ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

៧​ខែ​ដើម​ឆ្នាំ​២០០៨​ សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​៦៤​ម៉ឺន​នាក់

ភ្ញៀវ​ទេសចរ​បរទេស​គ្រប់​ជាតិ​សាសន៍​ មក​ទស្សនាខេត្ត​សៀមរាប​ និង​រយៈពេល​៧​ខែ​ដើម​ឆ្នាំ​នេះ​ មាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ ៦៤៣.៨៩០នាក់​ (រូបថត​៖ គូលែន)សៀមរាប​៖ ទោះ​បី​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ និង​តំបន់​ប្រាសាទ​តាមាន់​ ខេត្ត​ឧត្តរមានជ័យ​បញ្ហា​ប្រឈម​មុខ​ជាមួយ​នឹង​ទាហាន​សៀម​ឈ្លាន​ពាន​ក៏​ដោយ​ ក៏​គេ​សង្កេត​ឃើញ​ថា​ ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​នៅ​តែ​​បន្ត​ចូល​មក​ទស្សនា​កម្សាន្ត​តំបន់​ទេសចរ​នានា​ក្នុង​ខេត្ត​សៀមរាប​ពុំ​មាន​ការ​ធ្លាក់​ចុះ​ឡើយ។

បើ​តាម​ស្ថិតិ​ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​ផ្ដល់​ឲ្យ​​កាសែត​​រស្មីកម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​សីហា​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ រយៈពេល​៧​ខែ​ដើម​ឆ្នាំ​នេះ​ ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ប្រមាណ​ ៦៤៣.៨៩០​នាក់។ តួ​លេខ​​នោះ​បាន​បង្ហាញ​ទៀត​ថា​ នៅ​៦​ខែ​ដើម​​ឆ្នាំ​ខេត្ត​ទទួល​បាន​ភ្ញៀវ​ទេសចរ​បាន​ចំនួន​៥៧៧.៩៩៤​នាក់។ ដោយ​ឡែក​ខែ​កក្កដា​២០០៨​កន្លង​ទៅ​នេះ​ភ្ញៀវ​ទេសចរ​មាន​ចំនួន​៦៥.៨៩៦​នាក់។

គួរ​រំលឹក​ថា​ កាល​ពី​ខែ​កក្កដា​​ឆ្នាំ​២០០៧​កន្លង​ទៅ​ ខេត្ត​សៀមរាប​​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​​៦២.៩៧៦​នាក់។ ប៉ុន្តែ​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០០៨​នេះ​ ខេត្ត​សៀមរាប​ទទួល​​បាន​ភ្ញៀវ​ទេសចរ​បាន​ចំនួន​៦៥.៨៩៦​នាក់​ឃើញ​មាន​សន្ទុះ​កើន​ឡើង​ប្រមាណ​៤,៦៣​ភាគ​រយ​បើ​ប្រៀបធៀប​រយៈពេល​មួយ​ខែ​ដូចគ្នា។

កាល​ពី​ឆ្នាំ​២០០៧​កន្លង​ទៅ​ទូទាំង​ប្រទេស​កម្ពុជា​​យើង​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​បាន​ចំនួន​ប្រមាណ​​ជាង​២​លាន​នាក់។ ដោយ​ឡែក​ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​១.១០០.០០០​នាក់។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជនជាតិ​កូរ៉េ​នៅ​តែ​ឈរ​លំដាប់​ទី​១​ ជប៉ុន​លំដាប់​ទី​២​ តៃវ៉ាន់​​លំដាប់​ទី​៣​​ និង​​លំដាប់​​ទី​៤​ គឺ​អាមេរិក។​បើ​តាម​ព្យាករណ៍​របស់​ក្រសួង​​ទេសចរណ៍​បាន​បង្ហាញ​ថា​ ឆ្នាំ​២០០៨​នេះ​កម្ពុជា​អាច​ទទួល​​ភ្ញៀវ​ទេសចរ​បាន​ប្រមាណ​៣​លាន​នាក់។

