ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

កិច្ចប្រជុំ​វេទិកា​ស្ត្រី​លើក​ទី​៣​ ស្ដីពី « ស្ត្រី និង​បច្ចេកវិទ្យា​ គមនាគមន៍ ព័ត៌មានវិទ្យា: ការ​ប្រឈម និង​ដំណោះស្រាយ »

កាល​ពី​ថ្ងៃ​ទី​ ៣០ ខែ​ ឧសភា​ ឆ្នាំ​២០០៨ វេលា​ម៉ោង ១០.០០​ព្រឹក ដល់ ម៉ោង ១២.០០ ថ្ងៃត្រង់ កម្មវិធី​ស្ត្រី នៃ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​ បាន​រៀបចំ​​កិច្ច​ប្រជុំ​វេទិកា​ស្ត្រី លើក​ទី​៣ ស្ដីពី « ស្ត្រី និង​បច្ចេកវិទ្យា​ គមនាគមន៍ ព័ត៌មានវិទ្យា: ការ​ប្រឈម និង ដំណោះស្រាយ » នា​អង្គការ​វិទ្យាស្ថាន​បើកទូលាយ។

កិច្ចប្រជុំ​វេទិកា​ស្ត្រី​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង៖

១.​ស្វែងយល់ និង​វិភាគ​​អំពី​ប្រភព​នៃ​បញ្ហា​ការ​រើសអើង​ និង​​ទំនាក់ទំនង​រវាង​ហេតុ​និង​ផល​

២.ធ្វើ​ការ​វិភាគ ​ស្វែង​រក​​​យុទ្ធសាស្ត្រ និង​ការ​តស៊ូ​មតិ​​សមស្រប​​ សម្រាប់​ដំណោះស្រាយ​ជា​រួម

៣.បញ្ជ្រាប​ការ​យល់​ដឹង​អំពី​សិទ្ធិ​​ ​ដើម្បី​ឈាន​​ទៅ​រក​ការ​លប់​បំបាត់​នូវ​ការ​រើសអើង​ បង្កើន​ សមត្ថភាព​ចាំបាច់​ និង​សមត្ថភាព​ក្នុង​ភាព​ជា​អ្នក​​​ដឹកនាំ​​សម្រាប់​ស្ត្រី​

​​ចូលរួម​ក្នុង​ឱកាស​នោះ​ មាន​​តំណាង​មក​ពី​ស្ថាប័ន​រដ្ឋាភិបាល​ ​អគ្គ​លេខាធិការដ្ឋាន​ព្រឹទ្ធសភា ​អង្គការ​ធ្វើ​ការងារ​អំពី​ស្ត្រី​និង ​សិទ្ធិ និង​តំណាង​ស្ថាប័ន​សារព័ត៌មាន​នៅ​ក្នុង​ស្រុក។

អង្គ​ប្រជុំ​បាន​ផ្ដោត​ការ​ពិភាក្សា​លើ​បញ្ហា​ពីរ៖​ទី​១ គោលនយោបាយ​របស់​រដ្ឋាភិបាល​​សម្រាប់​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ស្ត្រី ​ក្នុង​ការ​ចូល​រួម​ឲ្យ​បាន​ច្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ គមនាគមន៍​ ព័ត៌មាន​វិទ្យា(Information and Communication Technology-ICT) ។ ទី២ សំណូម​ពរ​ផ្សេងៗ​ទាក់​ទង​ស្ត្រី​ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ គមនាគមន៍​ ព័ត៌មានវិទ្យា​

