ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ទំនាស់​រឿង​រហែក​លុយ​មួយ​ម៉ឺន​រៀល​ វាយ​ប្រពន្ធ​ពក​ថ្ងាស

ខេត្ត​កណ្ដាល​ ៖​ បុរស​ដែល​ពូកែ​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​ម្នាក់​បាន​ត្រូវ​ប៉ូលីស​ឃាត់​ខ្លួន​ និង​បំពេញ​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​កណ្ដាល​ កាល​ពី​ថ្ងៃ​ទី​១៩​ សីហា​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ។​ បុរស​រូប​នេះ​ឈ្មោះ​ ស្រេង លី​ អាយុ​៤១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​តាខ្មៅ​ ស្រុក​តាខ្មៅ​ ខេត្ត​កណ្ដាល​ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​ត្រូវ​ប្ដី​វាយ​ពក​ថ្ងាស​នោះ​ ឈ្មោះ​ អ៊ូ សុផានី​ និង​មាន​កូន​៤​នាក់។

តាម​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​ ១៨​ សីហា​ ប្ដី​ឈ្មោះ​ ស្រេង លី​ ឃើញ​គាត់​មាន​លុយ​១​ម៉ឺន​រៀល​ ក៏​ចោទ​ប្រកាន់​ថា​ យក​លុយ​របស់​ខ្លួន​ ទើប​មាន​ការ​ជជែក​គ្នា​តឹង​សរសៃ​ក​ វែង​ឆ្ងាយ​ទៅៗ​រហូត​មានការ​ប្រវាយ​ប្រតប់​គ្នា​បណ្ដាល​រហែក​លុយ​១​ម៉ឺន​រៀល​នោះ​ធ្វើ​ឲ្យ​ប្ដី​រឹត​តែ​ខឹង​ និង​បាន​ចាប់​បោក​រូប​គាត់​បណ្ដាល​ឲ្យ​ត្រូវ​នឹង​គ្រែ​ប៉ោង​ថ្ងាស។​ នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​ប្ដី​រូប​នេះ​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​គាត់​គឺ​ញឹកញាប់​ណាស់​មក​ ហើយ​រហូត​ដល់​មាន​ការ​ប្ដឹងប្ដល់​គ្នា​ដល់​មេភូមិ​ជា​ច្រើន​លើក​ទៀត​ផង។

ស្ត្រី​ជា​ប្រពន្ធ​និយាយ​ទៀត​ថា​ កុំ​ថា​ឡើយ​មាន​កូន​៤​នាក់​ ទោះ​ជា​មាន​កូន​ច្រើន​ជាង​នេះ​ក៏​មិន​លើក​លែង​ឲ្យ​ដែរ​ គឺ​សូម​ឲ្យ​ប៉ូលិស​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់។​ ទោះ​ជា​យ៉ាង​ណា​ ចំពោះ​ការ​លែង​លះ​ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​បញ្ជាក់​ទេ​ គឺ​គ្រាន់​តែ​ចង់​ឲ្យ​ប្ដី​រូប​នេះ​រាង​ចាល​ប៉ុណ្ណោះ៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 21 Aug 2008