ខេត្តតាកែវ៖ បុរសចំណាស់ម្នាក់ត្រូវបានប៉ូលិសស្រុកសំរោងចាប់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តធ្វើការកាត់ទោសទៅតាមច្បាប់ ដោយចោទប្រកាន់ពីបទចាប់រំលោភក្មេងស្រីម្នាក់រហូតបានសម្រេច។ ហេតុការណ៍ដ៏គួរឲ្យស្អប់ខ្ពើមបំផុតនេះបានកើតឡើងនៅភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ កាលពីវេលាម៉ោង៤ និង១០នាទី រសៀល ថ្ងៃទី៤ កញ្ញា ឆ្នាំ២០០៩កន្លងទៅនេះ។
លោកឆុង អេងលី អធិការរងស្រុកសំរោង បានឲ្យដឹងថា បុរសចំណាស់ដែលជាប់ចោទរំលោភក្មេងស្រីនេះឈ្មោះ ទិត្យ ស៊ុន អាយុ៦៣ឆ្នាំ ហើយចំណែកក្មេងស្រីរងគ្រោះអាយុ៨ឆ្នាំ រស់នៅភូមិកើតហេតុជាមួយគ្នា។ ទាក់ទិននឹងករណីនេះក្មេងស្រីរងគ្រោះបាននិយាយរៀបរាប់ប្រាប់ប៉ូលិសថា មុនពេលកើតហេតុ រូបនាងបានដើរកាត់ភ្លៀងទៅទិញនំហូប ពេលទៅដល់កន្លែងលក់នំអត់ឃើញមានគេលក់ក៏ប្រុងវិលត្រឡប់មកផ្ទះវិញ ប៉ុន្តែពេលនោះនាងបានជួបជាមួយតាស៊ុន (ជនជាប់ចោទ) ហើយតាស៊ុនក៏ហៅរូបនាងឲ្យចូលទៅក្នុងផ្ទះរបស់គាត់ ដោយនិយាយប្រាប់នាងថា ចាំគាត់ឲ្យសំពត់អាវថ្មីស្លៀកពាក់ ពីព្រោះខោអាវរបស់នាងបានទទឹកជោកអស់ហើយ។ ឮតាស៊ុនប្រាប់ដូច្នេះនាងក៏ដើរតាមគាត់ចូលទៅក្នុងផ្ទះ ហើយខណៈនោះតាស៊ុន បានយកសំពត់អាវថ្មីហុចមកឲ្យនាង ដោយគាត់បានប្រាប់ឲ្យរូបនាងស្រាតខោអាវទទឹក នោះចេញទាំងអស់ដើម្បីដូរសំពត់អាវថ្មី។ ពេលនាងធ្វើតាមការណែនាំរបស់គាត់នោះ ស្រាប់តែតាស៊ុនស្រាតខោអាវគាត់ចេញដែរ រួចហើយចាប់រូបនាងរំលោភយ៉ាងកំរាលព្រៃផ្សៃបំផុត ទោះបីជានាងខំរើបំរះយ៉ាងណាក្ដី ក៏តាកញ្ចាស់នោះយកដៃមកខ្ទប់មាត់នាងជាប់ ហើយគំរាមមិនឲ្យរូបនាងនិយាយរឿងនេះប្រាប់ឪពុកម្ដាយទេ។ ក្មេងស្រីរងគ្រោះបានឲ្យដឹងទៀតថា ក្រោយពីតាកញ្ចាស់នោះរំលោភនាងរួចហើយ នាងក៏យកសំពត់អាវថ្មីដែលតាស៊ុនឲ្យនោះស្លៀកពាក់ទាំងក្ដីឈឺចាប់បំផុត ហើយបានដើរទៅអង្គុយនៅលើចិញ្ចឹមថ្នល់ដើម្បីរង់ចាំម្ដាយមកពីផ្សារនឹងអាលប្រាប់រឿងនេះដល់គាត់។
ស្ត្រីជាម្ដាយក្មេងស្រីរងគ្រោះបាននិយាយប្រាប់ប៉ូលិសដែរថា ពេលគាត់ត្រឡប់ពីផ្សារថ្នល់បត់វិញ ស្រាប់តែឃើញកូនស្រីគាត់អង្គុយយំលើចិញ្ចើមថ្នល់ ពេលនោះរូបគាត់បានសួរទៅកូនស្រីថា ហេតុអ្វីបានជាកូនយំអ្នកណាធ្វើអ្វីកូន? ពេលនោះកូនស្រីគាត់និយាយប្រាប់ថា តាស៊ុនចាប់រំលោភនាង។ ឮដូច្នេះគាត់ក៏ទៅប្ដឹងលោកមេភូមិ ហើយលោកមេភូមិក៏ទៅប្ដឹងសមត្ថកិច្ចប៉ូលិសឲ្យចាប់ខ្លួនតាស៊ុនតែម្ដង។
នៅចំពោះមុខប៉ូលិស ជនជាប់ចោទឈ្មោះ ទិត្យ ស៊ុន បានសារភាពប្រាប់ប៉ូលិសថា រូបគាត់ពិតជាបានលួងលោមដើម្បីចាប់រំលោភក្មេងស្រីរងគ្រោះនោះប្រាកដមែន ដោយសារឃើញក្មេងស្រីរូបនោះស្រាតសំពត់អាវដែលទទឹកចេញធ្វើឲ្យគាត់មានអារម្មណ៍ចង់រួមភេទ។ នៅរសៀលថ្ងៃទី៧ កញ្ញា២០០៩ ជនជាប់ចោទបានត្រូវប៉ូលិសបញ្ចូលទៅកាន់តុលាការដើម្បីធ្វើការចោទប្រកាន់ និងឃុំឃាំងជាបណ្ដោះអាសន្ននៅក្នុងពេលពន្ធនាគារខេត្តរង់ចាំបើកសវនាការនាពេលដ៏ខ្លីខាងមុខ៕





