- ចំនួនមនុស្សប្រុសឡើងជិតស្មើស្ត្រី
- លោក ស ខេង "ចំនួនប្រជារាស្ត្រកម្រិតថ្នាក់ជាតិមាននិន្នាការកើនឡើងយឺតជាងមុន"
លោកឧបនាយករដ្ឋមន្ត្រី ស ខេង ថ្លែងទៅកាន់ពិធីប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការធ្វើជំរឿនរាស្ត្រ ឆ្នាំ២០០៨ (រូប៖វិសាល)ភ្នំពេញ៖ នៅក្នុងពិធីប្រកាសលទ្ធផលបណ្ដោះអាសន្ន នៃការធ្វើជំរឿនទូទៅនូវប្រជារាស្ត្ររបស់ប្រទេសកម្ពុជាឆ្នាំ២០០៨ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញានេះ នៅសណ្ឋាគារអ៊ិនធើខនធើណនថល លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិធ្វើជំរឿនទូទៅនូវប្រជារាស្ត្ររបស់ប្រទេសកម្ពុជាឆ្នាំ២០០៨ បានមានប្រសាសន៍យោងតាមលទ្ធផលបណ្ដោះអាសន្នក្នុងទូទាំងប្រទេសកម្ពុជាគិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៨ថា "ប្រជារាស្ត្រកម្ពុជាមានចំនួន ១៣.៣៨៨.៩១០នាក់ ក្នុងនោះមានប្រុស ៦.៤៩៥.៥១២នាក់ និងស្រី ៦.៨៩៣.៣៩៨នាក់។ តាមលទ្ធផលបណ្ដោះអាសន្ននេះ យើងពិនិត្យឃើញថា ចំនួនប្រជារាស្ត្រកម្រិតថ្នាក់ជាតិមាននិន្នាការកើនឡើងយឺតជាងមុន ដោយសារអត្រាផ្ដល់កំណើត និងអត្រាកំណើនប្រជាជនបានថយចុះស្របតាមការព្យាករណ៍ និងរំពឹងទុក"។
យោងតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ និងការកំណត់នៅក្នុងច្បាប់ស្ដីពីស្ថិតិរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដឹកនាំការធ្វើជំរឿនរៀងរាល់១០ឆ្នាំម្ដង ដោយចាប់ផ្ដើមពីឆ្នាំ១៩៩៣ បន្ទាប់ពីការអាក់ខាន៣៦ឆ្នាំកន្លងទៅ។ តាមជំរឿនឆ្នាំ២០០៨ដែលមានកាលបរិច្ឆេទកំណត់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៨ គឺ១០ឆ្នាំគត់បន្ទាប់ពីជំរឿនចុងក្រោយនាឆ្នាំ១៩៩៨។
បើតាមសុន្ទរកថារបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានឲ្យឆ្លុះបង្ហាញអំពីទិន្នន័យនៃការធ្វើជំរឿននេះថា អត្រាកំណើនប្រចាំក្នុងទសវត្សរ៍ចុងក្រោយនេះស្មើនិង១,៥៤ភាគរយធំជាងអត្រាមធ្យមនៅអាស៊ីអាគ្នេយ៍ដែលស្មើនឹង១,៣០ភាគរយ។ ខេត្តដែលមានចំនួនប្រជាជនច្រើនជាងគេបំផុត គឺខេត្តកំពង់ចាមដែលមាន ១.៦៨០.៦៩៤នាក់ ហើយទីក្រុងកែបជាក្រុងដែលមានចំនួនប្រជាជនតិចជាងគេបំផុត គឺមានតែ ៣៥.៧៥៣នាក់ប៉ុណ្ណោះ។ ទំហំគ្រួសារជាមធ្យមគឺ៤,៧សម្រាប់ទូទាំងប្រទេស។ សន្ទស្សន៍សំខាន់មួយដែលត្រូវយកចិត្តទុកដាក់គឺដង់ស៊ីតេប្រជារាស្ត្រ ពោលគឺចំនួនប្រជារាស្ត្រក្នុងមួយគីឡូម៉ែត្រក្រឡានៃផ្ទៃដី។ ដង់ស៊ីតេប្រជារាស្ត្រស្មើនឹង៧៥នាក់នៅឆ្នាំ២០០៨នេះ។ អត្រាភេទគឺជាចំនួនបុរសក្នុងចំណោមស្ត្រី១០០នាក់។ អត្រាភេទតាមលទ្ធផលបណ្ដោះអាសន្ននៃការធ្វើជំរឿនឆ្នាំ២០០៨ស្មើនឹង៩៤,២។
