ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

រោងចក្រ​កាត់ដេរ​និង​ស្បែក​ជើង​​៥៥​ ចាប់​​ដំណើរការ​ឡើង​វិញ

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

យោង​តាម​មន្ត្រី​​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​ ម្សិលមិញ​នេះ​ថា​ រោងចក្រ​កាត់ដេរ​ និង​រោងចក្រ​​ស្បែក​ជើង​ចំនួន​៥៥​ នៅ​ក្នុង​ប្រទេស​កម្ពុជា​​ត្រូវ​បាន​បើក​ឲ្យ​មាន​ដំណើរការ​ឡើង​វិញ​ហើយ​ បន្ទាប់​​ពី​រោងចក្រ​ ចំនួន​៩៣​បាន​បិទទ្វារ​ មួយ​រយៈពេល​​កន្លង​មក​ ដោយសារ​តែ​​ទទួល​រង​ឥទ្ធិពល​ នៃ​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិភពលោក។

ថ្លែង​ក្នុង​ពិធី​សន្និសីទ​​ជាតិ​លើក​ទី​៤​ ស្ដី​ពី​ទំនាក់ទំនង​​វិជ្ជាជីវៈ​ឆ្នាំ​២០០៩​ វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ និង​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​ ឆ្នាំ​២០០៩​ នៅ​ឯ​សណ្ឋាគារ​​អាំងទ័រកង់ទីណង់តាល់​លោក​ អ៊ុំ​ មាន​ រដ្ឋលេខាធិការ​ក្រសួង​ការងារ ​បាន​ឲ្យ​ដឹង​ថា ទោះ​បី​មាន​​ព័ត៌មាន​ អំពី​ការ​ងើប​ឡើង​វិញ​ខ្លះៗ​នៃ​កំណើន​​សេដ្ឋកិច្ច​ នៅ​តាម​ប្រទេស​មួយ​ចំនួន​ក៏​ដោយ​​ក្រសួង​បាន​កត់សម្គាល់​ឃើញ​ថា​ ពី​ខែ​មករា​ ដល់​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៩​នេះ​ នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​​សំលៀកបំពាក់​ និង​ផលិត​ស្បែក​ជើង​កម្ពុជា​ មាន​រោងចក្រ​ចំនួន​៩៣​ បាន​បិទទ្វារ​ធ្វើ​ឲ្យ​បាត់បង់​ការងារ​កម្មករ​ និយោជិត​ចំនួន​៣៨.១៩០​នាក់។ លោក​បន្ត​ថា​ ក៏​ប៉ុន្តែ​ "រោងចក្រ​ចំនួន​ ៥៥​កន្លែង​ បាន​បើក​ថ្មី​ និង​ស្រូប​យក​កម្មករ​​និយោជិត​ចំនួន​ ១.១៧៣​នាក់​ ឲ្យ​ចូល​ធ្វើ​ការ​វិញ​ដែរ"។

ទន្ទឹម​នឹង​នោះ​ រោងចក្រ​ចំនួន​៦០​ដែល​បាន​ព្យួរ​កិច្ច​សន្យា​ការងារ​ ចំពោះ​កម្មករ​និយោជិត​ចំនួន​ ៣៥.៣៣៧​នាក់​ នោះ​បាន​បើក​ដំណើរការ​ឡើង​វិញ​ប្រមាណ​៥០​ភាគរយ។ ដូច្នេះ​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ ដែល​​បាន​​បាត់បង់​ការងារ​ មាន​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ទៀត​ថា​ បច្ចុប្បន្ន​នេះ​​រោងចក្រ​​កាត់ដេរ​សំលៀកបំពាក់​ និង​ផលិត​ស្បែកជើង​នៅ​ដំណើរការ​ចំនួន​៥១៦​កន្លែង​ ដែល​មាន​កម្មករ​និយោជិត​ចំនួន​ ៣៥៨.៦៦០​នាក់​ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​ មាន​​ចំនួន​៤១៨​រោងចក្រ​ មាន​កម្មករ​និយោជិត​ចំនួន​ ២៦២.៣២០​នាក់​ និង​នៅ​តាម​ខេត្ត​​មាន​ចំនួន​ ៩៨​រោងចក្រ​ មាន​កម្មករ​និយោជិត​ចំនួន​៩៦.៣៤០​នាក់​ធ្វើការ។

