ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

សេងពិសិដ្ឋ​ នារី​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

នារី​ត្រូវ​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់​ដោយ​មិន​ដឹង​មូលហេតុ​ចំណែក​បង​ប្រុស​ពីរ​នាក់​ទៀត​បាត់​ខ្លួន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

នារី​បាន​រៀបរាប់​អំពី​របប​ខ្មែរ​ក្រហម​ទាំង​ស្រក់​ទឹកភ្នែក​ថា នៅ​ឆ្នាំ​១៩៧៥​នាង​និង​ក្រុម​គ្រួសារ​មាន​គ្នា​ប្រហែល​ជា​១០​នាក់​ត្រូវ​បាន​ខ្មែរក្រហម​ជម្លៀស​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​តាម​ផ្លូវ​លេខ​២​ឆ្ពោះ​ទៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ នៅ​ខេត្ត​តាកែវ​ខ្មែរក្រហម​បាន​ចាត់តាំង​ឲ្យ​គ្រួសារ​របស់​នាង​ស្នាក់​នៅ​ផ្ទះ​ឈើ​តូច​មួយ​ខ្នង​ដែល​មាន​សមាជិក​ប្រហែល​ជា​១០​នាក់។ បន្ទាប់មក​ប្រធាន​កង​បាន​ចាត់តាំង​ឲ្យ​ម្ដាយ​នាង​ចូល​ក្នុង​កង​ចល័ត។ ចំណែក​ឪពុក​នៅ​ក្នុង​កង​ឃ្វាលគោ។ ពូ​និង បងប្រុស​នៅ​ក្នុង​កង​យុវជន​បងស្រី​នៅ​ក្នុង​កង​កុមារ​និង​នារី​នៅ​ក្នុង​មណ្ឌល​មើល​ក្មេងៗ (មិន​ទាន់​បាន​ចូល​ក្នុង​កង​កុមារ​ទេ)។ មួយ​រយៈ​ក្រោយមក​ប្រធាន​កង​ស្រាប់តែ​និយាយ​ថា នាង​ជិត​គ្រប់​អាយុ​ចូល​ទៅ​ក្នុង​កង​កុមារ​ហើយ​រួច​ក៏​ដក​នាង​ទៅ​កង​ថ្មី​មួយ​ទៀត​គឺ​នៅ​ជាមួយ​យាយ​នាង​វិញ។ នៅ​ទីនោះ​នាង​ហូប​មិន​ដែល​បាន​គ្រប់គ្រាន់​ទេ គឺ​មាន​តែ​បបរ​រាវ​បន្តិចបន្តួច​ប៉ុណ្ណោះ។