លោក​ គុជ​ លីណា​ អគ្គនាយក​រង​សណ្ឋាគារ​សោមាទេវីអង្គរ​ និង​ស្ប៉ា​ខេត្ត​សៀមរាប​ បាន​មាន​ប្រសាសន៍​ថា​ ទោះ​បី​ជា​តាម​ព្រំដែន​កម្ពុជា​-ថៃ​​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​​ដោយ​ទាហាន​សៀម​ចូល​មក​ឈ្លាន​ពាន​ទឹកដី​កម្ពុជា​ផ្នែក​ខ្លះ​ក៏​ដោយ​ ក៏​ភ្ញៀវ​ទេសចរ​បរទេស​ពុំ​មាន​​ការ​ថយ​ចុះ​សម្រាប់​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​ឡើយ។

លោក​បាន​បញ្ជាក់​ទៀត​ថា​ សណ្ឋាគារ​លំដាប់​ផ្កាយ​៤​ មាន​ចំនួន​១៥០​ បន្ទប់​​គឺ​ក្នុង​មួយ​ខែ​មាន​ភ្ញៀវ​ទេសចរ​​មក​ស្នាក់​នៅ​ពី​៥៥​​ទៅ​៦០​ភាគរយ​ឯ​ណោះ។ ពិត​មែន​តែ​បច្ចុប្បន្ន​ដល់​រដូវ​ធ្លាក់​ស្រុត​ចុះ​នៃ​ភ្ញៀវ​ទេសចរ​យ៉ាង​ណា​ក៏​ដោយ។ ដោយ​ឡែក​ភ្ញៀវ​កើន​ឡើង​ខ្ពស់​​ចាប់​ពី​ខែ​​វិច្ឆិកា​ ឬ​ធ្នូ​ដល់​មេសា​ជា​​រៀងរាល់​ឆ្នាំ។

លោក​ គុជ​ លីណា​ បាន​បន្ត​ថា​ ការ​កើន​ឡើង​នៃ​ភ្ញៀវ​ទេសចរ​គឺ​ដោយសារ​ប្រមុខ​រាជរដ្ឋាភិបាល​​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​ដោយ​សម្ដេច​អគ្គមហា​សេនា​​បតី​តេជោ​ ហ៊ុន​ សែន​ ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព​ ហើយ​ភ្ញៀវ​​ទេសចរ​គ្រប់​ជាតិ​សាសន៍​ គេ​មិន​​មាន​ភាព​ភ័យខ្លាច​ ទើប​ជា​កំណើន​ភ្ញៀវ​ទេសចរ​ពុំ​មាន​ការ​ថយ​ចុះ​បែប​នេះ។

ដោយ​ឡែក​លោក​​ ពៅ​ ពិសិដ្ឋ​អភិបាល​រង​ខេត្ត​សៀមរាប​បាន​និយាយ​ប្រាប់​រស្មីកម្ពុជា​​ដែរ​ថា​ ខេត្ត​សៀមរាប​មាន​សុខ​សន្តិភាព​ នយោបាយ​ល្អ​បំផុត​ដែល​ភ្ញៀវ​ទេសចរ​បរទេស​គេ​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​ពុំ​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព។

លោក​ ពៅ​ ពិសិដ្ឋ​ បាន​បន្ត​ថា​ នៅ​ពេល​ថ្មីៗ​នេះ​ដែរ​ ខេត្ត​សៀមរាប​ដែល​មាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ ដែល​ជា​អ្នក​គ្រប់គ្រង​សភាព​ការណ៍​សន្តិសុខ​សង្គម​ទូទៅ​បាន​ចេញ​សារាចរ​ណែនាំ​មួយ​ពង្រឹង​​សុវត្ថិភាព​សារាចរ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​គោរព​ច្បាប់​សារាចរ​ឲ្យ​បាន​ល្អ​គ្រប់ៗ​គ្នា​ ដើម្បី​លើក​ស្ទួយ​មុខ​មាត់​ខេត្ត​ ក៏​ដូច​ជា​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ទូទាំង​ខេត្ត​សៀមរាប​ទៀត​ផង។ សារាចរ​ណែនាំ​នោះ​តម្រូវ​ឲ្យ​ធ្វើ​ការ​ដាក់​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អ្នក​ប្រព្រឹត្ត​បទល្មើស​សារាចរ​ទៀត​ផង។

លោក​បន្ត​ថា​ ភ្ញៀវ​ទេសចរ​ទាំង​​អស់​អាច​មក​កម្សាន្ត​ស្នាក់​នៅ​ខេត្ត​សៀមរាប​បាន​យ៉ាង​រីករាយ​ ដោយ​មិន​ព្រួយ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ឡើយ៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ ពុធ 20 Aug 2008