ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានជំរុញឲ្យក្រសួងសាធារណការនិងដឹកជញ្ជូនបន្តពិភាក្សាជាមួយអន្តរក្រសួង ដើម្បីបញ្ជូនផែនការមេបណ្ដាញផ្លូវថ្នល់រហូតដល់ឆ្នាំ២០២០ដែលបានសិក្សាចប់សព្វគ្រប់ទៅគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យសម្រេច។
សម្ដេចបានស្នើបញ្ហានេះ នៅក្នុងឱកាសបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីល្ងាចថ្ងៃទី៨ខែឧសភាឆ្នាំ២០០៨ នៅសាលសន្និសីទចតុមុខ។
យុទ្ធសាស្ត្រសម្រាប់ផែនការមេឆ្នាំ២០០៦ដល់ឆ្នាំ២០២០មានដូចជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ឆ្អឹងខ្នង សម្រាប់ប៉ូលពហុកំណើន សំដៅរួមចំណែកដល់ការអភិវឌ្ឍន៍ប៉ូលសេដ្ឋកិច្ចសំខាន់ៗនៅក្នុងប្រទេសរួមមាន ភ្នំពេញ ក្រុងព្រះសីហនុ ខេត្តបាត់ដំបង សៀមរាប កំពង់ចាម និងស្ទឹងត្រែង ពោលគឺជុំវិញឲ្យប៉ូលដែលមានសក្ដានុពលមានលទ្ធភាពរីកចម្រើនព្រមៗគ្នាដោយពង្រីកកំណាត់ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ លេខ៦ និងលេខ៧ ឲ្យបាន៤គន្លង (4 Lanes) និងរៀបចំឲ្យមានផ្លូវវាងកាន់តែច្រើន។
យុទ្ធសាស្ត្រធ្វើសមាហរណកម្ម ជាតិសំដៅអភិវឌ្ឍន៍បណ្ដាញផ្លូវថ្នល់ឲ្យដល់ជនបទដោយកែលំអផ្លូវពីរលេខឲ្យប្រើប្រាស់បានគ្រប់រដូវកាល។
យុទ្ធសាស្ត្រអភិវឌ្ឍន៍ច្រករបៀងអន្តរជាតិសំដៅពង្រីកពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញទៅមកជាមួយប្រទេសជិតខាង ព្រមទាំងពង្រឹងវិស័យឧស្សាហកម្ម និងបង្កើតការងារតាមរយៈការពង្រីកតួនាទីផ្លូវជាតិមួយលេខ ផ្លូវជាតិពីរលេខ និងកែលំអផ្លូវជាតិពីរលេខទៅតាមតំបន់ជាប់ព្រំដែនកែលំអផ្លូវឲ្យចូលដល់ផ្លូវដែក ផ្លូវទឹក និងមជ្ឈមណ្ឌលបែងចែកទំនិញ។
យុទ្ធសាស្ត្រធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចជនបទដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពតំបន់ឧស្សាហកម្ម ការពង្រីកទុនវិនិយោគ និងកំណើនការងារតាមរយៈការពង្រីកផ្លូវជាតិពីរលេខទៅជាតំបន់ដែលមានសក្ដានុភាពផ្នែកកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។
យុទ្ធសាស្ត្រសមាហរណកម្មក្នុងតំបន់ដើម្បីកាត់បន្ថយភាពក្រីក្រ និងគម្លាតប្រាក់ចំណូលក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវតម្រូវការការងារមូលដ្ឋានក្នុងការរស់នៅ (មុខរបរ ការអប់រំ សុវត្ថិភាព និងសុខុមាលភាព) តាមរយៈការកែលំអផ្លូវជាតិបីលេខ និងផ្លូវជនបទ (តំបន់ភូមិភាគឦសាន្ដ និងតំបន់ត្រីកោណមរកត)។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើឲ្យក្រសួងខិតខំចរចាបញ្ចប់ជាមួយក្រុមហ៊ុន ថូលហុលឌីង (Toll Holddings Limited) ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានអាជីវកម្មដឹកជញ្ជូនផ្លូវដែកឲ្យបានឆាប់រហ័ស សំដៅធ្វើឲ្យគម្រោងកែលំអរាជាយស្ម័យយានកម្ពុជាទាំងមូលប្រព្រឹត្តទៅប្រកបដោយជោគជ័យ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានទាញអារម្មណ៍អ្នកចូលរួមឲ្យពិនិត្យមើលបញ្ហាគ្រោះថ្នាក់ចរាចរដែលមានការកើនឡើងនៅពេលដែលចំនួនយានយន្តកើនឡើង និងផ្លូវស្ពានកាន់តែល្អនោះ។ សម្ដេចបានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរក៏នៅតែជាកង្វល់ដ៏ធំរបស់រាជរដ្ឋាភិបាល។ ចំនួនគ្រោះថ្នាក់ចរាចរបានកើនឡើងពី ៤.