នៅតំបន់ទីប្រជុំជនអត្រាភេទមាន៩១,៧គឺទាបជាងនៅតំបន់ជនបទដែលមាន៩៤,៨។ ភាគរយនៃចំនួនប្រជារាស្ត្រកម្ពុជាដែលរស់នៅតំបន់ទីប្រជុំជនមាន ១៩,៤ភាគរយ អាចនិយាយបានម្យ៉ាងវិញទៀតថា ចំនួនប្រជារាស្ត្រដែលរស់នៅតំបន់ជនបទមានលើស៥ដង ច្រើនជាងប្រជារាស្ត្រដែលរស់នៅតំបន់ទីប្រជុំជន។ មានប្រជារាស្ត្រប្រមាណ៨១ភាគរយនៃប្រជារាស្ត្រសរុបបានរស់នៅតំបន់ជនបទ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានផ្ដោតការចាប់អារម្មណ៍ផងដែរថា ជំរឿនឆ្នាំ១៩៦២ចំនួនប្រជារាស្ត្រដែលរស់នៅតំបន់ទីប្រជុំជន មានតែ ១០,៣ភាគរយនៃចំនួនប្រជារាស្ត្រសរុបទូទាំងប្រទេសកម្ពុជាប៉ុណ្ណោះ ហើយនៅឆ្នាំ១៩៩៨មាន១៥,៧ភាគរយ។
សូមរំលឹកផងដែរថា ការអនុវត្តន៍គោលនយោបាយសម្រាប់ប្រជាជនរបស់រដ្ឋាភិបាលនីតិកាលទី៣ នៃរដ្ឋសភាបានធ្វើឲ្យអត្រាកំណើនប្រជាជនធ្លាក់ចុះជាលំដាប់ពី ២,៤ភាគរយក្នុងមួយឆ្នាំនាឆ្នាំ២០០៦។ សមិទ្ធផលសំខាន់ដែលសម្រេចបានក្រោមការអនុវត្តន៍គោលនយោបាយសម្រាប់ប្រជាជនរួមមាន៖
១-ស្ត្រីភាគច្រើនមានការយល់ច្បាស់ពីការប្រើប្រាស់មធ្យោបាយពន្យារកំណើតដោយ៤០ភាគរយនៃស្ត្រីដែលបានរៀបអាពាហ៍ពិពាហ៍រួចហើយកំពុងប្រើប្រាស់មធ្យោបាយពន្យារកំណើតនិង ២៧,២ភាគរយកំពុងប្រើប្រាស់មធ្យោបាយពន្យារកំណើតតាមបែបទំនើប។
២-អត្រាលទ្ធភាពផ្ដល់កំណើតសរុបបានធ្លាក់ចុះពី៤០នៅឆ្នាំ២០០០មកត្រឹម ៣,៤នៅឆ្នាំ២០០៥។ ជាលទ្ធផលអត្រាកំណើនប្រជាជន ធ្លាក់មកត្រឹម ១,៨ភាគរយនៅឆ្នាំ២០០៦ និងព្យាករណ៍ថា ធ្លាក់ចុះមកត្រឹម១,៥ភាគរយនៅឆ្នាំ២០១០។
៣-ចំនួនកូនដែលមានមកតាមបំណងមាន៣,៣សម្រាប់ស្ត្រីម្នាក់ ដែលនាំឲ្យទំហំគ្រួសារធ្លាក់ចុះ។
៤-ភាគរយនៃអក្ខរកម្មស្ត្រី មានការកើនឡើង។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់ថា "ដូច្នេះតាមរយៈលទ្ធផលបណ្ដោះអាសន្ននៃការធ្វើជំរឿនប្រជារាស្ត្រនៅឆ្នាំ២០០៨នេះ យើងឃើញថា អត្រាកំណើនប្រជាជនបានបន្តធ្លាក់ចុះមកនៅត្រឹម១,៥៤ភាគរយ។
