ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

៤០​គោលដៅ​សំរាប់​ការ​ប្រមូល​ពន្ធ​ឆ្នាំ​២០០៨​ នៅ​រាជធានី​ភ្នំពេញ

ភ្នំពេញ​ ៖​ ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យានជំនិះ​បាន​ដំណើរ​ប្រមូល​ពន្ធ​ចាប់​ពី​ថ្ងៃ​ទី​១៥​ ខែ​សីហា​ ឆ្នាំ​២០០៨​ នេះ​តទៅ​រហូត​ដល់​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៨​ ដោយ​សាលាក្រុង​ភ្នំពេញ បាន​កំណត់​ទីតាំង​ចំនួន​៤០​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាខា​ពន្ធដារ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​សំរាប់​ឆ្នាំ​២០០៨​នេះ​ធ្វើ​ឡើង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​លេខ​៥៤៧​សហវប្រក.ពដ​និង​សេចក្ដី​ជូន​ដំណឹង​លេខ​០១៩​សហវពដ​ចុះ​ថ្ងៃ​ទី​៣០​ ខែ​កក្កដា​ ឆ្នាំ​២០០៨​ ហើយ​ជាមួយ​គ្នា​នោះ​ដែរ​នាយកដ្ឋាន​ពន្ធដារ​ក៏​បាន​ចេញ​លិខិត​មួយ​ច្បាប់​លេខ​៧៥០​ពដ​ចុះ​ថ្ងៃ​ទី​១៤​ ខែ​សីហា​ ឆ្នាំ​២០០៨​ស្ដីពី​បែបបទ​ និង​នីតិវិធី​នៃ​ការ​ប្រមូល​ពន្ធ​នេះ​ផង​ដែរ។​ ជុំវិញ​បញ្ហា​នេះ​ត្រូវ​បាន​ត្រៀម​សកម្មភាព​ទូទាំង​ប្រទេស​កម្ពុជា​គ្រប់​ខេត្ត​ -​ ក្រុង​ ទាំងអស់​ដោយ​ឡែក​នៅ​រាជធានី​ភ្នំពេញ​បាន​ត្រៀម​គោលដៅ​ចំនួន​៤០​កន្លែង​ឯណោះ​ហើយ​មាន​៤៧​ក្រុម​ និង​មាន​មន្ត្រី​ជាង​១០០​នាក់​ដាក់​ប្រចាំ​ការ​សំរាប់​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន ​និង​យានជំនិះ​គ្រប់​ប្រភេទ។​ ក្នុង​ខ័ណ្ឌ​នីមួយៗ​មាន​គោលដៅ​ពី​៤​ -៧​កន្លែង​ បើ​ប្រៀប​ទៅ​ច្រើន​ជាង​ឆ្នាំ​មុនៗ​ ហើយ​តាម​គោលដៅ​នីមួយៗ​មាន​ចង​បដា​ជូន​ដំណឹង​ត្រឹមត្រូវ​តាម​សេចក្ដី​ណែនាំ​របស់​សាលាក្រុង​ភ្នំពេញ​បន្ទាប់​ពី​អនុម័ត​ហើយ​នោះ។

ប្រភព​ព័ត៌មាន​បន្ត​ថា​ឆ្នាំ​២០០៨​នេះ​ រថយន្ត​គ្រប់​ប្រភេទ​នៅ​តែ​បន្ត​អនុវត្ត​នីតិវិធី​ប្រមូល​ពន្ធ​ដូចគ្នា​ឆ្នាំ​ដដែល។​ មានន័យ​ថា​ ការ​មក​បង់ពន្ធ​ត្រូវ​ភ្ជាប់​នូវ​ឯកសារ​ឆ្នាំ​ចាស់​ឬ​លិខិត​បញ្ជាក់​ផ្សេងៗ​ដោយ​ភ្ជាប់​មក​ជាមួយ​ដូចជា​លិខិត​ឆ្លើយ​ប្រកាស​បង់ពន្ធ​ និង​ទទួល​បង្កាន់​ដៃ​បង់ពន្ធ​ និង​ប័ណ្ណ​បិទភ្ជាប់​កញ្ចក់​រថយន្ត​ដូច​ឆ្នាំ​មុនៗ​ តែ​ដោយ​ឡែក​ទោចក្រយានយន្ត​ (ម៉ូតូ)​ ទិញ​ប័ណ្ណ​បិទភ្ជាប់​ជា​ការ​ស្រេច​មិន​តំរូវ​ឲ្យ​បំពេញ​បែបបទ​អ្វី​ទៀត​ទេ។​ ការ​ត្រួតពិនិត្យ​បង់ពន្ធ​នេះ​ចំពោះ​រថយន្ត​នៅ​រក្សា​ការ​ផ្ទៀងផ្ទាត់​បង្កាន់​ដៃ​បង់ពន្ធ​ ប័ណ្ណ​បិទភ្ជាប់​កញ្ចក់​រថយន្ត​ទៅ​នឹង​លក្ខណៈ​យានយន្ត​ដូច​ឆ្នាំ​កន្លង​មក​ដដែល​ រី​ឯ​ម៉ូតូ​ត្រូវ​ត្រួត​ពិនិត្យ​ដោយ​ប្រើ​ឧបករណ៍​ពិនិត្យ​គុណភាព​ប័ណ្ណ​នោះ​ និង​ផ្ទៀងផ្ទាត់​អំពី​ទឹកប្រាក់​បង់​ពន្ធ​ដែល​មាន​ចុះ​នៅ​លើ​ប័ណ្ណ​ជាមួយ​ទំហំ​ស៊ីឡាំង​យានយន្ត​ដែល​ត្រូវ​ប្រើ​ឬ​ត្រូវ​បិទ​តែ​ប៉ុណ្ណោះ។

