ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

សហជីព​ទាមទារ​ដំឡើង​ប្រាក់​បៀវត្សរ៍​ឲ្យ​កម្មករ

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ តំណាង​សហជីព​ឈាន​មុខ​នៅ​កម្ពុជា​ រួម​ជាមួយ​ម្ចាស់​រោងចក្រ​កាត់ដេរ និង​មន្ត្រី​រដ្ឋាភិបាល​ បាន​ជួបជុំ​គ្នា​​ពិភាក្សា​អំពី​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​អប្បបរមា​ដល់​កម្មករ​ កម្មការិនី​រោងចក្រ​កាត់ដេរ​កម្ពុជា​ ចំនួន​ ៣៥៨​ពាន់​នាក់។

តំណាង​កម្មករ​ប្រហែល​ជា​១០០​នាក់​ មក​ពី​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​​មួយ​ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដើម្បី​ពិភាក្សា​អំពី​គោលបំណង​របស់​សហជីព​​កម្មករ​ ក្នុង​ការ​ដំឡើង​បៀវត្សរ៍​ប្រចាំ​ខែ​ដល់​កម្មករ​ ពី​៥០​ដុល្លារ​អាមេរិក​ រហូត​ដល់​៩៣​ដុល្លារ​អាមេរិក​វិញ។

យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​សហជីព​កម្មករ​ រួម​សហការ​ជាមួយ​សហព័ន្ធ​​សហជីព​កម្មករ​កម្ពុជា​ (CLUF) និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ បាន​បង្ហាញ​លទ្ធផល​​ថា​ បៀវត្សរ៍​៩៣​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ ជា​ប្រាក់​​កម្រៃ​អប្បបរមា​ចាំបាច់​សម្រាប់​កម្មករ​ កម្មការិនី​កាត់ដេរ​ ដើម្បី​ទប់ទល់​នឹង​ថ្លៃ​ម្ហូប​អាហារ​ ថ្លៃ​ជួល​ផ្ទះ​ និង​ការ​ចំណាយ​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ។

លោក​ វ៉ាន់​ ស៊ូអៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ (GMAC) ដែល​ជា​ស្ថាប័ន​តំណាង​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ផ្ដល់​ការ​គាំទ្រ​ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ដំឡើង​បៀវត្សរ៍​ដល់​កម្មករ​ កម្មការិនី​កាត់ដេរ។

លោក​បាន​លើក​ឡើង​ថា​ "តាម​ទ្រឹស្ដី​ខ្ញុំ​យល់​ស្រប​ចំពោះ​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​កម្មករ"។ ទោះ​បី​ជា​យ៉ាង​ លោក​បាន​បន្ថែម​ថា​ GMAC ត្រូវ​ការ​ពេលវេលា​ដើម្បី​ស្រាវជ្រាវ​​​អំពី​បញ្ហា​​នេះ​ជា​មុន​សិន​​មុន​នឹង​​គិតគូរ​ដល់​ការ​ដំឡើង​បៀវត្សរ៍​ដល់​កម្មករ។

លោក​បាន​បន្ថែម​ថា​ "ខ្ញុំ​ចង់​បញ្ជាក់​ប្រាប់​កម្មករ​ កម្មការីនី​ទាំងអស់​​ឲ្យ​បាន​ដឹង​ថា​ ថ្ងៃ​នេះ​ យើង​គ្រាន់​តែ​ពិភាក្សា​អំពី​បញ្ហា​នេះ​សិន​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​​មិន​ទាន់​​យល់​ព្រម​ដំឡើង​បៀវត្សរ៍​ដល់​ពួក​គេ​ ឲ្យ​ដល់​​៩៣​ដុល្លារ​នៅ​ឡើយ​ទេ"។ លោក​ វ៉ាន់​ ស៊ូអៀង​ បាន​ប្រាប់​​ទៅ​រដ្ឋាភិបាល​​ដែល​​រៀបចំ​កិច្ច​ប្រជុំ​នេះ​​ថា​ លោក​ពិត​ជា​ភ្ញាក់​​ផ្អើល​ខ្លាំង​ណាស់​ដែល​កិច្ច​ប្រជុំ​នេះ​ រៀបចំ​ឡើង​ដើម្បី​​ពិភាក្សា​​អំពី​បៀវត្សរ៍​របស់​កម្មករ​ហើយ​លោក​មាន​ពេល​តែ​ ៧​ថ្ងៃ​ប៉ុណ្ណោះ​ ដើម្បី​រៀបចំ​​កិច្ច​ពិភាក្សា​​នេះ។ ទោះ​បី​ជា​យ៉ាង​ណា​ លោក ​សោម​ អូន ​​ប្រធាន​​សហជីព​ដែល​ហៅ​កាត់​ថា​ CLUF នឹង​ជា​ប្រធាន​គណៈកម្មាធិការ​ទទួល​ខុសត្រូវ​លើ​ការ​ដំឡើង​បៀវត្សរ៍​ដល់​កម្មករ​ដើម្បី​ឲ្យ​មាន​​ជីវភាព​រស់នៅ​សមស្រប​បាន​ឲ្យ​ដឹង​ថា​ លោក​បាន​បញ្ជូន​គម្រោង​សិក្សា​ជា​ភាសាខ្មែរ​​ និង​អង់គ្លេស​ ទាក់ទង​នឹង​ការ​ដំឡើង​បៀវត្សរ៍​សមស្រប​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​កម្មករ​ ទៅ​ឲ្យ​អង្គការ​ GMAC កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០០៩។