អង្គប្រជុំ​បាន​ពិភាក្សា​យ៉ាង​ផុសផុល​ និង​បាន​ឃើញ​ថា​ ​​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ជា​ច្រើន​ក្នុង​ការ​ជំ​រុញ​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​គ្រប់​សកម្មភាព​នយោបាយ​និង​សង្គម ដូច​ជា​គោលនយោបាយ​បញ្ជ្រាប​​យេនឌ័រ ដែល​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​​​​ និង​មាន​កំណត់​ក្នុង​គោលដៅ​សហសវត្ត ជា​ដើម​។ តែ​រហូត​​​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ យើង​ហាក់​មិន​ទាន់​ឃើញ​មាន​​គោល​នយោបាយ​ណា​មួយ​ជាក់​លាក់​របស់​រដ្ឋាភិបាល​សម្រាប់​ជំរុញ​ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​វិស័យ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ឡើយ​ទេ។ អង្គ​ប្រជុំ​​បាន​ពិភាក្សា និង​សង្កេត​ឃើញ​ដែរ​ថា​ ក្នុង​របាយ​ការណ៍​របស់​ក្រសួង​កិច្ច​ការ​នារី​ ចំ​នួន​ពីរ​ដែល​បាន​ផ្ញើ​ទៅ​អង្គការ​សហប្រជាជាតិ​នៅ​ខែ​ឧសភា​ឆ្នាំ​ ២០០០​និង​នៅ​ខែ តុលាឆ្នាំ ២០០៤ ហាក់​ពុំ​បាន​លើក​ឡើង​អំពី​បញ្ហា​ស្ត្រី​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឡើយ។ ទាក់​ទង​ការ​ប្រើ​ប្រាស់​ ICT​​​​ អង្គ​ប្រ​ជុំ​យល់​ឃើញ​ថា ដោយសារ​សេវាកម្ម​អ៊ីនធឺណិត​នៅ​មាន​តម្លៃ​ថ្លៃ​ ជា​មូល​ហេតុ​មួយ​​ធ្វើ​ឲ្យ​ស្ត្រី​ភាគ​ច្រើន​ ដែល​ជា​អ្នក​រក​ចំណូល​បាន​តិច មិន​អាច​មាន​លទ្ធភាព​ប្រើប្រាស់​នូវICT ឲ្យ​អស់​លទ្ធភាព។

អង្គ​ប្រជុំ​បាន​លើង​ឡើង​​នូវ​អនុសាសន៍​មួយ​ចំ​នួន​ ដើម្បី​ជំរុញ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​ប្រើ​ប្រាស់​ICTឲ្យ​បាន​ច្រើន ដោយ​សំណូមពរ​ក្រសួង​កិច្ចការ​នារី គួរ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ ថែម​ទៀត​ អំពី​​ផែនការ​សកម្មភាព​ក្រុង​ប៉េកាំង(Beijing Platform) ដែល​កម្ពុជា​ ជា​ប្រទេស​ហត្ថលេខី​មួយ​។ ​សំណូមពរ​ សុំ​ឲ្យ​មាន​កិច្ចសហការ​រវាង​រដ្ឋាភិបាល អង្គការ​មិន​មែន​​រដ្ឋាភិបាល និង​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ក្នុង​ការ​ចូលរួម​លើក​កម្ពស់​ការ​ចូលរួម​របស់​ស្ត្រី​ តាមរយៈ​ការ​ផ្សព្វផ្សាយ​អំពី​ជោគជ័យ​របស់​ស្ត្រី​ដែល​មាន​ជំនាញ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា។ អង្គ​ប្រជុំ​ក៏​បាន​ពិភាក្សា​និង​យល់​ឃើញ​ថា គួរ​​មាន​ការ​ពិភាក្សា​ជា​មួយ​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ដើម្បី​រំ​លេច​បញ្ហា​ស្ត្រី​ក្នុង​គោលនយោបាយ បច្ចេកវិទ្យា​ គមនាគមន៍ ព័ត៌មានវិទ្យា។ អង្គ​ប្រជុំ​ក៏​បាន​​​​សំណូមពរ​រដ្ឋាភិបាល​ គួរ​ពិនិត្យ​ចំពោះ​តម្លៃ​នៃ​ការ​ផ្គត់​ផ្គង់​សេវាកម្ម​អ៊ីនធឺណិត​ ធ្វើ​យ៉ាង​ណា​ឲ្យ​សេវាកម្ម​នេះ​មាន​តម្លៃ​ទាប​សមរម្យ​ និង​​គួរ​មាន​កម្មវិធី​បង្រៀន​កុំព្យូទ័រ​ចាប់​ពី​ថ្នាក់​​បឋមសិក្សា​ប្រសិន​បើ​អាច​ធ្វើ​បាន។

គួរ​រំលឹក​ដែរ​ថា កិច្ចប្រជុំ​វេទិកា​ស្ត្រី​​លើក​ទី​១ បាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ២៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨ និង​ទី២ នា​ថ្ងៃទី ១១​ ខែ មេសា ឆ្នាំ ២០០៨។ របាយការណ៍​នៃ​កិច្ចប្រជុំ​វេទិកា​ស្ត្រី​ លើក​ទី​១ និង​របាយការណ៍​នៃ​កិច្ចប្រជុំ​វេទិកា​ស្ត្រី ​ទី២ មាន​នៅ​លើ​វិបផតថល​ស្ដី​អំពី​ស្ត្រី http://women.open.org.kh

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ លក្ខិណា  កាល​បរិច្ឆេទ៖ សុក្រ 30 May 2008