ប្រជាពលរដ្ឋទូទៅបាននាំគ្នាឈរមើលស្លាកប្រកាសធ្វើជំរឿន (រូបថត ៖ ច័ន្ទថា)រាជធានីភ្នំពេញ ៖ ក្នុងខែកុម្ភៈ នៅស្ទើរតែគ្រប់ទិសទីក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមដងផ្លូវ តាមទីប្រជុំជន តាមគ្រឹះស្ថានសាធារណៈ បដាឃោសនាអំពីការធ្វើជំរឿនប្រជារាស្ត្រកម្ពុជា ឆ្នាំ២០០៨ ត្រូវបានគេចងសន្ធឹង ឫបិទនៅតាមជញ្ជាំង ។ ការឃោសនាត្រូវបានធ្វើផងដែរនៅតាមកញ្ចក់ទូរទស្សន៍គ្រប់ស្ថានីយ ព្រមទាំងវិទ្យុនានាដែលតួអង្គក្នុងកម្មវិធីសុទ្ធតែបានបង្ហាញពីសារប្រយោជន៍ ដែលកើតចេញពីការធ្វើជំរឿនហើយកាលពីប៉ុន្មានសប្ដាហ៍មុន លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអំពាវនាវនៅខេត្តបាត់ដំបង ឲ្យប្រជាពលរដ្ឋចូលរួមក្នុងការធ្វើជំរឿននេះ ។
កាលពីឆ្នាំ១៩៩៨ ប្រទេសកម្ពុជាដែលទទួលជំនួយគាំទ្រពីសហគមន៍អន្តរជាតិនោះ បានចាប់ផ្ដើមធ្វើជំរឿនលើកដំបូងបន្ទាប់ពីអាក់ខានចាប់តាំងពីឆ្នាំ១៩៦២ មក ដោយសារតែប្រទេសយើងមានសង្គ្រាមរ៉ាំរ៉ៃ ហើយទើបតែបញ្ចប់ទាំងស្រុងនៅដើមឆ្នាំ១៩៩៩ក្រោមនយោបាយឈ្នះ ឈ្នះ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ។
អង្គការ UNFPA អង្គការ JICA រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលអាល្លឺម៉ង់ បានជួយឧបត្ថម្ភថវិកាចំនួនប្រមាណជា៦លានដុល្លារសម្រាប់ដំណើរការនៃការធ្វើជំរឿនឆ្នាំ២០០៨ ។ ចំណែករាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ថវិកាបដិភាគ ១លានដុល្លារ សម្រាប់ប្រើប្រាស់ទិញមធ្យោបាយធ្វើដំណើរ ដូចជារថយន្ត និងម៉ូតូផងដែរ ។
កាលពីពេលមុននេះ មន្ត្រីវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការឲ្យដឹងថា មន្ត្រីសម្ភាសន៍ និងមន្ត្រីត្រួតពិនិត្យជំរឿនរាប់ម៉ឺននាក់នឹងត្រូវប្រើប្រាស់ក្នុងដំណើរការនេះ ដែលពួកគេទាំងនោះ មានប័ណ្ណសំគាល់ខ្លួនជាផ្លូវការ ពាក់អាវយឺត និងមួកជំរឿននៅពេលដែលចុះទៅបំពេញការងារ ស្រង់ព័ត៌មានតាមគ្រួសារនីមួយៗ ។
យោងតាមវិទ្យាស្ថានជាតិស្ថិតិឲ្យដឹងថា ដំណើរការសម្ភាសន៍ជំរឿនប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៨ ដោយប្រជាជនខ្មែរទាំងអស់ត្រូវបានស្រង់ព័ត៌មានជាពីរដំណាក់កាល គឺដំណាក់កាលនៃការចុះស្រង់បញ្ជីផ្ទះ និងគ្រួសារពីរថ្ងៃទី២៩ កុម្ភៈ ដល់ថ្ងៃទី២ មីនា និងដំណាក់កាលនៃការរាប់ជំរឿនពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែមីនា ។ របាយការណ៍វិទ្យាស្ថានជាតិស្ថិតិនិយាយថា ជំរឿនគឺជាការរាប់ចំនួនប្រជាជន ប្រុស ស្រី ក្មេង ចាស់ និងទាំងជនជាតិខ្មែរ ទាំងបរទេស លើកលែងតែមន្ត្រីអង្គទូត ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ហើយជាការងារអព្យាក្រិតគ្មានពាក់ព័ន្ធនឹងគណបក្សនយោបាយ មិនពាក់ព័ន្ធទៅនឹងសកម្មភាពពន្ធដារ អន្តោប្រវេសន៍ យុទ្ធនាការឃោសនានយោបាយ ឬការប្រើប្រាស់ដីធ្លីនោះទេ ។
