តើទិវានារីអន្តរជាតិមានអត្ថន័យយ៉ាងដូចម្ដេច?
ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៨ មីនា ប្រជាជនកម្ពុជាទូទាំងប្រទេស តែងតែប្រារព្ធទិវានារីអន្តរជាតិ។ប្រជាជនខ្មែរភាគច្រើន នៅមានការយល់ច្រឡំ និងមិនទាន់ជ្រួតជ្រាបពីអត្ថន័យនៃទិវានេះនៅឡើយទេ ហើយក៏មិនទាន់ដឹងថា ហេតុអ្វីបានជាគេកំណត់យកថ្ងៃ៨ មីនារៀងរាល់ឆ្នាំ ជាថ្ងៃឈប់សម្រាកពីការងារ។ ក្នុងមួយឆ្នាំស្ត្រីមានសិទ្ធិ៣៦៥ថ្ងៃ
តើអ្វីទៅជាទិវានារីអន្តរជាតិ? លោកស្រី ទូច សារ៉ុម ប្រធានមន្ទីរកិច្ចការនារី រាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ "ទិវានារីអន្តរជាតិ៨ មិនា ជាទិវារំលឹកដល់ប្រជាជនកម្ពុជាឲ្យដឹងថា ស្ត្រីមានសិទ្ធិស្មើនិងបុរសដែរ។ ស្ត្រីមានសិទ្ធិ៣៦៥ថ្ងៃ ក្នុងមួយឆ្នាំ មិនមែនមានតែថ្ងៃ៨ មិនាមួយថ្ងៃប៉ុណ្ណោះទេ"។
ក្នុងនាមជាស្ត្រីម្នាក់ ខ្ញុំបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍សហគមន៍របស់ខ្ញុំ
ក្នុងនាមជាជំនួយការភូមិ ក្នុងការងាររដ្ឋអំណាច ខ្ញុំតែងតែយកចិត្តទុកដាក់ស្វែងរកសប្បុរសជន ជួយដល់ស្ត្រីមេម៉ាយក្រីក្រ បំផុសឲ្យពួកគាត់បញ្ជូនកូនស្រីទៅសាលារៀន និងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិដូចជា៖ ផ្លូវថ្នល់ ដោយចេញថវិកាទៅតាមលទ្ធភាព និងសមត្ថភាពដែលខ្លួនមាន។ក្រៅអំពីការងារក្នុងជួររដ្ឋអំណាច ខ្ញុំតែងឆ្លៀតប្រកបមុខរបរដូចជា កាត់ខោអាវ ដើម្បីយកកម្រៃចិញ្ចឹមគ្រួសារថែមទៀត។ ខ្ញុំយល់ថានារីក៏មានកម្លាំង និងប្រាជ្ញាដូចបុរសដែរ ដូច្នេះនារីគួរធ្វើដើម្បីខ្លួនឯង ដូចជារកស៊ីចិញ្ចឹមគ្រួសារបាន ដោយមិនបាច់រង់ចាំតែស្វាមីឲ្យលុយចាយប៉ុណ្ណោះទេ។ ថ្ងៃ៨ មិនា ជាថ្ងៃទិវានារីអន្តរជាតិ ហើយក៏ជាថ្ងៃរំលឹកខួបដែលនារីទាមទារសិទ្ធក្នុងការធ្វើការងារទទួលប្រាក់បៀវត្សស្មើគ្នាដូចបុរសដែរ។ ក្នុងសង្គមយើងបច្ចុប្បន្ន ស្ត្រីធ្វើការងារផ្ទះផង ចេញទៅប្រកបរបររកស៊ីផង និងចូលរួមធ្វើការងារក្នុងសង្គមមានមុខមាត់ និងកិត្តិយសជាច្រើនទៀតផង ខុសពីសង្គមមុន ស្ត្រីមានចំនួនតិចតួចដែលចូលរួមធ្វើការងារសង្គម។ នេះជាសម្ដីរបស់លោកស្រី គង់ លីណា ជាជំនួយការភូមិ និងជាភ្នាក់ងារឥណទានភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្ត្រីមានសិទ្ធិទទួលការអប់រំ
