ផលិតផលដំណាំរួមផ្សំកំពុងធ្វើអាជីវកម្មនៅលើទីផ្សារនាក្រុងភ្នំពេញ (រូបថត ៖ រក្សា)ភ្នំពេញ ៖ ក្រុមមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានឲ្យដឹងថ្មីៗនេះថា នៅរដូវវស្សាឆ្នាំ២០០៨ នេះដំណាំរួមផ្សំផ្សេងៗមានពោត ដំឡូងមី ដំឡូងឈើ បន្លែងគ្រប់មុខនៅកម្ពុជាកំពុងកើតឡើងនូវការដាំដុះ និងលូតលាស់ជាលំដាប់។ កាលពីដើមរដូវវស្សាទឹកភ្លៀងធ្លាក់ល្អគួរសម និងមានតម្រូវការពីទីផ្សារកាន់តែច្រើនកន្លែង។
ក្រុមកសិករពីតាមខេត្តខាងលិច និងខាងកើតរាជធានីភ្នំពេញបានឲ្យដឹងថា សព្វថ្ងៃនេះពួកគាត់កាន់តែមានទឹកចិត្តរីករាយជាបន្តបន្ទាប់ក្នុងការបង្កើតការដាំដុះដំណាំរួមផ្សំ...ផ្សេងៗកាន់តែច្រើនឡើងៗ។ នៅកម្ពុជាមានទីផ្សារផលិតដំណាំរួមផ្សំ...កាន់តែទូលំទូលាយទាំងនៅខាងក្នុងប្រទេស និងនៅក្រៅប្រទេស។ តំណាងរាជរដ្ឋាភិបាលមានក្រសួងពាណិជ្ជកម្ម - ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានជួយផ្ដល់លទ្ធភាពពង្រីកទីផ្សារកសិផលដំណាំរួមផ្សំនៅក្នុងប្រទេស និងទំនាក់ទំនងពង្រីកទីផ្សារផលិតដំណាំរួមផ្សំពីកម្ពុជាទៅក្រៅប្រទេសទៀតផង។ ផ្នែកពាណិជ្ជកម្មកម្ពុជា មានដៃគូពាណិជ្ជកម្មជាច្រើននៅលើពិភពលោក ដោយប្រទេសនេះបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកតាំងពីឆ្នាំ២០០៤ - ២០០៥មក។
តាមរបាយការណ៍ស្ដីអំពីសភាពការណ៍បង្កបង្កើនផលដំណាំកសិកម្មរដូវវស្សាឆ្នាំ២០០៨ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជា នោះបានឲ្យដឹងថា ដោយគិតត្រឹមខែកក្កដា ឆ្នាំ២០០៨ នៅទូទាំងប្រទេសកម្ពុជា ដំណាំរួមផ្សំផ្សេងៗមានដំឡូងឈើ ដំឡូងជ្វា បន្លែគ្រប់មុខ ពោត សណ្ដែកជាដើម។ ល។ បានចំនួន៣០៣១៦៦៧ហិកតា ស្មើនឹង១០៨,៧៧ភាគរយ នៃផែនការ២៧៨៧១៧ហិកតា លើសឆ្នាំមុន៥៥០៨២ហិកតា។
នៅជាមួយនេះដែរផ្នែកដំណាំឧស្សាហកម្មនៅទូទាំងប្រទេសសំរេចបានចំនួន៥១៦៥៥ហិកតាដែរ គឺស្មើនឹង៥៣,៩៦ភាគរយ នៃផែនការ៩៥៧៣៤ហិកតា តិចជាងឆ្នាំមុន៣១៥៧២ហិកតា។ ដោយការដាំដុះដំណាំឧស្សាហកម្មមានសណ្ដែកដី សណ្ដែកសៀង ល្ង អំពៅ ក្រចៅ ល្ហុងប្រេងជាដើមនោះមានការប្រែប្រួលទៅតាមតម្រូវការទីផ្សារ។
ក្រៅពីដំណាំស្រូវប្រទេសកម្ពុជាក៏មានដីដ៏មានជីវជាតិដាំដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញក្រៅប្រទេសផងដែរ។ នៅឆ្នាំ២០០៧ នៅប្រទេសកម្ពុជាដំណាំរួមផ្សំបាន៣៦៦៧៤៤ហិកតា កើនលើសឆ្នាំមុន១៧៦០៣ហិកតា ប្រមូលផលសរុបបាន៣០៥៧៣៦០តោន។ ដំណាំឧស្សាហកម្មបាន១៦៤៤៥៣ហិកតា លើសឆ្នាំមុន១៣៣៦ហិកតា ប្រមូលផលបាន៤៨១១៦១តោន។
ការដាំដុះបង្កើនផលិតផលដំណាំរួមផ្សំនៅកម្ពុជា នៅតែជាបញ្ហាដ៏សំខាន់បន្តទៅទៀតរបស់កសិករតាមគ្រួសារ និងជីវិតកសិដ្ឋានផ្សេងៗ ព្រោះទីផ្សារកាន់តែត្រូវការច្រើនឡើងនៅតាមកំណើនពលរដ្ឋនៅក្នុងស្រុក និងកំណើននៃភ្ញៀវទេសចរគ្រប់ប្រភេទ៕

