យ៉ាងហោចណាស់មានស្ត្រីខ្មែរចំនួន ៣រូប ត្រូវបានអង្គការខារ៉ាមកម្ពុជា ធ្វើការជួយសង្គ្រោះដើម្បីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាជាបន្តបន្ទាប់កាលពីថ្ងៃទី១៣-១៤ ខែឧសភា ម្សិលមិញនេះ។ ស្ត្រីវ័យជាង២០ឆ្នាំ ទាំង៣រូបត្រូវបានរៀបការក្លែងក្លាយជាមួយបុរសជនជាតិតៃវ៉ាន់។ នៅទឹកដីកោះតៃវ៉ាន់ អង្គការខារ៉ាមបានឲ្យដឹងថា ស្ត្រីខ្មែរទាំងនេះត្រូវបានគេជួញដូរ កេងប្រវ័ញ្ចកម្លាំងពលកម្ម ព្រមទាំងត្រូវបានគេបង្ខំឲ្យធ្វើការធ្ងន់ធ្ងរផងដែរ។ ស្ត្រីទាំង៣រូប ដែលមានស្រុកកំណើតជាមួយគ្នាក្នុងស្រុកកោះធំ ខេត្តកណ្ដាល បានចេញដំណើររួមគ្នាទៅកាន់កោះតៃវ៉ាន់ កាលពីខែមករា ឆ្នាំ២០០៥។ មុននឹងទៅដល់កោះតៃវ៉ាន់ ស្ត្រីទាំង៣រូប បានចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម។
ស្ត្រីទី១ ដែលសុំមិនបញ្ចេញឈ្មោះបានវិលមកកាន់កម្ពុជាកាលពីថ្ងៃអង្គារ បានប្រាប់ដល់អង្គការខារ៉ាមកម្ពុជាថា នាងបានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់តាមរយៈការរៀបការក្លែងក្លាយជាមួយបុរសតៃវ៉ាន់ដូចគ្នាទៅនឹងមិត្តភក្ដិស្រី ២ រូប ផ្សេងទៀត។ ការសម្រេចចិត្តចេញទៅកោះតៃវ៉ាន់ដើម្បីឲ្យបានការងារធ្វើ និងមានលុយកាក់ផ្ញើមកឲ្យក្រុមគ្រួសារដែលជាកសិករក្រីក្រ។ ប៉ុន្តែពេលដែលទៅដល់កោះតៃវ៉ាន់ មានឈ្មួញតៃវ៉ាន់យកទៅដាក់កន្លែងមួយ ដើម្បីឲ្យគេជ្រើសរើសយកទៅធ្វើការតាមផ្ទះ និងតាមភោជនីយដ្ឋាន។ នៅទីនោះ ពួកគេត្រូវធ្វើការងារធ្ងន់ធ្ងរ លំបាកៗ និងច្រើនម៉ោងសឹងតែគ្មានពេលសម្រាក។ ចំណែកអ្នកខ្លះទៀត ត្រូវបានគេជួញដូរឲ្យទៅបម្រើផ្លូវភេទថែមទៀត។ មិនយូរប៉ុន្មាន ពួកគេក៏ត្រូវបានប៉ូលិសតៃវ៉ាន់ចាប់ខ្លួនដោយសារតែរៀបការក្លែងក្លាយមិនមានសំណុំឯកសារត្រឹមត្រូវ។ ពួកគេត្រូវបានកាត់ទោស និងត្រូវផាកពិន័យជាប្រាក់ក្នុងម្នាក់ៗ ១ម៉ឺនប្រាក់តៃវ៉ាន់។