មន្ត្រី​សាខា​ពន្ធដារ​រាជធានី​ភ្នំពេញ​បាន​សំណូមពរ​ដល់​ម្ចាស់​យានយន្ត​ទាំងអស់​ ពិសេស​ម្ចាស់​ទោចក្រយានយន្ត​ (ម៉ូតូ)​ គប្បី​យក​ចិត្ត​ទុកដាក់​នូវ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដូចជា​ទី១-​ ពិនិត្យ​លក្ខណៈ​យានយន្ត​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់​ឬ​ថត​ចម្លង​លិខិត​សំគាល់​យានយន្ត​ (កាត​គ្រី)​ ឬ​សរសេរ​បញ្ជាក់​លក្ខណៈ​យានយន្ត​នៅ​លើ​ក្រដាស​តូច​មួយ​ដែល​មាន​ទំហំ​ប៉ុន​លិខិត​សំគាល់​យានយន្ត​រួច​ដាក់​ឈ្មោះ​អាសយដ្ឋាន​ប្រភេទ​កំលាំង​យានយន្ត​ដើម្បី​ភ្នាក់ងារ​ពន្ធដារ​ងាយ​ស្រួល​លក់​ប័ណ្ណ​តំរូវ​យានយន្ត​ទាំងនោះ​បាន​ឆាប់រហ័ស។​ ទី​២-​ ត្រូវ​ជ្រើសរើស​យក​ចំណុច​ណា​មួយ​លើ​គំរប​ផុក​ខាង​មុខ​ រួច​ហើយ​ជូត​សំអាត​មុន​ពេល​បិទ​ប័ណ្ណ​នេះ​ដោយ​ហាម​ការ​បក​បិទ​ចុះ​ឡើង​ដែល​នាំ​ឲ្យ​ប័ណ្ណ​នោះ​ជ្រីវជ្រួញ​ឬ​ដាច់​ជ្រុង​ណាមួយ​ធ្វើ​ឲ្យ​បាត់បង់​គុណភាព​ ដែល​មិន​អាច​យក​ជា​ការ​បាន។​ ទី៣-​ ត្រូវ​ធ្វើ​ការ​ថែរក្សា​ប័ណ្ណ​បិទភ្ជាប់​នេះ​ឲ្យ​បាន​ល្អ​ និង​នៅ​ជាប់​យានយន្ត​ជានិច្ច។​ ទី​៤-​ ការ​បាត់​ប័ណ្ណ​ទាំងស្រុង​ ឬ​មួយ​ចំណែក​ណា​ ឬ​ជ្រីវជ្រួញ​ គឺ​ជា​ភាព​មិន​ប្រក្រតី​ គប្បី​ទិញ​ប័ណ្ណ​ថ្មី​បិទ​ជំនួស​វិញ​ភ្លាម​ ហើយ​ប័ណ្ណ​ចាស់​នោះ​មិន​អាច​យក​ទៅ​បិទ​លើ​យានយន្ត​ផ្សេង​បាន​ឡើយ​ ទី​៥-​ ពិនិត្យ​ប្រាក់​ពន្ធ​ត្រូវ​បង់​ និង​បង់​ឲ្យ​ត្រូវ​តាម​ចំនួន​ទឹកប្រាក់​ដែល​មាន​លេខ​ក្នុង​ប័ណ្ណ​បិទភ្ជាប់​នេះ​ ទី​៦-​ មក​ប្រកាស​បង់​ពន្ធ​នេះ​[ឲ្យ]​បាន​ទាន់​ពេលវេលា​កំណត់​ថ្ងៃ​ទី​១៥​ ខែ​សីហា​ ដល់​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៨​ ចៀសវាង​នូវ​ការ​ប្រជ្រៀត​គ្នា​បង់​នា​ចុង​កាល​បរិច្ឆេទ​ ទី​៧-​ បង់ពន្ធ​នៅ​តាម​គោលដៅ​ដែល​សាលា​ក្រុង​បាន​កំណត់​ ដែល​កន្លែង​ប្រមូល​ពន្ធ​នីមួយៗ​មាន​ភ្នាក់ងារ​ពន្ធដារ​ ភ្នាក់ងារ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​តំណាង​អាជ្ញាធរ​ដែន​ដី​សង្កាត់។​ កន្លែង​ប្រមូល​ពន្ធ​នីមួយៗ​សុទ្ធតែ​មាន​ចង​ផ្ទាំង​ក្រណាត់​ពណ៌​ទឹក​ប៊ិក​រំលេច​អក្សរ​ពណ៌​ស​ ស្ដីពី​ការ​ប្រមូល​ពន្ធ។​ ទី​៨-​ ហាម​ដាច់ខាត​ការ​ទិញ​ប័ណ្ណ​ដែល​ដាក់​លក់​ជា​លក្ខណៈ​បុគ្គល​ ស្ថិត​ក្រៅ​គោលដៅ​របស់​សាលាក្រុង​ភ្នំពេញ​កំណត់។

ជុំវិញ​ការ​ប្រមូល​ពន្ធ​សំរាប់​ឆ្នាំ​២០០៨​ នេះ​ខាង​សាខា​ពន្ធ​ដារ​រាជធានី​ភ្នំពេញ​ បាន​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ម្ចាស់​យានយន្ត​ទាំងអស់​ពិត​ជា​ចូលរួម​យ៉ាង​ល្អ​ប្រសើរ​ជា​ពុំខាន​ឡើយ​ ដើម្បី​ប្រមូល​ថវិកា​សំរាប់​បង់ពន្ធ​ជូន​រដ្ឋ៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ អង្គារ 19 Aug 2008