ភ្នំពេញ ៖ និស្សិតកម្ពុជា៥នាក់ទៀតបានជាប់អាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់ឧត្ដមនៅអឺរ៉ុបក្នុងឆ្នាំ២០០៨ - ២០០៩ ក្រោមការឧបត្ថម្ភពីសហភាពអឺរ៉ុបតាមរយៈកម្មវិធីអាហារូបករណ៍ Erasmus Mundus របស់គណៈកម្មការសហគមន៍អឺរ៉ុប។
នៅថ្ងៃទី១៣ ខែសីហា ប្រតិភូគណៈកម្មការសហគមន៍អឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញនិស្សិតទាំង៥នាក់ដែលជាប់អាហារូបករណ៍ និងនិស្សិតផ្សេងៗទៀតដែលជាប់អាហារូបករណ៍នាឆ្នាំកន្លងទៅ មកជួបសំណេះសំណាលដកបទពិសោធន៍គ្នាទៅវិញទៅមក និងពិសាអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានបារ៉ាន់។
និស្សិត៥នាក់ដែលជាប់អាហារូបករណ៍ និងបន្តការសិក្សាក្នុងកម្មវិធីថ្នាក់អនុបណ្ឌិតទាំងនោះមាន កញ្ញា ប៊ូ ម៉ូលីការ នឹងទៅសិក្សាផ្នែកសុខភាពសាធារណៈនៅចក្រភពអង់គ្លេស និងប្រទេសដាណឺម៉ាក លោក គង់ រ៉ាដា និងទៅសិក្សាផ្នែកអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសដាណឺម៉ាក និងប្រទេសបារាំង លោក ឡាំង ឡន នឹងសិក្សាផ្នែកអភិវឌ្ឍន៍ជនបទ នៅប្រទេសប៊ែលហ្ស៊ិក និងប្រទេសបារាំង លោក យាង ដូណាល់ នឹងសិក្សាផ្នែករុក្ខាប្រមាញ់ នៅក្នុងប្រទេសស៊ុយអែត ប៊ែលហ្ស៊ិក និងប្រទេសហ្វាំងឡង់ ហើយលោក មាស ប៊ុនលី នឹងសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាននៅក្នុងបរិបទសកលភាវូនីយកម្មនៅក្នុងប្រទេសដាណឺម៉ាក ហុល្លង់ និងចក្រភពអង់គ្លេស។
លោក Rafael Dochao Moreno ភារធារីនៃប្រតិភូគណៈកម្មការសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា "កម្មវិធីអាហារូបករណ៍ Erasmus Mundus អនុញ្ញាតឲ្យនិស្សិតកម្ពុជាទាំងនេះ បន្តការសិក្សានៅសកលវិទ្យាល័យនៅក្នុងបណ្ដាប្រទេសអឺរ៉ុប យ៉ាងហោចណាស់ចំនួនពីរផ្សេងគ្នា ដែលជាការផ្ដល់ឱកាសបន្ថែមឲ្យពួកគេបានយល់ដឹងអំពីវប្បធម៌ ភាសាព្រមទាំងប្រព័ន្ធអប់រំផ្សេងៗគ្នានៅអឺរ៉ុបផងដែរ"។
លោកបានអះអាងថា "ខ្ញុំប្រាកដក្នុងចិត្តណាស់ថា និស្សិតទាំងនេះនឹងទទួលបាននូវបទពិសោធន៍ដ៏សម្បូរបែបលើទិដ្ឋភាពសិក្សាអប់រំ និងផ្ទាល់ខ្លួន"។
លោក យាង ដូណាល់ ដែលជាបេក្ខជនជាប់អាហារូបករណ៍ទៅសិក្សានោះបាននិយាយឲ្យដឹងថា រូបលោកមានការសប្បាយចិត្តយ៉ាងខ្លាំង ដែលបានបន្តការសិក្សានៅអឺរ៉ុប ដែលអាចឲ្យរូបលោកមានឱកាសដកស្រង់បទពិសោធន៍ពីអឺរ៉ុបមកអភិវឌ្ឍន៍ប្រទេសកម្ពុជាយើង។ លោកបានឲ្យដឹងថា លោកជានិស្សិតបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យភូមិន្ទកសិកម្មផ្នែកវិទ្យាសាស្ត្រព្រៃឈើ នៅឆ្នាំ២០០៦ ហើយបានចូលបម្រើការនៅក្រសួងបរិស្ថាន។
លោក យាង ដូណាល់ បានបញ្ជាក់ឲ្យដឹងថា រូបលោកនឹងចេញដំណើរទៅសិក្សានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០៨ ខាងមុខនេះ ដែលនឹងសិក្សារយៈពេលពីរឆ្នាំ។
គួររំលឹកថា ចាប់តាំងពីឆ្នាំ២០០៥មក និស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាថ្នាក់សកលវិទ្យាល័យចំនួន១៨នាក់ហើយដែលបានទទួលអាហារូបករណ៍ Erasmus Mundus។ អ្នកទទួលអាហារូបករណ៍ Erasmus Mundus ចាស់និងថ្មី ទើបតែបានសម្រេចចិត្តបង្កើតសមាគម Erasmus Mundus កម្ពុជា (EMA) ដើម្បីធ្វើជាវេទិកាប្រមូលផ្ដុំជាបណ្ដាញនិងទំនាក់ទំនងព្រមទាំងជំរុញឲ្យមានការយល់ដឹងអំពីកម្មវិធីអាហារូបករណ៍នេះ មានគោលបំណងបង្កើនគុណភាពការអប់រំឧត្ដមសិក្សានៅអឺរ៉ុប តាមរយៈកិច្ចពិភាក្សា និងសហប្រតិបត្តិការជាមួយបណ្ដាប្រទេសមិនមែនសមាជិកសហភាពអឺរ៉ុប។ ចាប់តាំងពីឆ្នាំ២០០៤ មកមាននិស្សិតជាង ៦.០០០នាក់ និងបុគ្គលិកអប់រំជាង ១.០០០នាក់បានទទួលអាហារូបករណ៍ទៅបន្តបង្រៀន ឬធ្វើការស្រាវជ្រាវនៅក្នុងក្របខ័ណ្ឌការសិក្សាថ្នាក់អនុបណ្ឌិតអឺរ៉ុប។ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ថវិការបស់កម្មវិធី Erasmus Mundus នឹងមានតម្លៃជាទឹកប្រាក់៩៥០លានអឺរ៉ូ (ប្រហែលជា ១.៤៩៦លានដុល្លារ)។ លក្ខណៈពិសេសថ្មីៗនៃកម្មវិធីនេះរួមមានកម្មវិធីសិក្សាថ្នាក់បណ្ឌិតរួម គោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នឧត្ដមសិក្សាសហភាពអឺរ៉ុប និងស្ថាប័នឧត្តមសិក្សានៃប្រទេសដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប។ ជាងនេះទៅទៀតចាប់ពីឆ្នាំ២០០៩ទៅកម្មវិធីអាហារូបករណ៍ Erasmus Mundus នឹងបញ្ចូលគម្រោងផ្លាស់ប្ដូរនិស្សិតសម្រាប់គ្រប់កម្រិតទាំងអស់នៅថ្នាក់ឧត្ដមសិក្សា ដើម្បីផ្ដល់មូលនិធិដល់ការផ្លាស់ប្ដូរនិស្សិត និងមន្ត្រីអប់រំ៕