យោងតាមច្បាប់ស្ដីពីស្ថិតិ និងអនុក្រឹត្យស្ដីពីជំរឿនឲ្យដឹងថា ប្រជាពលរដ្ឋគ្រប់រូបរួមទាំងកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ... មានកាតព្វកិច្ចត្រូវចូលរួមក្នុងការផ្ដល់ព័ត៌មាន ចម្លើយទៅតាមតារាងសំណួរជំរឿនព្រោះប្រជាពលរដ្ឋម្នាក់ៗ មានកាតព្វកិច្ចចូលរួមអភិវឌ្ឍន៍ស្រុក ភូមិរបស់ខ្លួន ។ សំណួរជំរឿនត្រូវបានចងក្រងឡើង ដើម្បីស្វែងយល់ពីបញ្ហាសេដ្ឋកិច្ច សង្គមកិច្ច និងទិដ្ឋភាពប្រជារាស្ត្ររបស់ប្រជាជនដូចជាចំនួន និងលក្ខណៈលំនៅឋាន និងប្រដាប់ប្រដារប្រើប្រាស់ក្នុងផ្ទះ ព័ត៌មានអំពីការបង្កកំណើត ព័ត៌មានអំពីមរណភាព សមាជិកនៅក្នុងគ្រួសារ ព័ត៌មានពីកម្រិតវប្បធម៌ ភាពមានការងារធ្វើ ស្ថានភាពអាពាហ៍ពិពាហ៍ ញាតិសន្ដាន ភាសាកំណើត កន្លែងកំណើតដើម្បីលើកផែនការអភិវឌ្ឍន៍ឲ្យបានសមស្របតាមភូមិនិមួយៗ ។
វិទ្យាស្ថានជាតិស្ថិតិឲ្យដឹងថា ប្រជាពលរដ្ឋ ត្រូវត្រៀមខ្លួននៅក្នុងផ្ទះ ក្នុងពេលទទួលព័ត៌មានពីថ្ងៃដែលមន្ត្រីសម្ភាសន៍ត្រូវចុះទៅស្រង់ព័ត៌មានពីគ្រួសារនីមួយៗ ដោយត្រូវផ្ដល់ចម្លើយឲ្យបានពេញលេញ និងត្រឹមត្រូវបំផុតអំពីចំនួនមនុស្ស និងប្រវត្តិរបស់សមាជិកម្នាក់ៗ ។ ចំណែកគ្រួសារគ្មានផ្ទះសំបែង ប្រជាជនរស់នៅលើទូកចល័ត ប្រជាជនឆ្លងកាត់នោះ ព័ត៌មានត្រូវស្រង់នៅម៉ោង១០យប់ ដល់ម៉ោង១២យប់ នាថ្ងៃទី២ ខែមីនា ។
វិទ្យាស្ថានជាតិស្ថិតិឲ្យដឹងទៀតថា គ្រួសារគ្មានផ្ទះសំបែង គឺជាគ្រួសារដែលរស់នៅតាមសួនច្បារ តាមចិញ្ចើមថ្នល់ ទីផ្សារជនសុំទាន ជនអនាថា ជនវិកលចរិត កុមារ រស់តាមចិញ្ចើមថ្នល់ និងអ្នករស់នៅដោយគ្មានផ្ទះសំបែងត្រឹមត្រូវ ។ ប្រជាជនស្នាក់នៅតាមទូកចល័ត គឺជាអ្នកដែលស្នាក់នៅលើទូកដែលធ្វើដំណើរឆ្លងកាត់ ឯអ្នកស្នាក់នៅបណ្ដោះអាសន្ន ឬប្រជាជនឆ្លងកាត់ គឺសំដៅទៅលើអ្នកឆ្លងកាត់នៅប្រលានយន្តហោះ ស្ថានីយរថភ្លើង ស្ថានីយរថយន្តក្រុង កំពង់ផែ សាឡាងនៅយប់ ហើយបោះជំរំនាយប់ជំរឿន អ្នកស្នាក់នៅក្នុងនាវាក្នុងទឹកដីកម្ពុជា អ្នកស្ថិតនៅក្នុងប៉ុស្ដិ៍ព្រំដែនអន្តរជាតិនាយប់ជំរឿន និងអ្នកស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ និងកាស៊ីណូ នាយប់ជំរឿន ។
វិទ្យាស្ថានជាតិស្ថិតិនិយាយថា ជំរឿន គឺជាប្រភពព័ត៌មានបឋមនៃចំនួនចរិតលក្ខណៈប្រជារាស្ត្រ ហើយនៅក្នុងប្រទេសជាច្រើន ការរាប់ជំរឿនផ្ដល់ជាទុនចាំបាច់សម្រាប់ការចែករំលែកធនធានដល់កម្រិតតំបន់តូចៗហើយទិន្នន័យជំរឿនផ្ដល់ជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើផែនការ និងអភិបាលកិច្ចល្អសម្រាប់តាមដានកែលំអភាពជឿនលឿននៃការអភិវឌ្ឍន៍ និងសម្រាប់ការតម្រង់ទិសឆ្ពោះទៅអនាគត ។ ទិន្នន័យជំរឿនជាឧបករណ៍ដ៏សំខាន់សម្រាប់ពាណិជ្ជករយកទៅវិភាគ ពិចារណាលើការវិនិយោគ ចំណែកស្ថាបត្យករ អ្នករៀបចំនគរូបនីយកម្ម និងអ្នកជំនាញការទាំងអស់ដែលពាក់ព័ន្ធ ក្នុងការគិតគូរពីអនាគតសេដ្ឋកិច្ច សង្គមកិច្ចនៃប្រទេសកម្ពុជា ត្រូវការទិន្នន័យជាក់លាក់ ដើម្បីលើកផែនការសម្រាប់អភិវឌ្ឍន៍វិស័យដឹកជញ្ជូនគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យផ្សេងៗទៀតផងដែរ ៕

