ភ្នំពេញ៖ ថវិកាជំនួយឥតសំណងជាង១៤ម៉ឺនដុល្លារអាមេរិកពីសហភាពអឺរ៉ុប និងថវិកាជាង ៧ម៉ឺនដុល្លារអាមេរិកពីអង្គការមិនមែនរដ្ឋាភិបាល៣ផ្សេងទៀត ត្រូវបានផ្ដល់សម្រាប់បង្កើនការយល់ដឹងអំពីសិទ្ធិ និងរបស់ស្ត្រីនៅក្នុងសហគមន៍ការគាំទ្រឲ្យមានសកម្មភាពតាមផ្លូវច្បាប់ ដើម្បីស្ត្រីនៅក្នុងខេត្តចំនួន៣គឺ ខេត្តព្រៃវែង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំងក្នុងរយៈពេល ៣ឆ្នាំ២០០៨-២០១០។
ទាក់ទងទៅនឹងការពង្រឹង និងការគាំទ្រសកម្មភាពសិទ្ធិស្ត្រីនៅកម្ពុជា លោក Rafael ភារធារីប្រធានគណៈកម្មការសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍នៅក្នុងខេត្តពោធិ៍សាត់ក្នុងសប្ដាហ៍នេះថា «យើងខ្ញុំតំណាងឲ្យសហគមន៍អឺរ៉ុប ជាសហគមន៍មួយដែលមានប្រទេស ២៧ ជាសមាជិក និងមានប្រជាពលរដ្ឋជាង
៥០០ លាន់នាក់»។ លោកបន្ថែមឲ្យដឹងទៀតថា «ស្ត្រី និងបុរស គឺមានសិទ្ធិស្មើគ្នា ដូច្នេះហើយយើងចង់ផ្ដោតការយកចិត្តទុកដាក់ទៅលើសិទ្ធិរបស់ពួកគេ»។
លោក Rafael បានលើកឡើងឲ្យដឹងទៀតថា «ការពិតស្ត្រី និងបុរសមានសិទ្ធិស្មើគ្នាហើយគម្រោងនេះ គឺយើងនិយាយពីការលើកកម្ពស់សិទ្ធិស្ត្រី ហើយយើងរីករាយសូមណែនាំដល់បងប្អូនស្ត្រីឲ្យស្គាល់ពីគម្រោងលើកកម្ពស់សិទ្ធិស្ត្រីនេះ»។
លោកបានបន្តឲ្យដឹងទៀតថា សហភាពអឺរ៉ុប គឺមានការគាំទ្រពង្រឹងសកម្មភាពសិទ្ធិស្ត្រី និងសិទ្ធិមនុស្សនៅកម្ពុជា នឹងបន្តគម្រោងទៅដល់តំបន់ផ្សេងៗទៀតដូចជា នៅខេត្តរតនគីរី មណ្ឌលគីរី ដើម្បីអប់រំលើកកម្ពស់សិទ្ធិដល់បងប្អូនជនជាតិភាគតិច និងធ្វើការតាមដានការរំលោភសិទ្ធិទៅលើស្ត្រី ដែលបម្រើសេវាផ្លូវភេទនៅកម្ពុជា។
លោកស្រី រស់ សុភាព នាយិកាប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានមានប្រសាសន៍នៅក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់នៅដើមសប្ដាហ៍នេះថា ការពង្រឹងសិទ្ធិអំណាចស្ត្រី តាមរយៈសហគមន៍តាមលទ្ធផលទទួលបានពីការអង្កេតជាមូលដ្ឋាន ដោយក្នុងចំណោមអ្នកផ្ដល់ចម្លើយស្ត្រី ២៧,២% និងបុរស ៨,៧% ជាអនក្ខរជន ស្ត្រី ៣៥,៨០% និងបុរស ៥០,៣០%បានយល់ពីច្បាប់។