លោក​​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​អំពី​ការងារ​ បាន​ជំទាស់​ទៅ​នឹង​ការ​ភ្ញាក់ផ្អើល​របស់​ GMAC។ លោក​បាន​លើក​ឡើង​ថា​ "លោក​មិន​ត្រូវ​និយាយ​ថា​ លោក​ភ្ញាក់​ផ្អើល​នឹង​កិច្ច​ប្រជុំ​នេះ​ទេ។ វា​ជា​ប្រធានបទ​ដ៏​សំខាន់​​សម្រាប់​​លើក​យក​មក​ពិភាក្សា​ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ដល់​ភាគី​ទាំងពីរ"។

លោក​ John Ritchotte អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​ក្នុង​វិស័យ​ឧស្សាហកម្ម​ ប្រចាំ​អង្គការ​ពលកម្ម​អន្តរជាតិ​​នៅ​ទី​ក្រុង​បាងកក​ប្រទេស​ថៃ​ ក៏​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ កាល​ពី​ថ្ងៃ​ចន្ទ​នោះ​ដែរ​ ដោយ​លោក​ចាត់​​ទុក​ថា​ វា​ជា​ដំណើរការ​អភិវឌ្ឍ​ដ៏​សំខាន់។ លោក​បាន​លើក​ឡើង​ថា​ "វា​ជា​ដំណើរការ​ចាប់​ផ្ដើម​មួយ។ ខ្ញុំ​យល់​ថា​ វា​ជា​កិច្ច​ប្រជុំ​វិជ្ជមាន​សម្រាប់​ភាគី​ទាំងពីរ​ ដោយ​ភាគី​នីមួយៗ​ មាន​ឆន្ទៈ​ចង់​ចូល​រួម​ពិភាក្សា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ ឆ្ពោះ​ទៅ​ដំឡើង​បៀវត្សរ៍​អប្បបរមា​ដល់​កម្មករ"។

ការ​ដំឡើង​បៀវត្សរ៍​ដល់​កម្មករ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចរាចរ​រវាង​ GMAC នឹង​សហជីព​កម្មករ​ កាល​ពី​ឆ្នាំ​២០០៦។ លទ្ធផល​ទទួល​បាន​គឺ​កម្មករ​ បាន​ទទួល​ការ​ដំឡើង​បៀវត្សរ៍​ ៤៥​ដុល្លារ​អាមេរិក​រហូត​ដល់​ ៥០​ដុល្លារ​អាមេរិក​ កាល​ពី​ដើម​ឆ្នាំ​២០០៧។

កាល​ពី​ឆ្នាំ​មុន​ រោងចក្រ​​ចំនួន​៩៣​រោងចក្រ​ ត្រូវ​បិទទ្វារ​ ហើយ​៦០​រោងចក្រ​ផ្សេង​ទៀត​បាន​ផ្អាក​ដំណើរការ។ ការ​នេះ​ បាន​ធ្វើ​ឲ្យ​​កម្មករ​ចំនួន​ ៦៨១៩០​នាក់​បាត់បង់​ការងារ​ធ្វើ។ កាល​ពី​ខែ​ធ្នូ​ ដំណាច់​ឆ្នាំ​មុន​ កម្មករ​រោងចក្រ​កាត់ដេរ​​សរុប​​នៅ​កម្ពុជា​មាន​ចំនួន​ ៣៥៨ ៦៦០នាក់។ ថ្វី​បើ​យ៉ាង​​នេះ​ក្ដី​ ប្រភព​ពី​ខាង​ក្រៅ​ បាន​ឲ្យ​ដឹង​ថា​ ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​​ពិភពលោក​អាច​នឹង​រារាំង​ដល់​ដំណើរការ​ផ្លាស់ប្ដូរ​នេះ។

លោក​ ជា​ មុនី​ ប្រធាន​សហជីព​​សេរី​​កម្មករ​ បាន​លើក​ឡើង​ថា​ "ខ្ញុំ​បាន​ដឹង​រួច​ជា​​ស្រេច​ទៅ​ហើយ​ថា​ ការ​ដំឡើង​បៀវត្សរ៍​ដល់​កម្មករ​ រហូត​ដល់​ ៩៣​ដុល្លារ​អាមេរិក​ ​មិន​អា​ច​ទៅ​រួច​ឡើយ"។ ប៉ុន្តែ​​រោងចក្រ​ធំៗ​មួយ​ចំនួន​បាន​សន្យា​ធ្វើ​តាម​សំណើ​របស់​ GMAC ទោះ​បី​ជា​សមាគម​នេះ​ សម្រេច​បែប​ណា​ក៏​ដោយ។

លោក​ ជ្រុន​ ស៊ីណាត​ ប្រធាន​រដ្ឋបាល​ នៅ​រោងចក្រ​ Maurea Garmernt Corp ដែល​មាន​កម្មករ​សរុប​ចំនួន​ ១៥០០​នាក់​ បាន​ឲ្យ​ដឹង​ថា​ លោក​នឹង​អនុវត្ត​តាម​ការ​​សម្រេច​ចិត្ត​របស់​ GMAC។

លោក​បាន​លើក​ឡើង​ថា​ "ប្រសិន​បើ​ GMAC សម្រេច​ឲ្យ​ដំឡើង​បៀវត្សរ៍​ដល់​កម្មករ​ យើង​នឹង​​យល់​ស្រប​តាម​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង។ អ្វីៗ​គ្រប់​យ៉ាង​ គឺ​អាស្រ័យ​លើ​ GMAC"៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ អង្គារ 09 Feb 2010