លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានប្រសាសន៍កាលពីម្សិលមិញថា នៅក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែ កក្កដា ខាងមុខនេះ គឺមានអ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្សនយោបាយប្រមាណជិត ៩ ម៉ឺននាក់ ដើម្បីចូលរួមតាមដានក្នុងដំណើរការបោះឆ្នោត ក្នុងនោះមានអ្នកសង្កេតការណ៍ជាតិមានចំនួន ២៤ ៤២២ នាក់ មកពីអង្គការចំនួន ៦៧ នាក់ អន្តរជាតិចំនួន ៤៣៣ នាក់ មកពីស្ថាប័នផ្សេងៗចំនួន ២១ នាក់ និងគណបក្សនយោបាយចំនួន ៦២ ៨៣១ នាក់។
លោក ទេព នីថា មានប្រសាសន៍ថា៖ "ក្នុងចំណោមគណបក្សទាំង ១១ គឺមានគណបក្សចំនួន ៤ ដែលពុំទាន់ឃើញមានអ្នកសង្កេតការណ៍ ក្នុងនោះគឺមានគណបក្សប្រជាធិបតេយ្យខ្មែរ គណបក្សខ្មែរឈប់ក្រ គណបក្សសង្គមយុត្តិធម៌ និងគណបក្សខ្មែរសាធារណរដ្ឋ"។
ទាក់ទងនឹងការដាក់ពង្រាយភ្នាក់ងារសង្កេតការណ៍នេះ លោក មុត ចន្ថា មន្ត្រីអ្នកនាំពាក្យគណបក្សនរោត្ដម រណឫទ្ធិ បានបញ្ជាក់ថា៖ "គណបក្សនរោត្ដម រណឫទ្ធិ មានភ្នាក់ងាររបស់ខ្លួនជាង ៣៥ ០០០ នាក់ ដាក់នៅគ្រប់ការិយាល័យបោះឆ្នោតទាំងអស់ដើម្បីឃ្លាំមើលដំណើរការបោះឆ្នោត"។ លោក មុត ចន្ថា បានបញ្ជាក់ថា លោកនៅតែបារម្ភចំពោះការបន្លំផ្សេងៗដែលនឹងកើតមាន បើទោះបីជាមានភ្នាក់ងារគ្រប់ស្ថានីយ៍បោះឆ្នោតក៏ដោយ។ លោកមានប្រសាសន៍ថា៖ "អ្នកដែលគេរកល្បិចសម្រាប់លួច (សន្លឹកឆ្នោត) យើងតាមគេមិនទាន់ទេ។ បើយើងរកយុទ្ធសាស្ត្របែបនេះសម្រាប់ទប់ទល់ គេរកវិធីសាស្ត្រនោះសម្រាប់លួច"។ ក្នុងនោះដែរ លោក មុត ចន្ថា បានរិះគន់ទៅលើអ្នកសង្កេតការណ៍អន្តរជាតិថា មិនអាចធ្វើការរបស់ខ្លួនមានប្រសិទ្ធភាពទេ ដោយលោកបញ្ជាក់ថា៖ "អ្នកសង្កេតការណ៍អន្តរជាតិទាំងនោះមិនត្រូវបានដាក់ពង្រាយគ្រប់កន្លែង មិនយល់អំពីនីតិវិធី គ.ជ.ប មិនស្គាល់ពីភូមិសាស្ត្រ និងមិនដឹងពីល្បិចកលទាំងឡាយដែលជាការបន្លំសន្លឹកឆ្នោត"។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី លោកនៅមានក្ដីសង្ឃឹមទៅលើអ្នកសង្កេតការណ៍ក្នុងស្រុក ដូចជាអង្គការខុមហ្រ្វែល និង និកហ្វិក ជាដើម។
ចំណែកប្រធានគណបក្សសម រង្ស៊ី លោក សម រង្ស៊ី វិញ កាលពីថ្ងៃទី ១៦ ខែ កក្កដា កន្លងទៅ បានអំពាវនាវតាមរយៈលិខិតរបស់ខ្លួន ដោយសុំឲ្យជនជាតិខ្មែរនៅឯនាយសមុទ្រជួយឧបត្ថម្ភជាស្បៀងអាហារដល់ភ្នាក់ងារគណបក្សរបស់ខ្លួនចំនួន ៣០ ០០០ នាក់ ដែលនឹងត្រូវដាក់ពង្រាយពេញមួយយប់នៅថ្ងៃបោះឆ្នោត ដើម្បីការពារសន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត ១៥ ២២៥។ ក្នុងលិខិតបានសរសេរថា មកទល់នឹងពេលនេះប្រជាពលរដ្ឋម្ចាស់ឆ្នោតដែលគាំទ្រគោលនយោបាយរបស់គណបក្សយើងកាន់តែកើនឡើងយ៉ាងផុសផុល។ កិច្ចការចាំបាច់ចំពោះមុខដែលនឹងត្រូវធ្វើជាបន្ទាន់ គឺការរៀបចំភ្នាក់ងារគណបក្សដើម្បីការពារសន្លឹកឆ្នោតដែលប្រជាពលរដ្ឋនឹងបោះឆ្នោតគាំទ្រគណបក្សសម រង្ស៊ី។