លោកស្រីបានបន្តឲ្យដឹងទៀតថា «មានស្ត្រី ៧៦,៨% និងបុរស ៨៣,៩%បានបញ្ជាក់ថា មានអំពើហិង្សាកើតឡើង ៧៨,៣៣% បញ្ជាក់ថា ជាអំពើហិង្សាក្នុងគ្រួសារ ស្ត្រីចំនួន៧០% និងបុរស៦០% ឆ្លើយថា មិនដែលធ្លាប់ចូលអន្តរាគមន៍ដោយគ្មានការស្នើសុំ និងស្ត្រី ៦០% បុរស ៨២% មិនធ្លាប់បានស្នើសុំអោយគេជួយដោះស្រាយបញ្ហាផ្ទាល់ខ្លួន»។
បច្ចុប្បន្នសកម្មជនយេនឌ័រនៅក្នុងសហគមន៍ចំនួន៤២រូប នៅក្នុងឃុំគោលដៅចំនួន៣ បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការផ្ដល់ការប្រឹក្សាជាលក្ខណៈបុគ្គល ការបញ្ចុះបញ្ចូលការធ្វើយុទ្ធនាការ និងកិច្ចការតស៊ូមតិលើបញ្ហានានាដែលទាក់ទងនឹងសិទ្ធិស្ត្រី។ តាមរយៈសកម្មជនយេនឌ័រនៅក្នុងសហគមន៍ស្ត្រី និងបុរសជាង ៣,៧០០នាក់ ទទួលបានការយល់ដឹងកាន់តែច្រើនថែមទៀត អំពីសិទ្ធិរបស់ខ្លួន ដែលអាចឲ្យពួកគេអនុវត្តសិទ្ធិទាំងនោះប្រកបដោយប្រសិទ្ធភាពខ្ពស់ និងអាចបង្កើនការចូលរួមរបស់ពួកគេនៅក្នុងឆាកនយោបាយ និងសង្គម។
គ្រួសាររបស់លោក ម៉ៅ ផុន ធ្លាប់ជាគ្រួសារមួយក្នុងចំណោមគ្រួសារផ្សេងៗទៀតដែលរងគ្រោះពីអំពើហិង្សាក្នុងគ្រួសារនៅភូមិខ្វាវ ខេត្តពោធិ៍សាត់។ ពួកគាត់រៀបការនៅឆ្នាំ១៩៩៨ ហើយអំពើហិង្សាក្នុងគ្រួសារបានចាប់ផ្ដើមក្រោយពេលពួកគាត់មានកូនដំបូងនៅក្នុងឆ្នាំ១៩៩៩។ គ្រួសាររបស់ពួកគាត់ក្រីក្រណាស់ ហើយលោក ម៉ៅ ផុន បានចំណាយពេលវេលាជាច្រើនរបស់គាត់ទៅដើរលេងផឹកស៊ីជាមួយមិត្តភ័ក្ដិ។ ទម្លាប់អាក្រក់របស់គាត់ បានធ្វើឲ្យភរិយារបស់គាត់ខូចចិត្តមួម៉ៅ និងជេរប្រទេចដល់រូបគាត់។ ប្រការនេះបានធ្វើឲ្យគាត់ខឹង ហើយធ្វើឲ្យគាត់ក្លាយជាជនបង្កអំពើហិង្សាក្នុងគ្រួសារ។
ចាប់តាំងពីគម្រោង ដែលបានទទួលការគាំទ្រពីមូលនិធិគណៈកម្មការសហគមន៍អឺរ៉ុបចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ២០០៨ មកគ្រួសារនេះបានទទួលការប្រឹក្សា និងបានចូលរួមនៅក្នុងសិក្ខាសាលាសាងសមត្ថភាព ក៏ដូចជាការប្រជុំប្រចាំខែដើម្បីផ្សព្វផ្សាយច្បាប់ជាច្រើន ដែលផ្ដល់ និងរៀបចំដោយសកម្មជនយេនឌ័រនៅក្នុងសហគមន៍។ តាមរយៈនេះស្វាមីភរិយាគូនេះបានរៀនសូត្រ និងយល់អំពីផល់ប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារពីសិទ្ធិស្មើគ្នា និងអំពីថាតើការគោរពសិទ្ធិទាំងនេះ អាចរួមចំណែកកែលំអជីវិតរស់នៅរបស់ខ្លួនបែបណា៕





