល់​ការ​ចែក​រំ​លែក​ព័ត៌មាន​សម្រាប់​ប្រ​ជា​ពលរដ្ឋ​ផង​ដែរ។​​​​​​​​

ជា​មួយ​គ្នា​នោះ យើង​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​​ប្រ​ព័ន្ធ​សារព័ត៌មាន​ខ្មែរ​ដែល​បាន​​​​បំពេញ​តួនាទី​ជា​អ្នក​ពាំ​នាំ​ការ​ពិត​ដល់​អ្នក​អាន ដោយ​បាន​ធ្វើ​ការ​ឆ្លុះបញ្ចាំង​អំពី​ស្ថាន​ភាព​រវាង​​​សេចក្ដី​ត្រូវ​ការ​និង​ការ​ផ្គត់​ផ្គង់​ព័ត៌មាន​នៅ​ប្រ​ទេស​កម្ពុជា​ដែល​យើង​ទាំង​អស់​គ្នា​កំពុង​ជួប​ប្រ​ទះ៕