ខេត្តកំពង់ចាម ៖ បុរសថែសួនច្បារឈ្មោះ ជូ វុទ្ធថន អាយុ៥៣ឆ្នាំ រស់នៅភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ត្រូវបានស្ត្រីជាប្រពន្ធកាប់តាមកំហឹង៥ប៉័ងតោ ខណៈពេលកំពុងជិះម៉ូតូសេ១០០កូរ៉េ ពណ៌ក្រហម នៅលើស្ពានគីហ្ស៊ុណា បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
លោក ណា ចេ ប្រធានការិយាល័យគោលដៅការពារស្ពានគីហ្ស៊ុណាប្រាប់ថា ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅលើស្ពាននាវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី២៧ មេសា ឆ្នាំ២០០៨ ដោយស្ត្រីម្នាក់ឈ្មោះ សាន សំណាង អាយុ៤៨ឆ្នាំ បានទាញប៉័ងតោមកកាប់ចិញ្ច្រាំលើបុរសជាប្ដីឈ្មោះ ថន ខណៈពេលកំពុងតែជិះម៉ូតូរួមដំណើរជាមួយគ្នា។ លោក ណា ចេ ប្រាប់បន្តថា ខណៈពេលម៉ូតូដួលនៅលើស្ពានគេឃើញបុរសជាប្ដីត្រូវរបួសក្បាល ថ្ពាល់ និងស្មា សរុប៥ប៉័ងតោរយៈហូរឈាមរហាម។ ភ្លាមៗនោះកំលាំងយាមប្រចាំការឃើញស្ទុះមកឃាត់ និងហៅសមត្ថកិច្ចជំនាញព្រហ្មទណ្ឌស្រុកឲ្យមកនាំស្ត្រីជាប្រពន្ធទៅអធិការដ្ឋានស្រុកកំពង់ចាម ឯបុរសរងគ្រោះក៏បាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់។
ស្ត្រីឈ្មោះ សាន សំណាង ដែលជាអ្នកដៃដល់ឆ្លើយថា រូបគាត់ជាប្រពន្ធរៀបការពេញច្បាប់ជាមួយបុរសឈ្មោះ ជូ វុទ្ធថន តាំងពីឆ្នាំ១៩៧៩ ព្រមទាំងមានកូន៣នាក់ ក្នុងនោះស្រីនាក់បានរៀបការអស់ហើយ។ បន្ទាប់មកប្ដីក៏ឆ្លៀតរត់ម៉ូតូឌុបហើយលួចមានប្រពន្ធចុងនៅភូមិនាងគង្គីង ឃុំសំបួរមាស ស្រុកកំពង់ចាម រយៈពេលជាង១០ឆ្នាំមកហើយ បានកូនប្រុស១ អាយុ៨ឆ្នាំ។ ស្ត្រីជាប្រពន្ធបានសារភាពថា ជាញឹកញាប់ណាស់ប្ដីបានប្រើអំពើហិង្សាវាយធ្វើបាបលើរូបគាត់ (សំណាង) ដោយទ្រាំមិនបានក៏ប្ដឹងមេឃុំសុំលែងលះពីរបីលើកមកហើយ តែប្ដីមិនព្រមសោះ។ ស្ត្រីដដែលបាននិយាយទៀតថា បន្តពីនោះមក គាត់សង្កេតឃើញប្ដីមានអាកប្បកិរិយាប្លែក គាត់ក៏បានតាមដានដឹងហើយថា លួចមានប្រពន្ធចុងក្មេងជាងគាត់ជាអ្នកលក់សណ្ដែកបណ្ដុះ ហើយគាត់ក៏ប្រាប់ឲ្យឈប់ទាក់ទង តែប្ដីមិនស្ដាប់ទេ។
នៅព្រឹកថ្ងៃទី២៧ មេសា រូបគាត់បានទៅរកប្ដីនៅកន្លែងសួនច្បារផ្ទះលោកឧកញ៉ាម្នាក់ (ប្ដីគាត់ស៊ីឈ្នួលថែសួនឲ្យគេ) នៅត្រើយខាងកើត ឃុំទន្លេបិទ រួចនាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញ។ ស្របពេលជិះម៉ូតូដល់លើស្ពានគីហ្ស៊ុណា គាត់ក៏សួរទៅប្ដីឲ្យលែងនាងចុងនោះចោលទៅ តែប្ដីតបវិញថា មិនលែងទេយកទាំង២ ភ្លាមៗនោះគាត់ចិត្តនឹងប្ដីក៏ទាញយកប៉័ងតោសៀតនៅត្រង់ពោះមកកាប់ចិញ្ច្រាំជាច្រើនកាំបិតតែម្ដង។
បុរសរងគ្រោះ ជូ វុទ្ធថន និយាយប្រាប់ថា មូលហេតុដែលប្រពន្ធកាប់គាត់ដោយប៉័ងតោនេះមានរឿងវែងឆ្ងាយណាស់តែគាត់មិននិយាយទេ ព្រោះកំពុងទទួលការព្យាបាលរបួស។ លោក ហង្ស វ៉ាន់ចន អធិការរងប៉ូលិសស្រុកកំពង់ចាមបញ្ជាក់ថា ស្ត្រីឈ្មោះ សាន សំណាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។
មានព័ត៌មានថា ស្ត្រីជាប្រពន្ធចុងក៏បានមកមើលប្ដីដែលរបួសផងដែរក្រោយពេលនាំដល់មន្ទីរពេទ្យ៕