ជាមួយ​គ្នា​ផង​ដែរ​ លោក​ សុខ​ ឡោ នាយក​ប្រតិបត្តិ​របស់​មូលនិធិ​ ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ ក៏​បាន​ឲ្យ​ដឹង​​ផង​ដែរ​ថា​ សន្និសីទ​នេះ​ គឺ​ផ្ដោត​ទៅ​លើ​​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ប្រធាន​បទ​សំខាន់​មួយ​ ស្ដី​អំពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ និង​​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា។ នាយក​ប្រតិបត្តិ​រូប​នេះ​បន្ត​ថា​ ជា​ទូទៅ​វិបត្តិ​ដែល​មាន​ឫសគល់​ចេញ​ពី​វិស័យ​ហិរញ្ញវត្ថុ​បាន​បង្ក​ផល​ប៉ះពាល់​​​ដល់​សេដ្ឋកិច្ច​​ជាក់ស្ដែង​នៅ​ទូទាំង​​ពិភពលោក​ ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​​កត់សម្គាល់​ គឺ​ការ​បញ្ជា​ទិញ​ព្រម​ទាំង​ការ​បាត់បង់​ប្រាក់​ចំណេញ​ និង​ការ​បាត់បង់​ការងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ ដូចជា​ការ​ចំណាយ​ប្រាក់​របស់​ទេសចរណ៍​ និង​សភាព​ស្រុត​ចុះ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​​​ផ្នែក​សំណង់​ និង​អចលន​ទ្រព្យ​ គឺ​ជា​​សូចនាករ​មួយ​ចំនួន​នៃ​ផល​ប៉ះពាល់​នេះ។

លោក​ សុខ​ ឡោ​ បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ឆ្នាំ​​២០០៩​នេះ​ "ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​បាន​ទទួល​សំណុំ​រឿង​វិវាទ​ចំនួន​១៧២​សំណុំ​រឿង"។ លោក​បន្ត​ថា​ ចំនួន​នេះ​គឺ​ជា​ចំនួន​មួយ​ដែល​ច្រើន​ជាង​សំណុំ​រឿង​ក្នុង​ឆ្នាំ​២០០៨​ ដោយ​ក្នុង​ឆ្នាំ​២០០៨​ ទទួល​បាន​សំណុំ​រឿង​ចំនួន​១៥៩​ប៉ុណ្ណោះ។ ចាប់​តាំង​ពី​បង្កបង្កើន​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​នៅ​ឆ្នាំ​២០០៣​មក​ ទោះ​បី​ជា​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​នានា​ ដែល​ចាំបាច់​ត្រូវ​តែ​ដោះស្រាយ​ក៏​មែន​ពិត​ក៏​ដោយ​ ប៉ុន្តែ​សំណុំ​រឿង​​ប្រមាណ​ជា​៧០​ភាគរយ​ ត្រូវ​បាន​ដោះស្រាយ​​ប្រកប​ដោយ​ជោគជ័យ​ ដោយ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល។

សារព័ត៌មាន​ "ដើម​អម្ពិល"​ បាន​ទាក់ទង​ទៅ​លោក ​ជា​ មុនី​ ប្រធាន​​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អំពី​ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួង​ការងារ​ និង​​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ តែ​លោក​បាន​ច្រាន​ចោល​ទាំង​ស្រុង​ថា​ "ខ្ញុំ​មិន​ទាន់​ឯកភាព​ចំពោះ​ការ​លើក​ឡើង​របស់​ក្រសួង​ទេ​ ដោយ​មើល​ឃើញ​ថា​ សព្វថ្ងៃ​​នេះ​កម្មករ-កម្មការិនី​ជា​ច្រើន​នាក់​នៅ​តែ​មិន​​មាន​ការងារ​ធ្វើ​ដដែល"។

ប្រធាន​​សហជីព​រូប​នេះ​​បន្ត​ទៀត​ថា​ ការ​បើក​រោងចក្រ​​ចំនួន​៥៥​កន្លែង​​នោះ​ គ្រាន់​តែ​ជា​ការ​បើក​ប៉ុន្តែ​ តម្លៃ​ឈ្នួល​គឺ​មិន​ទៅ​តាម​លក្ខណៈ​ស្តង់ដារ​ ហើយ​អាច​នឹង​ធ្វើ​កិច្ច​សន្យា​រយៈពេល​ខ្លី​ លក្ខខណ្ឌ​ការងារ​មិន​ល្អ​ បៀវត្ស​មិន​សមរម្យ​ផ្ដល់​ឲ្យ​កម្មករ៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ អង្គារ 15 Dec 2009