លោក ណាត ប៊ុនរឿន និងសមភាគីជប៉ុនក្នុងពិធីជួបសិក្ខាកាមមន្ត្រីអប់រំមុនទៅជប៉ុន (រូបថត ៖ ដាណេ)រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា សហការជាមួយអង្គការ JICA ប្រចាំនៅកម្ពុជា បានបញ្ជូនសិក្ខាកាមចំនួន១៩រូប ក្នុងនោះស្ត្រី៩រូប ដើម្បីបណ្ដុះបណ្ដាលស្ដីពីការអប់រំវិទ្យាសាស្ត្រធម្មជាតិ និងគណិតវិទ្យារយៈពេល១៨ថ្ងៃ នៅប្រទេសជប៉ុន។ សិក្ខាកាមជាមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ទាំងនេះមកពីនាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការ វិទ្យាស្ថាន ជាតិអប់រំ និងមកពីមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ដែលត្រូវចេញដំណើរនៅព្រឹកថ្ងៃទី៣១ សីហា ២០០៨។
នៅក្នុងពិធីជូនដំណើរកាលពីល្ងាចថ្ងៃទី៣០ សីហា នៅសណ្ឋាគារសាន់វ៉េ លោក ណាត ប៊ុនរឿន អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវមានឆន្ទៈមោះមុតក្នុងការចូលរួមគ្រប់សកម្មភាពរបស់កម្មវិធីបណ្ដុះបណ្ដាល មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្លាស់ប្ដូរបទពិសោធន៍ និងទទួលយកនូវចំណេះដឹងថ្មី ខិតខំពង្រីកបន្ថែមទៀតនូវចំណេះដឹងដែលមានស្រាប់លើផ្នែកវិទ្យាសាស្ត្រធម្មជាតិ និងគណិតវិទ្យា និងស្វែងយល់អំពីឱកាសល្អសំរាប់ការអភិវឌ្ឍន៍ខ្លួនឯង និងសំរាប់ប្រទេសជាតិ។លោកសង្ឃឹមថា ពេលត្រឡប់មកវិញ សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹងថ្មីៗដើម្បីបំរើប្រទេសជាតិ ព្រមទាំងប្រែក្លាយខ្លួនឲ្យទៅជាអ្នកដឹកនាំវ័យក្មេងប្រកបដោយគុណភាព។
លោក ណាត ប៊ុនរឿន បានផ្ដាំផ្ញើជាពិសេស សូមឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ឲ្យបានល្អប្រសើរអំពីបញ្ហាសីលធម៌ ត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណរបស់យើងជាខ្មែរ តើត្រូវមានចរិតលក្ខណៈ បែបណាដើម្បីសមនឹងពាក្យថា "មោទនភាពជាតិខ្មែរ" មិនត្រូវឲ្យពាក្យនេះមាននៅតែក្នុងបទចំរៀងនោះទេ។
លោក Murakami Yusuke អនុប្រធានអង្គការ JICA បានថ្លែងថា សិក្ខាកាមទាំងអស់ដែលបានអញ្ជើញទៅប្រទេសជប៉ុនលើកនេះ នឹងមានឱកាសបានទៅកន្លែងផ្សេងៗ ជាសហគមន៍សំខាន់ៗ ដែលអាចផ្លាស់ប្ដូរបទពិសោធន៍នៅទីនោះ។
លោកបញ្ជាក់ថា ដើម្បីឲ្យការសិក្សាប្រកបដោយគុណភាពល្អមិនអាស្រ័យលើឧបករណ៍ទាំងស្រុងនោះទេ តែត្រូវពឹងលើខ្លួនឯង និងគ្រូឧទ្ទេស។ ពេលត្រឡប់មកវិញសូមអស់លោកយកចំណេះដឹងទាំងនេះទៅចែករំលែក និងបំរើផលប្រយោជន៍នៅក្នុងប្រទេសកម្ពុជា៕