លោក យ៉ា ណាវុធ នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា បានឲ្យដឹងថា៖ "នៅកោះតៃវ៉ាន់ យ៉ាងហោចណាស់មានស្ត្រីខ្មែរជាង ៥.០០០នាក់ ដែលត្រូវបានរៀបការ (ភាគច្រើនរៀបការក្លែងក្លាយ) ជាមួយបុរសតៃវ៉ាន់ និងត្រូវបានគេកេងប្រវ័ញ្ច បង្ខំឲ្យធ្វើការងារលំបាកស្ទើរតែគ្មានពេលសម្រាក។ មកទល់ពេលនេះ មានស្ត្រីខ្មែរដែលបានរៀបការក្លែងក្លាយចំនួន ៦នាក់ ហើយ ដែលត្រូវបានជួយសង្គ្រោះបញ្ជូនទៅកាន់មណ្ឌលសុវត្ថិភាពរបស់អង្គការជាដៃគូរបស់អង្គការខារ៉ាមនៅកោះតៃវ៉ាន់។ ក្នុងចំណោមស្ត្រីខ្មែរជាង ៥.០០០នាក់នៅកោះតៃវ៉ាន់នោះ ភាគច្រើនត្រូវបានគេបង្ខំឲ្យបម្រើផ្លូវភេទ។ ខ្លះទៀតកំពុងត្រូវបានអាជ្ញាធរ ប៉ូលិសតៃវ៉ាន់ចាប់ខ្លួនជាមួយ និងអ្នកជួញដូរជាជនជាតិតៃវ៉ាន់ក៏មាន"។
ពាក់ព័ន្ធទៅនឹងវិបត្តិស្ត្រីខ្មែរនៅកោះតៃវ៉ាន់ រដ្ឋាភិបាលកម្ពុជា មិនទាន់មានប្រតិកម្មបែបណាទេ។ លោកស្រី យូ អយ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណាងរដ្ឋាភិបាលក្នុងការងារប្រឆាំងការជួញដូរមនុស្សបានមានប្រសាសន៍យ៉ាងខ្លីថា៖ "អង្គការខារ៉ាម បានរាយការណ៍ឲ្យខ្ញុំពីរឿងនេះថា គេបានជួយស្ត្រីរងគ្រោះឲ្យបានត្រលប់មកស្រុកវិញ។ ចំពោះវិធានការយ៉ាងណាផ្សេងៗទៀត គឺខ្ញុំមិនទាន់ដឹងនៅឡើយទេ"។ ដោយសារតែបញ្ហាបែបនេះ កាលពីប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសហាមមិនឲ្យមានការរៀបការរវាងជនជាតិខ្មែរ និងជនបរទេសឡើយ។ ជាបម្រាមដើម្បីជៀសវាងនូវការបោកបញ្ឆោតដើម្បីយកនារីខ្មែរទៅជួញដូរ កេងប្រវ័ញ្ច ឲ្យបម្រើផ្លូវភេទ ដូចករណីនៅកោះតៃជាដើម។ តាមអង្គការក្រៅរដ្ឋាភិបាលបង្ហាញថា ករណីជួញដូរស្ត្រីខ្មែរតាមរយៈការរៀបអាពាហ៍ពិពាហ៍ បានកើតឡើងនៅប្រទេស កូរ៉េ ប្រទេសម៉ាឡេស៊ី និងកោះតៃវ៉ាន់។ ប៉ុន្តែកើតមានច្រើនជាងគេនៅកោះតៃវ៉ាន់។ ស្ថានភាពស្ត្រីខ្មែរនៅកោះតៃវ៉ាន់ ក៏ត្រូវបានគេរាយការណ៍ថា ក្រៅពីប្រឈមមុខនឹងការជួញដូរឲ្យបម្រើផ្លូវភេទ ស្ត្រីខ្មែរមួយចំនួនក៏ត្រូវបានប្ដីដែលជាបុរសតៃវ៉ាន់ធ្វើបាប និងចាត់ទុកដូចជាទាសករ។ ស្ថានភាពបែបនេះក៏បានជំរុញឲ្យអតីតព្រះមហាក្សត្រសម្ដេចឪ នរោត្តម សីហនុ សម្ដែងហឫទ័យអាណិតអាសូរ និងធានាចេញសោហ៊ុយសព្វបែបយ៉ាងដើម្បីឲ្យស្ត្រីខ្មែរបានវិលត្រលប់មកកាន់មាតុប្រទេសជួបជុំក្រុមគ្រួសារឡើងវិញ៕

