ភ្នំពេញ៖ មន្ត្រីសុខាភិបាលបាននិយាយថា បុរសហ្វ៊ីលីពីនអាយុ៥៣ឆ្នាំដែលកើតជំងឺផ្ដាសាយ A/H1N1 បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យខេត្តសៀមរាបនាព្រឹកថ្ងៃអង្គារកន្លងមកនេះ។
លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លងក្រសួងសុខាភិបាល បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃអង្គារថា បុរសហ្វ៊ីលីពីនរូបនោះបានជាសះស្បើយហើយបន្ទាប់ពីការធ្វើវិភាគរកមេរោគមិនឃើញសញ្ញាវិជ្ជមាននៃមេរោគផ្ដាសាយ A/H1N1 នៅក្នុងឈាមរបស់គាត់។
លោកបន្តថា ចំណែកស្ត្រីខ្មែរអាយុ១៩ឆ្នាំមិនទាន់បានចាកចេញពីមន្ទីរពេទ្យកាល់ម៉ែត ដោយសារវត្តមានមេរោគមាននៅក្នុងឈាមរបស់នាង។ លោកបន្តថា "ស្ត្រីខ្មែររូបនេះយើងបន្តឲ្យស្ថិតក្នុងមន្ទីរពេទ្យ ប៉ុន្តែសុខភាពរបស់នាងមិនមានសភាពធ្ងន់ធ្ងរនោះទេ"។
ស្ត្រីកម្ពុជារូបនេះត្រូវបានរកឃើញមេរោគផ្ដាសាយ A/H1N1 កាលពីថ្ងៃព្រហស្បតិ៍ទី២៥មិថុនាកន្លងមកនេះ។ នាងជាស្ត្រីខ្មែរដែលត្រូវបានឆ្លងមេរោគនេះបន្ទាប់ពីបានប៉ះពាល់ជាមួយបុរសជនជាតិអូស្ត្រាលីដែលកើតមានជំងឺផ្ដាសាយA/H1N1 ៕