នារី​បាន​បន្ត​ទៀត​ថា នៅ​ឆ្នាំ​១៩៧៨​ម្ដាយ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា «ម៉ែ​បាន​ឃើញ​បងប្រុស​ធំ​នៅ​ក្នុង​កង​យុវជន​មាន​ជំងឺ​ហើម​ស្លេកស្លាំង​ដើរ​មិន​រួច​ទេ​ព្រមទាំង​មាន​ទឹក​មុខ​ក្រៀមក្រំ​ទៀត​ពេល​ដែល​ជួប​ម៉ែ​ម្ដងៗ​តែងតែ​សុំ​បបរ​ហូប»។ ពីរ-បី​ថ្ងៃ​ក្រោយមក​ខ្ញុំ​ខាន​ជួប​គាត់​រហូត។ ក្រោយ​ពី​បងប្រុស​របស់​ខ្ញុំ​បាត់​ខ្លួន​មិន​បាន​ប៉ុន្មាន​ផង ឪពុក​របស់​ខ្ញុំ​ក៏​បាន​របួស​ជើង​ដោយសារ​ធ្លាក់​ពីលើ​ដើម​អម្ពិល។ របួស​នោះ​ធ្ងន់​រហូតដល់​ដើរ​មិន​រួច ប្រធាន​កង​ក៏​បញ្ជូន​ឪពុក​របស់​ខ្ញុំ​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​អស់​រយៈពេល​ប្រហែល​ជា​មួយ​សប្ដាហ៍។ ក្រោយពេល​ត្រឡប់​មក​សម្រាក​នៅ​ផ្ទះ​បាន​ពីរ​យប់​នៅ​វេលា​ម៉ោង​ប្រហែល​៦​យប់​ស្រាប់តែ​ប្រធាន​កង​ឃ្វាលគោ​ឈ្មោះ​តា​តិប​កាន់​ខ្សែ​គោ​មួយ​ចង្វាយ​ធំ​ដើរ​តម្រង់​មក​ផ្ទះ​របស់​ខ្ញុំ ហើយ​ស្រែកហៅ​ឪពុក​របស់​ខ្ញុំ​ថា «សមមិត្ត​ម៉ុន គេ​ហៅ​ឲ្យ​ទៅ​ប្រជុំ​នៅ​ក្នុង​រោងគោ»។ ពេលនោះ​ឪពុក​ខ្ញុំ​បាន​ឆ្លើយតប​វិញ​ថា «បង​អញ្ជើញ​ទៅ​មុន​ចុះ​ចាំ​ខ្ញុំ​ទៅ​តាម​ក្រោយ»។ ខ្ញុំ​នៅ​ចាំ​ព្រឹត្តិការណ៍​យប់​នោះ​យ៉ាង​ច្បាស់​ថា «ខ្ញុំ​បាន​ឃើញ កាយវិការ​របស់​ឪពុក​ខ្ញុំ​ហាក់​ដូចជា​គាត់​បាន​ដឹង​មុន​ថា​គាត់​ប្រាកដ​ជា​ខ្មែរក្រហម​យក​ទៅ​សម្លាប់​ហើយ»។ បន្ទាប់មក​គាត់​បាន​ឲ្យ​បងស្រី​របស់​ខ្ញុំ​ចង​មុង ហើយ​គាត់​ដើរ​មក​ជិត​ខ្ញុំ ហើយ​ថើប​ខ្ញុំ​និង​ថើប​បងស្រី​ខ្ញុំ រួច​បាន​ផ្ដាំ​ទៅ​បងស្រី​ខ្ញុំ​ថា «កុំ​វាយ​ប្អូន មើល​ប្អូន​ផង ប៉ា​ទៅ​រោងគោ​ប្រជុំ​មួយ​ភ្លែត ប៉ា​មក​វិញ​ហើយ។ ចាប់តាំង​ពី​ពេល​នោះ​មក ឪពុក​របស់​ខ្ញុំ​ក៏​បាត់​ដំណឹង​រហូត។

នៅ​ពេល​ដែល​យាយ​ខ្ញុំ ម្ដាយ​ខ្ញុំ និង​បងស្រី​បាន​ដឹង​ថា ឪពុក​ខ្ញុំ​បាត់​ខ្លួន សំឡេង​ទ្រហោ​យំ​ជា​ខ្លាំង​រហូត​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ដឹង​ខ្លួន រួច​ដើរ​មក​ជិត​ពួក​គាត់​សួរ​ថា ហេតុ​អី​បាន​ជា​យំ? ពួក​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ឪពុក​យើង​បាន​ស្លាប់​ហើយ។ ដោយសារ​តែ​ខ្ញុំ​ទើប​តែ​មាន​អាយុ​៥​ឆ្នាំ​ប៉ុណ្ណោះ មិន​ទាន់​យល់​ពាក្យ​ថា​ស្លាប់ ដូច្នេះ​ខ្ញុំ​មិន​បាន​យំ​ទេ​ហើយ​ខ្ញុំ​តែងតែ​ទៅ​រង់ចាំ​មើល​ផ្លូវ​ឪពុក​របស់​នៅ​រាល់​ពេល​ល្ងាច​ឡើង​ក្រែង​គាត់​បាន​ផ្លែ​ឈើ​យក​មក​ផ្ញើ​ខ្ញុំ ព្រោះ​នៅ​ពេល​ដែល​ត្រឡប់​មកពី​ឃ្វាល​គោ​វិញ គាត់​បាន​បេះ​ផ្លែឈើ (ត្របែក អម្ពិល រពាក់) មក​ផ្ញើ​ខ្ញុំ​ហើយ។ ជា​ច្រើន​លើក​ច្រើន​សា ខ្ញុំ​នៅ​តែ​រង់ចាំ​ផ្លូវ​ឪពុក​របស់​ខ្ញុំ ពេលនោះ​យាយ​របស់​ខ្ញុំ​ព្រួយបារម្ភ​ចំពោះ​ខ្ញុំ​ជា​ខ្លាំង ហើយ​តែងតែ​ព្យាយាម​ពន្យល់​ប្រាប់​ខ្ញុំ​ថា «ឪពុក​ចៅ​ស្លាប់​ហើយ»។