នាងខ្ញុំឈ្មោះ ម៉ម សំអន ជាប្រធានកិច្ចការនារីភូមិ និងជាភ្នាក់ងារមណ្ឌលព័ត៌មានភូមិខ្វិត។ តាមការសង្កេតរបស់នាងខ្ញុំផ្ទាល់ ឃើញថា៖ នៅក្នុងភូមិស្ត្រីដែលមិនចេះអក្សរនៅមានចំនួនច្រើនជាងបុរស ព្រោះឪពុកម្ដាយភាគច្រើនមិនសូវឲ្យកូនស្រីបានបន្តការរៀនសូត្រដល់ថ្នាក់ខ្ពស់ ឬក៏បានចប់សាលាបឋមសិក្សាទេ ដោយលើកយកការលំបាកចំពោះកូនស្រីដូចជា៖ សាលារៀននៅឆ្ងាយពីផ្ទះ គ្មានសុវត្ថិភាព នៅតាមផ្លូវ ខ្លាចគ្រោះថ្នាក់ចរាចរណ៍ គ្មានអ្នកជួយធ្វើកិច្ចការផ្ទះ មើលប្អូន ដល់អាយុរៀបការ គឺឲ្យរៀនត្រឹមតែចេះអានអក្សរតិចតួច ហើយឲ្យចូលធ្វើការនៅរោងចក្រដើម្បីរកប្រាក់កម្រៃចិញ្ចឹមគ្រួសារ ដូច្នោះហើយ បានជាកូនស្រីមិនបានរៀនចប់ចុងចប់ដើម។
ក្នុងឱកាសទិវានារីអន្តរជាតិ៨ មិនានេះ ខ្ញុំសូមសំណូមពរឲ្យបុរសៗទទួលស្គាល់ថា ស្ត្រីមានសិទ្ធិស្មើនឹងបុរស ពិសេសកុំប្រើអំពើហិង្សាលើស្ត្រីទៀត ព្រោះថា នៅក្នុងគ្រួសារមួយ បើគ្មានស្ត្រីចូលរួមចំណែកទេ គ្រួសារនោះមិនអាចរីកចម្រើនបានឡើយ។
សូមឪពុកម្ដាយគ្រប់រូបបញ្ជូនកូនទៅសាលារៀនឲ្យបានគ្រប់ៗគ្នា ដោយមិនប្រកាន់ថាកូនប្រុស ឫកូនស្រីឡើយ។

(ដកស្រង់ចេញពី សៀវភៅកម្មវិធីយេនឌ័រ និងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍នៅកម្ពុជា របស់អង្គការ SILAKA)
តើបុរសយល់ឃើញយ៉ាងណាអំពីសិទ្ធរបស់ស្ត្រី?
លោក ជឹម ជី អាយុ៥២ឆ្នាំ ជានាយកសាលាបឋមសិក្សាព្រៃសរ បុរសៗមួយចំនួនតែងនិយាយថានារីៗមានសិទ្ធិតែមួយថ្ងៃទេ។ ចំពោះខ្ញុំ គិតថា៖ នារីមិនមែនមានសិទ្ធិតែមួយថ្ងៃទេ គឺមានសិទ្ធិ៣៦៥ថ្ងៃដូចបុរសដែរ។ ដូច្នេះការប្រារព្ធទិវានារីអន្តរជាតិ ៨ មិនាជារៀងរាល់ឆ្នាំ ក្នុងគោលបំណងឲ្យបុរស និងស្ត្រី ដឹងថាគេមានសិទ្ធិស្មើគ្នា។ យើងទាំងអស់គ្នាភ្លេចគិតថា កិច្ចការផ្ទះរបស់ស្ត្រីមានច្រើនណាស់ តែបុរសមិនបានឲ្យតម្លៃដល់ស្ត្រីទេ ច្រើនតែនិយាយថា "ប្រពន្ធខ្ញុំគ្មានការងារធ្វើទេ នៅតែផ្ទះ" តែតាមពិតទៅ ប្រពន្ធធ្វើការតាំងពីព្រលឹមទល់ព្រលប់ដូចជា៖ រៀបចំសំអាតផ្ទះ បោកខោអាវ ទៅផ្សារធ្វើម្ហូប រៀបចំបាយទឹកឲ្យកូន និងស្វាមី គឺគ្មានពេលទំនេរទេ។ ចំពោះខ្ញុំវិញ រាល់ការសម្រេចចិត្តធ្វើការងារអ្វីមួយនៅក្នុងគ្រួសារ ខ្ញុំតែងតែពិភាក្សាជាមួយភរិយារបស់ខ្ញុំជានិច្ច។ ថ្ងៃទិវានារីអន្តរជាតិ៨ មិនានេះ ខ្ញុំសូមឲ្យបុរសទាំងអស់ត្រូវចេះផ្ដល់ឱកាស និងផ្ដល់សិទ្ធិអំណាចឲ្យភរិយាបានចូលរួមធ្វើការសម្រេចចិត្ត ទាំងក្នុងគ្រួសារ ទាំងក្នុងសង្គមផង។
លោក ហ៊ូ ហ៊ុន ជាប្រធានភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ខ្ញុំសូមផ្ដាំផ្ញើដល់បុរសៗ កុំចាត់ទុកខ្លួនឯងថាជាអ្នកមានអំណាចនៅក្នុងគ្រួសារ ហើយកៀបសង្កត់ភរិយា និងមិនត្រូវលើកកម្ពស់ខ្លួនឯងខ្ពស់ពេកទេ ព្រោះភរិយាពុំមែនជាទាសករទេ គេក៏ជាមនុស្សដូចយើងដែរ ដូច្នេះសូមឲបុរសៗទទួលស្គាល់ថាស្ត្រីនិងបុរសមានសិទ្ធិស្មើគ្នា ហើយឈប់បង្កអំពើហិង្សាក្នុងគ្រួសារ។

