- ការប្រែប្រួលនៃរាងកាយនៅពេលមានអាយុកាន់តែច្រើន ជាញឹកញាប់ណាស់ដែលធ្វើឲ្យយើងទទួលទានម្ហូបអាហារមិនបានឆ្ងាញ់ពិសា។
ក្រៅពីអាយុដែលធ្វើឲ្យរាងកាយចុះខ្សោយទៅតាមវ័យហើយនោះ បើសិនជាមានទុក្ខកង្វល់ជាមួយទៀតផងគឺកាន់តែធ្វើឲ្យធុញអាហារកាន់តែខ្លាំងឡើង។ មានមនុស្សច្រើនគ្នាណាស់ងាកទៅពឹងលើវីតាមីនជំនួយដែលពុំបានជះផលល្អចំពោះរាងកាយឲ្យបានពេញទីដូចអាហារធម្មជាតិដែលយើងបានទទួលទាននោះទេ។
ថ្ងៃនេះយើងមានបន្លែ ៥ប្រភេទដែលអាចជួយធ្វើឲ្យការបរិភោគអាហាររបស់យើងកាន់តែល្អប្រសើរយកមកចែករំលែកជូន។
ចំពោះអ្នកមានអាយុច្រើនដែលមានការធុញអាហារ បន្លែជាឱសថរុក្ខជាតិ ដូចជា ម្រះ អង្កាញ់ ស្ដៅ ខ្ជាយ ម្ទេស អាចជួយអ្នកបានដោយសាររសជាតិល្វីងដែលហៅថា Bitter tonic និងរុក្ខជាតិឱសថដែលមានរសជាតិក្ដៅហឹរទាំងនេះអាចជួយរំញោចឲ្យទឹកមាត់ និងទឹករំលាយអាហារចេញមករំលាយអាហារកាន់តែច្រើន ធ្វើឲ្យអ្នកមានអារម្មណ៍ចង់ទទួលទានអាហារ។

វិធីយកបន្ថែមទាំងនេះមកធ្វើជាអាហារឲ្យទទួលបានផលប្រយោជន៍ដើម្បីជួយឲ្យទទួលទានអាហារបានច្រើនបំផុត គឺសូមណែនាំថា គួរព្យាយាមចម្អិនអាហារឲ្យមានក្លិន រសជាតិ និងពណ៌សម្បុរដែលគួរឲ្យចង់ទទួលទាន។ គួរទទួលទាននៅពេលអាហារនៅឧណ្ហៗនៅឡើយ ដោយទទួលទានម្ដងបន្ដិចៗ ប៉ុន្តែញឹកញាប់។
ម្រះ : យកមកធ្វើជាអាហារ ដូចជា ស្រុស ស្ងោរ ឬស្ល។
អង្កាញ់ : យកស្លឹកខ្ចី និងផ្កាខ្ចីចម្អិនអាហារ ឬយកស្លឹកខ្ចីស្រុសជ្រលក់ទឹកម្ទេសក៏បាន។
ស្ដៅ : យកកញ្ចុំផ្កាស្រុសទឹកក្ដៅជ្រលក់ទឹកត្រីផ្អែម ឬទឹកម្ទេស អាចជួយឲ្យទទួលទានអាហារបានច្រើន។
ខ្ជាយ : ស្លប្រហើរជាមួយបន្លែផ្សេងៗ។
ម្ទេស : យកមកធ្វើទឹកគ្រឿងទទួលទានជាមួយបន្លែ ប៉ុន្តែប្រយ័ត្នកុំឲ្យរសជាតិហឹរជូរពេក។
បើនរណាដែលមានថ្វីដៃនឹកឃើញមុខម្ហូបឆ្ងាញ់ៗថែមទៀតនោះ អ្នកអាចសាកល្បងអនុវត្តបានតែម្ដង ប៉ុន្តែសូមកុំឲ្យមានរសជាតិជូរហឹរខ្លាំងពេក ឲ្យមានរសជាតិខ្លាញ់ទាប និងអាចទទួលបាន៕