ប៉ុន្មាន​ខែ​ក្រោយមក ប្រធាន​កង​ក៏​បាន​ជម្លៀស​គ្រួសារ​របស់​ខ្ញុំ​ទៅ​រស់នៅ​សហករណ៍​មួយ​ដែល​មាន​រោង​មួយ​យ៉ាង​វែង ហើយ​មាន​មនុស្ស​រស់នៅ​ជា​ច្រើន ទើប​ខ្ញុំ​ឈប់​ចាំ​មើល​ផ្លូវ​ឪពុក​របស់​ខ្ញុំ។ នៅ​ទីនោះ​ការ​រស់នៅ​មាន​សភាព​តឹងតែង​ជាង​កន្លែង​មុន​ទៅ​ទៀត ប្រសិន​បើ​ធ្វើ​អ្វី​ខុស​អង្គការ​នឹង​យក​ទៅ​សម្លាប់​ជា​មិន​ខាន​ឡើយ។ ជាក់​ស្ដែង​ពេល​ដែល​ម្ដាយ​របស់​ខ្ញុំ​នឹកឃើញ​ឪពុក​និង​បងប្រុស​របស់​ខ្ញុំ​ម្ដងៗ​គាត់​យំ​កាន់តែ​ខ្លាំង​ឡើង​ៗ​រហូត​ធ្វើឲ្យ​ប្រធាន​កង ឈ្មោះ​យាយ​នួន​បាន​គំរាម​គាត់​ថា «សមមិត្ត​ឯង​កុំ​យំ​បើ​ហ៊ាន​យំ​ទៀត​អញ​យក​ទៅ​សម្លាប់​ចោល​ហើយ ព្រោះ​សមមិត្ត​ឯង​យំ​បំផុស​បំផុល​អីចឹង​មិត្ត​ឯង​ជា​ខ្មាំង»។ ម្ដាយ​ខ្ញុំ​ឮ​ហើយ​បាន​តប​វិញ​ថា «បើ​សម្លាប់​ក៏​សម្លាប់​ចុះ ព្រោះ​ប្ដី​និង​កូនប្រុស​ខ្ញុំ​ស្លាប់​អស់​ហើយ»។ ពេលនោះ​យាយ​នួន​មិន​បាន​ដាក់​ទណ្ឌកម្ម​ម្ដាយ​ខ្ញុំ​ទេ។ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​មាន​អ្នក​រាយការណ៍​ប្រាប់​យាយ​នួន​ថា ឪពុក​ខ្ញុំ​គឺជា​ទាហាន​ស័ក្ដិ​៥ ចំណែក​ម្ដាយ​ខ្ញុំ​ស័ក្ដិ​៣។ ឮ​ភ្លាម​យាយ​នួន​នាំ​គ្នា​ទៅ​ឆែកឆេរ​កន្លែង​ស្នាក់​នៅ​របស់​ម្ដាយ​ខ្ញុំ​រួច​ក៏​រក​ឃើញ​ហូល​ផាមួង​របស់​ម្ដាយ​ខ្ញុំ​ដែល​គាត់​ខំ​លាក់​ទុក (ពេល​គាត់​មាន​មុខ​របរ​ជា​អ្នក​លក់​ហូល​ផាមួង)។ បន្ទាប់មក​យាយ​នួន​បាន​ចោទ​ម្ដាយ​ខ្ញុំ​ថា​ជា​ពួក​សក្ដិភូមិ រួច​បញ្ជា​ឲ្យ​ចាប់​ម្ដាយ​ខ្ញុំ​ទៅ​ឃុំ​ទុក​ប្រហែល​ជា​៥-៦​ថ្ងៃ។ នៅ​ពេល​ល្ងាច នួន​បាន​បណ្ដើរ ម្ដាយ​ខ្ញុំ​យក​ទៅ​ធ្វើ​ទារុណកម្ម ដោយ​វាយ​នឹង​ខ្សែតី​ដើម្បី​សួរ​ចម្លើយ។ នួន​បាន​សួរ​ម្ដាយ​ខ្ញុំ​ថា «ស័ក្ដិ​៣​មែន​ឬ​មិន​មែន?» ម្ដាយ​ខ្ញុំ​បាន​ឆ្លើយ​តប​វិញ​ថា «គាត់​មិន​មែន​ស័ក្ដិ​ទេ គាត់​គ្រាន់តែ​ជា​មេផ្ទះ និង​មាន​លក់​ហូល​ផាមួង​ប៉ុណ្ណោះ»។ ដោយសារ​តែ​មិន​ជឿ​សម្ដី​របស់​ម្ដាយ​ខ្ញុំ នួន​បាន​វាយ​ម្ដាយ​របស់​ខ្ញុំ​រហូតដល់​មាន​ស្នាម​ជាំ​ពេញ​ខ្លួន។ ប៉ុន្តែ​នៅ​តែ​រក​មិន​ឃើញ​កំហុស នួន​បែរ​ជា​ដាក់​ទណ្ឌកម្ម​ឲ្យ​ម្ដាយ​របស់​ខ្ញុំ គាស់​គល់​ឈើ​ក្នុង​រយៈពេល​បី​ថ្ងៃ​ឲ្យ​ហើយ​មួយ​គល់ បើ​មិន​ហើយ​តាម​ផែនការ​នេះ​ទេ នឹង​យក​ទៅ​សម្លាប់​ចោល​ហើយ។ ពេលនោះ​ខ្ញុំ​បាន​ត្រឹម តែ​អង្គុយ​ក្រោម​ដើម​ត្រាវ​សម្លឹង​មើល​ម្ដាយ​របស់​ខ្ញុំ​គាស់​គល់​ឈើ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ។ ប៉ុន្តែ​ម្ដាយ​របស់​ខ្ញុំ​សំណាង​ណាស់​ដោយ​នៅ​ទីនោះ​ប្រុសៗ​មាន​ចិត្ត​អាណិត​ម្ដាយ​ខ្ញុំ រួច​បាន​លួច​ទៅ​ជួយ​គាស់​គល់​ឈើ​នោះ​ឲ្យ​រួច​តាម​ផែនការ។ បន្ទាប់មក នួន​បាន​ដោះលែង​ម្ដាយ ខ្ញុំ​ឲ្យ​ទៅ​រស់នៅ​ក្នុង​កង​ធម្មតា​វិញ។

