ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជនបទ​ខេត្ត​តាកែវ​ បញ្ចប់​ការ​បណ្ដុះបណ្ដាល​វគ្គ​ទី​១១​

តាកែវ​៖ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជនបទ​ខេត្ត​តាកែវ​ ដែល​ស្ថិត​នៅ​ ភូមិ​ព្រៃ​ញឹាក​ ឃុំខ្វាវ​ ស្រុក​សំរោង​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ​ បាន​ប្រារព្ធ​ពិធី​បិទ​វគ្គ​បញ្ចប់​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាត់​ដេរ​ ជួសជុល​ម៉ូតូ​ ម៉ាញ៉េ​ និង​ទូរទស្សន៍​វគ្គ​ទី​១១​ ក្រោម​អធិបតីភាព​​លោក​ ធ​ សែន​ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត។

លោក​ ម៉ាន​ រ៉ាឌី​ នាយក​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជនបទ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​ដែល​បញ្ចប់​​នា​ពេល​នេះ​ មាន​៣​ផ្នែក​ ដោយ​មាន​រយៈ​៤​ខែ​ ក្នុង​នោះ​មាន​ផ្នែក​ជួសជុល​ម៉ូតូ​ ផ្នែក​ជួសជុល​ម៉ាញ៉េ​ និង​ទូរទស្សន៍​ និង​ផ្នែក​កាត់ដេរ​សំលៀកបំពាក់​ ដែល​មាន​សិក្ខាកាម​សរុប​ចំនួន​៤៥​នាក់​មក​ពី​ស្រុក​បសេដ្ឋ​ ខេត្ត​កំពង់​ស្ពឺ​ ស្រុក​សំរោង​ និង​ត្រាំកក់​ ខេត្ត​តាកែវ​ ដែល​ជា​ស្ត្រី​មេម៉ាយ​ទី​ទ័លក្រ​ និង​សិស្ស​ដែល​ពុំ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា។

លោក​ ម៉ាន​ រ៉ាឌី​ បាន​រំលឹក​ឲ្យ​ដឹង​ថា​ មជ្ឈមណ្ឌល​បាន​ធ្វើ​ការ​បណ្ដុះបណ្ដាល​​តាំង​ពី​ឆ្នាំ​២០០៥​មក​ដល់​ពេល​នេះ​បាន​បើក​បង្រៀន​កាត់ដេរ​ ជួសជុល​ម៉ូតូ​ និង​ម៉ាញ៉េ​ ទូរទស្សន៍​ បាន​ចំនួន​១១​វគ្គ​ មាន​សិក្ខាកាម​សរុប​ចំនួន​​១៧០​នាក់​ស្រី​៥០​នាក់។

មាន​ប្រសាសន៍​ទៅ​កាន់​សិក្ខាកាម​នា​ពេល​នោះ​លោក​ ធ​ សែន​ បាន​បញ្ជាក់​ថា​ គោលនយោបាយ​​របស់​រាជរដ្ឋាភិបាល​ ដែល​សម្ដេច​អគ្គ​មហា​​សេនាបតី​តេជោ​ ហ៊ុន​ សែន​ ជា​នាយករដ្ឋមន្ត្រី​​បាន​ពង្រីក​យ៉ាង​ធំ​ទូលាយ​នូវ​កិច្ច​ការងារ​អភិវឌ្ឍន៍​ដល់​មូលដ្ឋាន​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ឈាន​ទៅ​​រក​កាត់​បន្ថយ​ភាព​ក្រីក្រ​ជា​បណ្ដើរៗ​ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​នៅ​តាម​ជនបទ​ដាច់​ស្រយាល​ ត្រូវ​បាន​ប្រែ​ក្លាយ​​ពី​ភាព​អត់​ការងារ​ធ្វើ​មក​មាន​វិជ្ជាជីវៈ​អាច​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​បាន​ដោយ​ស្រួល៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 04 Sep 2008