សិស្សពូកែកម្ពុជា ទៅចូលរួមប្រឡងនៅប្រទេសម៉ាឡេស៊ីភ្នំពេញ ៖ ក្រសួងអប់រំកាលពីថ្ងៃសៅរ៍ ទី១ មីនា បានធ្វើការបញ្ជូនសិស្សពូកែចំនួន៤នាក់ ទៅចូលរួមប្រកួតជ្រើសរើសអ្នកវិទ្យាសាស្ត្រ និងគណិតវិទ្យាវ័យក្មេង នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។
លោក មែន ចាន់សុខា មន្ត្រីទទួលបន្ទុកការងារអូឡាំព្យាដនៃក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ឲ្យដឹងថា នេះជាការប្រកួតជ្រើសរើសអ្នកវិទ្យាសាស្ត្រ និងគណិតវិទ្យារបស់ស៊ីម៉េអូ (SEAMEO) នៅសន្និបាតថ្នាក់តំបន់លើកទី៦ នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។ កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃទី៣ ដល់៦ មីនា ឆ្នាំ២០០៨ ខាងមុខនេះ។
លោកបន្តឲ្យដឹងថា សិស្សានុសិស្សដែលទៅចូលរួមប្រកួតប្រជែងនោះរួមមានសិស្ស ផាន់ សុភារិន សិស្សវិទ្យាល័យហ៊ុន សែនសេរីភាព ជឺប៊ុនស៊ី សិស្សវិទ្យាល័យអង្គរ ម៉ក់រស្មី សិស្សវិទ្យាល័យព្រះរាជសម្ភារ និងសិស្ស ភេង សុវណ្ណ ឡង់ឌី សិស្សវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ។ គ្រូអមដំណើរជាគ្រូប្រឹក្សាចំនួន២នាក់រួមមានលោក ជ័យ ចាន់អឿន និងលោក ស្រ៊ីវ ថារិទ្ធិ គ្រូបង្រៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក មែន ចាន់សុខា បានបន្តឲ្យដឹងថា ប្រទេសដែលបញ្ជូនសិស្សចូលរួមប្រឡងនេះមានចំនួន១០ ក្នុងតំបន់អាស៊ានហើយនេះជាលើកទី២ ដែលកម្ពុជាបានបញ្ជូនសិស្សចូលរួមប្រកួតប្រជែង។
លោក ជ័យ ចាន់អឿន បាននិយាយឲ្យដឹងថា មុនទៅចូលរួមប្រឡងនេះ យើងបានបំប៉នសិស្សរយៈពេល៦ខែដោយបង្រៀនពីវិធីសាស្ត្រស្រាវជ្រាវ និងបច្ចេកទេសនៃមុខវិជ្ជានីមួយៗ យើងយកមុខវិជ្ជាស្រាវជ្រាវចំនួន៤ ទៅចូលរួមប្រកួតអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ និងគណិតវិទ្យា វ័យក្មេងលើកនេះរួមមានការស្រាវជ្រាវបរិស្ថានដែលទាក់ទងនឹងជាតិអាសេនិក ទី២ បរិស្ថានទាក់ទងនឹងការដាំបន្លែលើទឹកស្អុយ ទី៣ ការអនុវត្តន៍គណិតវិទ្យា លើវិស័យតម្បាញ និងទី៤ ការអនុវត្តន៍រូបវិទ្យាទៅលើបច្ចេកទេសទ្វារបើកឬបិទដោយស្វ័យប្រវត្តិដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយទ្វារ។
លោក ម៉ែន ចាន់សុខា បាននិយាយដោយសម្ដែងក្ដីសង្ឃឹមថា ក្នុងការចូលរួមនេះ យើងរំពឹងទុកនឹងទទួលបានលទ្ធផលល្អតាមការគ្រោងទុក។ លោកបន្តថា ការប្រកួតនេះមិនមានមេដាយអ្វីទេ ប៉ុន្តែយើងទទួលបានប័ណ្ណសរសើរ និងនិទ្ទេសកំណត់។ លោកបន្ថែមថា លោកបានដាក់សំណើសុំថវិកាជារង្វាន់ដល់សិស្សពូកែណាបានចំណាត់ថ្នាក់ល្អទៅទីស្ដីការគណៈរដ្ឋមន្ត្រីរួចហើយ៕