២៥០ករណី នៅឆ្នាំ២០០៤ ទៅ៩.៤៥០ករណីនៅឆ្នាំ២០០៧ ដែលមានកំណើន ១៣៦ភាគរយធ្វើឲ្យមនុស្សស្លាប់ជាមធ្យមមួយថ្ងៃ ៣,៧នាក់ នៅឆ្នាំ២០០៦ និងមនុស្សស្លាប់គិតជាមធ្យម ៤,២២នាក់ក្នុងមួយក្នុងឆ្នាំ២០០៧ ដោយឡែក៣ខែដើមឆ្នាំ២០០៨នេះ មានមនុស្សស្លាប់ជាមធ្យមមួយថ្ងៃ៤,៦៧នាក់។ តាមការសិក្សារបស់មន្ត្រីជំនាញបង្ហាញឲ្យឃើញថា មូលហេតុចម្បងដែលបណ្ដាលឲ្យមានគ្រោះថ្នាក់រួមមាន ៩៤ភាគរយបណ្ដាលមកពីកត្តាមនុស្ស៣ភាគរយបណ្ដាលមកពីកត្តាយានយន្ត ១ភាគរយបណ្ដាលមកពីកត្តាផ្លូវ និង២ភាគរយមកពីកត្តាផ្សេងៗ។ បញ្ហាគ្រោះថ្នាក់ចរាចរនេះ គឺជាបញ្ហាប្រឈមដ៏ស្មុគស្មាញខ្លាំងពីព្រោះវាពាក់ព័ន្ធជាមួយកត្តាមនុស្សការងារអប់រំសីលធម៌លើផ្លូវសាធារណៈរបស់សង្គមខ្មែរ។ ការផ្ដល់ថវិកាពី១ឆ្នាំទៅ១ឆ្នាំមានការកើនឡើងយើងសង្កេតឃើញថា ការថែទាំជួសជុលផ្លូវជាតិ ផ្លូវខេត្ត បានទាន់ពេលវេលា ហើយទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំមុនៗ ប៉ុន្តែបញ្ហាដែលគួរយកចិត្តទុកដាក់បន្ថែមគឺការដឹកជញ្ជូនលើសទម្ងន់កំណត់ ដែលជាកត្តានាំឲ្យស្ពានរងការខូចខាតឆាប់រហ័ស។
ពាក់ព័ន្ធនឹងបញ្ហាគ្រោះថ្នាក់ចរាចរនឹងការដឹកលើសទម្ងន់កំណត់សម្ដេចនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដូចខាងក្រោម៖
-បន្តសហការជាមួយដៃគូអភិវឌ្ឍន៍បង្កើតការអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងពីច្បាប់ចរាចរផ្លូវគោក និងផលវិបាកនៃការដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់។
-ក្រសួងសាធារណការនិងដឹកជញ្ជូនត្រូវសហការជាមួយក្រសួងអប់រំយុវជននិងកីឡា បញ្ចូលកម្មវិធីអប់រំ ការយល់ដឹងអំពីច្បាប់ចរាចរផ្លូវគោកទៅក្នុងកម្មវិធីអប់រំជាតិបន្តទៀត។
-បង្កើនការអប់រំដល់ប្រជាជនដែលមានកំហុសឆ្គងក្នុងការធ្វើចរាចរទន្ទឹមនឹងនោះត្រូវរឹតបណ្ដឹងដល់អ្នកបើកបរទាំងឡាយដែលបានយល់ច្បាស់ពីច្បាប់ចរាចរ និងអនុក្រឹត្យ ហើយនៅតែបន្តរំលោភបំពានលើច្បាប់។
-ក្រសួងសាធារណការនិងដឹកជញ្ជូនត្រូវសហការជាមួយក្រសួងមហាផ្ទៃ អាជ្ញាធរដែនដី រៀបចំសិក្ខាសាលាបន្ថែមទៀតស្ដីពីច្បាប់ចរាចរផ្លូវគោក និងអនុក្រឹត្យពីការកម្រិតកំណត់ទម្ងន់អតិបរមានៃយានយន្តដឹកជញ្ជូនផ្លូវគោកដែលបើកបរលើបណ្ដាផ្លូវជាតិនៃព្រះរាជាណាចក្រកម្ពុជា។
-ក្រសួងត្រូវសហការជាមួយដៃគូអភិវឌ្ឍន៍ដើម្បីរកថវិកាមកដាក់ស្លាកចរាចរលើបណ្ដាញផ្លូវជាតិឲ្យបានគ្រប់ទីកន្លែង ចៀសវាងគ្រោះថ្នាក់ចរាចរកើតឡើងជាយថាហេតុ។
ត្រូវសហការជាមួយអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ចដើម្បីរឹតបណ្ដឹងដល់ម្ចាស់ក្រុមហ៊ុន និងអ្នកបើកបរទាំងឡាយដែលបានដឹកលើសទម្ងន់កំណត់ឲ្យមានឆន្ទៈក្នុងការថែទាំផ្លូវស្ពានដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។
ត្រូវមានវិធានការលុបចោលច្បាប់អនុញ្ញាតធ្វើអាជីវកម្មចំពោះក្រុមហ៊ុនដឹកជញ្ជូនដែលបានទទួលការផាកពិន័យលើសពី២ដង៕