ចំណែក​ម្ដាយ​មីង​របស់​ខ្ញុំ ក៏​ត្រូវ​ខ្មែរ​ក្រហម​ធ្វើ​បាប​ស្ទើរតែ​បាត់បង់​ជីវិត​ដែរ។ ខ្ញុំ​នៅ​ចាំ​បាន​ថា ពេល​មួយ​នៅ​វេលា​ថ្ងៃ​ត្រង់ ម្ដាយ​មីង​របស់​ខ្ញុំ​ឃើញ​អាវ​ដែល​ទុក​ចោល គាត់​ក៏​បាន​ទៅ​លួច​កាត់​ឡេវអាវ​នោះ ប្រហែល​ជា​ប្រាំ​ឡេវអាវ។ ពេល​ប្រធាន​កង​មក​ទាន់​ក៏​ដាក់​ទណ្ឌកម្ម​គាត់ ដោយ​ប្រើ​ឲ្យ​ក្មេងៗ​ជីក​រណ្ដៅ​មួយ រួច​ឲ្យ​បងស្រី​ខ្ញុំ និង​កុមារ​បួន​ប្រាំ​នាក់​ទៀត​យក​ដី​លុប​គាត់។ ប្រហែល​ជា​៥-១០​នាទី​ក្រោយ​មក​ប្រធាន​កង​បាន​ឲ្យ​ក្មេងៗ​ទាំងនោះ​កាយ​ដី​ចេញ​វិញ។

នៅ​១៩៧៩ កម្មាភិបាល​ខ្មែរក្រហម​ម្នាក់ (មិន​ចាំ​ឈ្មោះ) ដែល​ជា​អ្នក​ដើរ​តាម នួន បាន​ជួយ​មក​ប្រាប់​ម្ដាយ​ខ្ញុំ​ឲ្យ​ឆាប់​នាំ​គ្នា​រត់​គេច​ខ្លួន​ទៅ ព្រោះ​នួន​មាន​គម្រោងការ បញ្ជា​ឲ្យ​គេ​ជីក​រណ្ដៅ​រួចហើយ ដើម្បី​យក​ក្រុម​គ្រួសារ​សមមិត្ត​ខ្ញុំ​យក​ទៅ​កម្ទេច​ចោល ដោយសារ​តែ​មាន​អ្នក​រាយការណ៍​មក​ថា ម្ដាយ​ខ្ញុំ​ជា​ស័ក្ដិ​៣ ប្ដី​ស័ក្ដិ​៥។ ម្ដាយ​ខ្ញុំ​ឮ​ដូច្នេះ​គាត់​បាន​ប្រមូល​បងប្អូន និង​កូន​ៗ​ទាំងអស់​ឲ្យ​នៅ​ជុំ​គ្នា រួច​នាំ​គ្នា​រត់​ភៀស​ខ្លួន​មក​ទីក្រុង​ភ្នំពេញ។ នៅ​តាម​ផ្លូវ​ខ្ញុំ​បាន​ឃើញ​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​ដោយសារ​គ្រាប់​ផ្លោង និង​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​ខ្មែរក្រហម​និង​កង​ទ័ព​វៀតណាម។ ធ្វើ​ដំណើរ​ជា​ច្រើន​ថ្ងៃ​ក្រោយមក គ្រួសារ​របស់​ខ្ញុំ​ក៏​បាន​មក​ដល់​ក្រុងភ្នំពេញ។

