កំពូលផ្លែឈើដ៏សាមញ្ញដូចខាងក្រោមនេះ នឹងមកផ្លាស់ប្ដូរជីវិតអ្នកឲ្យអ្នកមានការភ្ញាក់ផ្អើលបើកភ្នែកធំៗជាមួយនឹងភាពរឹងប៉ឹងនៃរាងកាយដែលសូម្បីតែផ្លែឈើថ្លៃៗមួយចំនួនទៀតក៏ប្រៀបមិនបាន។
១- ក្រូច
ក្រូចខ្វិច១០០ក្រាម ផ្ដល់វីតាមីន C ៤២ មិល្លីក្រាមផ្ដល់វីតាមីនA ខ្ពស់៤.០០០អាយយូ ហើយថែមទាំងមានវីតាមីនB និងកាកសរសៃជាច្រើនមហាសាលទៀត។ បើអ្នកទុកវាជាមុខម្ហូបប្រចាំខ្លួន នោះពាក្យថា ទល់លាមករោគផ្ដាសាយ កូឡេស្ដេរ៉ូលខ្ពស់នឹងមិនមានថ្ងៃបានមកបៀតបៀនអ្នកឡើយ។ មិនតែប៉ុណ្ណោះ វាក៏ជួយឲ្យឆ្អឹងរឹងមាំ ការពារក្រួសក្នុងតម្រងនោម ការពារមហារីកពោះវៀនធំ និងធ្វើឲ្យរាងកាយឆាប់ស្រាកស្រាន្តពីរោគបេះដូងបានទៀតផង។ នេះគ្រាន់តែជាគុណសម្បត្តិមួយចំនួន យើងនៅមិនទាន់រាប់ពីភាពឆ្ងាញ់ដែលអ្នកណាៗបានភ្លក្សភ្លាម ក៏លាន់មាត់ថា អូហូ! អស់ទាស់ហ្មង!
២- ប៉ោម
ពួកច្រមុះស្រួចលោកខាងលិចបាននិយាយតៗគ្នាយូរមកហើយថា បើបានទទួលទានផ្លែប៉ោមមួយថ្ងៃមួយផ្លែ នោះនឹងភ្លេចរឿងទៅរកពេទ្យបានតែម្ដង ពីព្រោះផ្លែប៉ោមមានវីតាមីនA និងវីតាមីនC កាល់ស្យូម ហ្វូសហ្វ័រ និងសារធាតុហ្វ្លាវ៉ូណយ ដែលជួយពង្រឹងដំណើរការនៃវីតាមីនC ទប់ស្កាត់រ៉ាឌីកាល់សេរី ការពារជំងឺមហារីកបន្ថយសម្ពាធឈាម និងរោគបេះដូង។ មិនតែប៉ុណ្ណោះ វាក៏ជាឱសថដ៏ល្អដែលស្ត្រីចង់បានរាងស្វែលទាំងឡាយមិនគួរខកខាននោះឡើយ ព្រោះកាន់តែហូបក៏កាន់តែចេញរាងស្វែល និងកាន់តែស្អាតបានក្នុងពេលតែមួយ។
៣- ស្ត្របឺរី
សម័យនេះស្ត្របឺរីក្លាយជាផ្លែឈើសាមញ្ញមួយទៅហើយព្រោះងាយរកទិញ ហើយតម្លៃក៏មិនសូវជាថ្លៃដែរ ប៉ុន្តែអត្ថប្រយោជន៍របស់វាអាចនិយាយបានថា មិនសមមានតម្លៃថោកយ៉ាងដូច្នេះសោះ។ ស្ត្របឺរីមានវិតាមីន C វីតាមីនA ហ្វូសហ្វ័រកាល់ស្យូម ជួយការពារការកកើតជំងឺមហារីក និងរោគស្ទះសរសៃឈាម។ កត្តាសំខាន់ ស្ត្របឺរីផ្លែឈើនាំមុខក្នុងការទប់ស្កាត់រ៉ាឌីកាល់សេរី។ បើធ្វើការប្រៀបធៀបស្ត្របឺរីអាចទប់ស្កាត់រ៉ាឌីកាល់សេរីបានខ្ពស់ជាងក្រូចដល់ទៅ១ដង ខ្ពស់ជាងទំពាំងបាយជូរក្រហមដល់ទៅ២ដង ខ្ពស់ជាងផ្លែឃីរី៣ដងខ្ពស់ជាងចេកអំបូង និងប៉េប៉ោះ៧ដង និងខ្ពស់ជាងផ្លែភែរ៍ ១៥ដងឯណោះ។
៤- ឪឡឹក
សមាគមរោគបេះដូងនៅសហរដ្ឋអាមេរិកបានទទួលស្គាល់ថា ឪឡឹកមានគុណតម្លៃខាងផ្ដល់ជាតិអាហារដែលមិននឹងស្មានដល់ ព្រោះមានGlutathione ដែលជាសារធាតុទប់ស្កាត់រ៉ាឌីកាល់សេរី មានវិតាមីនC វីតាមីន A ប៉ូតាស្យូម ថៃរ៉ាមីន ឡៃខូពីន វីតាមីនB2 និងវីតាមីនB6 ម៉ាញ៉េស្យូម និងរ៉ែធាតុផ្សេងៗជាច្រើនទៀត ធ្វើឲ្យរាងកាយរបស់អ្នកដែលទទួលទានរឹងប៉ឹងល្អ ហើយថែមទាំងជួយឲ្យប្រព័ន្ធការពារមេរោគដំណើរការបានយ៉ាងមានប្រសិទ្ធភាព៕