លោកបានបញ្ជាក់ទៀតថា "ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាមានការផ្លាស់ប្ដូររចនាសម្ព័ន្ធអាយុ និងសមាសធាតុប្រជាជនគួរឲ្យកត់សម្គាល់ដោយសារតែការធ្វើចលនាផ្លាស់ប្ដូរនូវចំនួន និងគុណភាពរបស់កម្លាំងពលកម្មអក្ខរភាព និងកម្រិតថ្នាក់សិក្សាចំនួន និងប្រភេទរបស់អគារ និងលំនៅស្ថានព្រមទាំងការផ្លាស់ប្ដូរជាទូទៅនូវសេដ្ឋកិច្ចសង្គមកិច្ច និងលក្ខខណ្ឌរស់នៅរបស់ប្រជាជន"។
បើតាមប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានឲ្យដឹងថា លទ្ធផលបណ្ដោះអាសន្នរបស់ជំរឿនឆ្នាំ២០០៨ ដែលផ្សព្វផ្សាយចេញថ្ងៃនេះ គឺផ្អែកលើតួលេខតារាងសរុបដែលរៀបចំដោយមន្ត្រីសម្ភាសន៍។ លទ្ធផលទាំងនេះមានចំនួនប្រជារាស្ត្ររបស់ប្រទេសកម្ពុជា និងខេត្តក្រុងតាមតំបន់ទីប្រជុំជននិងជនបទ និងតាមភេទ។
លោក ឆាយ ថន បានមានប្រសាសន៍ថា បច្ចុប្បន្នដំណើរការកែតម្រូវទិន្នន័យលើតារាងសំណួរដែលបំពេញរួចប្រមាណ២,៨លានគ្រួសារកំពុងតែដំណើរការ។ ទិន្នន័យជំរឿនចុងក្រោយក្នុងទម្រង់ជាតារាងស្ថិតិនឹងអាចមាននៅពេលកិច្ចការនេះត្រូវបានបញ្ចប់។ តារាងទាំងអស់នឹងត្រូវបញ្ចប់រួចរាល់នាពាក់កណ្ដាលឆ្នាំក្រោយ។ បន្ទាប់ពីនោះការវិភាគស៊ីជម្រៅលើទិន្នន័យនឹងផ្ដល់នូវសូចនាករប្រជាសាស្ត្រ និងសង្គមដែលគួរឲ្យជឿជាក់មួយចំនួន និងផលប៉ះពាល់ក្នុងការអភិវឌ្ឍន៍ការផ្សព្វផ្សាយទូលាយ នឹងត្រូវបង្កើនការប្រើប្រាស់តាម Website ជំរឿន។ សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ និងប្រើប្រាស់ទិន្នន័យជំរឿន។ ឥឡូវនេះយើងសម្រេចផ្សព្វផ្សាយតួលេខបណ្ដោះអាសន្នជាមួយការវិភាគខ្លីៗសម្រាប់ជាព័ត៌មានបឋមនៃទំហំ និងបំណែងចែកប្រជារាស្ត្ររបស់ប្រទេសកម្ពុជា។
ទាក់ទិននឹងការបញ្ចប់ការងារលើតារាងស្ថិតិនោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់បន្ថែមថា "នៅពាក់កណ្ដាលឆ្នាំ២០០៩ ការងារនេះនឹងនាំមកនូវព័ត៌មានពីចំនួនប្រជារាស្ត្រ និងពីចរិតលក្ខណៈប្រជារាស្ត្រសំខាន់ៗជាលម្អិតតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ភូមិ ដែលជាអង្គភាពភូមិសាស្ត្រតូចបំផុតនៅប្រទេសយើង។ ការងារជំរឿនប្រជារាស្ត្រ ជាការងារដែលអ្នកប្រើប្រាស់ទិន្នន័យស្ថិតទាំងឡាយ ត្រូវការជាចាំបាច់សម្រាប់រៀបចំជាគោលនយោបាយ កម្មវិធីសកម្មភាពនានា ការគ្រប់គ្រងរដ្ឋបាលព្រមទាំងការធ្វើសេចក្ដីសម្រេចចិត្តផ្សេងៗសមស្របតាមការពិតជាក់ស្ដែងរបស់ប្រទេស"៕