ពេល​ដែល​ទៅ​ដល់​លំនៅ​ស្ថាន​ដែល​ធ្លាប់​រស់នៅ ម្ដាយ​របស់​ខ្ញុំ​សប្បាយ​ចិត្ត​ជា​ខ្លាំង ព្រោះ​លែង​រស់នៅ​ក្នុង​សភាព​ភ័យខ្លាច​ទៀត​ហើយ។ ប៉ុន្តែ​មួយ​សន្ទុះ​ក្រោយ​មក ម្ដាយ​របស់​ខ្ញុំ​ស្រាប់​តែ​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន​ព្រោះ​នឹក​ដល់​កូន​ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​របប​នោះ។ ដោយ​មិន​អស់ចិត្ត​ម្ដាយ​របស់​ខ្ញុំ​បាន​រើស​ដុំ​ថ្ម​មួយ​កូន​ដុំ​មក​សរសេរ​លើ​ជញ្ជាំង​ផ្ដាំ​ទៅ​បងប្រុស​ខ្ញុំ​ថា «ឪពុក​កូន​ស្លាប់​ហើយ​ម្ដាយ​នៅ​រស់​ទេ បើ​កូន​នៅ​រស់​ហើយ​ឃើញ​អក្សរ​នេះ កូន​ចាំ​ម្ដាយ​នៅ​ទី​នេះ ម្ដាយ​នឹង​មក​ជួប​កូន»។

នៅ​ឆ្នាំ​១៩៨១ ម្ដាយ​របស់​ខ្ញុំ​បាន​ធ្វើជា​គ្រូបង្រៀន​នៅ​សាលា​បឋមសិក្សា​បឹងសាឡាង ហើយ​ខ្ញុំ​ក៏​បាន​ចូល​រៀន​នៅ​ទី​នោះ​ដែរ។ នៅ​ឆ្នាំ​១៩៩១ ខ្ញុំ​បាន​ប្រលង​ជាប់​បាក់ឌុប ហើយ​បាន​ដាក់​ពាក្យ​ប្រលង​ធ្វើជា​គ្រូបង្រៀន​ផ្នែក​អក្សរ​សាស្ត្រ និង​មនុស្ស​សាស្ត្រ​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ។ នៅ​ឆ្នាំ​១៩៩៦ ខ្ញុំ​បាន​ទៅ​បង្រៀន​នៅ​វិទ្យាល័យ​ជា ស៊ីម ខេត្ត​តាកែវ។ មួយ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ផ្លាស់​មក​បង្រៀន​នៅ​សាលា​នាយកដ្ឋាន​ស្រាវជ្រាវ​គរុកោសល្យ​ទីក្រុង​ភ្នំពេញ​វិញ។

នៅ​ឆ្នាំ​២០០៩ ខ្ញុំ​ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា​សហ​ការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ជ្រើសរើស​ធ្វើជា​គ្រូ​បង្គោល​ថ្នាក់​ជាតិ​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ។ ខ្ញុំ​សប្បាយ​ចិត្ត​ជា​ខ្លាំង ដែល​ខ្ញុំ​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​នេះ ព្រោះ​អាច​ជួយ​ផ្សព្វផ្សាយ​ឲ្យ​សិស្ស​បាន​ដឹង​កាន់តែ​ច្រើន​ពី​របប​ខ្មែរក្រហម ជាពិសេស​អប់រំ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​កុំ​ឲ្យ​កើត​មាន​ជា​លើក​ទី​ពីរ​ទៀត។ «វា​មាន​សារសំខាន់​ណាស់​សម្រាប់​សិស្ស​នៅ​តាម​សាលា ក៏​ដូចជា​ក្មេងៗ​ជំនាន់​ក្រោយ​ទៀត​បាន​ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន៕

 

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ដារ៉ារិទ្ធ  កាល​បរិច្ឆេទ៖ ច័ន្ទ 01 Feb 2010