លោក អេង ឆៃអ៊ាង អគ្គលេខាធិការគណបក្សសម រង្ស៊ី បានបញ្ជាក់ពីករណីដែលអំពាវនាវរកជំនួយនេះថា៖ "មធ្យោបាយដែលគណបក្សសម រង្ស៊ី យកមករៀបចំឃោសនា (បោះឆ្នោត) នេះគឺបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋអ្នកស្រឡាញ់ជាតិ និងអ្នកស្នេហាជាតិ។ ដូច្នេះហើយបានជាគណបក្សសម រង្ស៊ី អំពាវនាវរកជំនួយបន្ថែមដើម្បីដំណើរការឲ្យចប់ចុងចប់ដើម"។ លោកអេង ឆៃអ៊ាង បានលើកឡើងផងដែរថា ភ្នាក់ងារគណបក្សនឹងត្រូវបានផ្ដល់រង្វាន់ជាថវិកានៅពេលណាដែលពួកគេរកឃើញពីការកេងប្រវ័ញ្ចសន្លឹកឆ្នោតដោយគណបក្សនយោបាយណាមួយនោះ។
ចំណែកលោក អ៊ូ ច័ន្ទរ័ត្ន អគ្គលេខាធិការគណបក្សសិទ្ធិមនុស្សវិញមានប្រសាសន៍ថា គណបក្សរបស់លោកមានអ្នកសង្កេតការណ៍ប្រមាណជាង ២ ម៉ឺននាក់ បានដាក់ពង្រាយតាមការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោត។ លោកបញ្ជាក់ថា ការពង្រាយភ្នាក់ងារនោះគណបក្សសិទ្ធិមនុស្សមិនបានដាក់នៅខេត្តមួយចំនួនដែរ ក្នុងនោះមានដូចជាខេត្តព្រះវិហារជាដើម។ លោកបញ្ជាក់ថា៖ "ការមិនបានដាក់អ្នកសង្កេតការណ៍នេះមិនមែនមានន័យថា ពុំមានអ្នកគាំទ្រគណបក្សសិទ្ធិមនុស្សនោះទេ ប៉ុន្តែដោយសារតែពេលវេលាខ្លីហើយរៀបចំមិនទាន់"។
រីឯគណបក្សប្រជាជនកម្ពុជាវិញ លោក ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលរបស់គណបក្សបញ្ជាក់ថា មានភ្នាក់ងាររបស់ខ្លួនដាក់ពង្រាយនៅគ្រប់ការិយាល័យបោះឆ្នោតទាំងអស់ ហើយអ្នកទាំងនោះគឺសុទ្ធតែជាអ្នកទទួលបានការបណ្ដុះបណ្ដាលយ៉ាងល្អស្របទៅតាមនីតិវិធីរបស់ គ.ជ.ប ផងដែរ។
ចំណែក លោក ឱក សុជាតិ ទីប្រឹក្សារបស់ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច វិញបានឲ្យដឹងដែរថាគណបក្សរបស់លោកមានភ្នាក់ងារខ្លួនក្នុងមួយការិយាល័យ ២ នាក់ សម្រាប់គ្រប់ការិយាល័យបោះឆ្នោតទូទាំង ២៤ ខេត្ត-ក្រុង។ ប៉ុន្តែលោកមិនទាន់ប្រាកដថា ភ្នាក់ងារសង្កេតការណ៍ទាំងនោះអាចបំពេញតាមតួនាទីរបស់ខ្លួនទៅតាមអ្វីដែលគណបក្សចង់បាននោះទេ ដោយលោកបញ្ជាក់ថា៖ "យើងមិនទាន់ទុកចិត្តនៅឡើយទេ ព្រោះការិយាល័យខ្លះនៅឆ្ងាយ (ភ្នាក់ងារ) អាចខ្លាច អាចមានការគំរាមកំហែង និងអាចខ្ជិលជាដើម"។ លោក ឱក សុជាតិ បានបង្ហាញថា កន្លងមកបើទោះបីជាគណបក្សហ៊្វុនស៊ិនប៉ិច មិនពេញចិត្តនឹងការចាត់ចែងរបស់ គ.ជ.ប ក៏ដោយ ក៏ប៉ុន្តែជាចុងក្រោយនេះ គណបក្សលោកសង្ឃឹមទៅលើភ្នាក់ងារអ្នកសង្កេតការណ៍គណបក្សខ្លួនតែម្យ៉ាងប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា៖ "ភ្នាក់ងារសង្កេតការណ៍របស់គណបក្ស គឺមានសារៈសំខាន់ណាស់ ប្រសិនបើអ្នកសង្កេតការណ៍មិនពូកែគឺអ្វីដែលជាការខំប្រឹងឃោសនាមួយខែនេះនឹងត្រូវរលាយអស់ជាមិនខាន"។
ចំណែកលោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិកហ្វិក មានប្រសាសន៍ថា លោកមានអ្នកសង្កេតការណ៍ចំនួន ៧ ៨៨០ នាក់ជាខ្មែរ និង ៨៥ នាក់ ជាជនបរទេស។ លោក ហង្ស ពុទ្ធា បញ្ជាក់ថា ភ្នាក់ងារទាំងនោះមិនបានពង្រាយគ្រប់ការិយាល័យបោះឆ្នោតទេ ប៉ុន្តែអ្នកទាំងនោះពង្រាយនៅតាមគ្រប់ឃុំដើម្បីបញ្ជូនព័ត៌មានតាមទូរស័ព្ទទៅកាន់ទីស្នាក់ការធំរបស់ខុមហ្វ្រែលនៅទីក្រុងភ្នំពេញ។ ចំណែកឯអង្គការខុមហ្វ្រែល ក៏មានអ្នកសង្កេតការណ៍ដាក់ពង្រាយជាច្រើនពាន់នាក់ដែរ៕

