ភ្នំពេញ ៖ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានបើកសិក្ខាសាលា ស្ដីពីការប្រមូល និងវិភាគទិន្នន័យទៅតាមភេទនៃប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី ១៤ ខែធ្នូ នៅក្រសួងផែនការក្នុងគោលបំណង ដើម្បីលើកកម្ពស់ និងពង្រីកការយល់ដឹងពីផ្នែកយេនឌ័រឲ្យបានទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់សំដៅបម្រើឲ្យការអភិវឌ្ឍន៍ប្រទេសឲ្យមានភាពរីកលូតលាស់ និងរំដោះភាពក្រីក្ររបស់ប្រជារាស្ត្រ ។
សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ដោយមានការចូលរួមដោយមន្ត្រីជំនាញនៃក្រសួងផែនការក្រោមការឧបត្ថម្ភរបស់អង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO)។
លោកសន ស៊ីថន អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានមានប្រសាសន៍ថា: ការវិភាគទិន្នន័យទៅតាមប្រភេទជាមូលដ្ឋានគ្រឹះរវាងការផលិត និងការប្រើប្រាស់ទិន្នន័យផ្នែកយេនឌ័រ គឺវាមានទំនាក់ទំនងគ្នា មានន័យថាអ្នកផលិតទិន្នន័យគឺត្រូវការការគាំទ្រពីនាក់ប្រើប្រាស់ទិន្នន័យ រីឯអ្នកអ្នកប្រើប្រាស់ទិន្នន័យត្រូវពឹងផ្នែកទៅលើផលិតទិន្នន័យ។ ដូចជាចំនួនប្រជារាស្ត្ររបស់ប្រទេសកម្ពុជាដោយបែងចែកទៅតាមភេទតាមរាជធានីខេត្ត-ក្រុង តាមតំបន់ ជនបទ ទីប្រជុំជន ការឆ្លុះបញ្ចាំងពីទំហំ គ្រួសារ (ចំនួនមនុស្សក្នុងមួយគ្រួសារ ជាមធ្យម) របាយការណ៍ប្រជាជនតាមតំបន់ ភូមិសាស្ត្រអត្រាភេទព្រមទាំងចរិតលក្ខណៈសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ត្រូវបានឆ្លុះបញ្ចាំងតាមរយៈ ការសិក្សានេះ ។ លោកបានបន្តថា ការសិក្សាពីការប្រមូលនិងវិភាគទិន្នន័យទៅតាមប្រភេទគឺជាមូលដ្ឋានគ្រឹះដ៏មាន សារសំខាន់ និងនាំមកនូវភាពក្នុងដំណើរការនៃការធ្វើផែនការការតាក់តែងគោលនយោបាយអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ ។
លោកបានបង្ហាញក្ដីសង្ឃឹមថា សិក្ខាសាលានេះ នឹង ផ្ដល់នូវខ្លឹមសារលទ្ធភាព សក្ដានុពលភាព ទៅតាមបរិបទនៃតួនាទីដែលបម្រើឲ្យផ្នែកសមភាពយេនឌ័រឲ្យបានទូលំទូលាយ និង វិភាគទិន្នន័យដ៏ឆ្នើមតទៅអនាគត ៕





